ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​សំណេះសំណាល​ជាមួយ​គ្រួសារ​យោធិនពិការ នៅស្រុក​គូលេន ខេត្តសៀមរាប

(FN) នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងសួរ​សុខទុក្ខ​យោធិន​ពិការ និងគ្រួសារសរុបជាង ១ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ខេត្តសៀមរាប។ ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចនាយករដ្ឋមន្រ្តី បានសំណេះ​សំណាល​ និងបាន​ជួយ​ដោះ​ស្រាយ​ការលំបាកយ៉ាងច្រើនជូនយោធិនពិការ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខនេះ៖

– សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះការចាត់ចែងរបស់ក្រសួងស្ថាប័នជាតិ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកប្រាក់ទាំងឡាយ បូករួមទាំងប្រាក់ដំឡើងថ្មី និងប្រាក់ឧបត្ថម្ភជូនយោធិនពិការបានទាន់ពេលវេលា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បៀវត្សរ៍សម្រាប់យោធិនពិការ នាពេល​បច្ចុប្បន្ន​មិន​តិច​ជាង​ ១លានរៀលនោះទេ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​តាម​រយៈ​សមាគម​អតីតយុទ្ធជន គឺបានប្រឹងប្រែងខ្លាំងក្នុងការជួយដល់យោធិនពិការ ក៏ដូចជា​អតីត​យុទ្ធជន​។​

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបាត់បង់​សរីរាង្គ​កាយ​មិនអាច​ផ្តល់​ឲ្យ​យើង​មក​វិញ​នោះទេ។ សម្តេចតេជោមានប្រសាសន៍ថា សម្តេច​គ្មានអ្វីអាច​ធ្វើឲ្យ​ភ្នែក​ឆ្វេង​របស់​សម្តេច​ភ្លឺ​ឡើង​វិញ​ដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ខួប ៤២​ឆ្នាំ​នៃការ​បាត់បង់ភ្នែករបស់សម្តេច (១៦ មេសា ១៩៧៥-១៦ មេសា ២០១៧)។

– សម្តេចនាយករដ្ឋមន្រ្តី បន្តថា សម្តេចគ្មានឱកាសបានទទួលកែវភ្នែក ជាទីស្រឡាញ់​មកវិញ​នោះ​ឡើយ ប៉ុន្តែក៏មិនបាក់ទឹកចិត្តនោះឡើយ។ សម្តេចបានអំពាវនាវឲ្យជនពិការ និង​យោធិន​ពិការ​ទាំង​អស់​ត្រូវ​តែតស៊ូឡើង កុំផ្តេកផ្តួលជាមួយភាពពិការរបស់ខ្លួន។

– សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ភរិយាយោធិនពិការទាំងអស់ កុំបោះបង់ និង​មើល​ងាយ​​ស្វាមីក្រោយធ្លាក់ខ្លួនពិការ។ សម្តេចក៏បានអំពាវនាវដល់កូនៗយោធិនពិការ ក៏មិន​ត្រូវតូច​ចិត្ត​ជា​មួយ​ពិការភាពរបស់ឪពុក។

– សម្តេចបានបន្ថែមថា កូនៗជនពិការត្រូវមានមោទនភាពជាមួយឪពុក ដែលបាន​ប្រឹងប្រែង​ពលីក​ម្លាំង​ចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោធិនពិការនាពេលបច្ចុប្បន្ន មិនកម្សត់​ដូច​ពេល​សម្តេច​ពិការនោះទេ ព្រោះមានរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧត្តមភរិយារបស់សម្តេច បើទោះបី​សម្តេច​ធ្លាក់​ខ្លួន​ពិការ តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបោះបង់សម្តេច ហើយនៅតែបន្តក្តីស្រឡាញ់។ សម្តេច​មាន​ប្រសាសន៍ថា នេះជាគំរូដល់គ្រួសារដទៃទៀត។

– ប្រមុខរាជរដ្ឋាភិបាល ដែលពិការភ្នែកក្នុងសមរភូមិ បានថ្លែងថា ការប្រឹងប្រែងរបស់សម្តេច ក៏ជា​គំរូ​ដល់​ជន​ពិការដទៃទៀត។ សម្តេចតេជោ ក៏បានរិះគន់ដល់អ្នកប្រមាថសម្តេច ដោយហៅសម្តេចថា «អាខ្វាក់»។ សម្តេចបានលើកថា ការប្រមាថនេះមិនមែនជាការប្រមាថត្រឹមតែសម្តេចនោះទេ គឺជាការប្រមាថដល់ជនពិការទូទាំងប្រទេស។

– សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន បន្ត​ជីក​អណ្តូង​ជូនយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍គូលេន ដើម្បី​បំពេញសេចក្តី​ត្រូវការ​របស់​ពួក​គាត់​។

– សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់ទៅយោធិនពិការថា សូមឲ្យជឿទុកចិត្តលើរាជរដ្ឋាភិបាល និង​គណ​បក្ស​ប្រជាជន​កម្ពុជា គឺមិនបោះបង់ពួកគាត់នោះឡើយ។ សម្តេចបានថ្លែងថា លទ្ធភាព​នៅ​មាន​​កម្រិត តែក៏នៅតែបន្តជួយ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានជជែកជាមួយលោកគ្រូ អ្នកគ្រូ និងចាត់​ដោះ​ស្រាយ​លើ​បញ្ហា​អប់​រំមួយ​ចំនួននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដោយបានសម្រេចផ្តល់អគារសិក្សា ១ខ្នង កម្ពស់​ពីរជាន់ ស្មើ ១២បន្ទប់ ព្រមទាំងចាត់ចែងកសាងបង្គន់ តារាងបាល់ និងជីក​អណ្តូង​ទឹក​ផង​ដែរ​។

– សម្តេចតេជោ ហ៊ុន សែន ហាមផ្តាច់កុំឲ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ កុំឲ្យ​មាន​ល្បែង​ស៊ី​សង និងកន្ទុយលេខ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់យោធិនពិការថា ល្បែង​មិនដែលនាំមកនូវក្តីចម្រើននោះទេ គឺមានតែភាពអន្តរាយ។

– សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖២៨នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៧។

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...