នាព្រឹកថ្ងៃអាទិត្យ ៦ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួមជាមួយលោក លោកស្រី លោកគ្រូអ្នកគ្រូ មេឃុំ ចៅសង្កាត់ មេភូមិ សិស្សានុសិស្ស ប្រមាណជាង ១០០០០នាក់ បានចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ( ៧ មករា ១៩៧៩ -៧ មករា ២០១៨ )។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ថា ៧មករា ជាថ្ងៃកំណើតទីពីរ ដែលប្រកបដោយស្នាមញញឹម គោរពដឹងគុណមិនអាចភ្លេចបាន នូវគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានដែលបានរំដោះប្រទេសជាតិ ចេញពីភ្លើងសង្រ្គោម ដោយបានធ្វើការអភិវឌ្ឍប្រទេសជាតិ ពីបាតដៃទទេឱ្យក្លាយជាប្រទេសដែលមានការរីកចម្រើន អភិវឌ្ឍលើគ្រប់វិស័យ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម។ ល។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានរួចផុតពីរបបខ្មៅងងឹតរបស់ខ្មែរក្រហម និងជាថ្ងៃដែលបង្ហាញអំពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានរួបរួមគ្នា ធ្វើការផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ។ ថ្ងៃ៧ មករា នេះ អាចសបញ្ជាក់ពីវីរភាពនៃ ប្រជាជនកម្ពុជានាសម័យនោះ ដែលបានបូជាជីវិត ដើម្បីជាតិ និងប្រជាជន។ ពិតណាស់ ៧ មករា ១៩៧៩ ជាថ្ងៃបើកទំព័រ ប្រវត្តិសាស្រ្តថ្មី ដែលកម្ពុជាងើបពីជ្រោះមរណៈ ឆ្ពោះមកកាន់ ការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅពេលបច្ចុប្បន្ន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់ថា ទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពីភ្លើងសង្រ្គាមដ៏សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ ណុល នៅថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកឃាតករ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ មក ដែលបានធ្វើឲ្យកម្ពុជា បន្ទាប់ពីត្រូវបំផ្លាញដោយសង្រ្គាមរួចហើយនោះ បានក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន ។ ប្រជាជនកម្ពុជាជាង ៣ លាននាក់ ត្រូវបានសម្លាប់រង្គាលយ៉ាងអណោចអធម្ម ព្រមជាមួយនោះ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់៕