សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យការពារជាតិមិនមែនមើលតែលើការចំណាយរបស់ក្រសួងការពារជាតិតែមួយមុខនោះទេ ពោលគឺជាតិមួយអាចរឹងមាំទៅបាន លុះត្រាតែប្រជាជនមានសុខភាពល្អ ចំណេះដឹងខ្ពស់ និងមានសេដ្ឋកិច្ចរឹងមាំ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាលត្រូវតែវិនិយោគទៅលើសុខភាពរបស់ប្រជាជនចាប់តាំងពីមុនកើតមកម្លេស ដែលជាក់ស្តែង តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋ ដល់ស្ត្រីមានផ្ទៃពោះ ជាពិសេសកម្មការិនី គឺមានបំណងគាំទ្រ និងគិតគូរដល់ទារកចាប់តាំងពីមិនទាន់ចាប់កំណើត ដើម្បីធានាថាពួកគេកើតមកមានសុខភាពល្អ និងកាយសម្បទារឹងមាំ។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ថា ការការពារជាតិនៅក្នុងយុគសម័យនេះ មិនមែនសំដៅតែលើការការពារពីការគំរាមកំហែងផ្នែកយោធាតែមួយមុខនោះឡើយ ប៉ុន្តែត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការពារសន្តិសុខ និងស្ថិរភាពផ្ទៃក្នុង និងការការពារពីជំងឺរាតត្បាត នេះជាបទពិសោធន៍នៃការប្រយុទ្ធប្រឆាំង និងការពារពលរដ្ឋពីជំងឺកូវីដ-១៩ នាពេលកន្លងទៅ។













