សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមជាប្រទេសតូច កម្ពុជាត្រូវទទួលស្គាល់ «គម្លាតបច្ចេកវិទ្យា» ដែលប្រទេសមួយចំនួនបានដើរលឿនជាង ដូចនេះដើម្បីទាញយកលំហូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍជាតិ កម្ពុជាចាំបាច់ត្រូវចូលរួម និងដើរឱ្យទាន់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាំងនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប។
ជាមួយគ្នានេះ សម្ដេចធិបតី បានរំលឹកថា តាមរយៈជំនួបជាមួយវិនិយោគិនចិនធំៗ ភាគច្រើនបានបង្ហាញបំណងចង់មកវិនិយោគលើ ការបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI និង ការផលិតគ្រឿងបង្គុំអគ្គិសនី ហើយដោយឡែក នៅក្នុងវិស័យកសិកម្មវិញ មានភាគតិចណាស់ដែលចង់ដាំដុះបែបប្រពៃណី ពោលគឺភាគច្រើនផ្តោតលើ «កសិ-ឧស្សាហកម្ម» ដោយបើករោងចក្រកែច្នៃផលិតផលសម្រេចតែម្តង ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចបច្ចេកវិទ្យាកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺការខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋឱ្យមានសមត្ថភាពម្ចាស់ការលើខ្លួនឯង តាមរយៈការអភិវឌ្ឍធនធានមនុស្សឱ្យមានសុខភាពល្អ មានចំណេះដឹង និងបំណិនជីវិតច្បាស់លាស់ ព្រមទាំងបង្កើតឱកាសការងារដែលឆ្លើយតបនឹងជំនាញពិតប្រាកដ៕







