សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវ៉ូស៊ូ ទីក្រុងណាន់នីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១១និង៤៧នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១០និង៤៧នាទី ម៉ោងនៅប្រទេសកម្ពុជា ដើម្បីអញ្ជើញចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១៤ ដែលនឹងប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី១២កញ្ញាស្អែក។
នៅអាកាសយានដ្ឋានអន្តរជាតិវ៉ូស៊ូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម ហុង ស៊ីយ៉ុង សមាជិកអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណៈកម្មាធិការនយោបាយនិងច្បាប់ ខេត្តក្វាងស៊ី លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ខេត្តក្វាងស៊ី ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។ ជាមួយគ្នានេះនៅអាកាសយានដ្ឋានអន្តរជាតិវ៉ូស៊ូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ក៏មានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់ ក្រុមសិល្បះប្រពៃណីរបស់បងប្អូនខេត្តក្វាងស៊ី ក្នុងភាពរ៉ាក់ទាក់ផងដែរ៕