ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយគូសបញ្ជាក់ថា ភាគីថៃពុំបានអនុវត្តតាមកាតព្វកិច្ចនៃបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផ្អែកតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឱ្យបានពេញលេញ និងស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ យោធាថៃបានបន្តរំលោភលើអធិបតេយ្យភាពកម្ពុជា ដោយបានកាន់កាប់ទីតាំងស៊ីវិល បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទិន្នន័យបច្ចុប្បន្នភាពបឋម គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហានេះ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤០,០០០នាក់ បច្ចុប្បន្ននៅសល់ប្រជាពលរដ្ឋចំនួន ១៨,៧៩៨នាក់ទៀត (ក្នុងនោះមានស្ត្រី ៩,៥១១នាក់ និងកុមារ ៦,០៦៦នាក់) មិនទាន់អាចវិលត្រឡប់ទៅភូមិករវិញបានឡើយ ដោយសារតែការរារាំងពីសំណាក់យោធាថៃ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានបដិសេធទាំងស្រុងចំពោះការអះអាងគ្មានមូលដ្ឋានរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ដែលថាជនភៀសសឹកកម្ពុជាមាននៅសល់ត្រឹមប្រមាណ ៤,០០០នាក់ ប៉ុណ្ណោះ ដោយក្រសួងបញ្ជាក់ថា នេះជាការបង្វែរដានព័ត៌មាន ដើម្បីគេចវេះពីការទទួលខុសត្រូវផ្លូវច្បាប់អន្ដរជាតិ ខណៈទិន្នន័យពិតប្រាកដរបស់កម្ពុជា ត្រូវបានផ្ទៀងផ្ទាត់ និងទទួលស្គាល់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងលោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ រួចរាល់ហើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលក្រសួងមហាផ្ទៃ បានបន្ដអំពាវនាវយ៉ាងទទូចដល់អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) និងសហគមន៍អាស៊ាន មេត្តាដាក់សម្ពាធការទូត និងវិធានការច្បាប់អន្តរជាតិលើភាគីថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ដោយខុសច្បាប់ និងដកកងទ័ពចេញពីដែនដីអធិបតេយ្យ និងភូមិករស៊ីវិលរបស់កម្ពុជា។ ក្រសួងមហាផ្ទៃ ទាមទារឱ្យភាគីថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ បញ្ឈប់ការបំផ្លាញទ្រព្យសម្បត្តិ ស៊ីវិល និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕







