រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសអ្នកច្បាប់អន្តរជាតិល្បីឈ្មោះចំនួន ២រូប ដើម្បីធ្វើជាសមាជិកគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ក្នុងគោលបំណងដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ នេះបើតាមការលើកឡើងនៅក្នុងជំនួបកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយតំណាងស្ថានទូត និងអង្គការអន្តរជាតិនានាចំនួន ៤៧រូប។ ជំនួបនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានផ្ញើលិខិតផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្តើមយន្តការអន្តរជាតិនេះ ក្រោយពេលដែលភាគីថៃបានប្រកាសដកខ្លួនជាផ្លូវការពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001)។
សមាសភាពអ្នកច្បាប់អន្តរជាតិដែលកម្ពុជាជ្រើសរើសរួមមាន៖
១- លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិក្រសួងការបរទេស និងជាអ្នកការទូតអាជីពរបស់ប្រទេសដាណឺម៉ាក ហើយលោក ក៏ធ្លាប់ធ្វើជាអគ្គរាជទូតប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា ធ្លាប់ជាជំនួយការផ្នែកច្បាប់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប៉ាន គីម៉ូន។ ចន្លោះឆ្នាំ ២០១៦ ដល់២០១៨ លោកធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រ របស់អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
២- លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិកនៃវិទ្យាស្ថានអន្តរជាតិដឺត្រយ (Institute de Droit International) និងក៏ធ្លាប់ជាសមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យបារីស ណាត់ទែរ៉េ (Universite Paris-Nanterre) និងក៏ធ្លាប់ជាទីប្រឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិ។
នៅក្នុងនីតិវិធីច្បាប់បានកំណត់ឱសានវាទសម្រាប់ភាគីថៃមានពេល ២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកច្បាប់របស់ខ្លួនចំនួន ២រូប នៅក្នុងករណីថៃមិនបានជ្រើសរើសតាមកំណត់ អង្គការសហប្រជាជាតិនឹងដើរតួជំនួសក្នុងការជ្រើសរើស។ ចំពោះរចនាសម្ព័ន្ធគណៈកម្មការ៖ គណៈកម្មការសម្របសម្រួលនឹងមានសមាជិកសរុប ៥រូប (កម្ពុជាជ្រើសរើស ២រូប, ថៃជ្រើសរើស ២រូប និង ១រូបទៀតជ្រើសរើសរួមគ្នា) ដើម្បីធ្វើជាអ្នកសម្របសម្រួលរកដំណោះស្រាយ។ ព្រឹត្តិការណ៍នេះគឺជាករណីទីពីរនៅក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹង ឬងាកចេញពីការចរចានោះឡើយ ប៉ុន្តែជាការនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិមួយដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពិតប្រាកដ៕










