ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ និងសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ជូនជនរួមជាតិជ្រាបដូចតទៅ៖
ទី១៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ។ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា សម្តេច ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន ១,១៩៣ នាក់ នៅឯសាលាខេត្តកំពង់ចាម។
គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្តក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់ សម្ដេចតេជោ នៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងជាឱកាសដើម្បីក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចដែលជាដែនសមត្ថកិច្ចរបស់ខ្លួន។
សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ (Online Scams)។
ទី២៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ មេសានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបទី១៤០ នៃទិវាពលកម្មអន្តរជាតិ១ឧសភា។ សម្តេច បានគូសរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារជូនពលរដ្ឋពិសេសយុវជន ដោយផ្អែកលើអភិក្រមការងារដែលត្រូវគិតគូរទាំងបរិមាណនិងគុណភាព ពោលគឺជាការងារដែលមិនត្រឹមតែបង្កើតបានច្រើន និងទទួលបានប្រាក់ខែល្អប៉ុណ្ណោះទេ តែក៏ត្រូវគិតគូរពីការគោរពច្បាប់ និងគោរពសិទ្ធិកម្មករ និយោជិត រួមទាំងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីធានាស្ថិរភាពការងាររយៈពេលយូរផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ពន្យល់ពីកាតព្វកិច្ចយោធាបន្ទាប់ពីសេចក្តីព្រាងច្បាប់ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ។ ច្បាប់នេះតម្រូវឱ្យយុវជនអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា ប៉ុន្តែ សម្តេចបានបញ្ជាក់ថា មិនមែនអ្នកគ្រប់អាយុទាំងអស់ត្រូវតែចាប់បង្ខំឱ្យចូលបំពេញកាតព្វកិច្ចដំណាលគ្នាទាំងអស់នោះទេ ពោលគឺវាអាស្រ័យលើតម្រូវការជាក់ស្តែង និងត្រូវធ្វើតាមនីតិវិធីច្បាស់លាស់។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ពាក់ព័ន្ធនឹងចំណាត់ការលើក្មេងទំនើង។ សម្តេច បានចោទសួរថា ជំនួសឱ្យការចាប់ខ្លួនដាក់ព័ន្ធនាគារ តើអាចទេដែលត្រូវយកក្មេងទំនើងទាំងនោះទៅមណ្ឌលអប់រំដោយតម្រូវឱ្យពួកគេជួយការងារផ្នែកវិស្វកម្មបម្រើឱ្យសមរភូមិមុខដូចជាចាក់បេតុងដើម្បីសាងសង់លេណដ្ឋានជាដើម?
ទី៣៖ ព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងប្រចាំសប្តាហ៍៖
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដូចជា ការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម។
សកម្មភាពទាំងនេះ គឺជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពឯកតោភាគីបែបនេះបន្តទៀតនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយរវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃយើង បាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ទាំងនៅលើវិស័យការទូតលើឆាកអន្តរជាតិ ទាំងវិស័យសង្គម សេដ្ឋកិច្ច ក្នុងស្រុក សំដៅការពារអធិបតេយ្យភាព បូរណភាពទឹកដីផង និងធានានិរន្តរភាព នៃជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាផង ដោយមិនភ្លេចផ្នែកណាមួយឡើយ៕
សូមអរគុណ!




