ក្នុងឱកាសអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា សុទ្ធតែជាមូលដ្ឋានដែលរាជរដ្ឋាភិបាលដាក់ចេញ មិនមែនដាក់ចេញដោយគ្មានហេតុផលទេ ហើយពេលជាមួយគ្នានេះរាជរដ្ឋាភិបាលជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ប្រព័ន្ធតុលាការ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាច្រើនអណត្តិមកហើយគឺសុទ្ធតែធានានូវភាពធន់របស់កម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៅបន្តអនុវត្តជាអាទិភាព ហើយក្នុងអណត្តិក្រោយៗប្រសិនបើប្រជាពលរដ្ឋនៅបន្តគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និរន្តភាព និងចីរភាពនៃគោលនយោបាយនេះនៅតែបន្តព្រោះជាគោលនយោបាយដាក់ប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា និរន្តរភាពនៃគោលនយោបាយជាតិ គឺសំខាន់ណាស់ ប្រសិនជាមិនមាននិរន្តភាពនៃគោលនយោបាយគឺមានបញ្ហា បញ្ហាត្រង់ថា បើសិនជារដ្ឋបាលមួយដោះស្រាយដាក់ចេញនៅគោលនយោបាយក្នុងអាណត្តិមួយស្រាប់តែត្រូវលុបចោលវិញនៅអាណត្តិថ្មីនោះនឹងបាត់បង់និរន្តរភាពមិនខាន៕










