សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅមណ្ឌលភូមិភាគ៣ ខេត្តកណ្ដាល

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល នាព្រឹក​ថ្ងៃអាទិត្យ ១១កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ បានអញ្ជើញទៅ បោះឆ្នោតជ្រើសតាំង​សមាជិកព្រឹ​ទ្ធសភា នីតិកាលទី៤ នៅមណ្ឌលភូមិភាគ៣ ដែលមានទីតាំង ស្ថិតនៅក្នុង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមគ​ណៈកម្មាធិការជា​តិរៀប​ចំការបោះ​ឆ្នោត បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធ សភានីតិកាលទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងមានមណ្ឌលបោះឆ្នោត៨ភូមិភាគ ចែកចេញជា៣៣​ការិយាល័យ និងមានអង្គបោះឆ្នោត សរុបចំនួន១១.៦៩៥នាក់។ ការ​បោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ មានគណបក្សនយោ​បាយ​ចំនួន៤ ចូលរួមប្រកួតប្រជែង ដែលក្នុងនោះ មាន គណបក្សប្រជា​ជនកម្ពុជា, គណបក្សយុវជនកម្ពុជា គណបក្សខ្មែរ​រួបរួមជាតិ, និងគណបក្ស​រាជានិយមហ៊្វុន ស៊ិនប៉ិច។ ចំពោះអង្គបោះ​ឆ្នោត ដែល​ចូល​រួម​បោះ​ឆ្នោត រួមមាន សមាជិក​រដ្ឋសភា​១២៣រូប និង​ក្រុម​ប្រឹក្សាឃុំ សង្កាត់​នៅទូទាំង​ប្រទេសចំនួន១១.៥៧២រូប។

ដោយឡែក​អាសនៈព្រឹទ្ធសភា​ត្រូវបាន​បែងចែក​តាម​ភូមិភាគ​នីមួយៗ ក្នុងនោះ​ភូមិភាគ​ទី១ (រាជធានីភ្នំពេញ)  មាន ៦អាសនៈ, ភូមិភា​គទី២ (កំពង់​ចាម និងត្បូងឃ្មុំ) មាន ៨អាសនៈ, ភូមិភាគ​ទី៣ (ខេត្តកណ្តាល) មាន ៥អាសនៈ, ភូមិភាគទី៤ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និងប៉ៃលិន) មាន១០ អាសនៈ, ភូមិភាគទី៥ (តាកែវ កំពត និងកែប) មាន ៧អាសនៈ, ភូមិភាគទី៦ (ព្រៃវែង និងស្វាយរៀង) មាន ៧អាសនៈ, ភូមិភាគទី៧ (កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ) មាន៩អាសនៈ, ភូមិភាគទី៨ (កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) មាន ៦អាសនៈ។ ជាមួយ​គ្នា​នេះដែរ ការបោះ​ឆ្នោត​ជ្រើស តាំងស​មាជិក​ព្រឹទ្ធសភានេះ មានអ្នក​ចូល​រួមសង្កេត​ការណ៍​ជាតិ​មក ពីស្ថាប័នអ​ង្គការ​សង្គម​ស៊ីវិល​ប្រមាណ ២៧៦នាក់ ហើយ ក៏មានការ​ចូលរួម​សង្កេត​ការណ៍​ពីប្រទេសជ​ប៉ុន និង ម៉ាឡេស៊ីផងដែរ។ ក្នុងនោះ​មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិត្រៀម​យក​ព័ត៌មាន នៃព្រឹត្តិការណ៍ នៃការ​បោះឆ្នោត​សមាជិកព្រឹទ្ធ សភា​អាណត្តិទី៤នេះ ប្រមាណ ជាង៣០០នាក់។

គួរបញ្ជាក់ដែរថា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងថ្នាក់ ដឹកនាំ ជាន់ខ្ពស់ គណបក្សនយោបាយ ធំៗទាំងពីរ នាថ្ងៃ ទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នៅព្រះបរមរាជវាំង។

កិច្ចប្រជុំដ៏​សំខាន់នេះ បានបញ្ចប់វិបត្ដិនយោបាយ លើកកម្ពស់ការ​បង្រួប​បង្រួម​ផ្សះផ្សាជាតិ និងពង្រឹង ស្ថេរភាពនយោបាយ ដោយបាន​ឯកភាព​គ្នាធ្វើវិសោធ​នកម្ម​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណា​ចក្រកម្ពុជា តាមច្បាប់ ធម្មនុញ្ញ ដែល​បានប្រកាស​ឱ្យប្រើ ដោយព្រះរា​ជក្រម លេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៩។ ការបង្កើតស្ថាប័នព្រឹទ្ធសភានេះ គឺជាព្រឹត្ដិការណ៍​នយោបាយដ៏​ចម្បងមួយក្នុង​ប្រវត្ដិ​សាស្ដ្រ​កម្ពុជា ដែលបានបង្ហាញ​ឱ្យ​ឃើញ​នូវពន្លឺថ្មី​មួយ​សម្រាប់​អនាគត នៃប្រទេស​កម្ពុជាព្រម​ទាំងបង្ហាញ​ឱ្យឃើញពីការប្ដេជ្ញា ចិត្ដជាបន្ដបន្ទាប់ ក្នុងការកសាង​លទ្ធិ​ប្រជាធិ​បតេយ្យ និងការពង្រឹងនីតិរដ្ឋ។ ព្រឹទ្ធសភា នៃព្រះរាជា​ណាចក្រ​កម្ពុជា នីតិកាលទី១ បានបើកសម័យប្រជុំ លើកទី១ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ