ថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរា ចុះពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខអង្គរ

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ទីតាំងរៀបចំពិធីបួងសួង ចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ តាមគម្រោងរបស់រាជរដ្ឋាភិបាល ពិធីដ៏ធំនេះ គ្រោងធ្វើនៅថ្ងៃទី២ និងទី៣ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត។

ដើម្បីឱ្យកាន់តែច្បាស់ និងធ្វើឱ្យពិធីទាំងមូលដំណើរការដោយរលូន ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ស៊ុ ម៉ាប់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បានដឹកនាំមន្រ្តី ពិនិត្យរាល់ទីតាំង ដែលគ្រោងរៀបចំពិធីបួងសួង នាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមអគ្គនាយក បានប្រាប់ដល់មន្រ្តីគ្រប់គោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យបានរៀបរយ មុនពិធីបួងសួងចាប់ផ្តើម។

ការចុះត្រួតពិនិត្យនៅព្រឹកមិញនេះ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ បានប្រាប់ឱ្យសម្អាតវាលស្មៅខាងមុខអង្គរវត្ត កាត់ស្មៅ និងបាញ់ទឹកសម្អាតផ្លូវបរិវេណមុខប្រាសាទអង្គរជាដើម។ល។ ក្រៅពីនេះ ក៏មានត្រៀមដើម្បីបិទចរាចរណ៍នៅខាងមុខប្រាសាទផងដែរ ក្នុងពេលពិធីបួងសួងដំណើរការ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ដែលគ្រោងចូលរួមក្នុងពិធីទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា។ ប្រធានគណៈកម្មការរៀបចំពិធីនេះ មានលោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ ពិធីនេះ មានការចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះធ្វើឡើងក្នុងបំណងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។ ជាងនេះទៅទៀត ពិធីនេះក៏មានបំណងដើម្បី ដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់ប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបន្សល់មកដល់កូនចៅជំនាន់ក្រោយនេះ។ ពិធីនេះ ក៏គ្រោងមានការរាប់បាត្រដោយមានព្រះសង្ឃចំនួន ៥០០០អង្គផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ