សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សហប្រធាន បានអញ្ជើញបើកកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) លើកទី២ ក្រោមមូលបទ “ទន្លេរបស់យើង ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព”។

កិច្ចប្រជុំកំពូលល្ងាចនេះ គឺមានការចូលរួមពីបណ្ដាមេដឹកនាំនៃប្រទេសតាមទន្លេមេគង្គរួមមាន ១)ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធាន ២)ឯកឧត្ដម Thongloun Sisolith នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៣)ឯកឧត្ដម Myint Swe អនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ៤)ឯកឧត្ដម Prayut Chan-o-cha នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និង ៥)ឯកឧត្ដម Nguyen Xuan Phuc នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងគណៈប្រតិភូជាច្រើនរូបទៀត។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំប្រទេសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២។ សម្តេចតេជោ បានមានប្រសាសន៍រំលឹកអំពីកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង លើកទី១ ដែលបានធ្វើឡើងនៅទីក្រុងសាន់យ៉ា ប្រទេសចិន កាលពីឆ្នាំ២០១៦កន្លងទៅ។ ក្នុងនោះ ប្រទេសទាំងអស់ បានអនុវត្តនូវរបៀបវារៈជាច្រើនដែលប្រទេសទាំង៦ បានសន្យាថានឹងខិតខំធ្វើឲ្យយន្តការអនុវត្តតំបន់ទន្លេមេគង្គកាន់តែមានភាពល្អប្រសើរ ជាពិសេសនឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការពេញលេញដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់តំបន់មេគង្គទាំងមូល។ សម្តេចតេជោ បានបន្តថា ទន្លេមេគង្គគឺជាទន្លេដែលមានសារៈសំខាន់បំផុត ដែលបានជួយដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលកំពុងរស់នៅតាមបណ្តោយទន្លេមេគង្គ។ ទន្លេនេះបានឲ្យយើងបង្កើតវាសនារួមគ្នា ប្រកបដោយភាពជាមិត្តជិតខាង។ កត្តាទាំងនេះ បានជំរុញឲ្យប្រទេសយើងទាំងអស់គ្នា អនុវត្តតាមការសន្យាកន្លងមក ដើម្បីឲ្យកា្លយជាការពិត ហើយថ្ងៃនេះ កម្ពុជាពិតជាមានមោទនៈភាព និងមានក្តីរីករាយក្នុងការទទួលស្វាគមន៍ និងរៀបចំកិច្ចប្រជុំកំពូលនេះឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចប្រជុំនេះគឺមានន័យជ្រៀលជ្រៅណាស់ ដែលមិនមែនជារឿងចៃដន្យទេ។ យើងបានជ្រើសរើសយកប្រធានបទទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលបានផ្តល់នូវសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសក្នុងតំបន់មេគង្គ។ សម្តេចតេជោ ក៏បានរំលឹកពីការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់បរទេសកន្លងមក ដែលបានធ្វើឲ្យកម្ពុជាជួបនូវគ្រោះមហន្តរាយអស់រយៈពេលជាច្រើនទសវត្សរ៍ដែលបានបំផ្លាញអ្វីៗស្ទើរតែទាំង ស្រុង ក្នុងនោះគឺបំផ្លាញស្ថេរភាព និងសន្តិភាពរបស់កម្ពុជា ហើយបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីបទពិសោធន៍កន្លងមកដែលធ្វើអោយយើងសម្រេចបាននូវសន្តិភាពពេញលេញ គឺតាមរយៈការចេះអត់អោនឲ្យគ្នាទៅវិញទៅមកចំពោះបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ផងគ្នា ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយពេញចិត្តថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៣ ដែលបានរៀបចំនៅទីក្រុងតាលី មានគម្រោងចំនួន១៣២ត្រូវបានអនុម័តជាគម្រោងដំណាក់កាលទី១ ដែលគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៧ និងបញ្ជីគម្រោងផ្សេងទៀត នៃមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលមានគម្រោងចំនួន២១៤ កំពុងត្រូវបានដាក់ស្នើសម្រាប់ធ្វើការវាយតម្លៃ។ កិច្ចប្រជុំកំពូលថ្ងៃនេះ គឺនឹងធានាបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងការជំរុញគម្រោងអភិវឌ្ឍន៍ទាំងនោះអោយសម្រេចបានឆាប់ៗនាពេលខាងមុខ។ ក្រោយពីកិច្ចប្រជុំកំពូលនេះ គឺប្រមុខដឹកនាំប្រទេសទាំង៦ បាននឹងកំពុងធ្វើសន្និសីទកសែតរួមគ្នាដូចកំពុងផ្សាយផ្ទាល់នៅពេលនេះ ពីវិមានសន្តិភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ