សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្វែងរកលទ្ធភាព និងវិធីដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិជុំវិញគ្រាប់បែកគីមីអាមេរិក នៅកម្ពុជា ។ កម្ពុជាចង់ឲ្យមានមន្ត្រីជំនាញផ្នែកអាវុធជីវសាស្ត្ររបស់អង្គការសហប្រជាជាតិមកធ្វើអធិការកិច្ច ស្រាវជ្រាវដើម្បីដោះស្រាយបញ្ហានេះដល់កម្ពុជា។
ថ្លែងនៅក្នុងជួបជាមួយកម្មករ និយោជិតប្រមាណ៥ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ២០១៧ នេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាន អះអាងថា កម្ពុជាកំពុងស្វែងរកវិធី និងលទ្ធភាពដើម្បីលើកបញ្ហាគ្រាប់បែកគីមី នៅខេត្តស្វាយរៀង ទៅអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យមានវត្តមានអ្នក ជំនាញផ្នែកអាវុធជីវសាស្ត្ររបស់អង្គការសហប្រជាជាតិ មកធ្វើអធិការកិច្ច ស្រាវជ្រាវ ដោះស្រាយបញ្ហាអាវុធគីមីជាមួយអាជ្ញាធរកម្ពុជា ដើម្បីឲ្យប្រជាជននៅតំបន់នោះស្ងប់ចិត្ត និងរស់នៅដោយគ្មានការភ័យខ្លាចសារ ធាតុគីមីតទៅទៀត។
ការថ្លែងរបស់សម្តេចតេជោនៅពេលនេះ គឺក្រោយពេលតែបីថ្ងៃ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅ លើហ្វ៊េសប៊ុករបស់ខ្លួនដោយបានអះអាងថាគ្រាប់បែកគីមី ដែលស៊ីម៉ាក់បានរកឃើញនោះ គ្រាន់តែជាឧស្ម័នបង្ហូរទឹកភ្នែកទៅវិញ។ សម្តេចតេជោ បានស្នើរដល់មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាថា មិនស្គាល់បញ្ហាដែលបានកើតមាន ក្នុងសង្គ្រាមនៅឥណ្ឌូចិន ព្រោះកាលនោះគ្រាប់បែកអាមេរិក ដែលទម្លាក់នៅ កម្ពុជា ឡាវ និងវៀតណាមសុទ្ធតែគ្រាប់បែកគីមីដើម្បីកម្ទេចព្រៃឈើងាយស្រួល កងទ័ពអាមេរិកបើកការវាយប្រហារ។ ជាថ្មីម្តងទៀតសម្តេចតេជោ ក៍បានស្នើឲ្យអគ្គទូតអាមេរិកប្រចាំកម្ពុជា រួមទាំងមន្ត្រី Peace Cop របស់អាមេរិកទៅទស្សន កិច្ចដើម្បីពិនិត្យប៉ះពាល់ផ្ទាល់ជាមួយគ្រាប់បែកគីមីនោះមើល ថាជាវាគ្រាន់តែជា ឧស្ម័នបង្ហូរទឹកភ្នែករឺយ៉ាងណា។
ក្នុងសេចក្តីថ្លែងការណ៍តាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីយប់ថ្ងៃ ១៩ ខែតុលា កន្លងទៅ បានចាត់ទុកគ្រាប់បែកដែលរកឃើញដោយអាជ្ញាធរស៊ីម៉ាក់កម្ពុជានៅខេត្តស្វាយរៀងនោះថាជាឧស្ម័នបង្ហូរទឹកភ្នែក។ បើតាមស្ថានទូតអាមេរិកការប្រើឧស្ម័នបង្ហូរទឹកភ្នែកជាញឹកញាប់មានភាពចម្រូងចម្រាស់ និងមាននីតិវិធីច្បាស់លាស់ដើម្បីបំបាត់វាចោលបានភ្លាមៗ ហើយថាមិនមានភស្តុតាងទាក់ទងទៅនឹងបញ្ហាសុខភាពរយៈពេលយូរ ឬពិការភាពពីកំណើត ដោយសារឧស្ម័នេះទេ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ និងអាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានបដិសេធការលើករបស់ស្ថានទូតអាមេរិកដោយអះអាងថា មិនមែនត្រឹមតែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញអង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។ បើតាមស៊ីម៉ាក់ និងអាជ្ញាធរមីននៃក្រសួងការពារជាតិ បានរកឃើញទីតាំងច្រើនជាង១០កន្លែងដែលមានគ្រាប់បែកគីមីរបស់អាមេរិក ហើយថាមានប្រជាពលរដ្ឋ១៩នាក់ ដែលរងផលប៉ះពាល់ពីសារធាតុគីមីទាំងនោះ រួមទាំងមានការកើតមកមិនគ្រប់អវៈយវៈផងដែរ៕