ស្ថាប័នគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា បើកសន្និសីទវិទ្យាសាស្ត្រស្តីពីការអភិរក្សក្នុងរមណីយដ្ឋានអង្គរ

បើគិតពីឆ្នាំ១៩៩៧មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២០ឆ្នាំគត់ដែលស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) មានវត្តមាននៅលើទឹកដីអង្គរ។ ក្នុងន័យរំឭកខួប២០ឆ្នាំនៃគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា និងសមិទ្ធផលជាច្រើនរបស់ខ្លួន GACP សហការជាមួយអាជ្ញាធរជាតិអប្សរា បានបើកសន្និសីទវិទ្យាសាស្ត្រស្តីអំពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

សន្និសីទនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា លោកជំទាវ Anne LEMAISTRE តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា លោក Klaus BECKER សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ TH KÖln និងមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ អន្តរជាតិ មន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូប។

លោកជំទាវ ភឿង សកុណា បានថ្លែងថា «នេះជាសន្និសីទវិទ្យាសាស្ត្រដែលមានអ្នកជំនាញការជាតិនិងអន្តរជាតិជាច្រើននិយាយអំពីកិច្ចការអភិរក្ស ដែលចាំបាច់មានការចូលរួមពីភាគីពាក់ព័ន្ធនិងដៃគូសហការច្រើន។ ខ្ញុំសង្ឃឹមថា សន្និសីទមួយថ្ងៃនេះនឹងមានផ្លែផ្កាដល់អ្នកចូលរួមទាំងអស់ ព្រោះមានអ្នកជំនាញជាច្រើនរូប ច្រើនផ្នែក ច្រើនស្ថាប័ន បានចែករំលែកពីចំណេះដឹងនិងបទពិសោធន៍ល្អៗរបស់ពួកគាត់ទាក់ទងនឹងកិច្ចការជួសជុល ការអភិរក្សបុរាណដ្ឋាន ចម្លាក់ នៅរមណីយដ្ឋានអង្គរ»។

គួរបញ្ជាក់ផងដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៤របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ GACPនិងអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារអភិរក្ស ជួសជុលចម្លាក់ទេពអប្សរនៅរមណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជាឱ្យបានគង់វង្សយូរអង្វែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ