អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសារព័ត៌មានអន្តរជាតិល្បីៗចេញមកនិយាយការពិតពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា៖
រយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិធំៗ បានរាយការណ៍ជាបន្តបន្ទាប់ពីការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ «យោធាថៃពង្រឹងការឈរជើងនៅលើទឹកដីខ្មែរ…ជីវិតពលរដ្ឋភៀសសឹកខ្មែរក្រឡាប់ចាក់ដោយសារការបង្ខំឱ្យបោះបង់ផ្ទះសម្បែងនិងមុខរបរចិញ្ចឹមជីវិត… ជនភៀសសឹកចង់វិលត្រឡប់ទៅផ្ទះវិញ… អ្វីដែលកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ មិនមែនជាជម្លោះប្រដាប់អាវុធធម្មតាទេ តែជាសង្គ្រាមលេបត្របាក់ទឹកដីដោយចេតនា… ការវាយប្រហារដែលថៃធ្វើមកលើកម្ពុជាដោយផ្គុំគ្នារវាងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស មិនមែនជាសកម្មភាពការពារខ្លួនទេ តែគឺជាការរៀបចំផែនការទុកមុនយ៉ាងល្អិនល្អន់…»។ ទាំងអស់នេះ គឺជាពាក្យពេចន៍ដែលអ្នកសារព័ត៌មានបរទេសល្បីៗ បានពិពណ៌នាជាបន្តបន្ទាប់អំពីអ្វីដែលបានកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ…។
បន្ថែមពីលើការពិពណ៌នាក្នុងសារព័ត៌មាន រូបថតពិតៗដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនកម្ពុជាដោយសារការវាយប្រហារហួសប្រមាណពីកងកម្លាំងថៃ និងភាពខ្ទេចខ្ទាំនៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអ្នកសារព័ត៌មានបារាំង លោក Jean Luc Moreau Deleris យកទៅដាក់តាំងក្នុងមហោស្រពពិព័រណ៍រូបថតកាសែតអន្តរជាតិដើម្បីប្រាប់ពិភពលោកអំពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្កឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន និងបានបណ្តាលឱ្យជនភៀសសឹកជាង ៦៤ម៉ឺននាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែង។ រហូតមកទល់បច្ចុប្បន្ន នៅមានជនភៀសសឹកជិត ២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការារាំងដោយបន្លាលួស ទូរកុងតឺន័រ ហើយផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ ឃ្លីបវីដេអូដែលបង្ហាញពីអំពើឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់កងទាហានថៃក៏ត្រូវបានអ្នកសារព័ត៌មានបរទេសឃើញនិងលើកមកពិពណ៌នាផងដែរ។
រឿងរ៉ាវទាំងអស់នេះកំពុងអង្រួនបេះដូងរបស់មនុស្សទូទាំងពិភពលោកឱ្យបែរក្រឡេកមកមើលសង្គ្រាមឈ្លានពានដ៏អាក្រក់មួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាទូទៅគេមិនសូវបានចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ប៉ុន្តែ តាមរយៈការលាតត្រដាងរបស់សារព័ត៌មានអន្តរជាតិ ជាបន្តបន្ទាប់ និងតាមរយៈនយោបាយការទូតសកម្ម និងរស់រវើករបស់រាជរដ្ឋាភិបាលក្រោមអភិក្រម «ស្ងាត់តែមិនស្ងៀម» អំពើឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
កាលពីថ្មីៗនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrew ក៏បានចុះទៅដល់ព្រំដែននិងបានពិពណ៌នាអំពីការឈឺចាប់ខ្លោចផ្សារបស់ជនភៀសសឹកកម្ពុជា ដែលបានឃើញផ្ទះសម្បែងរបស់ពួកគេរងការទម្លាក់គ្រាប់បែក និងត្រូវបានឈូសឆាយបំផ្លាញដោយគ្រឿងចក្ររបស់ថៃ។ ទិដ្ឋភាពនេះបានធ្វើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបង្ហាញអារម្មណ៍រន្ធត់តក់ស្លុតជាពន់ពេកនិងបានបញ្ជាក់ច្បាស់ៗថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញនិងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព និងដោយគ្មានការរារាំង។ លោក Thomas Andrew ក៏បានរម្លឹកថា ចំណុចដ៏មានសារៈសំខាន់នេះក៏មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែរ។
ចំណែកសភានិយាយភាសាបារាំង (APF) ក៏ធ្លាប់បានចេញសេចក្តីសម្រេចកាលពីអំឡុងខែកក្កដាកន្លងទៅនេះ ដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាជនស៊ីវិល ការរំលោភបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា។ សភាប្រើភាសាបារាំងបានអំពាវនាវឱ្យថៃគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពកម្ពុជា និងចៀសវាងរាល់សកម្មភាពជាឯកតោភាគីដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងអំពាវនាវឱ្យដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះ។ សភា APF ក៏បានជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
ដោយឡែក សន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែសីហាកន្លងទៅក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។ សេចក្តីប្រកាសក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀតដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងពេញលេញ។ ទាំងអស់នេះ សបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិមកលើភាពជាអ្នករងគ្រោះរបស់កម្ពុជា និងការទាមទារឱ្យមានដំណោះស្រាយដ៏ពិតប្រាកដមួយដែលមិនអាចគេចវេសបាន៕
សូមអរគុណ!




