ព្រះមហាក្សត្រ៖ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មានអត្ថន័យក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិព្រះមហាក្សត្រ៖ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មានអត្ថន័យក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ

នៅក្នុងព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទសាមគ្គីដើម្បីសន្តិភាពនិងវិបុលភាពរួម៖ពង្រឹងច្បាប់អន្តរជាតិនិងដោះស្រាយជម្លោះដោយសន្តិវិធី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ព្រះអង្គបានមានព្រះរាជបន្ទូលថា ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាលជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា។

ព្រះករុណាបានមានព្រះរាជបន្ទូលថា តាមរយៈការផ្សះផ្សាជាតិ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាព និងការអភិវឌ្ឍ។ បទពិសោធនេះ រំលឹកយើងថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា កិច្ចសន្ទនា និងការគោរពនីតិរដ្ឋ។
សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេងបានបើកផ្លូវឱ្យ ប្រទេសកម្ពុជាដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំង ពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា ផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការស្តារ និង កសាងប្រទេសឡើងវិញ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មានអត្ថន័យក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ។ ដោយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសឈានមុខមួយក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាបានចែករំលែកចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលកំពុងងើបចេញពីជម្លោះ ដោយរួមចំណែកសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងបង្កើត មូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ជាទីបញ្ចប់ ព្រះករុណាជាអម្ចាស់ជិវិតតម្កល់លើត្បូង សង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី ២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរួមរបស់យើង ដើម្បីសន្តិភាព ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។ សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ។ សន្តិភាព មិនអាចគង់វង្សទេ បើការ អភិវឌ្ឍត្រូវបានគេបដិសេធ។ ការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះ។ ហើយទាំង សន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។ ក្នុងហេតុផលនេះ សាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះ ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម ការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

beylikdüzü escort escort beylikdüzü beylikdüzü escort