ដើម្បីធានាបាននូវភាពជាក់ស្តែងនិយម ក្នុងការវាយតម្លៃការវិវត្តរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីធានាភាពជឿទុកចិត្តបាននៃការរៀបចំគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងអនុលោមតាមមាត្រា៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំធ្វើបច្ចុប្បន្នកម្មលើ «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩» ដោយផ្អែកលើទិន្នន័យ ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ សម្រាប់ឆ្នាំ២០២៧។ ផ្អែកតាមការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឡើងវិញ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។
ជារួម រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការកៀរគរចំណូលធ្វើអាទិភាវូបនីយកម្ម និងលើកកម្ពស់ប្រសិទ្ធភាពចំណាយ ព្រមទាំងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុសាធារណៈដោយប្រយ័ត្នប្រយែង ដើម្បីរក្សាលំហថវិកា និងធានាចីរភាពហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលមធ្យម៕


