ព្រះរាជពិធីរំលឹកខួបអនុស្សាវរីយ៍ ខួបលើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅស៊ុលតង់ នៃប្រទេសប្រ៊ុយណេដារូសាឡាម

ព្រះរាជពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី៥០ នៃការយាង​ឡើង​គ្រងរាជ​សម្បត្តិ របស់ព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រ នៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សា​ឡាម បានប្រារព្វព្រះរាជ​ពិធីយ៉ាង​មហោឡារិកអធឹកអធមបំផុត នៅព្រះបរមរាជវាំង Istana Nurul Iman ដ៏ស្កឹមស្កៃ​បំផុត ក្នុងទីក្រុង​បាន់ដាស៊េរីបេហ្កាវ៉ាន់ កាលពីវេលាម៉ោង២១រាត្រី​ថ្ងៃទី៦ តុលា។

ព្រះមហាក្សត្រ រួមទាំងមេដឹក​នាំ​ប្រមុខ​រដ្ឋ ប្រមុខរដ្ឋា​ភិ​បាល ពិភពលោក​ចំនួន២២រូប មកពី​ប្រទេស១៤ បានយាងនិង​អញ្ជើញ​ចូលរួម ក្នុងព្រះរាជ​ពិធី​​អបអរសាទ​រ​ខួប​​អនុ​ស្សាវរីយ៍​លើក​ទី៥០ នៃការយាង​​ឡើង​​គ្រងរាជ​សម្បត្តិ របស់ព្រះចៅ ស៊ុលតង់ ក្រោមព្រះវត្តមាន ​នៃការធ្វើគារ​​វ​កិច្ច​យ៉ាង​​កក់ក្តៅបំផុត ពីព្រះចៅ ស៊ុលតង់ ហា​ជី ហាសិនណល់ ប៊ូលហ្កះ (Sultan Haji Hassanal Bolkiah) ព្រះ​មហា​ក្សត្រ នៃ​ប្រ​ទេសប្រ៊ុយណេ​​ដា​រូ​សា​ឡាម និង​​អគ្គ​មហេ​សីព្រះនាម Duli Raja Isteri Pengiran Anak Hajah Saleha។ ព្រះចៅស៊ុលតង់ ហា​ជី ហាសិន​ណល់ ប៊ូលហ្កះ ប្រសូត្រនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ១៩៤៦ នៅ​​ទីក្រុង​ប្រ៊ុយ​ណេ បច្ចុប្បន្នទីក្រុងបាន់​ដា​ស៊េរី​​បេហ្កាវ៉ាន់​។ ព្រះអង្គគឺជាបុត្រច្បងគេរបស់សន្តតិវង្ស Sir Muda Omar Ali Saifud​dien III។ ព្រះអង្គបានអភិសេក​​ចំនួន​៣ដង និងមានបុត្រ​ចំនួន១២អង្គ និងចៅចំនួន១០ គិតក្នុង​ឆ្នាំ២០១២​ ក្នុង​នោះ​ព្រះអង្គបាន​អភិសេក​ជាមួយ​​និងភរិយាទី១ គឺអ្នកម្នាង Pengiran Anak Hajah Saleha ដែល​ជាម្អូនជីដូន​​មួយ​របស់ព្រះអង្គ​នៅឆ្នាំ១៩៦៥ ភរិយា​ទី២នៅ​ឆ្នាំ១៩៨១ និងភរិយាទី​៣នៅឆ្នាំ២០០៣ តែត្រូវបាន​លែង​លះ។ បច្ចុប្បន្ន​ព្រះ​អង្គម្ចាស់ Pengiran Anak Hajah Saleha ត្រូវបានក្លាយ​ជាអគ្គមហេសី។

ព្រះករុណាស៊ុលតង់ ហាជី ហាសិនណល់ ទ្រង់បានឡើង​គ្រងរាជ​សម្បត្តិ ជាព្រះចៅស៊ុល​តង់ នៃប្រទេស​​ប្រ៊ុយ​ណេ នៅឆ្នាំ១៩៦៧ ក្រោយពីព្រះបិតារ​បស់ព្រះអង្គបាន​ដាក់រាជ្យ​។ ព្រះរាជពិធីបរមរាជាភិសេក របស់ព្រះអង្គ បានប្រារព្វធ្វើឡើងនៅក្នុង​ខែសីហា ឆ្នាំ១៩៦៨។ ព្រះករុណាស៊ុលតង់ ព្រះអង្គជាព្រះ​ប្រមុខ​រដ្ឋក្នុង​នាមជា​ស៊ុលត​ង់ផង និងជាប្រមុខ​រដ្ឋាភិបាល ក្នុងនាមជា​នាយក​រដ្ឋមន្រ្តី​ផង បន្ថែមលើ​នោះព្រះ​ករុណា​ព្រះចៅ​ស៊ុលតង់ ព្រះអង្គកាន់​តំ​ណែង​ជារដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីការ​បរទេស និងជាមេបញ្ជាការ​កំពូល នៃកងទ័ពជាតិ ប្រមុខ​​សាសនាឥស្លាម ប្រមុខ​ស្ថាប័ន​គយ និង​ជា​អគ្គាធិការ នៃអគ្គាធិការ​ដ្ឋានកង​កម្លាំង​នគរបាល​ជាតិ​ប្រ៊ុយ​ណេផង​ដែរ។ ដូច​ព្រះបិតារប​ស់ទ្រង់ដែរ ព្រះអង្គត្រូវបាន​ផ្តល់ឋានៈអស្សឬទ្ធិ ដោយព្រះ​មហាក្សត្រីយានី Elizabeth ទី២ នៃចក្រ​ភព​អង់គ្លេស ដែលប្រ៊ុយណេ​ជារដ្ឋក្នុង​អាណាព្យាបាល​រហូតដល់ឆ្នាំ១៩៨៤។ ដោយពោរពេញ ទៅដោយប្រេង​ និង​ឧស្ម័ន​ធម្មជាតិ ប្រ៊ុយណេគឺជាប្រទេស​មានជាង​គេបង្អស់​ទី៥ របស់ពិភ​ពលោក ក្នុងឆ្នាំ២០១៦ ដោយមាន​​ផលិតផល​​ក្នុងស្រុក​សរុប (GDP) ចំនួន ៧៩ពាន់៧១០ដុល្លា ហើយជាប្រទេស​មាន​កម្រិត​ជីវភាព​ខ្ពស់ ជាង​គេ​បង្អស់​មួយ​របស់​ពិភព​លោក។ លើស​ពីនេះ​គ្រូសារ​រាជ​វង្ស​ប្រ៊ុណេ គឺជាគ្រូសារមួយ​ក្នុងចំណោម​គ្រូសារ​មាន សម្បត្តិ​ស្តុក​ស្តម្ភ​​ជាងគេ​បង្អស់ នៅក្នុង​ពិភព​លោក ដោយព្រះចៅ​ស៊ុលតង់​ប្រហែល​មានទ្រព្យ​រហូតដល់​ប្រមាណ ២០ ប៊ីលាន​ដុល្លា​អាមេរិក។

សូម​បញ្ជាក់ដែរថា នេះគឺជាលើកទី២ ដែលប្រទេសប្រ៊ុណេ ដារូសាឡាម ក្រោមព្រះរាជបូជ​កិច្ច​របស់ព្រះ​​ករុណាព្រះចៅស៊ុលតង់ បានប្រារព្វ​រៀបចំ​ខួបអនុស្សាវ​រីយ៍ នៃកាសរឡើង​គ្រងរាជ​សម្បត្តិ​របស់ព្រះអង្គ។ ខួបអនុស្សា វរីយ៍លើកទី៥០ឆ្នាំនេះ ត្រូវបាន​ប្រសិទ្ធនាម​ថា Golden Jubilee ដែលកាល​ពីការប្រារព្វ​លើកទី១ ប្រសិទ្ធនាមថា Sil ver Jubilee ដែលប្រារព្វ​រៀបចំ​ឡើង​សម្រាប់ខួប​អនុស្សាវរីយ៍​លើកទី២៥ឆ្នាំ នៃការឡើងគ្រង​​រាជសម្បត្តិរ​បស់ព្រះចៅ ស៊ុលតង់ កាលពីថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២។ ព្រះចៅស៊ុលតង់ ត្រូវបានប្រកាសទទួល​ស្គាល់ថាជា​រាជ្ជទាយាទនៅ ព្រះជន្ម​១៥​ព្រះវស្សា និងបានឡើង​គ្រងរាជ​​សម្បត្តិក្នុង​ជន្មាយុ២១ព្រះវស្សា បន្ទាប់ពីព្រះបិតា​របស់ព្រះ​អង្គបាន​ដាក់ រាជ នៅថ្ងៃទី៤ ខែតុលាឆ្នាំ១៩៦៧។ ព្រះរាជពិធីប្រកាស​​រៀបអភិ​សេកព្រះអង្គជា​ស្តេចទី២៩ ផ្លូវការ​របស់ប្រ៊ុយណេ បានប្រព្រឹត្តិធ្វើ​ឡើង​នៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៦៨។ បច្ចុប្បន្ន​ព្រះអង្គមានព្រះជន្មាយុ៧១​ព្រះវស្សា និងជា​ស្តេច​​ដែល សោយរា​ជ្យបាន​យូរជាង​គេបំផុត នៅក្នុងពិភពលោក បន្ទាប់ពី​ព្រះមហាក្សត្រី Elizabeth ទី២ នៃចក្រ​ភព​អង់គ្លេស ដែលកំពុងសាយរាជ្យបាន៦៦ព្រះវស្សា។

សូមបញ្ជាក់ដែរថា គោលបំណងនៃការប្រារព្វព្រះរាជពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់​ព្រះករុណាស៊ុលតង់ គឺទី១ ផ្សព្វផ្សាយនូវ​អារម្មណ៍ពេញចិត្ត និងសេចក្តីរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលព្រះចៅស៊ុលតង់បាន​ផ្សារភ្ជាប់ទៅ និងប្រទេសប្រ៊ុយ​ណេ នៅក្នុងអតីតកាល ទី២សម្តែង​នូវការ​ដឹងគុណ និងបួងសួង សុំឲ្យ​មហិទ្ធិឬទ្ធិព្រះអាឡា ជួយតាមថែរក្សាប្រទេស ប្រ៊ុយណេ នៅក្នុងឱកាសដ៏សំខាន់បំផុតនេះ និងទី៣ ផ្តល់ជាកិត្តិយសតាមរយៈពិធីនេះ នូវកការពេញចិត្តជូនទៅដល់ អ្នកចូលរួមទាំងអស់ ដែលជាពលរដ្ឋប្រ៊ុយណេ និងភ្ញៀវកិត្តិយសដែលស្នាក់នៅ​អាស្រ័យនៅក្នុងប្រទេសប្រ៊ុយណេ។ បន្ថែមពីនេះ គោលបំណងនៃការប្រារព្វពិធីនេះ គឺជំរុញឲ្យមានការយោគយល់គ្នាកាន់តែស៊ីជំរៅចំពោះឋានះ នៃស្ថា​ប័នព្រះមហាក្សត្រ និងមាគ៌ានៃជីវិត ដែលស្ថិតក្រោមការគ្រង​រាជសម្បត្តិរបស់ព្រះចៅស៊ុលតង់។

សូមបញ្ជាក់ដែរថា ប្រ៊ុយណេ គឺជារដ្ឋចំណាស់មួយ ប៉ុន្តែទើបតែទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ២៩៨៤ ក្រោយពីស្ថិតនៅ ក្រោមអាណានិគម​និយមអង្គគ្លេសអស់រយះពេល៩៥ឆ្នាំ។ ប្រ៊ុយណេត្រូវបានចាត់ទុកថាជាប្រទេសមួយ ដែលមាន​ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងតំបន់ អាចបញ្ចៀសខ្លួនពីបញ្ហាជម្លោះ និងភាពវឹកវរធ្ងន់ធ្ងរទាំងក្នុងប្រ ទេស និងជាមួយប្រទេសជិតខាង ក្នុងរយះពេលជាង៥០ឆ្នាំមកហើយ ដែលនាំឲ្យគេចាត់ទុកថាជា ទីស្ថាននៃសន្តិ​ភាព (Abode of Peace)។

សូមបញ្ជាក់ដែរថា ប្រទេសប្រ៊ុយណេ មានផ្ទៃក្រឡាទំហំ ៥ពាន់៧៦៥គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង៤សែន៣ម៉ឺននាក់ ក្នុងនោះប្រជាជនកាន់សាសនាម៉ូស្លីម ៧៨,៨% គ្រឹះ៨,៧% ព្រះពុទ្ធ ៧,៨% និងសាសនាផ្សេងៗទៀត ៤,៧%។ ភាសាផ្លូវការ ម៉ាឡេ អង្គគ្លេស និងចិន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ