ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦

ដំណើរបេសកកម្មការទូតយ៉ាងសកម្មនិងមានរយៈពេលវែងនៅលើឆាកអន្តរជាតិរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ហើយ។ អនុញ្ញាតឱ្យខ្ញុំសង្ខេបជូននូវចំណុចសំខាន់ៗដើម្បីចែកជូនជនរួមជាតិជ្រាបដូចតទៅ៖

បេសកកម្មការទូតនេះបានចាប់ផ្តើមពីសហរដ្ឋអាម៉េរិក ដោយសម្តេចបវរធិបតីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Borad of Peace)នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រសន្តិភាពសកលដែលកម្ពុជាតែងតែចូលរួមជារៀងរហូតមក។

ស្របពេលនៃកិច្ចប្រជុំនោះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។ ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេស អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម អនុទីប្រឹក្សាសន្តិសុខជាតិនិងអគ្គរដ្ឋទូតតំណាងពាណិជ្ជកម្មនៃសហរដ្ឋអាម៉េរិក។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ និងពីតំណាងស្ថាប័នអន្តរជាតិ នៃក្រុមប្រឹក្សាអាត្លង់ទិកផងដែរ។

ក្នុងជំនួបខាងលើនេះ ក្រៅពីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

បន្ថែមពីលើនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជូនសារព័ត៌មានអន្តរជាតិល្បីៗរួមមាន Reuters និង Fox News ដោយសម្តេចបានលើកឡើងយ៉ាងច្បាស់លាស់អំពីការបំពានចូលកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងទ័ពថៃ ការដាក់បន្លាលួស និងទូរកុងតឺន័រ ដែលរារាំងពលរដ្ឋស៊ីវិលកម្ពុជាជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។ សម្តេចក៏បានបង្ហាញពីជំហរច្បាស់លាស់របស់កម្ពុជាដែលមិនឈ្លានពានប្រទេសដទៃ តែក៏មិនអនុញ្ញាតឱ្យមានការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាជាដាច់ខាត ហើយកម្ពុជាចង់បានដំណោះស្រាយដោយសន្តិវិធី ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

នៅលើទឹកដីអឺរ៉ុប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាច្រើនមានដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ អនុប្រធានកាកបាទក្រហមអន្តរជាតិ អនុប្រធានគណៈកម្មការអឺរ៉ុប អនុប្រធានសភាអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសប៊ែលហ្សិក និងជំនួបពិភាក្សាក្រៅផ្លូវការជាមួយប្រធានាធិបតីទីម័រឡេស្តេ ជាដើម។

បន្ថែមពីលើនេះ សម្តេចក៏បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានបារាំង AFP ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ សម្តេចធិបតីក៏បានបញ្ជាក់ជំហរចង់បន្ធូរបន្ថយភាពតានតឹងជាមួយថៃនិងចង់បានដំណោះស្រាយដោយសន្តិភាព ដោយផ្អែកលើច្បាប់ជាធំក្នុងការដោះស្រាយបញ្ហា។ សម្តេចក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Onlne Scam ផងដែរ។ ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសង្កត់ធ្ងន់លើការរំលោភបំពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជានិងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាច្រើន។

និយាយជារួមដំណើរបេសកកម្មការទូតរបស់សម្តចធិបតី នាយករដ្ឋមន្ត្រីនៅលើឆាកអន្តរជាតិនាពេលនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិយល់យ៉ាងច្បាស់ពីការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងក៏យល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort