សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ដ្រីវៀតណាម ឯកឧត្តម ង្វៀង សួនហ៊្វុក នៅវិមានសន្ដិភាព មុនពេលកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២។ ក្រៅពីការសំណេះសំណាល និងពិភាក្សារការងារនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានពិសារអាហារថ្ងៃត្រង់ ជាមួយឯកឧត្តមនាយករដ្ឋមន្ដ្រីវៀតណាមផងដែរ។
សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តម ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងកោតសរសើរដល់ប្រទេសកម្ពុជា ចំពោះការរៀបចំ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២នេះ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នឹងលើកកិត្យានុភាពកម្ពុជាឱ្យល្បីរន្ទឺបន្ថែមទៀត
ឯកឧត្តម ង្វៀង សួនហ្វុក បានថ្លែងទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះមេគង្គ-ឡានឆាង នាពេលនេះ នឹងលើកកិត្យានុភាពប្រទេសកម្ពុជាបន្ថែមទៀត ទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ឯកឧត្តម ង្វៀង សួនហ្វុក ក៏បានសម្តែងភាពរីករាយចំពោះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កម្ពុជា-វៀតណាម នៅឆ្នាំនេះ ដែលកើនឡើងដល់៣.៨ពាន់លានដុល្លារផងដែរ ហើយចំនួននេះ បានកើនឡើង២៥% បើធៀបនឹងឆ្នាំទៅមិញ។ ឆ្នាំនេះ វៀតណាមបាននាំទំនិញកម្ពុជាចូល ជាង១ពាន់លានដុល្លារផងដែរ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ង្វៀង សួនហ្វុក នៅកម្ពុជាពេលនេះ និងបានចាត់ទុកថា ការចូលរួមរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម នឹងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបន្ថែមទៀត ពិសេសនឹងធ្វើឱ្យសន្និសីទនេះទទួលបានជោគជ័យជាក់ជាមិនខាន។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមឡើងនៅវិមានសន្តិភាព នៅវេលាម៉ោង ៤៖០០រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង ឯកឧត្តម ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
កិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ នឹងធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព នៃអនុតំបន់ទន្លេមេគង្គ៕