យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានសម្ដែងការអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។
ជាការឆ្លើយតប លោក ថូម៉ាស អាន់ឌ្រូ បានថ្លែង អំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្តល់ឱកាសឱ្យរូបលោកនិងគណៈប្រតិភូបានចូលជួបហើយលោកបានចាត់ទុកថា ការជួបពិភាក្សានេះគឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហនិងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏បានរំលឹកពីបទពិសោធន៍របស់ខ្លួនកាលធ្វើជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយបញ្ជាក់ថា មិនធ្លាប់មានឱកាសជួបជាមួយថ្នាក់ដឹកនាំកំពូលដូចនៅកម្ពុជានោះទេ។ លោកក៏បានកោតសរសើរកម្ពុជាថាជាប្រទេសមួយក្នុងតំបន់ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើននិងបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃហើយលោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណចំពោះការទទួលស្គាល់របស់អ្នករាយការណ៍ពិសេសអំពីសមិទ្ធផលរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនិងការទទួលយក អនុសាសន៍ជាច្រើនពីយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ សម្ដេចក៏បានស្វាគមន៍ចំពោះបំណងរបស់លោក ថូម៉ាស អាន់ឌ្រូ ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែងនៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងគ្រោះហើយក៏បានលើកឡើងអំពីសិទ្ធិក្នុងការបញ្ចេញមតិផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សិទ្ធិរស់រានមានជីវិត សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធានាសិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ។ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយឱ្យមានការបញ្ចេញមតិនិងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិទាំងអស់ត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា គ្មានប្រទេសណាមួយអាចអនុវត្តវិស័យសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានល្អឥត ខ្ចោះនោះទេដោយគ្រប់ប្រទេសសុទ្ធតែមានចំណុចខ្វះខាតដែលត្រូវបន្តកែលម្អជាបន្តបន្ទាប់។ សម្ដេចបានសម្ដែងក្តីសង្ឃឹមថា អ្នករាយការណ៍ពិសេសរូបនេះ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់វឌ្ឍនភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕











