សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​កូន​ក្មួយ​កម្មករ-​កម្មការិនី នឹង​និយោ​ជិត នៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ

នៅព្រឹក​ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បាន​អញ្ជើញ​ជួបសំណេះ​សំណាល ជាមួយកូនក្មួយកម្មករ-កម្មការនី នឹងនិយោជិត​ចំនួន ១៥,១៩៧ មកពី១៥រោងចក្រ នៅ​​តំបន់​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្តេច​តេជោ ហ៊ុន សែន សម្ដែង​ក្តី​សប្បាយ​រីក​រាយជា​ខ្លាំង​ដែល​បាន​អញ្ជើញ​មក​ជួប​ជុំជា​មួយ​បងប្អូន កូន​​ក្មួយ​​ជាកម្មករ-កម្មការិនី​ក្នុងការ​​ចុះ​ជួប​​សំណេះ​​សំណាល​​ប្រចាំ​សប្តាហ៍​នេះ​ដើម្បីស្វែង​​យល់ពីសុ​ខទុក្ខរបស់​កម្មករ និងដើម្បីដោះ​ស្រាយ​​បញ្ហា​ប្រឈម​​នានា​មួយ​​ចំនួន​របស់​កម្មករ និងជំរុញ​នូវគោលនយោ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សា​ហកម្ម(២០១៥-២០២៥) ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ និងលើក​កម្ពស់ជី​វភាព​រស់នៅ​របស់​ពលរដ្ឋ​អោយកាន់​តែល្អ​ប្រសើរឡើង។

សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​សារ​ជាថ្មីថា សម្តេច​នៅតែ​បន្តចុះ​ជួបជា​មួយ​កូន ក្មួយ​កម្មករ-កម្មការិនីជា​បន្តបន្ទាប់​ទៀត​ហើយនៅស​ប្តាហ៍ក្រោយនេះ​សម្តេច នឹងអញ្ជើញទៅជួប​ជាមួយ​កម្មករកម្មការិនីនៅឯខេត្ត​ព្រះសីហនុ​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា វឌ្ឍនភាព និងភាព​រីក​ចម្រើន នៃសង្គម​ជាតិ​ក្រោមគោល​នយោ​បាយ ឈ្នះ-ឈ្នះ ដែលរាជរដ្ឋា​ភិបាល​ដាក់​អនុវត្ត​ចេញ ដើម្បីសេចក្តី​សុខ​ប្រជាព​លរដ្ឋ និងប្រទេស​ជាតិ។ ចំពោះវិស័យ​ឧស្សាហកម្មវិញ ពីមុនគឺក្នុងឆ្នាំ ១៩៩៧ មាន​រោង​ចក្រ​ប្រមាណ​តែជាង ៤០ រោង​ចក្រ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​មកទៀត​រោង​ចក្រ សហគ្រា​សមា​នកា​រកើន​ឡើង​ជាបន្ត​បន្ទាប់​ជារៀង​រាល់ឆ្នាំ​ផងដែរ។ ភាពរីក​ចំរើននៃ​វិស័យ​ឧស្សាហកម្ម​នេះបាន​ជំរុញឲ្យ​រាជ​រដ្ឋាភិបាលមា​នឱ​កាស​អភិវឌ្ឍន៍​វិស័យ​នេះឲ្យ​កាន់​តែរីក​ចំរើន​ដែលក្នុ​ងនោះ ប្រាក់ខែ កម្មករ​ត្រូវបាន​តម្លើងពី ១៥៣ ដុល្លារ ទៅ ១៧០ ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផង​ដែរថា សម្តេចនឹង​បន្តដឹកនាំ​ប្រទេសជាតិ​មិនតិ​ចជាង ១០ ឆ្នាំទៀត ដើម្បីការពារ​សន្តិភាព ការពារ​​រោងចក្រ ការពារផល​ប្រយោជន៍ប​ងប្អូនកម្មករកម្មការនី និងសូមអោយ​បងប្អូន​ប្រជាពល​រដ្ឋគាំទ្រ ជា​បន្តទៀត។ សុខដុ​មនីយកម្ម នៃបណ្តាលរោងច​ក្រនានា គឺជាកត្តា​សំខាន់បំផុត ដែល​គ្រប់រោង​ចក្រទាំងអស់ មិនត្រូវឲ្យ​មានបញ្ហា​ផ្ទៃក្នុងរវាងក​ម្មករ និងគណៈ​គ្រប់គ្រង​រោង​ចក្រឡើង។ ក្មួយកម្មករ-កម្មការិនី ត្រូវតែចេះ​ជួយគ្នា​ទៅវិញ​ទៅមក​ហើយ​ចំពោះ​តំណាង​កម្មករ​ដែលជាប្រធាន​ផ្នែកប្រធាន​រដ្ឋបាល ត្រូវមានការ​យោគយល់ និងអធ្យាស្រ័យឲ្យគ្នា​ទៅវិញ ទៅមក ហើយត្រូវរកវិធី​ដោះស្រាយ​ដោយសន្តិវិធី។

នៅក្នុង​ថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើរ​សុំថៅកែ​រោងចក្រ​អនុញ្ញាតិអោយ កម្មករ-កម្មការិនីទាំងអស់​ទទួលបា​នការ​ឈប់សំរាក​មួយថ្ងៃ​ក្រោយពី​ចប់​កម្មវិធី​សំណេះ​សំណាល​នេះ។ សម្តេចតេ​ជោ​ ហ៊ុន សែន ក៏បានអរគុ​ណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ តំណាងម្ចា​ស់​ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូន​ក្មួយ​កម្មករ-កម្មការិនីទាំងអស់​ ដែលបាន​គោរព​ស្រលាញ់​សម្តេច។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី បានដាក់​ចេញ​នូវ​សារ​សំខាន់ៗ (៩)ចំណុច​ដើម្បី​អោយ​ក្រសួងពាក់​ពន្ធ័​អោយ​អនុវត្តន៍​អោយ​មាន​ប្រសិទ្ធភាព។

១) ត្រូវអនុវត្តប្រាក់​ខែ​​អប្ប​បរិមា ១៧០​ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២) ត្រូវ​អនុវត្តន៍​ការចុះ​ពិនិត្យ​នៅតាម​មន្ទី​ពេទ្យរដ្ឋ ចំពោះកា​រពិនិត្យ​សុខភាព និង​ការព្យា​បាល កម្មករ-កម្មការិនី​រោងចក្រ រួម​ទាំង​កីឡាករ កីឡាការិនី ក្រុម​ប្រឹក្សាភូមិ ឃុំ ក៏ត្រូវ​បាន​អនុវត្តន៍​ដូចគ្នា​ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល និង​ក្រសួង​ការងារ​ត្រូវ​ធ្វើអោយ បាន​ម៉តចត់។

៣) ត្រូវអនុវត្តន៍​ចំពោះ​ស្រ្តីមាន​ផ្ទៃពោះសំរាលកូនគឺ​នឹង​ទទួលបា​ន​ពេល​វេលា​ឈប់​សម្រាក ពីការងាររយៈ​ពេល​៣​ខែហើយ ហើយ​នៅទទួល​បាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%ដោយបេឡា​ជាតិ) ក្រសួងពាក់ព័ន្ធ​ត្រូវតាម​ដានការងារ​អោយ​បាន​ដិតដល់​ចំពោះ​ការ​អនុវត្តន៍​សកម្មភាព​នេះ។

៤) ត្រូវ​អនុវត្តន៍ ចំពោះ​កម្មការនី​សម្រាល​បាន​កូន(១) គឺទទួលថវិកា​៤០ម៉ឺនរៀល និង​ពិនិត្យ​ផ្ទៃពោះដោយ​ឥត​គិត​ថ្លៃ។ បើសម្រាល​បាន​កូនភ្លោះ (២) គឺទទួល​បាន​ថវិកា​៨០ម៉ឺន​រៀល។ បើសម្រាល​បាន​កូន(៣) គឺទទួលបានថ​វិកា១លាន២​សែនរៀល​ហើយបូក​ប្រាក់​ឧបត្ថម្ភ​ចំនួន៥លាន​រៀល​ទៀត​ពី​សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត។

៥) ត្រូវអនុវត្តន៍ ចំពោះរបប​សន្តិសុខសង្គម ដោយចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មករិនី​មិនចាំបាច់​បង់ទៀតទេ គឺម្ចាស់ក្រុម​ហ៊ុនជាអ្នក​បង់ជំនួស ១០០%។

៦) អនុវត្តន៍តាម​ដាន​មើល​បញ្ហា ទឹក ភ្លើង គឺត្រូវ​ខិត​ខំបន្ត តទឹក តភ្លើង​ដល់ផ្ទះ​របស់ក​ម្មករយើង ដែលនៅឆ្ងាយ​ដែលមិនទាន់​ទៅដល់​អោយបាន​គ្រប់គ្រាន់ និងតំលៃផ្ទះជួល​ដល់កម្មករ-កម្មការិនីកុំ អោយមានការ​ឡើងថ្លៃ​ក្នុងឆ្នាំ២០១៨ ពីព្រោះកន្លង​មកយើង​បាន​កំណត់រួចរាល់ហើយ។

៧) អនុវត្តន៍ប្រាក់​សោធន​និវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួល​បាន​ប្រាក់ ចូល​និវត្តន៍(ប្រាក់​រឺត្រែត) ដូចច្នេះក្នុង​រយៈពេល​១ឆ្នាំ​ (២០១៨) ត្រូវត្រៀមរៀបចំអោយ​ហើយ​ ដើម្បី​អោយ​ដំណើរការ​បានល្អនៅ​ក្នុងឆ្នាំ២០១៩នូវ​របប​សោធននិវត្តន៍នេះ។

៨) អនុវត្តន៍ចូលរួម​បន្តយក​ចិត្តទុក​ដាក់​និងដោះស្រាយ​បញ្ហាផ្សេងៗ ដែលបងប្អូន​ពលករ​ទៅក្រៅប្រទេស ជួយសម្រួល​នូវបែប​បទ លិខិតបទ​ដ្ឋានផ្លូវច្បាប់​នានា និងដើម្បីទទួល​បាននូវ​ល័ក្ខខ័ណ្ឌ​ការងារ ល្អប្រសើរ។

៩) ក្រសួង​ការងារ​ត្រូវចុះ​អនុវត្តតា​មដាន​ភ្លាមៗ អោយបានដិតដល់ និងចូលរួមដោះស្រាយ​បញ្ហា​ប្រឈមនានា​ចំពោះ​កម្មករ នៅពេលដែល​ម្ចាស់រោង​ចក្ររត់​ចោល។ ក្នុងនោះគឺត្រូវ​ដោះស្រាយ​ ផ្តល់ប្រាក់ឈ្នួលជាបន្ទាន់ដ​ល់​កម្មក-រកម្មការិនី ដែលបានធ្វើការ ក្នុងពេលដែល​ថៅកែរោង​ចក្របាន​រត់ចោល ហើយត្រូវបន្ត​ដោះស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់រោងចក្រ​ដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ​រកការ​ងារធ្វើ​ដល់​កម្មករ-កម្មការិនីអោយ​បានឆា​ប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរ​បងប្អូន​កូនក្មួយ​កម្មករ-កម្មការិនី និយោជ​កទាំងអស់ ដែលបាន​ចូលរួមក្នុង​ពិធីជួប​ជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភ​នូវប្រាក់​លើក​ទឹកចិត្ត​មួយ​ចំនួន​ដល់​កម្មករ និងបាន​ឧបត្ថម្ភថវិកាដល់​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៤៦២ នាក់​ផង​ដែរ។ នៅក្នុង​ឱកាស​នេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូប​អនុស្សាវរីយ៍ Free Selfie, ដែលបង្ហាញការអាណិត​ ស្រឡាញ់ និងយកចិត្តទុកដាក់​យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករ-កម្មការិនីនៅក្នុងបរិយាកាស​ស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ