សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សភាពការណ៍ភូមិសាស្ត្រនយោបាយសកលបច្ចុប្បន្ន បានធ្វើឱ្យប្រទេសតូចៗ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាជនរងគ្រោះដោយសារសម្ពាធការអនុវត្តស្តង់ដារពីរ និងការយកវិស័យពាណិជ្ជកម្មធ្វើជាអាវុធពីសំណាក់ប្រទេសមហាអំណាច។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សង្គ្រាមដែលកើតឡើងនៅតំបន់ឆ្ងាយៗបាន និងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត តាមរយៈការប្រែប្រួល និងការហក់ឡើងនៃតម្លៃប្រេងនៅលើទីផ្សារពិភពលោក។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ពីជំហរយ៉ាងម៉ឹងម៉ាត់ថា សហគមន៍អន្តរជាតិដាច់ខាតមិនត្រូវបន្ថែមភ្នក់ភ្លើងសង្គ្រាម នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនោះឡើយ ប៉ុន្តែត្រូវរួមគ្នាស្តារសន្តិភាព និងស្ថិរភាពឡើងវិញ ដើម្បីចៀសវាងការបង្កទុក្ខទោសបន្ថែមដល់ប្រជាជន និងសេដ្ឋកិច្ចសកលលោក៕







