នៅសៀលថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ចិន លើកទី២០។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូលរួមពី មេដឹកនាំប្រទេសអាស៊ានទាំង១០ រួមទាំងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន-ចិន បានគាំទ្ររួមគ្នាក្នុងការរៀបចំខួបលើកទី១៥ ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងការដាក់ចេញនូវចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅឆ្នាំ២០១៨ ព្រមទាំងស្វាគមន៍សំណើរកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃនវានុវត្តន៍ អាស៊ាន ចិន។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានធ្វើការកត់សំគាល់ដោយការពេញចិត្តថា ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មសរុប ៣៦៨ពាន់លានដុល្លាអាមេរិក កាលពីឆ្នាំ២០១៦ និងបានស្វាគមន៍ចំពោះការបង្កើតកម្រិត នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្នុងគោលបំណងសម្រេចបាននូវគោលដៅពាណិជ្ជកម្មចំនួន ១ទ្រីលានដុល្លាអាមេរិក និងការវិនិយោគទៅមកស្មើ និងទំហំទឹកប្រាក់ចំនួន១៥០ពាន់លានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានឯកភាពគ្នា លើកទឹកចិត្តឲ្យមានអ្នកជំនួញចិនបន្ថែមទៀត នៅអាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា នៅក្នុងផ្នែកផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសខ្នាតតូច និងមធ្យម ថាមពល និងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានធ្វើការគាំទ្រនូវសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើរពុករលួយ។ ឯកឧត្តម លី ខឺឈាង បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះខួប៥០ឆ្នាំរបស់អាស៊ាន និងបានសន្យថា និងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ និងបណ្តាប្រទេសអាស៊ាន។
មេដឹកនាំអាស៊ានបានសន្យារួមគ្នាក្នុងការតភ្ជាប់អាស៊ាន-ចិន លើការតភ្ជាប់លើគ្រប់វិស័យទាំងអស់ ពិសេសកាសំរួលទេសចរណ៍ចិន អាស៊ានឲ្យកាន់តែទ្វេឡើងថែមទៀត។ មេដឹកនាំអាស៊ាន -ចិន បានចាត់ទុកថាឆ្នាំ២០១៧នេះ គឺជាឆ្នាំទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ទាំងពីរ។ មេដឹកនាំអាស៊ាន-ចិន ក៏បានឯកភាពគ្នាក្នុងការកំណត់យកឆ្នាំ២០១៨ នៃឆ្នាំអាស៊ាន-ចិន ក្នុងការបង្កើតនូវស្នាដៃថ្មី៕