សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ជំហរយ៉ាងច្បាស់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាគ្មានគោលការណ៍កែទម្រង់ដោយកាត់បន្ថយចំនួនក្រសួង ស្ថាប័ន នៅក្នុងដំណាក់កាលនេះឡើយ ខណៈការកែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា គឺឈរលើស្មារតី និងអភិក្រមពង្រឹងមិនពង្រីក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់យ៉ាងច្បាស់ជុំវិញការប្រៀបធៀបទៅនឹងការកែទម្រង់រដ្ឋបាលស៊ីវិលនាពេលថ្មីៗនេះនៅប្រទេសវៀតណាម ដែលបានកាត់បន្ថយចំនួនក្រសួងពី ១៨ មកត្រឹម ១៤ ក្រសួង និងកាត់បន្ថយខេត្តពី ៦៣ មកត្រឹម ៣៨ ខេត្ត។ សម្តេចធិបតី បានបញ្ជាក់ថា នេះជាគំរូរដ្ឋបាលរបស់ប្រទេសវៀតណាម ចំណែកកម្ពុជា មានលក្ខណៈខុសគ្នាស្រឡះ ដោយកម្ពុជាអនុវត្តគោលនយោបាយវិមជ្ឈការ ដែលផ្តោតលើការរុញអំណាចមុខងារ និងការផ្តល់សេវាសាធារណៈឱ្យទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋានបំផុត ខណៈដែលប្រទេសវៀតណាមអនុវត្តគោលការណ៍មជ្ឈការ ដោយបូកបញ្ចូលខេត្តមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងតែមួយ។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនដើរតាម ឬចម្លងតាមគោលនយោបាយរបស់ប្រទេសណាមួយឡើយ ពីព្រោះកម្ពុជាមានទិសដៅ អត្តសញ្ញាណ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ និងប្រជាជន៕







