(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងក្រសួងនីតិកម្មកូរ៉េ តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកច្បាប់ មេធាវី ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០នាក់។
សិក្ខាសាលាថ្នាក់ជាតិដែលរៀបចំដោយ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅពេលនេះ គឺជាឱកាសដ៏កម្រមួយសម្រាប់ការជួបជុំរបស់តួអង្គពាក់ព័ន្ធវិស័យច្បាប់ ដើម្បីពិភាក្សាចែករំលែកទស្សនៈ និងបទពិសោធជុំវិញការតាក់តែង ការអនុវត្ត ការពិនិត្យវាយតម្លៃ និងការដោះស្រាយវិវាទពាក់ព័ន្ធបទប្បញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត និងប្រព័ន្ធច្បាប់នានា ឈានទៅប្រមើលមើលទស្សនវិស័យ នៃមុខងារនីតិកម្មនិងការកែទម្រង់ច្បាប់ឱ្យមានលក្ខណៈជាសកលផង និងស្របតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជាផង។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិដ៏មានសារៈសំខាន់នេះថា «ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ មានទំនាក់ទំនងគ្នាស្អិតរមួត ពឹងផ្អែក និងគាំទ្រគ្នាទៅវិញទៅមក។ គុណភាពនៃការតាក់តែងច្បាប់ គាំទ្រដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។ ដូច្នេះ ជោគជ័យនៃការកែទម្រង់ច្បាប់ គឺមានលក្ខណៈពឹងផ្អែកគ្នាជាអន្តរសកម្ម ហើយជាលទ្ធផល គឺបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមមួយមាន ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងសមធម៌។ ក្នុងន័យនេះ ដើម្បីសម្រេចចក្ខុវិស័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល គុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីធានាចីរភាពនៃការកសាងនីតិរដ្ឋនិងអភិបាលកិច្ចល្អ»។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានចែករំលែកអំពីសាវតារនៃការកែទម្រង់ច្បាប់នៅកម្ពុជាដែលមានតាំងពីសម័យបុរាណកាលមកដល់សម័យទំនើបផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា ប្រវត្តិសាស្ត្រ សិលាចារឹកកម្ពុជា បង្ហាញថា កម្ពុជាធ្លាប់មាន និងបានប្រើប្រាស់ច្បាប់សម្រាប់គ្រប់គ្រងសង្គមនិងប្រទេសជាតិ ចាប់តាំងពីការកកើតប្រទេសមកម្ល៉េះ។ ក្នុងសម័យហ្វូណននិងបន្តមកសម័យចេនឡា មូលដ្ឋានច្បាប់ខ្មែរបុរាណទទួលឥទ្ធិពលពីប្រព័ន្ធច្បាប់បែបព្រហ្មញ្ញសាសនាឥណ្ឌា ប្រតិបត្តិលទ្ធិទេវរាជ និងក្រមព្រះធម្មសាស្ត្រ ដែលជាច្បាប់កំពូលសម្រាប់ដឹកនាំប្រទេស ដែលប្រជារាស្ត្រ មន្ត្រី រួមទាំងព្រះមហាក្សត្រ ត្រូវគោរពប្រតិបត្តិ និងតម្កល់ទុកលើព្រះសិរសារបស់ព្រះអង្គ។ រហូតមកដល់សម័យអង្គរ ច្បាប់ខ្មែរបុរាណបានវិវត្តឈានឡើងមួយកម្រិតទៀតគួរឱ្យស្ងប់ស្ញែង ដោយព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់បានធ្វើសុខដុមនីយកម្មលទ្ធិនិងទស្សនវិជ្ជាបែបព្រហ្មញ្ញសាសនា និងពុទ្ធសាសនាទាំងមហាយាន ហីនយាន និងវចរយាន សំដៅធានាសណ្តាប់ធ្នាប់និងសន្តិភាពនៃការដឹកនាំ និងការអភិវឌ្ឍព្រះរាជអាណាចក្រខ្មែរ។ ចាប់តាំងពីឆ្នាំ១៨៦៣ ប្រព័ន្ធច្បាប់ខ្មែរត្រូវបានប្រែក្លាយជាប្រព័ន្ធច្បាប់បែបបារាំង ហើយការធ្វើទំនើបភាវូបនីយកម្មច្បាប់និងអភិបាលកិច្ចបានបន្តរហូតឆ្នាំ១៩៤៧។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកបន្ថែមថា នៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Civil Law និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Common Law ក្នុងគោលដៅចម្បងគឺសមាហរណកម្មប្រទេសឡើងវិញ ចូលទៅក្នុងតំបន់និងសាកលលោក ដែលធ្វើឱ្យច្បាប់កម្ពុជាបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះពណ៌ ច្រើនស្រទាប់ លាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង។ ស្ថានភាពនេះ ជាមរតកប្រព័ន្ធច្បាប់ ដែលបន្សល់ទុកឱ្យកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងអត្ថបទច្បាប់ផង និងស្ថិតនៅក្នុងផ្នត់គំនិតរបស់អ្នកច្បាប់ខ្មែរយើងផង។
ទោះបីជាយ៉ាងនេះក្តី ជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រកាន់យកនូវគោលការណ៍ «នីតិរដ្ឋ» ជាមូលដ្ឋានគ្រឹះ និងបានចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឈរលើគុណតម្លៃស្នូល រួមមាន ប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងសិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតស្ថាប័នពីរ ទី១. គឺ «គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់» មានភារកិច្ចផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេសកម្ពុជា និងទី២. «គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌» ផ្តោតលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានមតិផ្តាំផ្ញើនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន អ្នកច្បាប់ និងវាគ្មិនចូលរួមក្នុងសិក្ខាសាលា ឱ្យខិតខំជួយត្រឹះរិះពិចារណា ដើម្បីបានជាធាតុចូលក្នុងការកំណត់បញ្ហាឱ្យចំជាក់ស្តែង និងជួយស្វែងរកដំណោះស្រាយឱ្យប្រាកដ ក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពនៃការពង្រឹងមុខងារនីតិកម្ម និងការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីជាឧត្តមប្រយោជន៍ដល់ការរក្សាចីរភាពនៃវប្បធម៌នីតិរដ្ឋរបស់ប្រទេសជាតិយើង។