សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងញ៉ូវដែល្លី ប្រទេសឥណ្ឌា ត្រូវនិងម៉ោង១៣និង៤៥នាទី ម៉ោងនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ឥណ្ឌា និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា រយះពេល៥ថ្ងៃពីថ្ងៃទី២៤ដល់ថ្ងៃទី២៨មករា ឆ្នាំ២០១៨។
យន្តពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ ដែលបានដឹកនាំសម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់ បានធ្វើការចុះចតនៅអាកាសយានដ្ឋានយោធាប៉ាឡាំ ក្នុងទីក្រុងញ៉ូវដែល្លី ក្រោមវត្តមាននៃការធ្វើគារវកិច្ចយ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃ សាធារណរដ្ឋឥណ្ឌា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌាជាច្រើនរូប។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ក្នុងភាពជាដៃគូសន្ទនាអាស៊ាន ឥណ្ឌា ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី២៥មករា អញ្ជើញទស្សនាក្បួនព្យុហយាត្រា នៃទិវាសាធារណរដ្ឋថ្ងៃទី២៦មករា។ ក្រៅពីនោះសមុំ្តេចតេជោនាយក រដ្ឋមន្រ្តី គឺជាមេដឹកនាំអាស៊ានទី១ ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវនៅទីក្រុងញ៉ូវដែល្លី ដែលនឹងប្រារព្វធ្វើឡើង នៅថ្ងៃទី២៧-២៨មករា។ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីនិងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះទៅកាន់វេទិកាធុរកិច្ចកម្ពុជា ឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរជាច្រើនរូប។ សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃកិច្ចសន្ទនាអាស៊ាន ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយមេដឹកនាំនៃប្រទេសឡាវ វៀតណាម មានគម្រោងទទួលទានអាហារការងារពេលព្រឹក ដើម្បីពិនិត្យមើលពីកាលានុវត្តភាព និងបញ្ហាប្រឈមមួយចំនួន ទាក់ទិនទៅនិងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម។