សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃប្រទេសចិន

នៅវិមាន​សន្តិភាព រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចអគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​អញ្ជើញ ជួបពិភាក្សា​ការងារ​ជាមួយ លោក Cao Jianming អគ្គរដ្ឋ​អាជ្ញា​មហា​អយ្យការ ប្រជាជ​នកំពូល នៃសាធារណ​រដ្ឋប្រជា​មានិតចិន។

លោក Cao Jianming បានជំរាប​ជូន​សម្តេចថា កាលពី១០​ឆ្នាំមុន លោកក៏ធ្លាប់​បាន​មកប្រទេសកម្ពុជា​ម្តងរួច​មកហើយ ហើយទស្សន​កិច្ចនៅ​ពេលនេះ ដើម្បីមកពិ​និត្យមើល​លើអ្វីដែល​ភាគីអយ្យការ​អមតុលាការ​កំពូល នៃប្រទេសទាំងពីរ កម្ពុជា-ចិន មានកិច្ចសហជា​មួយគ្នាជា​ពិសេសលើ​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្មឆ្លងដែន, ការជួញដូរ​គ្រឿងញឿន​ និង​ការជួញដូរ​មនុស្ស​ជាដើម​។ លោកបា​ន​មានប្រសាសន៍​បន្តថា ​ក្នុងរយៈ​ពេលប៉ុន្មាន​ឆ្នាំចុងក្រោ​យនេះប្រទេស​កម្ពុជា មាន​ការអ​ភិវឌ្ឍ​យ៉ាង​ច្រើន និងមាន​កិច្ចស​ហប្រតិ​បត្តិការ​ជាច្រើន រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេស​ការផ្លាស់​ប្តូរ​ទស្សនកិ​ច្ចគ្នា រវាងថ្នាក់​ដឹកនាំ នៃប្រទេស​ទាំងពីរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំរាប​ជូន​លោក Cao Jianming ថា ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ គឺមាន​ទំនាក់​ទំនង​ល្អតាំង​ពីសម័យ​សម្តេច​ព្រះនរោត្តម សីហនុ គឺតាំងពី​ប្រទេស​ចិនមិន​ទាន់​ក្លាយ​ជាសមាជិក​អចិន្ត្រៃយ៍ សន្តិសុខ​អង្គការ​សហប្រជាជាតិ​មកម៉្លេះ​ហើយប្រទេសទាំង​ពីរ​ នឹងបន្តរ​ក្សាទំនាក់​ទំនងល្អ​ជាមួយ​គ្នាជា​រៀងរហូត។ ជាងនេះដែរ សម្តេច​បាន​បង្ហាញពីការ​គាំទ្រជានិច្ច នូវគោលនយោបាយ​ចិនតែមួយ ។ សម្តេចក៏បាន​ជំរាបជូន ពីភាពរីកចំរើន របស់​កម្ពុជា ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយសម្តេចក៏បានជំរាបជូន ប្រតិភូថា នៅសប្តាហ៍ក្រោយនេះ សម្តេចនឹងអញ្ជើញ​ទៅចូលរួម​កិច្ចពិគ្រោះយោបល់​គណបក្ស​នយោបាយ​ពិភពលោកនៅប៉េកាំង ប្រទេសចិនផងដែរ។

លោក Cao Jianming បានអរគុណ​​សម្តេចតេជោ ដែលបាន​​ចំណាយ​​ពេលវេលា ទទួលជួបពិភាក្សា​​​នៅថ្ងៃនេះ ក៏ដូចជាចំណាយ​​ពេលវេលា​​អញ្ជើញ​ទៅ​ចូល​រួម​​កិច្ច​ពិគ្រោះ​​យោបល់​​គណបក្ស​​នយោ​​បាយ​​ពិភព​​លោក​​នៅ​​ប៉េកាំង នៅទីក្រុង​ប៉េ​កាំង​នាពេល​ខាងមុខ ។ ទន្ទឹមនេះ​លោក ក៏បាន​បង្ហាញ​ពីការ​គាំទ្រ ពីភាពរីកច​ម្រើនរ​បស់ប្រទេសក​ម្ពុជា ជាពិសេស​ការ​រក្សាបា​ននូវសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម។ លោក បញ្ជាក់ថា តាមរយៈទំនាក់ទំនង រវាងប្រទសទាំងពីរ គឺមិនបាន​កាត់​ថ្លៃបាន ដោយបាន​ចាត់ទុកថា ប្រទេសកម្ពុជា និងប្រទេសចិ​ន ប្រៀប​ដូច​ជាបង​ប្អូន គ្រួសារតែ​មួយ។ ក្រៅពីគាំទ្រចំពោះចំណាត់​ការរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា លោកបញ្ជាក់ថា ចិនគាំទ្រនូវផ្លូវ​ដ៏សមស្រ​ប​ដែល កម្ពុជា​កំពុងដើ​រនេះ ជាពិសេស​គាំទ្រកម្ពុ​ជា​គឺធ្វើម៉េច​ឱ្យ​កម្ពុជា​នៅតែរ​ក្សាបាន​នូវអធិបតេ​យ្យភាព ឯករាជ្យភាព វិបុលភាព និងការអភិវឌ្ឍ។ លើស​ពីនោះ​ទៀត លោកក៏បា​នមើល​ឃើញការ​សាង​សង់សំ​ណង់​ជាច្រើន ដែលកើត​មាននៅទីក្រុង​ភ្នំពេញ ហើយ​សង្ឃឹមថា កិច្ចសហការ​ខាងវិស័យ​អយ្យការ​នេះ នឹងចូលរួម ចំណែកយ៉ា​ង សំខាន់​ក្នុងការ​ពង្រឹងផ្នែ​ក​សន្តិ​សុខសង្គម និងយុត្តិធម៌សម្រាប់ប្រជាជន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ