នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់ជ័យលាភី ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី ជូនអត្តពលិកជនពិការ និងគ្រូបង្វឹក គ្រូជំនួយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូន ដែលមានការលំបាកដូចជាជនពិការជាដើម។ ឯកឧត្តមក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗកីឡាករ-កីឡាការិនី ជាជនពិការ និងជនពិការនៅទូទាំងប្រទេស ដែលបានប្រើប្រាស់សក្តានុពលរបស់ខ្លួន ចូលរួមគ្រប់វិស័យ ក្នុងកម្មវិធីអភិវឌ្ឍន៍របស់សង្គមជាតិយើង ដូចការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ថា «ពិការតែកាយ តែចិត្តមិនពិការឡើយ»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តែងតែបានទទួលការកោតសរសើរ ពីសម្តេចនាយករដ្ឋមន្រ្តី ថា «ទៅតិច មកច្រើន» ដូចក្នុងពេលនេះ គឺមានកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ីចំនួន៧៥រូបប៉ុណ្ណោះ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែអាចរកបាន មេដាយប្រាក់៥គ្រឿង និងសំរឹទ្ធ៥គ្រឿង គិតជាវិញ្ញាសារ និងគិតជាមេដាយបានទទួលមេដាយប្រាក់២១គ្រឿង និងសំរឹទ្ធ៥គ្រឿង ដោយវិញ្ញាសារខ្លះប្រកួតជាក្រុម។ ឯកឧត្តម បានបន្តទៀតថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោយពីចាប់បដិសន្ធិមក បានចូលរួមជាខ្នាតអន្តរជាតិជាច្រើនលើក ធ្វើឱ្យកិត្តិនាម និងកិត្តិស័ព្ទប្រទេសយើង លើឆាកអន្តរជាតិមានភាពល្បីល្បាញ និងបាននាំមេដាយ សរុបមកទល់ពេលនេះ ចំនួន១៥៩គ្រឿងហើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ និងផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ ឯកឧត្តម បានបន្ថែមថា ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការអនុវត្តជាច្រើនកម្រិត ដោយបង្កើតលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ ដោយឡែកយើងមានដៃគូ អង្គការសង្គមស៊ីវិល ប្រកបដោយគុណភាពជាច្រើនទៀត ដើម្បីជួយដល់បងប្អូនជនពិការនៅគ្រប់ទិសទី ហើយរាជរដ្ឋាភិបាលក៏បានផ្តល់អាទិភាពលើវិស័យពិការភាព ថែមទាំងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងមក បានសាងសង់លំនៅដ្ឋានជូនបងប្អូនជនពិការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមរម្យ ក្នុងនោះមាននៅតាកែនកោះស្លា ខេត្តកំពង់ស្ពឺ ប៉ៃលិន និងគូលេនខេត្តសៀមរាបជាដើម។ ក្រៅពីនោះនៅគ្រប់វេទិកាជួបសំណេះសំណាល និងពិធីចែកអំណោយរបស់កាកបាទក្រហមកម្ពុជា តែងតែមានបងប្អូនជនពិការជានិច្ច។ ឯកឧត្តម ក៏បានឱ្យដឹងថា ថវិកាដែលចែកជូនកីឡាករ-កីឡាការិនី និងគ្រូបង្វឹកនាពេលនេះ សរុបចំនួន ១.០១៣.០០០.០០០រៀល (មួយពាន់ដប់បីលានរៀល)។
ឯកឧត្តម ប៊ិន ឈិន ក៏បានបន្ថែមថា ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការមេ ដែលជាយុទ្ធសាស្រ្តសម្រាប់រយៈពេលវែង ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវវិធានគន្លឹះ ជាសារវន្តមួយចំនួន ក្នុងការកែទម្រង់ឱ្យមានប្រសិទ្ធភាពចំនួន៧ចំណុចដូចជា៖ ទី១- បណ្តុះបណ្តាលធនធានមនុស្សគឺថ្នាលនិស្សិតកីឡា គ្រូបង្វិក អាជ្ញាកណ្តាល ចៅក្រម កម្រិតជាតិនិងអន្តរជាតិ ទី២- ជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៍និងសម្ភារៈកីឡា ទី៣- ពង្រីករចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី៤- រៀបចំលិខិតបទដ្ឋានគតិយុត្តិ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ដូចជាការរៀបចំគោលនយោបាយកីឡាជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តិនានា ទី៥- កែសម្រួលរចនាសម្ព័ន្ធនៃការប្រកួតដូចជាការប្រកួតជើងឯកថ្នាក់ជាតិនិងអន្តរជាតិ ទី៦- ពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងទី៧- ត្រៀមរៀបចំទាំងយុទ្ធសាស្រ្ត ផែនការ និងលក្ខខណ្ឌផ្សេងៗដូចជាបង្កើតគណៈកម្មាធិការរៀបចំការប្រកួត និងគណៈកម្មាធិការជាច្រើនទៀតដែលជារចនាសម្ព័ន្ធតម្រូវការបម្រើឱ្យការប្រព្រឹត្តិទៅនៃការរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕