នៅព្រឹកថ្ងៃព្រហស្បត៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតដែលបានទទួលបានសញ្ញាបត្រនៅពេលនេះមានចំនួន ២,៣២៨ នាក់មាន បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយចំពោះ ការអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីទាំងអស់ និងសម្ពោធអគារទេពកោសល្យវិស្វកម្មសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ១ខ្នង ដែលកម្ពស់៦ជាន់មាន ៦០បន្ទប់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណ និងកោតសរសើរដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជានាពេលនេះក៏ដូចជាកន្លងទៅ ដែលបានទទួលលទ្ធផលគួរជាទីមោទនៈ។ ជានិច្ចជាកាល រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះវិស័យអប់រំនៅកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយមានសមត្ថភាព ដើម្បីធ្វើការអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។
សម្តេចតេជោបានរំលឹកថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនត្រឹមតែវិទ្យាស្ថាននេះទេ ដែលទទួលបាននូវភាពខ្ទេចខ្ទាំ គឺនៅមានសាលា និងវិទ្យាស្ថានផ្សេងៗទៀតក៏ត្រូវបានបំផ្លាញចោលផងដែរ។ តែក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាព ទើបវិទ្យាស្ថាននេះបានចាប់ផ្តើមដំណើរការឡើងវិញ។ បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការរីកចម្រើន និងមានកាអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយការបណ្តុះសព្វថ្ងៃគឺស្រប និងត្រូវទៅតាមតម្រូវការទីផ្សារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ រំលឹកថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដែលការបោះឆ្នោតនេះគឺមិនទូលំទូលាយណាស់ណានោះទេ គឺចាប់ពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឡើងទៅ ហើយនៅថ្ងៃទី ២៩ កក្កដា ២០១៨ គឺនឹងមានការបោះឆ្នោតសាកលជ្រើសរើសតំណាងរាស្រ្ត។ បន្ទាប់មកនៅខែ កញ្ញា ២០១៨ គឺនឹងមានរៀបចំបង្កើតរដ្ឋាភិបាលថ្មីផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការសិក្សាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែល្អប្រសើរ ជាពិសេសដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ បានបញ្ជាក់ផងដែរ គ្មានការងារណារត់មករកយើងទេ គឺយើងត្រូវការស្វះស្វែងរកការងារធ្វើក្រោយពេលបានបញ្ចប់ការសិក្សាហើយ។
មុននឹងបញ្ចប់ការថ្លែងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួន និងបានប្រកាសដាក់់អោយប្រើប្រាស់នូវអគារ ទេពកោសល្យវិស្វកម្ម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បី អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ៕