លោកជំទាវ ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានជម្រាបថា បេសកកម្មរបស់លោកស្រីក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ គឺដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ទាំងផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងបច្ចេកវិទ្យាឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ លោកជំទាវបានថ្លែងដូចនេះ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាព រាជធានីភ្នំពេញ។
លោកជំទាវ ម៉ានីកា ចេន បានបញ្ជាក់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នាល្អអស់រយៈពេលរាប់សតវត្សរ៍មកហើយ បើទោះបីជាទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៥២។ លោកជំទាវចង់ឃើញទំនាក់ទំនងនៃប្រទេសទាំងពីរទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែរីកចម្រើន។ នាពេលអនាគតឥណ្ឌានៅតែបន្តការទទួលយក និស្សិតអាហារូបករណ៍កម្ពុជាសម្រាប់ទៅបណ្តុះបណ្តាលនៅប្រទេសឥណ្ឌាប្រហែលជា ១៥០កន្លែង ដើម្បីជួយដល់ធនធានមនុស្សកម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរម្លឹកអំពីសមិទ្ធផលល្អៗ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌាកាលពីខែមករា កន្លងទៅនេះ ដោយលោកជំទាវបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះមានការពិភាក្សាផ្លាស់ប្តូរយោបល់ល្អ ដោយភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តបង្កើនទំនាក់ទំនង ព្រមទាំងបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នាថែមទៀតផង និងបានផ្តល់ប្រាក់កម្ចីប្រមាណជាង៣៦លានដុល្លារ ក្នុងការកសាងប្រព័ន្ធធារាសាស្រ្ត ជាដើម។
ជាការឆ្លើយតប ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា។ ឯកឧត្តមបានបន្ថែមថា ឥណ្ឌា មានកេរ្តិ៍ឈ្មោះល្អផ្នែកវិស័យសុខាភិបាល ការវិនិយោគ បច្ចេកវិទ្យា និងវិស័យកសិកម្ម ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ពីព្រោះកម្ពុជាមានសក្តានុពលផ្នែកវិស័យកសិកម្ម និងតាមរយៈការជួយសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានសម្តែងសេចក្តីរីករាយនិងយល់ស្របជាមួយប្រសាសន៍របស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ហើយលោកជំទាវបានបន្ថែមថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក៏នៅមានកម្រិត មិនទាន់ឈានដល់សក្តានុពលដែលយើងចង់បាននៅឡើយ។ លោកជំទាវក៏បានសំណូមពរឱ្យផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដើម្បីឱ្យវិនិយោគិនឥណ្ឌាមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា៕