ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានឈរជាមួយកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍ ចាប់ពីដំណាក់កាលនៃការកសាងសន្តិភាព, ការរក្សាសន្តិភាព, ការស្តារនីតិសម្បទាឡើងវិញ, និងឈានមកដល់ការការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចជាពិសេសនូវការគាំទ្រដ៏មានតម្លៃរបស់ជប៉ុនចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀតរវាងទីស្តីការគណៈរដ្ឋមន្រ្តី និងស្ថានទូតជប៉ុនភ្នំពេញ ព្រមទាំងការកែទម្រង់ច្បាប់ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការទាក់ទាញ និងការសម្របសម្រួលបង្កើតទំនាក់ទំនងជាមួយវិនិយោគិនជប៉ុនមកកាន់កម្ពុជាជាបន្តបន្ទាប់ ហើយជាពិសេសក្នុងខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ ក៏ដូចជាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំ២០២៥ កន្លងទៅ។





















