សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។
សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលមកភាគខាងត្បូងរាជធានីភ្នំពេញសាជាថ្មីម្ដងទៀត។ កាលពីថ្ងៃ ច័ន្ទ គឺនៅភាគខាងត្បូង បានសេចក្ដីថា សម្ពោធផ្លូវ ៦០ ម៉ែត្រ នៅឯបឹងជើងឯក ភ្ជាប់ទីក្រុងភ្នំពេញជាមួយនឹងខេត្តកណ្ដាល។ ម្សិលមិញនេះ គឺសម្ពោធ និងបើកការដ្ឋាន នៅទិសខាងជើងរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិស័យកីឡា ដែលទាំងការចាប់ផ្ដើមសាងសង់ និងសាងសង់រួចហើយ តម្លៃប្រហាក់ប្រហែល ២០០ លានដុល្លារ(អាមេរិក) ដោយឡែកតែសំណង់ថ្មី គឺ ១៥៧ លាន ដុល្លារ(អាមេរិក)។
អភិវឌ្ឍទិសខាងជើង មិនភ្លេចទិសខាងកើត
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានមកទិសខាងត្បូងវិញម្ដង សម្រាប់សម្ពោធដាក់អោយប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ ដែលកសាងឡើងដោយថវិកាបដិភាគរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ និងកម្ចីពីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។ សម្រាប់ថ្ងៃស្អែក គឺនឹងវិលទៅទិសខាងជើងវិញ គឺសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៦អា។ មុននឹងដាច់ឆ្នាំវក ឈានចូលឆ្នាំរកា ពិតណាស់ថា ការងារជាប់រហូតមិនចេះអស់ ប៉ុន្តែ គ្មានជម្រើសណាល្អជាងជម្រើសដែលត្រូវតែធ្វើដំណើរ ដើម្បីនឹងបំពេញកាតព្វកិច្ចក្នុងឋានៈប្រមុខរាជរដ្ឋាភិបាលនោះទេ។ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីមួយចំនួន ក៏ត្រូវធ្វើដំណើរអមជាមួយ ដោយបោះបង់ចោលការងារមួយចំនួននៅស្ថាប័ន/មន្ទីរ និងក្រសួងរបស់ខ្លួន។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយណាស់ តាមរយៈនៃសមិទ្ធផលដែលយើងបានកសាងឡើងនៅទីនេះ ហើយដែលឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ បានធ្វើរបាយការណ៍ជូនចំពោះបងប្អូនជនរួមជាតិរួចមកហើយ អំពីប្រវត្តិ និងទិសដៅទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញរបស់យើង។
ប្រវត្តិនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ
និយាយដល់បញ្ហាទឹកនេះ ខ្ញុំព្រះករុណាខ្ញុំ មានវិប្បដិសារីមួយ ពាក់ព័ន្ធជាមួយនឹងអតីតកាលដ៏ជូរចត់ នោះនៅត្រង់ថា កាលពីឆ្នាំ ១៩៧៩ កុំថាឡើយមានទឹកម៉ាស៊ីនប្រើប្រាស់ គឺយើងគ្មានទេនៅទីក្រុងភ្នំពេញនេះ។ ព្រលឹមឡើងត្រូវទៅអូសទឹកពីទន្លេ យកមកដើម្បីចាក់ចូលពាងនៅខាងក្រោម។ ថ្ងៃមួយ ខ្ញុំព្រះករុណាខ្ញុំ មានការធ្វេសប្រហែស បន្ទាប់ពីការជួបជាមួយនឹងភរិយារបស់ ខ្ញុំព្រះករុណាខ្ញុំ ជាមួយកូនប្រុសដែលមិនស្គាល់ឪពុក ហើយដែលហៅឪពុកថា ពូៗរយៈពេល ២ ខែ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ មិនបានយកទឹកពីក្រោមឡើងទៅលើទេ បែរជាទុកអោយភរិយា គឺរែកទឹកពីក្រោមឡើងទៅលើ។ ដូច្នេះ ក៏បានធ្វើឲ្យបាត់បង់កូនមួយទៀត ដែលពាក្យខ្មែរយើងហៅថា រលូតកូន។ នេះជាប្រវត្តិពិតប្រាកដ ដែលយើងបានចាប់ផ្ដើមតាំងពីពេលដែលយើងប្រើប្រាស់ទឹក ដែលត្រូវយកពីទន្លេមេគង្គយកមកប្រើប្រាស់ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសនៅក្នុងសម័យនោះ។
ឥឡូវស្ថានភាពបានផ្លាស់ប្តូរហើយ។ បន្ទាប់ពីការដែលយើងបានជួសជុលដាក់ឲ្យប្រើប្រាស់ឡើងវិញ នូវបណ្តាញទឹក ប៉ុន្តែ បណ្តាញទឹករបស់យើងកាលនោះ ខ្ញុំព្រះករុណាខ្ញុំ នៅចំាបានថា កន្លែងមួយចំនួនប្រជាពលរដ្ឋរបស់យើងទៅចោះទុយោ រួចហើយគាត់ទាញទឹកពីអាហ្នឹង ដើម្បីគាត់ដាក់ធុងអូសយកទៅលក់ឲ្យអ្នកដទៃទៀត។ នេះវាជារឿងប្រវត្តិ នៃការផ្គត់ផ្គង់ទឹកក្នុងទីក្រុងភ្នំពេញ។ ការពិតទៅប្រវត្តិ នៃការទាក់ទង(នឹងការ)ផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញនេះ មានតំាងពីអតីតកាលមក ក៏ប៉ុន្តែ វាក៏បានខូចខាតក្នុងដំណាក់កាលមិនប្រើប្រាស់ក្នុងដំណាក់កាល ប៉ុល ពត ដែលបានបណ្តេញប្រជាជនចេញពីទីក្រុងភ្នំពេញ។ អញ្ចឹង ការដែលមិនបានប្រើប្រាស់នៅក្នុងរយៈពេលជិត ៤ ឆ្នំា គឺបានធ្វើឲ្យទុយោទឹកទាំងអស់មានការកកស្ទះ ហើយដែលពេលនោះការប្រើប្រាស់ជួបការលំបាកយ៉ាងខ្លំាង។
ផ្ទះរបស់ ខ្ញុំព្រះករុណាខ្ញុំ នេះរហូតមកដល់ឆ្នំា ១៩៩៣ ឬ ១៩៩៤ ហើយទើបមានទឹកប្រើពិតប្រាកដ។ កាលពីមុននោះ មានឡានដឹកទឹកមួយ មិនដឹងថាវាឆុងយ៉ាងម៉េចសម្រាប់ផ្ទះខ្ញុំព្រះករុណាខ្ញុំ។ មួយនេះ គឺថា ធ្វើជានាយករដ្ឋមន្ត្រីហើយហ្នឹង វាអត់មានទឹកប្រើនឹងគេ ទឹកវាមកមិនដល់អាកន្លែងហ្នឹង ប្រហែលជាកន្លែងហ្នឹងទួល(ហើយ)មើលទៅ បានឡានដឹកទឹកយកមក រួចហើយបានមានម៉ូទ័រទាញឡើងទៅខាងលើ។ ប៉ុន្តែឥឡូវនេះ វាមិនដូច្នេះទេ សភាពការណ៍ការដោះស្រាយទឹករបស់យើងបានពង្រីកជាបន្ទាប់ ពីដំណាក់កាលមួយមកកាន់ដំណាក់កាលមួយ។
សហប្រតិបត្តិការត្រីភាគី កម្ពុជា បារាំង ជប៉ុន ផ្គត់ផ្គង់ទឹក
កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នំា ២០១៣ ខ្ញុំព្រះករុណាខ្ញុំ បាននំាមកសម្ពោធនៅទីនេះ ដើម្បីដាក់ឲ្យប្រើប្រាស់នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ១ ដែលពេលនោះ ក្រោមថវិការបស់រដ្ឋាករទឹកទីក្រុងភ្នំពេញ និងថវិកាទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ ព្រមទំាងភ្នាក់ងារសហប្រតិបត្តិការណ៍ជាតិ នៃប្រទេសជប៉ុនផងដែរ។ ថ្ងៃនេះយើងសម្ពោធសាជាថ្មីម្តងទៀត ដើម្បីដាក់អោយប្រើប្រាស់នៅជំហានទី ២ ដែលមានសមត្ថភាពផ្គត់ផ្គង់ដូចពេលមុន តម្រូវការនៅទីក្រុងភ្នំពេញកាន់តែធំទៅៗ ដែលទាមទារឲ្យយើងដោះស្រាយ ហើយការដោះស្រាយទឹករបស់យើងនៅពេលនេះ មិនមែនជាការដោះស្រាយដូចទសវត្សរ៍ ៨០ នោះទៀតទេ ទឹករបស់យើងពេលនេះ គឺអាចផឹកបានតែម្តង មិនចំាបាច់យកទៅដំា ប៉ុន្តែយកល្អ ដើម្បីធានាអនាម័យ គឺដំាល្អជាងមិនដំា។
តម្រូវការផ្គត់ផ្គង់ទឹកស្អាត គឺនៅគ្រប់ទីកន្លែងទាំងអស់
ការរីកលូតលាស់របស់យើងនេះ តាមរយៈការគ្រប់គ្រងដ៏ល្អរបស់រដ្ឋាករទឹកទីក្រុងភ្នំពេញ ដែលជាអង្គភាពស្វយ័តមួយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅទីក្រុងភ្នំពេញនេះ ហើយលាតសន្ធឹងទៅដល់ទីក្រុងតាខ្មៅ នៃខេត្ត កណ្តាល។ ឥឡូវនេះ យើងបន្តជំហានបន្តទៅទៀត ដូចដែល ឯកឧត្តទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាការផ្គត់ផ្គង់ទឹក តម្រូវការនេះ មិនគ្រាន់តែសម្រាប់ប្រជាជននៅក្នុងទីក្រុងនោះទេ ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែង ប្រជាជនសុទ្ធតែមានតម្រូវការ។ យើងមានផែនការមេមួយ សម្រាប់ការផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋរបស់យើង។
អរគុណដល់ដៃគូ/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ឥណទាន ដែលរួមចំណែកទៅដល់ការអភិវឌ្ឍទឹកស្អាត
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង តាមរយៈ AFD ( Agence Française de Développement) ដែលបានផ្តល់នូវឥណទាន សម្រាប់រួមចំណែកទៅដល់ការអភិវឌ្ឍ ទឹកស្អាត ដំណាក់កាលទី ២ នៅទីនេះ ហើយសង្ឃឹមថា មិត្តបារាំងនឹងបន្តជួយដល់កម្ពុជាតទៅទៀត។ ថ្លែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន ក្វាងស៊ី Construction ក៏ដូចជា ក្រុមហ៊ុន Surface ដែលមក ពីបារាំង សម្រាប់ការសាងសង់ឲ្យសម្រេចនៅទីនេះ ចំណាយថវិការហូតទៅដល់ជាង ៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងហ្នឹង ២៤ ជិត ២៥ លានដុល្លារ(អាមេរិក) មកពីរដ្ឋាករទឹកទីក្រុងភ្នំពេញ និង ៣៦ លានដុល្លារ(អាមេរិក) មកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ។
អនុសាសន៍ ២ ចំណុច ពាក់ព័ន្ធនឹងប្រ័ពន្ធផ្គត់ផ្គង់ទឹក/ភ្លើង
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ផ្តល់ជាអនុសាសន៍ ចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាអាណាប័ក ព្រមទាំងរដ្ឋាករទឹកនៅទីក្រុងភ្នំពេញ៖
ទី ១. ដោយសារកាលពីមុននេះ បណ្តាឃុំមួយចំនួនរបស់ខេត្តកណ្តាល ស្ថិតនៅក្នុងក្របខណ្ឌ នៃខេត្តកណ្តាល ហើយពេលនោះក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយចំនួនបានធ្វើការវិនិយោគ សម្រាប់ការផ្គត់ផ្គង់ទឹកទៅដល់ប្រជាពលរដ្ឋ។ ឥឡូវ សង្កាត់ទាំងនោះបានកាត់មកចូលទីក្រុងភ្នំពេញហើយ ដូច្នេះ កិច្ច ការដែលត្រូវធ្វើ សូមឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ ទិញយកនូវបណ្តាញទឹកដែលវិស័យឯកជនបានវិនិយោគនូវបណ្តាឃុំ ដែលមុននេះជាឃុំនៅក្នុងខេត្តកណ្តាល ឥឡូវ បានកាត់ចូលមកទីក្រុងភ្នំពេញ។ ដូច្នេះ យើង ត្រូវបន្ថែមទុនមួយចំនួនទៀត ដើម្បីទិញយកនូវផ្នែកផ្គត់ផ្គង់ទឹក ដែលមុននេះវិស័យឯកជនបានវិនិយោគនៅទីនោះ ហើយនៅផ្នែកខាងត្បូងទីក្រុងនេះ ដូចជាលោកឧកញ៉ា កុក អាន។ ដូច្នេះ យើងខិតខំទិញយក ដើម្បីធានាការផ្គត់ផ្គង់ទឹក ព្រោះឥឡូវឃុំ/សង្កាត់មួយចំនួន ដែលកាត់ចូលមកទីក្រុងភ្នំពេញនៅប្រើប្រាស់ទឹកដែលមានតម្លៃខុសគ្នា ជាមួយអ្នកដែលរស់នៅទីក្រុងភ្នំពេញ។ ដូច្នេះសង្ឃឹមថា លោកឧកញ៉ា កុក អាន នឹងយោគយល់ទៅដល់សភាពការណ៍នេះ ហើយក្រៅពីនោះ ក៏នៅមានបណ្តាញទឹកមួយចំនួនផ្សេងទៀត ដែលនៅសង្កាត់ទើបនឹងកាត់ចូលមកទីក្រុងភ្នំពេញ ត្រូវបន្តការទិញយក ដើម្បីយើងបន្ត យើងតភ្ជាប់ជាមួយនឹងបណ្តាញទឹក ដែលមានបច្ចុប្បន្ននេះ ហើយអនុវត្តនូវថ្លៃប្រហាក់ប្រហែលគ្នា។
ចំណុចទី ២ គឺពិភាក្សាជាមួយនឹងអគ្គិសនីកម្ពុជា ទាក់ទងនឹងការប្រើប្រាស់អគ្គិសនី នោះវាទាក់ទងនឹងតម្លៃទឹក ដែលអាចផ្តល់លទ្ធភាពឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ។ បញ្ចុះនូវថ្លៃទឹកពីផ្នែកណាមួយ តាមរយៈ នៃការចុះថ្លៃភ្លើង សម្រាប់ការបូមទឹកផ្គត់ផ្គង់ សម្រាប់ទីក្រុងភ្នំពេញ។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី ក៏ដូចជា ក្រុមហ៊ុនអគ្គិសនី បានដាក់គោលដៅរួចហើយ និងរបៀបប្រើប្រាស់រួចហើយ។ ការប្រើប្រាស់បូមទឹក ឬប្រើប្រាស់នៅក្នុងការផលិតឧស្សាហកម្មនៅក្នុងពេលយប់ តម្លៃអគ្គិសនី គឺមានតម្លៃថោកជាងពេលថ្ងៃ។ ដូច្នេះ សុំឲ្យរដ្ឋាករទឹកទីក្រុងភ្នំពេញ ឆ្លៀតប្រើប្រាស់អគ្គិសនីក្នុងពេលយប់ នៅពេលដែលថ្លៃអគ្គិសនីនោះ គឺមានតម្លៃថោកជាងពេលថ្ងៃ ដោយសារពេលយប់យើងនៅសល់ភ្លើងច្រើន ពេលថ្ងៃយើងប្រើភ្លើងច្រើនណាស់។ ប៉ុន្តែ ពេលយប់ចំនួនភ្លើងដែលយើងប្រើប្រាស់មានចំនួនតិចជាង។ ដូច្នេះ អគ្គិសនីកម្ពុជា ក៏បានបញ្ចុះតម្លៃសម្រាប់ការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងទៀត ជាពិសេសក្នុងវិស័យឧស្សាហកម្ម គឺមានតម្លៃថោកជាង។ អញ្ចឹង សូមពិភាក្សាគ្នា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម, រដ្ឋាករទឹក, ក៏ដូចជា អាជ្ញាធរអគ្គិសនី, ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ក្រុមហ៊ុនអគ្គិសនីទាក់ទងនឹងការប្រើអគ្គិសនី ហើយការប្រើអគ្គិសនីនេះ នឹងនាំទៅដល់ការទម្លាក់តម្លៃទឹក សម្រាប់ការប្រើប្រាស់របស់ប្រជាជនយើង។
រៀបចំអនុស្ថានីយអគ្គិសនី ធានាផ្គត់ផ្គង់ទឹក និងតម្លៃថោក
មានរឿងមួយក៏ត្រូវតែសិក្សាផងដែរ តាមរបៀបគណនានៃតម្លៃអគ្គិសនី ការតភ្លើងភ្ជាប់ចេញពីបណ្តាញ ដែលមានតម្លៃវាខ្ពស់ជាង។ ប៉ុន្តែ បើសិនជាចេញពីអនុស្ថានីយតែម្តងតម្លៃទាបជាង។ ដូច្នេះ សូមពិភាក្សាគ្នារវាងអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកតែម្តង តើយើងគួររៀបចំដាក់អនុស្ថានីយអគ្គិសនី នៅក្នុងរោងចក្រនេះឬទេ? ដើម្បីធានាផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់បូមទឹក។ ជួនកាលវាអាដាច់ភ្លើងកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែ បើយើងដាក់អនុស្ថានីយ គឺទី ១ ធានាការផ្គត់ផ្គង់សម្រាប់ការបូមទឹក និងទី ២ ថ្លៃថោកទៀត។ បើនិយាយពីថ្លៃសម្រាប់ការតពីអនុស្ថានីយ គឺថោកជាង។ អញ្ចឹង ត្រូវពិភាក្សាគ្នា តើអ្នកទិញអគ្គិសនីដែល សម្រាប់បូមទឹកនៅទីនេះ ក៏ដូចជា រោងចក្រផលិតអគ្គិសនីដទៃទៀត វិនិយោគបង្កើតអនុស្ថានីយខ្លួនឯង ឬទុកឲ្យអគ្គិសនីកម្ពុជាជាអ្នកចេញទុនវិនិយោគ?
តម្លៃទឹកអាចខុសគ្នាតាមទីតាំង សូមយោគយល់
ខ្ញុំព្រះករុណាខ្ញុំ យល់ថា បើយើងគិតគូរបែបនេះ យើងអាចរកវិធីបន្ថយថ្លៃទឹក ដើម្បីរួមចំណែកការលំបាកសម្រាប់ប្រជាជន តាមរយៈការកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនី ក្នុងការបូមទឹក។ ប៉ុន្តែ សូមមេត្តាយោគយល់ថា តម្លៃទឹកមិនមែនទាក់ទងទាំងស្រុងទៅលើបញ្ហាអគ្គិសនីទេ។ ឥឡូវហិរញ្ញប្បទាននៅទីនេះ ចំនួន ៦០ លានដុល្លារ(អាមេរិក) ក្នុងនោះកម្ចីពីបារាំង ចំនួន ៣៦ លានដុល្លារ។ អញ្ចឹង ត្រូវសងទៅបារាំងទាំងការទាំងដើម។ បើដូច្នោះ ការផលិតទឹកក៏ត្រូវមានផលចំណេញរបស់វាមួយចំនួនណានោះ ដើម្បីវិនិយោគបន្តផង និងដើម្បីមានលុយសងទាំងការទាំងដើម។ សងទៅបារាំងវិញផង មិនមែនបារាំងឲ្យទទេទេ បើបារាំងឲ្យទទេ ក៏ត្រូវតែមានការគិតគូរក្នុងតម្លៃដើម្បីធានាជាមួយនឹងថ្លៃដើមនៃការផលិតផងដែរ។ ហើយកន្លែងនីមួយៗតម្លៃខុសគ្នា ដូចមានក្នុងសៀវភៅជំនួយស្មារតី នៃការណែនាំហើយ។ កន្លែងខ្លះដើម្បីធ្វើឲ្យទឹកបានស្អាត គឺត្រូវប្រើនូវរបៀបកែច្នៃវា ដើម្បីឲ្យទឹកនោះអាចប្រើប្រាស់បាន។ ទឹកមួយម៉ែត្រគូបដូចគ្នានៅតំបន់របស់យើងនេះ ប៉ុន្តែ វាថោកជាងទឹកមួយម៉ែត្រគូបនៅតំបន់ផ្សេង ដែលមានជាតិពុលយ៉ាងខ្លាំង ហើយជាតិពុលនោះតម្រូវឲ្យរដ្ឋាករទឹក និងអ្នកផលិតទឹកប្រើប្រាស់វិធីគ្រប់យ៉ាង ដែលមានតម្លៃថ្លៃជាង ដើម្បីនឹងធ្វើឲ្យទឹកស្អាតប្រើប្រាស់បាន។ ដូច្នេះ តម្លៃវាមិនដូចគ្នាទេ។ អញ្ចឹង សូមយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទឹក។
ទាមទារជម្រុញការតបណ្តាញទឹកទៅកន្លែងដែលមិនទាន់មាន
មួយទៀត គឺទាមទារឲ្យមានការជម្រុញការតបណ្តាញទឹក ទៅកាន់តំបន់ដែលមិនទាន់មានទឹក។ អម្បាញ់មិញ ប្អូនប្រុសខាងនោះបានលើកឡើងថា សូមសម្តេចជួយតបណ្តាញទឹកទៅសង្កាត់ព្រែកថ្មី។ ចេះតែតទៅ សម័យនេះមិនមែនសម័យអូសទឹកទេ ហើយក៏មិនមែនសម័យផលិតក្អមទូលទឹក និងរែកទឹកដូចមុនដែរ។ កន្លែងខ្លះប្រើអណ្តូងស្នប់ អណ្តូងនេះ អណ្តូងនោះ និងកន្លែងមួយចំនួនប្រើដោយម៉ាស៊ីនទៅហើយ។ សូមបន្តការខិតខំដើម្បីតម្រង់ឆ្ពោះទៅរកការគ្រប់ដណ្តប់ តាមរយៈជម្រុញការតទុយោទឹក ទៅតំបន់ដែលមិនទាន់មានទឹក ទាំងតំបន់ដែលកសាងលំនៅស្ថានថ្មី និងតំបន់ដែលប្រជាជនកំពុងរស់នៅ ហើយមិនទាន់មានទឹក។ នេះជាអនុសាសន៍ ដែលខ្ញុំព្រះករុណាខ្ញុំ ផ្តល់ជូនក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជា ចំពោះរដ្ឋាករទឹកទីក្រុងភ្នំពេញ ហើយក៏អាចទាក់ទងនឹងទឹកជាមួយនឹងបណ្តាខេត្តដទៃទៀត។
អរគុណស្ថាប័នពាក់ព័ន្ធបានតទឹក/ភ្លើងដល់ផ្ទះជួល កាត់បន្ថយការលំបាកកម្មករ/ការិនី សិស្ស/និស្សិត
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ អរគុណចំពោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជា រដ្ឋាករទឹក ដែលបានខិតខំអនុវត្តនូវអនុសាសន៍របស់ ខ្ញុំព្រះករុណាខ្ញុំ អំពីការតទឹក និងផ្គត់ផ្គង់ទឹក សម្រាប់កម្មករ/ការិនី និស្សិត/សិស្ស ដែលរស់នៅតាមផ្ទះជួល ដែលមុននេះ តម្លៃទឹកត្រូវបានកំណត់ដោយម្ចាស់ផ្ទះ។ តែឥឡូវនេះ តម្លៃទឹកត្រូវបានកំណត់ដោយក្រសួង/ស្ថាប័នអ្នកផ្គត់ផ្គង់ទឹក ដែលធ្វើឲ្យកម្មកររបស់យើងធូរស្រាលនៅក្នុងការបង់តម្លៃទឹក ក៏ដូចជាតម្លៃភ្លើងផងដែរ។ មុននេះ តម្លៃភ្លើងអាស្រ័យទៅលើម្ចាស់ផ្ទះ យើងឲ្យប្រើប្រាស់ ៥០ គីឡូវ៉ាត់ម៉ោងចុះក្រោមត្រឹមតែ ៦១០ រៀលទេ តែម្ចាស់ផ្ទះតម្រូវឲ្យកម្មករ(កម្មការិនី)ចេញ(ថ្លៃអគ្គិសនី)ដល់ទៅ ១.០០០ (រៀល) ឬជាង ១.០០០ (រៀល)។ ទឹកក៏ដូចជា តែ ១.២៥០ (រៀល) ប៉ុន្តែ ម្ចាស់ផ្ទះឲ្យ(ចេញថ្លៃ)រហូតទៅដល់ ២.០០០ (រៀល) ឬអាចលើសពីនេះ។ អញ្ចឹងទេ សុំកោតសរសើរ ចំពោះការខិតខំទាំងអស់នេះ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ចំពោះកម្មករ/ការិនី ដែលរស់នៅតាមផ្ទះឈ្នួល និស្សិត/សិស្ស ដែលរស់នៅតាមផ្ទះឈ្នួលផងដែរ។
ប្រជាពលរដ្ឋមានការសប្បាយរីករាយ នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍប្រទេស
ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបាននិយាយច្រើន ដោយសារតែវានិយាយជាប់គ្នា ហើយឥឡូវស្អកកតែម្តង។ ម្សិលមិញឆ្លៀត ទៅជួបជុំជាមួយនឹងកីឡាករ/ការិនី។ ឃើញតែក្មួយៗរាំហ្នឹង គឺហត់ជួសតែម្តង ព្រោះសុទ្ធ តែលោត។ ឥឡូវជិតចូលឆ្នាំហើយ ខ្ញុំឃើញគេចាក់ Video Clip ពីត្រង់ណា ឃើញចាស់ៗនាំគ្នាលេងសប្បាយម្យ៉ាងដែរ។ លេងលាក់កន្សែង។ ឃើញចាស់ៗរត់ឲ្យត្រុយ រួចហើយគាត់រាំឲ្យរំពើនតែម្តង ហើយឆ្នាំនេះ គឺជាឆ្នាំដែលយើងនឹងមានការសប្បាយរីករាយជាបន្តទៀត តាមរយៈកម្មវិធីជាច្រើន ក្នុងនោះ ប្រជាពលរដ្ឋចូលរួមសប្បាយរីករាយ នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍប្រទេសរបស់យើង។
ការព្យាករណ៍ឧតុនិយម
សង្ឃឹមថា ឆ្នាំនេះភ្លៀងក៏ធ្លាក់ ឥឡូវថ្ងៃហ្នឹង(ភ្លៀង)ធ្លាក់ទៀតបើតាមមើលទៅ ព្រោះឧតុនិយមគេថា(ភ្លៀង) ធ្លាក់។ ឧតុនិយមឥឡូវហ្នឹងទាយអត់ខុសទេ។ ហើយ(ភ្លៀង)ធ្លាក់គ្រប់ខេត្តទាំងអស់ ប៉ុន្តែ វាខុសពីឆ្នាំទៅ។ ឆ្នាំទៅអត់ភ្លៀង អត់ទឹកពិបាកណាស់។ ឯឆ្នាំនេះ យើងមានភ្លៀង យើងមានទឹក ហើយប្រហែលជាទទួល ទេវតាឆ្នាំនេះ ប្រហែលជាទទួលនៅកន្លែងខ្លះមានភ្លៀងតែម្តង ទេវតាចុះមកនាំភ្លៀងមកជាមួយតែម្តង។ ឮថា(ទេវតាចុះ)ម៉ោង ៣ (អធ្រាត្រ)ប៉ុន្មាននាទីឯណោះ? ម៉ោង ៣ (និង) ១២ នាទី(អធ្រាត្រ)។ ប្រហែលជា ខ្ញុំព្រះករុណាខ្ញុំ អត់បានទទួលទេ សុំទទួលពីល្ងាចទុកឲ្យហើយ ហើយភ្លឺឡើងចាំទទួលម្តងទៀត ទៅមើល មុខទេវតា។
គតិលោក រឿងខ្លាចប្រពន្ធ
មន្ត្រីរាជការដែលធ្វើការនៅខាងនេះ មានអ្នកខ្លះទៅ(លេង)អង្គរវត្តឆ្នាំនេះ? អង្គរសង្ក្រាន្តឆ្នាំនេះ? រៀងរាល់ ឆ្នាំ(ទីក្រុង)ភ្នំពេញស្ងាត់តែម្តង។ ប៉ុន្តែឥឡូវនេះ មិនមែនប្រមូលផ្តុំនៅតែអង្គរទេ ទៅគ្រប់ទីកន្លែងទាំងអស់។ សុំផ្តាំផ្ញើឲ្យហើយ ទៅណាក៏ទៅចុះ អាណិតស្ពាយប្រពន្ធទៅជាមួយ (សំណើច និងស្នូរទះដៃរបស់មហា ជន)។ ប្រសិនបើប្រពន្ធកូនខ្ចី សុំកុំទៅណាចោល នៅមើលប្រពន្ធ។ អាហ្នឹងផ្តាំទុកឲ្យហើយ ដើម្បីធានាថា ចូលឆ្នាំ គឺមិនមានរឿងក្នុងគ្រួសារកើតឡើងទេ។ ការពិត បើទោះបីឆ្នាំនេះ ឆ្នាំវក ដែលជាសត្វស្វា អញ្ចឹងអី? ឆ្នាំក្រោយឆ្នាំរកា ឆ្នាំមាន់ ខ្ញុំព្រះករុណាខ្ញុំ បានមាន់ដល់ទៅបីឥឡូវហ្នឹង។ មានមួយ គឺកូន ហើយមាន់ពីរនឹងកើតនៅពេលខាងមុខនេះ ក្នុងមួយគ្រួសារនេះ គឺមានមាន់ដល់ទៅបី។ សង្ឃឹមថា វាកើតនៅពេលយប់ទៅចុះ ព្រោះកើតពេលយប់វាមិនសូវរពិស។ បើទោះបីកើតឆ្នាំណាក៏ដោយ ទៅដណ្តឹង(កូន)គេ ត្រូវទៅមើលឆ្នាំវ៉ៃលេខអាតាក់អីទាំងអស់។ ឆ្នាំនេះត្រូវហ្នឹងឆ្នាំនោះឬអត់? បុរសអត់បញ្ហាទេ ឆ្នាំណានៅតែឆ្នាំហ្នុង ប៉ុន្តែអ្វីដែលសំខាន់ ស្ត្រីមុនការ គឺឆ្នាំវក (តែដល់ពេល)ការហើយ គឺឆ្នាំខាល បានសេចក្តីថា មុនការ គឺ(ឆ្នាំ)ស្វា ដល់ការហើយក្លាយទៅជាខ្លាតែម្តង។
អញ្ចឹងទេ យកល្អយើងដាក់ខ្លួនទៅជាអ្នកខ្លាចប្រពន្ធទៅល្អជាង ហើយសមាគមអ្នកខ្លាចប្រពន្ធ ត្រូវបានបង្កើតនៅឆ្នាំ ២០០១ នៅប្រទេសប្រ៊ុយណេ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលនោះ បង្កើតសមាគមខ្លាចប្រពន្ធ ប្តីខ្លាចប្រពន្ធ។ ខ្ញុំព្រះករុណាខ្ញុំ ធ្វើជាប្រធាន (សំណើច និងស្នូរទះដៃរបស់មហាជន)។ នាយករដ្ឋមន្ត្រីថៃពេលនោះធ្វើជាអនុប្រធាន ឥឡូវ ប្រហែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយធ្វើជាអនុប្រធាន ប៉ុន្តែ សួរទៅមើល អ្នកខ្លះនៅខាងក្រោយអួតថាសុទ្ធតែមិនខ្លាចប្រពន្ធ?
ដំណាលរឿងមួយទៅចុះ។ ព្រះរាជាព្រះអង្គចង់ដឹងថា តើមន្ត្រីរបស់ព្រះអង្គមានប៉ុន្មានខ្លាចប្រពន្ធ? មានប៉ុន្មានអត់ខ្លាចប្រពន្ធ? ព្រះរាជាក៏ឲ្យមន្ត្រីរបស់ព្រះអង្គ ថាអ្នកណាខ្លាចប្រពន្ធឲ្យទៅខាងនេះ អញ្ចឹងចេះតែដើរហែរទៅ នៅសល់មន្ត្រីម្នាក់អត់ព្រមទៅណាតែម្តង នៅស្ងៀមនៅហ្នឹង។ ព្រះរាជាក៏បានសួរទៅមន្ត្រីហ្នឹងថា ម៉េចបានជាលោកឯងអត់ទៅណា? មន្ត្រីនោះក៏បានឆ្លើយតបទៅព្រះអង្គវិញថា ប្រពន្ធទូលបង្គំប្រាប់មកថា គេឲ្យទៅណាក៏កុំទៅ។ នៅឲ្យស្ងៀម។ កាលពីមុន ព្រះរាជាគិតស្មានថា បុរសម្នាក់នេះ មន្ត្រីមួយនាក់នេះអត់ខ្លាចប្រពន្ធទេ ព្រោះអ្នកខ្លាចប្រពន្ធទៅនៅខាងនោះអស់រលីងទៅហើយ អញ្ចឹង អ្នកដែលអត់ទៅនេះ គឺអ្នកអត់ខ្លាចប្រពន្ធ។ ព្រះអង្គគិតថា យ៉ាងហោចណាស់ក៏មាន(មន្ត្រី)មួយដែរអត់ខ្លាចប្រពន្ធ ប៉ុន្តែ មិននឹកស្មានថា មួយនេះខ្លាចជាងគេទៅទៀត (សំណើចរបស់សម្តេច និងមហាជន)។ ប្រពន្ធប្រាប់មកពីផ្ទះថា បើគេឲ្យទៅណាកុំទៅ។ នេះរឿងខ្លាចប្រពន្ធ។ ជាការល្អ ខ្លាចប្រពន្ធ (គឺ)មានសុភមង្គល មិនមែនបានសេចក្តីថា ប្រពន្ធហ្នឹងខាំទេ។
១ ឆ្នាំ ជួបសាសនិកឥស្លាម ១ ដង នៅពេលស្រាយបួស
ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះអរគុណជាមួយនឹងការនិមន្តចូលរួមរបស់សម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេស ឯកឧត្តមអគ្គរដ្ឋទូតបារាំង ក៏ដូចជា តំណាងប្រិយមិត្តបារាំង ដែលនៅក្នុងក្របខណ្ឌជាអ្នកការទូត ឬក៏ក្របខណ្ឌ AFD និងក្រុមហ៊ុនក្វាំងស៊ី។ អរគុណចំពោះការចូលរួមរបស់ ឯក ឧត្តម លោកជំទាវ អស់លោក លោកស្រី ក៏ដូចជា បងប្អូនជនរួមជាតិ រាប់ទាំងបងប្អូនសាសនិកឥស្លាម ផងដែរ ដែលមកជួបជុំគ្នានៅទីនេះ ហើយសង្ឃឹមថា នៅពេលស្រាយបួសយើងនឹងជួបគ្នាទៀត នៅក្នុង អំឡុង ខែ មិថុនា ឬ ខែ កក្កដា។ ជិតដល់ពេលបួសហើយ ឆ្លងផុតតែ ខែ មេសា នឹងចូលដល់ខែបួស ហើយ។ អញ្ចឹងទេ ជាធម្មតាយើងជួបគ្នារាល់ឆ្នាំ។ ១ ឆ្នាំ ជួបគ្នាម្តង គឺស្រាយបួស។
ពាំនាំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមក សម្រាប់ លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។ ជូនក្រុមកាយប្ញទ្ធិ និងយុវជនកម្ពុជា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ១ ម៉ឺនរៀល។ សិស្សានុសិស្ស ចំនួន ៣.៤២៨ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ៥ ពាន់រៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ២៥២ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ ម៉ឺន រៀល។ ជូនបុគ្គលិក និងកម្មករ ចំនួន ៤៩ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ថវិកា ១ លានរៀល។ ជូនមណ្ឌលសុខភាពនិរោធ ថវិកា ១ លានរៀល។ ជូនសាលាខណ្ឌ ច្បារអំពៅ ថវិកា ១ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ១ លានរៀល។ ហើយក្រុមតន្ត្រីសម័យហ្នឹង ចេះច្រៀង (និង)រាំ(បទ)អញ្ចេះៗឬនៅ? (បទរាំ)អញ្ចេះៗ (និងបទ)ឆ្កែរត់បុកប៉ោត។ បើសិនជាមិត្តបារាំងចេះ រាំបទរាំញីកែងជើង បទ(រាំ)អញ្ចេះៗ ហើយបទឆ្កែរត់បុកប៉ោត ល្អតែម្តង។ អាហ្នឹងស្រួលរាំទេ ក្បាច់ដូច បារាំងដែរ (សម្តេច និងមហាជនសើច)។
ជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ជំហានទី ២ ដែល ហិរញ្ញប្បទានសាងសង់ដោយថវិការដ្ឋាករស្វយ័តក្រុងភ្នំពេញ និងថវិកាកម្ចីទីភ្នាក់ងារបារាំង សម្រាប់ការអ ភិវឌ្ឍ ខ្ញុំព្រះករុណខ្ញុំ សូមប្រគេនពរ ចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕