សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ មករានេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា រយៈពេល២ថ្ងៃរួចមក។
នៅពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្វធ្វើឡើងនៅវិមានប្រធានាធិបតី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើដំណើរតាមរថយន្តអមដោយកងកិត្តិយសទ័ពសេះ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តី ឥណ្ឌា បានអញ្ជើញគោរពភ្លេងជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌា ។
បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស នៃកងទ័ពឥណ្ឌារួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល ពីថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌា និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូប។ លើទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥២ និងត្រូវបានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងឆ្នាំ១៩៧៥ នៃរបបខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសទាំងពីរកម្ពុជា ឥណ្ឌា បានភ្ជាប់ទំនងទំនង ការទូតជាមួយគ្នាឡើងវិញ នៅឆ្នាំ១៩៨១។
សូមបញ្ជាក់ដែរថា ចាប់តាំងពីភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចសាធារណរដ្ឋឥណ្ឌាចំនួន៤លើករួចមកហើយ ក្នុងនោះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការចំនួន៣លើក ក្នុងនោះលើកទី១នៅឆ្នាំ១៩៨១ លើកទី២ ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០០០ និងលើកទី៣ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូឆ្នាំ២០០៧ និងលោកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ពីថ្ងៃទី២០-២១ខែធ្នូ ឆ្នាំ២០១២។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ការនាំចូលពីឥណ្ឌាមកកាន់កម្ពុជាក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ជាង៨៩លានដុល្លា ឯការនាំចេញពីកម្ពុជាទៅកាន់សាធារណរដ្ឋឥណ្ឌា មានទឹកប្រាក់ជាង២២លានដុល្លា។ វិនិយោគទុនឥណ្ឌានៅកម្ពុជាពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ២០១៦ មាន១០៨លានដុល្លា ឆ្នាំ២០១៦មាន ២០ លានដុល្លា និងឆ្នាំ២០១៧មាន៤,៥លានដុល្លា។ លើវិស័យទេសចរណ៍ មានភ្ញៀវទេសចរណ៍ឥណ្ឌាមកកាន់កម្ពុជា ចំនួន៤ម៉ឺន៦ពាន់១៣១នាក់ ក្នុងឆ្នាំ២០១៦ និងមានចំនួន៤ម៉ឺន៥ពាន់៦៣៦នាក់ ពីខែមករាដល់ខែតុលា ឆ្នាំ២០១៧។ កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ ឥណ្ឌាបានសំរេចគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គម សម្រាប់ឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ដែលនិងធ្វើការបោះឆ្នោតនៅឆ្នាំ២០១៨នេះ នៅបូរីញ៉ូយ៉ក សហរដ្ឋអាមេរិក ជាមួយគ្នានេះកម្ពុជាបានគាំទ្រឥណ្ឌា លើគំនិតផ្តួចផ្តើមរបស់ឥណ្ឌា ឲ្យមានទិវាអន្តរជាតិ ស្តីពីយូហ្គា International Yoga Day ជាមួយគ្នានេះកាលពីឆ្នាំ២០១៧ កម្ពុជាបានគាំទ្រឥណ្ឌាជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិ អណត្តិឆ្នាំ២០១៨-២០២៧ ដែលបានបោះឆ្នោតកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ បូរីញ៉ូយ៉ក សហរដ្ឋអាមេរិក។ គាំទ្រឥណ្ឌាជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការយូណេស្កូ អណត្តិឆ្នាំ២០១៧-២០២១។ សមាជិកក្រុមប្រឹក្សាអង្គការនាវាចរណ៍អន្តរជាតិ និងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អាណត្តិពី ឆ្នាំ២០១៨ដល់ឆ្នាំ២០២០។