ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម សម្ដេចតេជោ នាយករដ្ឋមន្ត្រី

នៅក្នុងជំនួ​បសម្តែងការ​គួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នៅវិមាន​សន្តិភាព នាព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈនេះ ឯកឧត្តម អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ដែលទើប​មក​បំពេញបេស​ក​កម្មការ​ទូតប្រចាំ​​កម្ពុជា បានថ្លែង​​បញ្ជាក់ថា នយោបាយ​ឆ្ពោះទៅកាន់​ទិសខាង​ត្បូង​របស់សាធា​រណៈរដ្ឋកូរ៉េ គឺផ្តោតលើ​​គោលន​យោបាយ​ក្នុងការ​ពង្រីក​ទំនាក់​ទំនង​ជាមួយប្រទេស​ក្នុង​តំបន់​អាស៊ាន, ក្នុងក្រប​ខណ្ឌ​មេគង្គ​​រួម និងទំនាក់​ទំនងទ្វេរភាគី, ជាពិសេសជាមួយ​កម្ពុជាផង​ដែរ។ 

នេះបើតាម​ការ​​បញ្ជាក់​របស់​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចតេជោ នៅក្រោយ​ជំនួបទ្វេភាគី​នេះ។  ក្នុងជំនួប​នេះដែរ ឯកឧត្តម អូ ណាក់យ៉ុង បានលើកឡើងថា ឯកឧត្តម ធ្លាប់បានមក​​ធ្វើការក្នុង​​ប្រទេស​កម្ពុជា​កាលពីឆ្នាំ​២០០៣ ប៉ុន្តែនៅ​ពេល​នេះ ឯកឧត្តម បានមើលឃើញ​ថាប្រទេស​កម្ពុជា មានការផ្លាស់​ប្តូរយ៉ាង​ច្រើន ទាំងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម  និងវិនិយោគ ដែល​ទាំង​នោះសុទ្ធ​សឹង ជាការ​រីក​ចម្រើន​គួរអោយ​កត់​សំគាល់ ស្របពេល ដែលកម្ពុជា​កំពុង​មាន​សុខសន្តិភាព ស្ថេរភាពយ៉ាង​​ពេញលេញ។ ទន្ទឹមនេះ ឯកឧត្តម បានជម្រាបជូន​សម្តេចតេជោថា បេសកកម្មការ​ទូត​របស់ឯកឧត្តម នៅកម្ពុជា​នាពេលនេះ នឹងពង្រីក​​និង​ពង្រឹង​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​បន្ថែមទៀត​លើមូលដ្ឋាន ដែល​មាន​ស្រាប់ និងធ្វើយ៉ាងណា​ក្តាប់ឲ្យ​បាននូវ​សក្តានុពល​ទាំងឡាយ នៅក្នុង​ប្រទេសកម្ពុជា ដើម្បីជម្រុញ​​ទំនាក់ទំនង​លើគ្រប់វិស័យ។

ជាការ​ឆ្លើយតប សម្តេចតេជោ ក៏យល់ស្រប​ជាមួយ​នឹងការលើក​ឡើង​របស់​ឯកឧត្តម អូ ណាក់យ៉ុង ក្នុងការ​ពង្រឹង​និង​ពង្រីកទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ដោយឈរ​លើមូលដ្ឋាន​​ទំនាក់ទំ​នង​​ដែលមានស្រាប់ និងពង្រឹង​បន្ថែម​ទៀត ស្របតាម​សក្តានុពល ដែលប្រទេស​ទាំងពីរមាន​ជាមួយគ្នា ជាពិសេស​លើវិស័យ​វិនិយោគ ពាណិជ្ជកម្ម និងទេស​ចរណ៍​ជាដើម។  ទន្ទឺមនេះ សម្តេចតេជោ ក៏បានអបអរ​សាទរ​ចំពោះ​ឯកឧត្តម ដែល​ត្រូវ​បានតែង​តាំង ជាឯកអគ្គរដ្ឋ​​ទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ប្រចាំនៅព្រះ​រាជាណា​ចក្រ​កម្ពុជា ដែល​នឹង​ជួយ​ជម្រុញ​អោយ​​កិច្ចការ​​ទាំង​នេះ​​ទទួល​បាន​ជោគជ័យ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ