ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីសារៈសំខាន់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងតម្លៃនៃការតវ៉ាដើម្បីការពារបូរណភាពទឹកដី៖

ទី១៖ កម្ពុជាផ្តល់តម្លៃខ្ពស់ដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)៖ ក្នុងសន្និសីទកាសែតរួមគ្នា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន បន្ទាប់ពីជំនួបត្រីភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។ កម្ពុជាស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ានបន្ដពីម៉ាឡេស៊ី។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការនានាដែលបានព្រមព្រៀងគ្នា»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនថា ការទទួលស្គាល់និងការពង្រឹងតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ានមានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ចំណុច ១២ ចែងថា ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។ រីឯចំណុច ១៣ ចែងថា ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ក្នុងន័យនេះ ដើម្បីបន្តនិរន្តរភាពនិងសុពលភាពនៃបេសកកម្មសង្កេតការណ៍និងផ្ទៀតផ្ទាត់ការពិតនេះ ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំកម្ពុជាមកពីប្រទេសហ្វីលីពីន បានមកដល់កម្ពុជាកាលពីរសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលភារកិច្ចដឹកនាំបន្តពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ នៅកម្ពុជា ពិធីផ្ទេរនិងប្រគល់ភារកិច្ចដឹកនាំបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានប្រព្រឹត្តទៅរួចរាល់ដែរ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ប្រធានបេសកកម្មនៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជា គឺឧត្តមនាវីត្រី GLENN Z DIZON បានសន្យាថា លោកនឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយធ្វើយ៉ាងណាមិនឱ្យមានភាគីណារំលោភទៅភាគីណាឡើយ ជាពិសេសលោកនឹងបង្កើនថែមទៀត នូវសកម្មភាពល្បាតតាមតំបន់ព្រំដែនដែលមានជម្លោះ។ កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមអ្នកសង្កេតការណ៍ហ្វីលីពីន ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឆ្នាំ២០២៦ ដោយអនុលោមតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ទី២៖ ការតវ៉ា គឺជាសកម្មភាពមិនអាចខ្វះបាន និងមានទម្ងន់ផ្លូវច្បាប់ក្នុងកិច្ចការពារបូរណភពទឹកដី៖
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ការតវ៉ាជាផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើជាបន្តបន្ទាប់ តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការទាំងនោះ គឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានដើម្បីបន្តដោះស្រាយតាមនីតិវិធី។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាមួយទៀតដោយបានបដិសេធយ៉ាងដាច់ខាត ចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈថៃក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយនៅតាមបណ្ដោយព្រំដែន ក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។

កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ប្រាប់ភាគីថៃថា បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ តាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន(JBC)នៃភាគីទាំងពីរ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ
beylikdüzü escort escort beylikdüzü beylikdüzü escort