ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់ដោយរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងទីតាំងមួយចំនួនដែលពួកគេដណ្តើមកាន់កាប់ដោយកម្លាំងយោធាកាលពីក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដូចជា ការសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ សាងសង់ផ្លូវ ជីកលេណដ្ឋាន និងសកម្មភាពឈូសឆាយដីជាដើម។

សកម្មភាពទាំងនេះ គឺជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាប្រកាសបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះក្រោមលេសថា ជាការការពារខ្លួនដែលស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពឯកតោភាគីបែបនេះបន្តទៀតនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពនានារបស់កងកម្លាំងថៃនៅគ្រប់ទីតាំងដែលពួកគេបានដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា កាលពីអំឡុងខែធ្នូឆ្នាំ ២០២៥ កន្លងទៅ ហើយតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយនៅលើទីតាំងទាំងនោះដែលជាការបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសកម្មភាពណាមួយឡើយ។

សូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃ ដែលកម្ពុជាតវ៉ា គឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ។ ការតវ៉ាជាផ្លូវការនេះ គឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា៖
ទី១. វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។
ទី២. វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។
ទី៣. ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាននិងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និង
ទី៤. លិខិតតវ៉ាទាំងនេះ គឺជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានដើម្បីរង់ចាំដំណោះស្រាយពិតប្រាកដមួយនាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគូសបញ្ជាក់ជូនជាថ្មីថា កម្ពុជារក្សាជំហរដាច់ខាតការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort