សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាមុនបញ្ចប់បេសកកម្មនៅកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
ក្នុងជំនួបនេះ ឯកឧត្តម Pitono Purnomo បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ច ស្ថេរភាព និងសន្តិភាពក្នុងប្រទេស ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ទន្ទឹមនឹងនោះ លោកក៏បានកោតសរសើរអំពីការរីកចម្រើនលើវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តម អគ្គរដ្ឋទូត បានកោតសរសើដល់កម្ពុជា ដែលកន្លងមកបានគាំទ្រប្រទេសឥណ្ឌូនេស៊ី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះមានប្រមាណ៤៥០លានដុល្លារ ហើយសង្ឃឹមថា នឹងមានការកើនឡើងជាបន្តទៀត។
ឯកឧត្តម Pitono Purnomo បានកោតសរសើរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងទៅដោយរលូន និងជោគជ័យ។ ឯកឧត្តមបានអោយតម្លៃចំពោះសន្តិភាព និងការរីកចម្រើន នៅកម្ពុជា ហើយវាយតម្លៃថាបដិវត្តិពណ៍គឺមិនអាចកើតមាននៅលើទឹកដីកម្ពុជាបានទេ នៅក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ។ ឯកឧត្តម Pitono Purnomo បង្ហាញពីការរីករាយចំពោះវិស័យការពារជាតិដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ ដែលកន្លងមកមានការបណ្តុះបណ្តាលជួយលើកកំពស់សមត្ថភាព កងទ័ពជាដើម។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូនេស៊ី ក៏បានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង៦០០នាក់ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
សម្តេចតេជោ បានអរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានឃើញច្បាស់អំពីការរីកចម្រើនរបស់កម្ពុជា។ កន្លងមកនេះ ប្រទេសឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលវេលា ដែលកម្ពុជាស្វែងរកសន្តិភាព។ វត្តមានឥណ្ឌូនេស៊ី គឺបានជួយអោយបានសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានសំណូមពរអោយឥណ្ឌូនេស៊ីខិតខំជំរុញការងារពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរនេះអោយមានសន្ទុះកើនឡើងថែមទៀត។ នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានប្រជាជនប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាន និងជាទីផ្សារ ដ៏ធំរបស់កម្ពុជាផងដែរ។
បច្ចុប្បន្ននេះ ក៏មានវិនិយោគិនឥណ្ឌូនេស៊ី ក៏បានមកវិនិយោគនៅកម្ពុជាផងដែរ ដូចជាវិស័យសុខាភិបាលជាដើម។ សម្តេចតេជោ បានសុំអោយពង្រឹងកិច្ចសហប្រតិបត្តិការគ្នាជាបន្ថែមទៀត រួមមានការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងប្រទេសទាំងពីរ រួមទាំងទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រមុខដឹកនាំកម្ពុជា និងឥណ្ឌូនេស៊ី។ កន្លងមកយើងមានកិច្ចសហប្រតិបត្តិការដោយក្រសួងការបរទេសទាំងពីរ ដែលជួបប្រជុំគ្នាជាប្រចាំ ប៉ុន្តែបានផ្អាកតាំងពីឆ្នាំ ២០១២មក។ សម្តេចតេជោ បានស្នើសុំឲ្យមានការប្រជុំជាមួយគ្នាឡើងវិញ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណឥណ្ឌូនេស៊ី ដែលកន្លងមកនេះបានជួយពលករខ្មែរ ដែលរងគ្រោះនៅតាមទូកនេសាទខុសច្បាប់ ដោយអំពើបង្ខិតបង្ខំ ធ្វើបាបអោយធ្វើការហួសកម្លាំង ហើយបានបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។ ដោយសារកំណើនភ្ញៀវទេសចរមកកម្ពុជាកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ សម្តេចតេជោ បានជំរុញអោយមានកិច្ចសហប្រតិបត្តិការអោយបាន ខ្លាំងថែមទៀត លើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចតេជោ បានជូនពរលោកអគ្គរដ្ឋទូត ទទួលបានជោគជ័យ នៅក្នុងបេសកមកម្មថ្មីៗជាបន្តទៀត៕