គណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើទស្សនកិច្ចពីរថ្ងៃនៅ ខេត្តព្រះសីហនុ

166

បន្ទាប់​ពីបានជួបធ្វើសវនាការនិងពិភាគ្សាការងារ​ដើម្បីស្វែងយល់ពីស្ថានភាពភូមិសាស្រ្ត វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧រួចមក នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម លីវ យុនសាន H.E. Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនីស្តចិន ឯកឧត្តម ស៊ីម ការ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមិត្តភាព កម្ពុជា-ចិន ចំនួន០៥ខ្នង ជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងឱកាសនេះដែរក៍មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។ នៅ​ក្នុង​ឱកាស​នេះឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ ស្វាគមន៍​ទៅកាន់អង្គពិធីដោយសង្កត់ធ្ងន់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងក្តីសោមនស្សរីករាយ ដោយបានទទួលនូវវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូជាន់ខ្ពស់ នៃសាធារណះរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចនៅលើទឹកដីនៃខេត្តព្រះសីហនុយើងខ្ញុំរួមជាមួយនឹងការជួយសាងសង់​អាគារ​សិក្សា (មិត្តសម្លាញ់ផ្លូវសូត្រ) មិត្តភាពកម្ពុជា-ចិន ចំនួន ០៥ខ្នង ជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងសាលាបឋមសិក្សាកំពេញចាស់ នាពេលនេះ ។

ក្នុង​នាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្តែងគារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លីវ យុនសាន H.E. Liu Yunshan សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយ​នីស្ត​ចិន និងគណៈប្រតិភូ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការរួមចំណែកក្នុងវិស័យអប់រំនៅក្នុងខេត្តព្រះសីហនុ ហើយក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការរីកចម្រើននៃកិច្ច​សហ​ប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌ និងវិស័យអប់រំកម្ពុជាចិនតាមរយៈផ្លូវមួយខ្សែក្រវាត់មួយ​សំដៅធ្វើឲ្យមានការតភ្ជាប់កាន់តែជិតស្និទ្ធថែមទៀត នូវទឹកចិត្ត និងអារម្មណ៍រវាងប្រជាជន ពិសេសយុវវ័យនៃប្រទេសទាំងពីរ ហើយនេះក៏ជាការផ្សារភ្ជាប់ពីប្រវត្តិសាស្ត្រដែលមានការ​ទំនាក់ទំនងជាមួយគ្នាជាយូរលុងណាស់មកហើយ ដូច ដែលមានឯកសាររបស់ អ្នកស្រាវជ្រាវដ៏ល្បី របស់ចិនឈ្មោះ ជីវតាខ្វាន់ ។

គួរបញ្ជាក់ផងដែរថាគណៈប្រតិភូ របស់បក្សកុម្មុយនីស្តចិន ដែលទើបតែចុះអនុសារណះ រវាងភាគីកម្ពុជា-ចិន កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយពី​បញ្ចប់កម្មវិធី បើកដំណើរគម្រោងសាងសង់រួច ប្រតិភូជាន់ខ្ពស់ប្រទេសចិនអមដោយប្រតិភូ កម្ពុជា បានបន្តដំណើរទៅទស្សនៈកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានាដែលកំពុងអភិវឌ្ឍន៍លើវិស័យ សំណង់ ក៏ដូចជាវិស័យឧស្សាហកម្មជាច្រើន នេះសបញ្ជាក់អោយឃើញថាប្រទេសចិន កំពុង​តែ​វិនិ​យោគ​លើវិស័យគ្រប់យ៉ាងក្នុងប្រទេសកម្ពុជារួមទាំងការទំនាក់ទំនងល្អៗជាច្រើនរវាងប្រទេសទាំងពីរផងដែរ៕