សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឺក នាំនៃប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់ទីក្រុងដាណាំង តំបន់ភូមិភាគកណ្តាល របស់សាធារណរដ្ឋ សង្គមនិយមវៀតណាម ជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយនិងបណ្តាមេដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ដែលនឹងប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី១០វិច្ឆិកានេះ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិដាណាំង ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១២និង៣២នាទី ម៉ោងនៅប្រទេសវៀតណាម។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ថ្នាក់ដឹកនាំក្រុងដាណាំង ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់វៀតណាម និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ ដំណើរនៃការអញ្ជើញទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក នៅពេលនេះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅនិងការអញ្ជើញពី ឯកឧត្តម ត្រាន់ ដាយក្វាន (Tran Dai Quang) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក(APEC) ឆ្នាំ២០១៧។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មី សម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក។