ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ​៖ សមិទ្ធផល​ទាំងឡាយ​ពិតជា​មិនអាចកើតឡើងបានទេ បើគ្មានកិច្ចខិតខំប្រឹងប្រែង គោលនយោបាយនិងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា​សមិទ្ធផលទាំង​ឡាយប្រាកដ​ជាមិន​អាច​កើត​មាន​ឡើង​បាន​ទេ ប្រសិន​បើ​គ្មាន​កិច្ច​ខិត​ខំប្រឹង​ប្រែង គោលនយោបាយ និងយុទ្ធ​សាស្រ្តដ៏ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​ក្រោមកា​រដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ឯកឧត្តម បានថ្លែងដូចនេះ​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អាកាសចរ​ស៊ីវិលឆ្នាំ២០១៣ – ២០១៧ និងលើក​ទិសដៅ​សម្រាប់ឆ្នាំ ២០១៨ – ២០២៣ នៅសណ្ឋាគារ​សុខាភ្នំពេញ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ឯកឧត្តម​ ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី បាន​បញ្ជាក់ថា គោល​នយោ​បាយ «ឈ្នះ-ឈ្នះ» បាន​នាំមក​នូវ​ឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាព​ពេញ​ផ្ទៃប្រទេស ដែលពុំធ្លាប់​មានក្នុង​រយៈ​កាល​ប្រមាណ ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ហើយដែលសន្តិភាព និងស្ថិរភាពនយោបាយនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។ ឯកឧត្តម បានបន្ថែមថា សន្និបាតបូកសរុបលទ្ធផលការងារអាកាសចរស៊ីវិលនេះ ក៏បានប្រព្រឹត្តទៅចំពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងសន្តិភាពពេញបរិបូរណ៍ ហើយប្រជាពលរដ្ឋនិងប្រជាជាតិទាំងមូលក៏កំពុងទទួលបាននូវមនុញ្ញផល នៃសន្តិភាពនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត ហេដ្ឋារចនា​សម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវ័ន្តនានា​ព្រមទាំងធនធាន​មនុស្ស ត្រូវបានបំផ្លិចបំផ្លាញ​ដល់ឬសគល់  វិស័យអាកាសចរណ៍​របស់យើងក៏បាន​ផ្អាកដំណើរការផងដែរនៅពេលនោះ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិស័យអាកាសចរណ៍កម្ពុជាត្រូវបានដាក់ឱ្យដំណើរការសារជាថ្មី ដោយផ្តើមចេញពីស្ថានភាពដ៏លំបាកលំបិនបំផុត ឈានទៅមុខជាជំហានៗ និងរហូតមកដល់ពេលនេះ យើងបានឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយទៅដំណាក់កាលរីកចម្រើនមួយទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងទំហំ​ប្រតិបត្តិការប្រកបដោយមោទនៈភាព ជាពិសេសគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ «បើក​ចំហរជើងមេឃ» ដែលបាននិងកំពុងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយដែលមានភាពទាក់ទាញក្នុងតំបន់និងពិភពលោក។

ឯកឧត្តម ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន និងតាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដ៏ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តប្រកបដោយភាពជាក់ស្តែង ប្រាកដនិយម និងភាពម៉ឺងម៉ាត់ កម្ពុជាសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភា​ពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សម្គាល់។ ឯកឧត្តម បានបន្ថែមថា ជាមួយនឹង​សមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបាន​ចាត់ទុកប្រទេស​កម្ពុជាជាប្រទេស​មួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច​លឿនបំផុតនៅតំបន់អាស៊ី ហើយបាន​ប្រសិទ្ធ​នាមប្រទេស​កម្ពុជា ជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ទៀតផង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា វិស័យអាកាសច​រណ៍ស៊ីវិល​ជាវិស័យ​មួយដែល​កំពុងមាន​ភាពទាក់ទាញ និងរីកចម្រើន​ប្រកបដោយ​សក្តានុពល ដែលជា​ផ្នែក​ដ៏សំខាន់​មួយ​មិនអាច​ខ្វះបាន​ នៃសេដ្ឋកិច្ច​ពិភពលោក ដែលកាន់​តែមាន​លក្ខណៈជាសាកលតាមរយៈ ការជួយសម្រួល​ពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងវិនិយោគទុនអន្តរជាតិព្រមទាំងជួយ​ភ្ជាប់ប្រជាជនពីទ្វីប​មួយទៅទ្វីបមួយទៀត​នៅទូទាំងពិភពលោក។ ដើម្បីឱ្យវិស័យ​អាកាសចរណ៍​ស៊ីវិលនៅតែបន្តជួយជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយ​បាននូវ​ភាពក្រីក្រ​នៅកមម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គសន្និបាត​បន្តយកចិត្តទុក​ដាក់ផ្លាស់​ប្តូរគំនិត ពិគ្រោះយោបល់គ្នា រិះរកដំណោះស្រាយបញ្ហាប្រឈម​នានា ដែលបានជួបប្រទះក្នុង​ពេលបំពេញភារកិច្ច ជាពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​មួយ​ចំនួនដូចជា៖ ការកែទម្រង់​ស្ថាប័ន បញ្ហាសុវត្ថិភាព-សន្តិសុខអាកាសចរណ៍ និងការបណ្តុះ​បណ្តាល​ធនធានមនុស្សជាដើម។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះសេវាកម្មដឹក​ជញ្ជូនតាម​ផ្លូវអាកាស កម្ពុជាមានក្រុមហ៊ុនអាកាស​ចរណ៍​ក្នុងស្រុក​ចំនួន១០ កំពុងប្រតិបត្តិ​ការហោះ​ហើរដឹក​ជញ្ជូនអ្នកដំណើរ និងទំនិញចេញ-ចូល លើដំណាក់​ផ្លូវហោះ​ហើរ​ក្នុងស្រុក និងអន្តរជាតិ មានដូចជា៖ ១- ក្រុមហ៊ុនខាម​បូឌា​អង្គរអ៊ែរ ២- ក្រុមហ៊ុន ស្កាយអង្គរ អ៊ែរឡាញ ៣- ក្រុមហ៊ុន ខេមបូឌា បាយ័ន អ៊ែរឡាញ ៤- ក្រុមហ៊ុន បាសសាកា អ៊ែរ ៥- ក្រុមហ៊ុន ជេស៊ី ខាមបូឌារ អ៊ិនធើណេសសិណល អ៊ែរឡាញ ៦- ក្រុមហ៊ុន ឡានម៉ី អ៊ែរឡាញ ៧- ក្រុមហ៊ុន ស្មលផ្លែនណេត និងមានក្រុមហ៊ុនឧទ្ធម្ភាគចក្រចំនួនពីរគឺ ៨- ក្រុមហ៊ុន ហេលិខបធឺ ខេមបូឌា ៩- ក្រុមហ៊ុន ហេលិស្តារ ខេមបូឌា ១០- ក្រុមហ៊ុន Union Development Group។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយចំនួនទៀត ដែលបាននិងកំពុងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអាចដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក និងក្រៅស្រុកនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ