សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករចំនួន ១៦,៩០៩នាក់ នៅរោងចក្រតំបន់ព្រៃទា

នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជា​ណាចក្រកម្ពុជា បាន​អញ្ជើញ​ជួប​សួរ​សុខ​ទុក្ខ​កូន​ក្មួយ​កម្មករ-កម្មការិនី ចំនួន ១៦,៩០៩នាក់ មកពីរោងចក្រចំនួន​២០ស្ថិត​នៅរោងចក្រ​តំបន់ព្រៃទា ក្នុង ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញ​មក​ជួប​ជុំជា​មួយ​បងប្អូន កូនក្មួយកម្មករកម្មការនីក្នុងការចុះជួបសំណេះសំណាលប្រចាំសប្តាហ៍​នេះដើម្បីស្វែងយល់ពីសុខទុក្ខ របស់កម្មករនិងដើម្បីដោះស្រាយបញ្ហាប្រឈម​នា​​នាមួយចំនួនរបស់កម្មករ និងជំរុញនូវ​គោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សា​ហកម្ម​ (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កូនក្មួយកម្មករទាំង​អស់​ដែល កន្លងមកបានចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិតាមរយៈការបំរើការ​ងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ដើម្បី​ជំរុញអោយសេដ្ឋ​កិច្ចមាន​ការរីកចម្រើនដូច​សព្វថ្ងៃនេះ។ កម្ពុជាខិតខំប្រឹងប្រែង​ជាបន្តបន្ទា​ប់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយសារ​តែស្ថេរភាព​នយោបាយ និងការរក្សាបាននូវសន្តិភាព ជូនប្រជាពលរដ្ឋដែលកត្តាទាំងនេះអោយធ្វើឲ្យយើងមានលទ្ធភាពតម្លើងប្រាក់ខែជូនកម្មករជាបន្តបន្ទាប់។
សម្តេច​តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៦ថ្ងៃ នៃខែមករានេះ មានស្ត្រីជាកម្មករិនីបានទទួលសេវាថែទាំសុខភាពនិងសម្រាលកូនចំនួន ១,​៨៩៥​នាក់ ហើយសម្រាល​កូនបាន​ចំនួន ១,៩១៤ទារក ក្នុងនោះក៏មានកូនភ្លោះផង​ដែរ​។ រដ្ឋត្រូវបានចំណាយ​ថវិកា​អស់ប្រមាណ ៧៦៤លាន ៤សែនរៀលផងដែរ។ សម្តេច​តេជោ ហ៊ុន សែនបានបញ្ជាក់ថា នៅឆ្នាំ២០១៧ កន្លងទៅ គឺជាឆ្នាំដែលមានសេដ្ឋកិច្ចដ៏រឹងមាំ ដែលបានចាក់ស្រេះ មកដល់ឆ្នាំ២០១៨ ដែលយើងត្រូវ​ខិតខំ​បន្តអោយ​ខ្លាំង​បន្ថែមទៀត។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅ​នេះ កម្ពុជា​ទទួលភ្ញៀវទេសចរណ៍​ចំនួន ៥លាន ៦ សែននាក់ នេះជាមោទនភាពមួយ​ដែលធ្វើ​អោយឲ្យយើង​ត្រូ​វតែខិតខំជំរុញវិស័យនេះ ជាពិសេសពេល​ខាងមុខនេះ យើងនឹង​បន្ថែមអាកាសយាន​ដ្ឋាន​ថ្មីទាំង​ក្នុង​ទីក្រុងភ្នំពេញ និងខេត្ត សៀម រាប។
សម្តេចតេជោ ហ៊ុន សែន បានស្នើអោយក្រសួងការងារ រកពេលវេលាណាមួយ ដើម្បី​ជួប​កម្មករ-កម្មករិនីនៅឯខេត្តព្រះសីហនុ ដែលមានកម្មករប្រមាណជាង ២ម៊ឺននាក់។ ជាធម្មតា សម្តេចតេជោ តែងតែអញ្ជើញទៅ​ជួបជុំ​កូនក្មួយ ប៉ុន្តែដោយសារប៉ះចំថ្ងៃទី ១ ឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ដែល ក្រសួងការងាររៀបចំអោយ​បានមុន ពីព្រោះនៅក្នុងកំឡុង ខែឧសភា គឺអាចមានភ្លៀងធ្លាក់ ដូច្នេះត្រូវរៀបចំជាពីរលើក ដោយយកថ្ងៃទី១ ជួបជាមួយប្រធានផ្នែក ប្រធានរដ្ឋបាល និងថ្ងៃទី២ ជួបជាមួយកម្មករ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារ​សំខាន់ៗ ៨ចំនុចដើម្បីអោយក្រសួង​ពាក់ពន្ធ័អោយអនុវត្តន៍អោយមានប្រសិទ្ធ​ភាព។
១) ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តន៍ការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តន៍ដូចគ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយ បានម៉តចត់។

៣)ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ)ក្រសួងពាក់ព័ន្ធ ត្រូវតាមដានការងារអោយបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។

៤)ត្រូវអនុវត្តន៍ ចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តន៍ ចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តន៍តាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់អោយបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីអោយដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តន៍ចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួមក្នុងពិធីជួបជុំថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនីមានផ្ទៃពោះចំនួន ៤៨៥ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយកម្មករកម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ