សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​​បត្រ​​ដល់​​និស្សិត​​​សាកល​វិទ្យាល័យ​វេស្ទើន

នៅព្រឹក​ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធីប្រគល់​សញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​វេស្ទើនប្រមាណ ៤,១៥៨នាក់ ដែល​ធ្វើនៅមជ្ឈ​មណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិត​ដែល​ត្រូវទទួលសញ្ញា​បត្រនៅ​ព្រឹក​នេះ រួមមាន​កម្រិត បរិញ្ញា​បត្ររង បរិញ្ញា​បត្រ បរិញ្ញា​​បត្រ​​ជាន់ខ្ពស់ និងថ្នាក់​បណ្ឌិត។

សម្តេច​តេជោ ហ៊ុន សែន បានសំដែង​នូវក្តី​រីករាយ និង​អបអ​រ​សាទរ ចំពោះ​និស្សិត​ជ័យ​លាភី​ទាំងអស់ ដែល​បានបញ្ចប់​ការ​សិក្សា​ដោយជោគ​ជ័យ​នាពេល​នេះ។ សម្តេចតេជោ​ក៏បានថ្លែ​ងនូវការ​កោត​សសើរចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់​សាកលវិទ្យាល័យ​វេស្ទើន ដែលកន្លងមកបានធ្វើ​ការ​បណ្តុះ​បណ្តាល​និស្សិតក​ម្ពុជា ​បានប្រមាណ​ជាង១​ម៉ឺន នាក់ រួចមក​ហើយ និងបានកំ​ពុងធ្វើការ​បណ្តុះ​បណ្តាល​និស្សិត​ជាង ៥០០០នា​ក់​បន្តែម​ទៀត ក្នុងនោះ​និស្សិត ដែលទទួលបាន​ការងារធ្វើមាន​ប្រមាណ​ជាង៣,០០០នាក់​ផង​ដែរ។ សិស្ស​រៀន​កាន់​តែ​ពូកែ គឺមាន​ការ​បង់​ប្រាក់កា​ន់​តែតិច នេះគឺជា​អ្វីដែល​រាជ​រដ្ឋាភិបាល​ចង់​បានបំផុត ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​គុណ​ភាពសិក្សា ហើយ​គុណភាព​សិក្សា គឺជាបញ្ហា​មួយ​ដែលសាក​លវិទ្យាល័យនីមួយ​ៗ​ត្រូវតែ​គិតគូរ ដើម្បីអោយ​ធនធាន​មនុស្ស​របស់​យើងកាន់​តែ​មានភាពរឹ​ងមាំ​ថែម​ទៀត​នាពេល​ខាងមុខ។

នៅពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែរីក​ចម្រើន តម្រូវការ​ការងាររបស់​យើង​កាន់​មាន​ជា​បន្តបន្ទាប់ ដែលទាម​ទារ​អោយ​មាន​ធន​ធានមនុស្ស​កាន់​តែច្រើន។ បច្ចុប្បន្នក​ម្ពុជាយើង​បាន​ប្រើប្រាស់​ធនធានមនុស្ស​ពីខាងក្រៅ​លើផ្នែក​ការសាង​សង់សំណង់ផ្សេៗ ដោយសារ​តែយើងនៅ​ខ្វះ​ធនធាន​ក្នុងស្រុក។ ដូច្នេះយើងត្រូវ​តែពង្រឹង​សមត្ថភាពធនធានម​នុស្ស​អោយ​ខ្លាំងក្លា​ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​កត់សំគាល់ថា ពេលដែល​ចូល​ដល់ម​ហាវិទ្យាល័យ​ចំនួន​និស្សិត​ស្រីមាន​ការថយចុះ ដែលកត្តា​ទាំងនេះ​ហើយគឺ​ទាមទារ​អោយមានកា​រសិក្សា​ស្រាវជ្រាវ និងពិភា​ក្សា​រវាង​ក្រសួង​អប់រំយុវជន និងកីឡា នឹងអាណាព្យាបាល​ក្នុង​ការស្វែង​រកដំណោះ​ស្រាយ និង​ដើម្បី​ជំរុញ​និស្សិត ដែល​ជាស្រ្តី​ទទួលបាន​ការ​បណ្តុះប​ណ្តាល​លើវិស័យ​អប់រំ​នេះអោយបាន​ច្រើន​បន្ថែម​ទៀត។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​បន្តថា ជានិច្ចកាលរាជរ​ដ្ឋាភិបាល​កម្ពុជា តែងតែយក​ចិត្តទុក​ដាក់ចំ​ពោះវិស័យ​អប់រំ​នៅកម្ពុជាក្នុ​ងការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សអោ​យមាន​សមត្ថភាពដើម្បីធ្វើការ​អភិវឌ្ឍ​ប្រទេស​អោយ​មានកា​ររីក​ចម្រើន។ ជាមួយ​គ្នានោះ រាជរដ្ឋាភិ​បាល បាន​ខិត​ខំក​សាង​​សា​លា​រៀន ជា​ច្រើន​តាម​បណ្តា​ជន​បទ​នានា​ហើយ​យើង​ក៏បាន​កំណត់​ថា ក្នុង​ឃុំមួយ​យ៉ាងហោចណាស់​ក៏ត្រូវមាន​អនុវិទ្យាល័យ១ ផង​ដែរ​ដើម្បី​ធ្វើការ​បណ្តុះ​បណ្តាលធនធាន​មនុស្ស​យើងអោយកាន់​តែមានភាព​ល្អប្រសើរ​ឡើង។ ការកសាង​នូវហេដ្ឋារចនា​សម្ព័ន្ធដ៏​ចាំបាច់​នានា​ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺជាផ្នែក​មួយយ៉ាង​សំខាន់​សំរាប់​ជំរុញ​ភាព​លូត​លាស់នៃ​សេដ្ឋកិច្ច​កម្ពុជា និងធ្វើ​អោយ​ការ​រស់នៅ​របស់​ប្រជាពល​រដ្ឋកាន់​តែមានភាព​ល្អប្រសើរ។ កម្ពុជាបាន​នឹងកំពុង​ដាក់ចេញ​​នូវគោលនយោ​បាយ​ជាតិ ឧស្សាហ​កម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជា​គោលន​យោ​បាយមួយ​ ក្នុងការ​ជំរុញវិស័យ​ឧស្សាហកម្ម​នៅកម្ពុជា​អោយមានសន្ទុះ​ទៅមុខ ដូច​ជាវិស័យ ឧស្សាហកម្ម​កាត់ដែរ ឧស្សាហកម្មកសិ​កម្ម​ និង​ឧស្សាហកម្ម​ទេចរណ៍​ជាដើម ដែល​វិស័យ​ទាំង​អស់​នេះ នាពេល​បច្ចុប្បន្ន​បាន​ នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​​សំខាន់​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ចក​ម្ពុជា។

ទាក់ទង​​នឹង​​បញ្ហា​ចរាចរណ៍ នឹងការ​កាត់​តទ្រុង​ឡាន​ខុសបច្ចេកទេសកាលពីប៉ុន្មាន​ថ្ងៃនេះ គឺមាន​ឡាន​ជាច្រើន​រយគ្រឿង​ត្រូវបាន​កាត់​ទ្រុងចេញ ។ ឡាន​តទ្រុង​ខុស​បច្ចេកទេស​ទាំង​នេះ គឺមាន​រាប់​ពាន់​គ្រឿង។ សម្តេច​តេជោ បានកត់​សម្គាល់​ឃើញថា នៅពេលដែល​សម្តេច​បានដាក់​ចេញ​នូវ​បទ​បញ្ជា គឺឃើញមន្រ្តី​បានចាត់​វិធានកា​រធ្វើ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​សង្កត់​ធ្ងន់ថាជា​ថ្មីម្តង​ទៀត តើ​មន្រ្តីយើង​អនុវត្តច្បាប់ ឬអនុវត្តប​ទ​បញ្ជា? មន្រ្តី និង​អាជ្ញាធរ​ពាក់ព័ន្ឋ​ទាំង​អស់ ត្រូវតែ​ពង្រឹង​ការអនុវត្តន៍​ច្បាប់​អោយ​បានល្អជាប្រចាំ មិន​មែនធ្វើតែ​ក្នុងពេល​នាយករដ្ឋ​មន្រ្តីចេញ​បទបញ្ជាទេ។

ក្រោយពីបាន​បញ្ជប់នូវការ​ថ្លែង​សុន្ទរថា និងផ្តល់​អនុសាសន៍​សំខាន់ៗរួចហើយ សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើញ​ប្រគល់ស​ញ្ញាបត្រដល់​និស្សិត​ជ័យ​លាភី និងបានថតរូ​បអនុស្សាវរីយ៍​ក្នុងបរិយា​កាសរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ