ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០១៧ និងការលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៨ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីការពារ និងលើកកម្ពស់ស្រ្តីកម្ពុជានេះបានលើកឡើង ពីការចូលរួមការងារ និងបញ្ហាប្រឈម របស់ស្ត្រីកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។
តាមការលើកឡើងរបស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានបង្ហាញថា ស្ត្រីគឺជាឆ្អឹងខ្នង នៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ដោយតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជម្រុញ និងលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងការចូលរួមទាំងវិស័យរដ្ឋ និងឯកជន។ ដែលក្នុងនោះការការពារសិទ្ធ និងផលប្រយោជន៍ របស់ពលករ ពលការិនី ទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏ត្រូវបានបន្តយកចិត្តទុកដាក់ផងដែរ។ បើតាមរបាយការណ៌ ក្នុងចំណោមពលករ សរុបចំនួន៤ម៉ឺន៤ពាន់នាក់ ដែលទៅធ្វើការនៅប្រទេសថៃ ជប៉ុន និង សិង្ហបុរីង ក្នុងឆ្នាំ២០១៧ មានចំនួនពលការិនី ដែលទៅធ្វើការ ដោយស្របច្បាប់ ចំនួនជាង១ម៉ឺន៨ពាន់នាក់។ រីឯក្នុងចំណោមពលករទៅធ្វើការនៅសាធារណៈរដ្ឋកូរ៉េ សរុបជិត៦ពាន់នាក់ មានពលការិនី ជាង១ពាន់៦រយនាក់ ដែលទៅធ្វើការក្នុងវិស័យ ឧស្សាហកម្ម កសិកម្ម សំណង់ និងនេសាទ។
ក្នុងពេលបំពេញការងារនៅក្រៅប្រទេសនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសង្គ្រោះ និងសម្របសម្រួល ដល់ជនរងគ្រោះខ្មែរនៅបរទេស ធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ បានចំនួន៩៨៦នាក់ ក្នុងនោះស្ត្រី មានចំនួន ៥៦២នាក់។ ដើម្បីបន្តដោះស្រាយនិងទប់ស្កាត់ការកើតមានបញ្ហានានាសម្រាប់ពលករទៅធ្វើការនៅក្រៅប្រទេសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានកំណត់អោយទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស ត្រូវរៀបចំឯកសារផ្លូវច្បាប់អោយបានត្រឹមត្រូវ និងត្រូវធ្វើការបណ្តុះបណ្តាលជំនាញបឋម មុនបញ្ជូនពលករចេញទៅធ្វើការផងដែរ។ ដោយឡែក សម្រាប់ស្ត្រីកម្ពុជាដែលបានចូលបំរើការងារ ជាមន្ត្រីរាជការស៊ីវិល បានកើនឡើងដល់៤១ភាគរយនៃចំនួនមន្ត្រីរាជការសរុបជាង២១ម៉ឺន៤ពាន់នាក់ ដែលត្រូវបានជ្រើសរើសចូលបំរើការងារ ក្នុងឆ្នាំ២០១៧ កន្លងមក។ ក្នុងនោះ មានស្ត្រីប្រមាណ ២៤ភាគរយ ត្រូវបានតែងតាំងក្នុងតំណែង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជានៅក្នុង វិស័យការពារជាតិ វិស័យការទូត និង ក្នុងកិច្ចការមូលដ្ឋាន ជាដើម។
លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ការកើនឡើង នៃចំនួន ស្ត្រីកម្ពុជា ក្នុងកិច្ចការសង្គម និងកិច្ចការរាជការនេះ គឺដោយមានការអនុវត្តទៅតាម គោលការណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រី យបាន២០ភាគរយ ទៅ ៥០ភាគរយ៕