បន្ថែមពីការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ សម្តេចតេជោ ហ៊ុន សែន គ្រោងជួបកម្មករដោយផ្ទាល់ជាង១លាននាក់ ដើម្បីស្វែងយល់ពីលក្ខ័ណ្ឌការងារ

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការនីចំនួន ១៦,៤៨៤ នាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោររាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលបានកំពុងធ្វើនូវអ្វី ដែលសម្តេចបានសន្យាជាមួយកូនក្មួយកម្មករ ថានឹងចុះជួបពួកគេដោយផ្ទាល់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានបញ្ជាក់ថា សម្តេចគ្រោងនឹងចុះជួបបងប្អូនកម្មករជាង១លាននាក់ នៅទូទាំងប្រទេស។

សម្តេចបានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលបានធ្វើឱ្យវិស័យនេះ មានសន្ទុះរីកចម្រើនដូចសព្វថ្ងៃ ហើយកំណើននៃការនាំចេញ មានរហូតដល់១២,០០០លានដុល្លារអាមេរិក។
តាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា លក្ខ័ណ្ឌការងារតាមរោងចក្រត្រូវបានកែលម្អកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ត្រូវបានដោះស្រាយ។ សម្តេចបន្ថែមថា សម្តេចនឹងបន្តចុះជួបបងប្អូនកម្មករ -កម្មការិនី នៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ ព្រោះសុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់សម្តេចផ្ទាល់។

សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤ប៉ុណ្ណោះ តែពេលនេះកម្ពុជាមានប្រមាណជាង១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់១៥៣ដុល្លារបូកថែមនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺ ច្រើនជាង២០០ដុល្លារ។ ជាងនេះទៅទៀតនៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងតម្លើងដល់១៦៨ ដុល្លារ បូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើអោយជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយ បរទេសជួយទិញទំនិញពីកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់ បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ សម្តេចបានអំពាវនាវ ដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវមានការយោគយល់គ្នាជាមួយកម្មករនិយោជិតហើយត្រូវខិតខំ ដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗ ដែលឈានទៅដល់ ការបណ្តេញកម្មករចេញពីរោងចក្រជាដើម។

ដោយឡែកចំពោះដំណោះស្រាយទឹក គឺចាប់ពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៧ តម្លៃទឹកដែលម្ចាស់ផ្ទះនឹងលក់អោយកម្មកគឺត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីវិញ បើប្រើ៥០គីឡូវ៉ាត់ម៉ោងចុះ ក្រោមគឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលសូមកុំតម្លើង ថ្លៃឈ្នួលផ្ទះក្នុងរយៈពេល១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករនៅសល់ប្រាក់ មួយចំនួនសម្រាប់ដោះស្រាយជីវភាពរស់នៅ អោយបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្មករ-កម្មការិនី នៅទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅកម្មករ-កម្មការិនីយើងទាំងអស់ (រួមទាំង កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្ម…ជាដើម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដែលចេញថវិកាដោយមូលនិធិសមធម៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំង អស់ត្រូវរៀបចំបង្កើត Clinic មើលថែសុខភាពកម្មករ នៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០%ថែមទៀត។ សម្តេចតេជោបញ្ជាក់ថា ចំពោះបងប្អូនកូនក្មួយកម្មការិនី ដែលត្រូវសម្រាលកូនទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេច និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយថវិកានេះនឹងផ្តល់ជូនតាមរយៈបេឡាសន្តិសុខសង្គម របស់រាជរដ្ឋាភិបាល ទោះបីកូននោះកើតរស់ឬស្លាប់គឺនៅតែទទួលបានថវិកាឧបត្ថម្ភគាំពារដូចគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ