នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតីនិងដឹកនាំវគ្គបណ្តុះបណ្តាល ដោយមានវត្តមានចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ រួមនឹងមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ សរុបជាង ៤០០នាក់។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងពង្រឹងជំនាញក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ តាមរយៈការចែករំលែកអំពីនិន្នាការនៃការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធីសាស្ត្រសំខាន់ៗ ក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបចំពោះព័ត៌មានមិនពិតទាំងនោះ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រទះ ដើម្បីធានាថា «មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់ នៅក្នុងខេត្តឧត្តរមានជ័យទាំងមូល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប បកស្រាយ និងបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនចំនួន ២ រូប ដែលមានបទពិសោធន៍លើការងារព័ត៌មាននិងសាធារណមតិ ដោយរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។
ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ចំណេះដឹងនិងបទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងឆន្ទៈ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាស្ថិរភាពសង្គម និងនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា កាន់តែខ្លាំង»។











