សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំបងប្អូនកម្មករ/ការិនី នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានចំនួនជាង ១ ម៉ឺននាក់ នៅក្នុងពេលនេះ។ ខ្ញុំសូមអរគុណ ចំពោះបដិសណ្ឋារកិច្ច និងការទទួល ដ៏រាក់ទាក់ពីសំណាក់ក្មួយៗកម្មករ/ការិនី ហើយនេះក៏ជាពេលវេលាសមស្របមួយ ដែលបើកឱកាសអោយ ខ្ញុំធ្វើដំណើរមកកាន់ទីកន្លែងកម្មករដោយផ្ទាល់។
ដំបូងវត្តមានតាមសមរភូមិ ការចរចារសន្តិភាព ក្រោយមកតាមវាលស្រែ ឥឡូវតាមរោងចក្រ
ប្រហែលជាជីដូនជីតា ឪពុកម្តាយ ហើយកាលពីក្មួយនៅតូចៗ ប្រហែលជាអាចឃើញពូ ខ្លួនខ្ញុំនេះធ្វើដំណើរទៅកាន់កន្លែងនេះកន្លែងនោះ។ នៅពេលសម័យសង្គ្រាម គេបានឃើញពូនៅឯលេណដ្ឋាន នៅឯះ ្លេៅលើកម្មការិនីោជន៍ងការងារត ២ អាណតថ្ងៃ ០១ មករា ២០១៨ ទៅរជាជួរមុខ ដើម្បីសួរសុខទុក្ខកងទ័ពផង និងម្ខាងទៀត ដើម្បីនឹងធ្វើការចរចាស្វែងរកដំណោះស្រាយសន្តិភាពនៅកម្ពុជាផងដែរ។ បន្ទាប់ទៅ គេបានឃើញនូវវត្តមានរបស់ពូនៅច្រើនកន្លែង នៅឯតំបន់វាលស្រែទីជនបទ តាមរយៈសកម្មភាពនៅជាមួយនឹងកសិករ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់កសិករនៅពេលនោះ ទាក់ទងទៅនឹងផលិតកម្មស្រូវរបស់យើង ដែលធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើង បានឈានពីប្រទេសដែលមានការខ្វះខាតស្បៀង ការខ្វះខាតអង្ករ ទៅជាប្រទេសដែលមានសល់ស្រូវជាង ៥ លានតោន សម្រាប់ការនាំចេញ។ ពេលនេះជាឱកាស ដើម្បីអោយខ្ញុំបានជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងក្របខណ្ឌនៃការអនុវត្តនូវគោលនយោបាយទាក់ទងទៅនឹងវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីនាំប្រទេសឆ្ពោះទៅប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ពេលវេលាខុសគ្នា ស្ថានភាពការងារខុសគ្នា។ ថ្ងៃនេះ យើងធ្វើប្រៀបដូចជារបៀបរាំអញ្ចឹង។ បើសិនជានៅពេលរដូវប្រាំង រដូវចូលឆ្នាំ គឺបើយើងច្រៀង “ខ្យងក្ដក់ទឹកជន់” វាអត់ត្រូវ អញ្ចឹង វាទាល់តែច្រៀង “ជំនោរខែប្រាំង”។
ក្នុងមួយអាទិត្យជួបកម្មករពីរពេល ដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្មករ
ដូចគ្នានេះដែរ នៅពេលដែលយើងជម្រុញការអភិវឌ្ឍវិស័យកសិកម្ម ហើយពេលនោះ ឧស្សាហកម្មនៅតិចតួច យើងធ្វើដំណើរច្រើនទៅក្នុងកសិកម្ម។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា នេះជាលើកទីមួយដែលខ្ញុំជួបកម្មករទេ។ ប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ខ្ញុំបានជួបជារៀងរាល់ឆ្នាំ (គឺ)ពីរពេល។ មួយពេលជួបថ្នាក់ដឹកនាំកម្មករ/ការិនីរបស់យើងនៅឯកោះពេជ្រ ហើយថ្ងៃទី ១ ខែ ឧសភា ជារៀងរាល់ឆ្នាំ គឺជួបកម្មកររបស់យើងនៅកំពង់ផែក្រុងព្រះសីហនុ។ យើងក៏មានការជួបជុំកម្មករ នៅតាមតំបន់ឧស្សាហកម្មពិសេស និងនៅតាមរោងចក្រមួយចំនួន។ ប៉ុន្តែ ថ្ងៃនេះ ជាជំនួបដ៏ធំ។ រឿងនេះ ខ្ញុំមិនដកថយទេ ខ្ញុំបន្តធ្វើដំណើរជួបកម្មករ ប្រមាណជាជាង ១ លាននាក់ ដែលថ្ងៃនេះ គឺជាជំនួបធំទីបី មានមនុស្សចូលរួមជាង ១ ម៉ឺននាក់ គឺជិតបាន ៤ ម៉ឺននាក់ រួចទៅហើយ។ បើគិតពី ១៦.០០០ (នាក់), ១៣.០០០ (នាក់) ឥឡូវនេះជាង ១ ម៉ឺន(នាក់)ទៀត ដូច្នេះជិត ៤ ម៉ឺននាក់។ ជាមួយនឹងការជួបជាមួយថ្នាក់ដឹកនាំ ជាប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល និងជំនួយការ ខ្ញុំនឹងបន្តធ្វើដូចនេះ តាមរយៈក្នុងមួយអាទិត្យប្រើពីរពេល ដើម្បីជួបជាមួយនឹងកម្មករ ហើយស្វែងយល់នូវការលំបាក ការងាយស្រួលរបស់កម្មកររបស់យើង។
គ្មានការស្វាគមន៍ ឬការចូលទេ បើគ្មានចំណងទាក់ទងជាមួយជាតិ និងប្រជាជន
ថ្ងៃនេះ ខ្ញុំពិតជាមានការចាំបាច់ ដើម្បីនឹងប្រកាសចេញពីទីនេះ ដែលនឹងអាចផ្តល់នូវផលប្រយោជន៍ថែមទៀត ចំពោះកម្មករ/ការិនី ជាពិសេសកម្មការិនីរបស់យើង។ ក៏ប៉ុន្តែ ខ្ញុំមិនទាន់និយាយដល់បញ្ហានោះទេ។ អ្វីដែលខ្ញុំចង់លើកជាមុននោះ ស្ថិតនៅត្រង់ថា យើងបានប្រឹងប្រែងរួមគ្នា ពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ ដែលទាំងអស់នេះ បានមកពីការខិតខំរួមគ្នារបស់យើង ដែលធ្វើអោយស្ថានភាពមានការប្រែប្រួលដូចនេះ។ អម្បាញ់មិញ ខ្ញុំពិតជាមានការរំភើប ជាមួយនឹងទឹកចិត្តដ៏សប្បុរសរបស់ក្មួយៗ ជាកម្មករ/ការិនី ហើយខ្ញុំសុំអភ័យទោសផងដែរ មិនថានៅទីនេះ ឬនៅកន្លែងណាផ្សេងទេ ក៏ប៉ុន្តែ ដោយសារតែក្មួយៗមានតម្រូវការទាក់ទងនឹងការថតរូប បើអញ្ចឹងដល់មនុស្សច្រើនទៅ មិនដឹងធ្វើម៉េច? គឺមានតែលើកដៃឱបអញ្ចេះពីលើ ខ្លះឱបទៅនៅត្រឹមក្លៀកយើង។ ប៉ុន្តែ ក្មួយៗបានមើលមកពូហាក់ដូចជាឪពុក ហាក់ដូចជាបងប្រុស ឬហាក់ដូចជាជីតា។ ចំណុចនេះហើយដែលខ្ញុំគិតថា តាំងពីជីដូនជីតារបស់ក្មួយៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗផ្ទាល់ សុទ្ធតែបានដឹងថា តើ ហ៊ុន សែន បានធ្វើអ្វីខ្លះ សម្រាប់ជាតិ និងប្រជាជន? សម្រាប់ជីដូនជីតាក្មួយៗ? សម្រាប់ឪពុកម្តាយក្មួយៗ? និងសម្រាប់ក្មួយៗផ្ទាល់? មិនមែនមនុស្សមកពីណាសុទ្ធតែត្រូវគេស្គាល់នោះទេ ហើយប្រសិនបើខ្ញុំគ្មានចំណងទាក់ទងជាមួយជាតិ ជាមួយនឹងប្រជាជនកម្ពុជា ក៏ប្រហែលជាគ្មានការស្វាគមន៍ និងការចូលរួមបែបនេះនោះទេ?
ស្នើម្ចាស់រោងចក្ររំកិលពេលចេញទៅផ្ទះមុន សម្រាប់ស្ត្រីមានផ្ទៃពោះ ១៥ នាទី ស្មើៗគ្នា
ខ្ញុំអរគុណណាស់ ជាមួយនឹងការទទួលរាក់ទាក់ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ … សុំអភ័យទោសក្មួយៗ ប្អូនៗ ដែលជាស្ត្រីនៅខាងនេះ។ អម្បាញ់មិញខ្ញុំ ត្រូវមកខាងនេះ ដើម្បីត្រឡប់ទៅវិញ ខ្ញុំត្រូវប្រើពេលដើម្បីនឹងចែកជូនដោយផ្ទាល់ដៃដល់ស្ត្រីដែលមានផ្ទៃពោះ។ ខ្ញុំសប្បាយណាស់ នៅពេលជួបនៅសួនវឌ្ឍនៈទី ២ ការដែលមានការជួបជុំបែបនេះ។ កាលពេលនោះជិត ៧០០ នាក់ឯណោះ ខ្ញុំបានចែកផ្ទាល់ដៃ។ ខ្ញុំបានឃើញកាតរបស់អ្នកពោះធំ នៅទីនោះមានកាតអ្នកពោះធំ ដាក់ថា កាតសម្រាប់អ្នកពោះធំដែលត្រូវបានចេញមុន ១៥ នាទី។ ប៉ុន្តែ អម្បាញ់មិញនេះ ខ្ញុំឃើញមានបីប្រភេទ មាន ៥ នាទី, មាន ១០ នាទី, មានអ្នកមាន ១៥ នាទីទេ? ច្រើនតែ ៥ (នាទី) ហើយនិង ១០ (នាទី)។ អញ្ចឹង វាមានស្ថានភាពខុសគ្នា រវាងពីរោងចក្រមួយទៅកាន់រោងចក្រមួយ ហើយខ្ញុំយល់ថា ប្រសិនបើម្ចាស់រោងចក្រអាចធ្វើទៅបាន រំកិលពេលវេលាពី ៥ នាទី ទៅ ១៥ នាទី ទាំងអស់គ្នា គឺជាការប្រសើរ សម្រាប់ស្ត្រីមានផ្ទៃពោះ។
ផ្លូវវេងស្រេងពីតំបន់អសន្តិសុខ ទៅជាតំបន់អភិវឌ្ឍ/ទិញមកវិញ សម្រួលការធ្វើដំណើរឥតគិតថ្លៃ
ថ្ងៃនេះ ខ្ញុំនឹងប្រកាសចេញនូវគោលនយោបាយគាំពារសង្គម ដែលខ្ញុំបានសម្ពោធដាក់អោយប្រើប្រាស់កាលពីខែមុន អំពីការយកចិត្តទុកដាក់ខ្ពស់ទៅលើស្ត្រីមានផ្ទៃពោះ និងស្ត្រីឆ្លងទន្លេ។ យើងបានខិតខំរួមគ្នា ដើម្បីបង្កើតឡើងនូវស្ថានភាពនេះ ហើយខ្ញុំក៏សូមបញ្ជាក់ដែរថា ផ្លូវវេងស្រេង គឺជាតំបន់មួយក្នុងចំណោមតំបន់ក្រោយពេលដែលយើងរំដោះហើយនោះ ពួក ប៉ុល ពត នៅលបឆ្មក់នៅតំបន់នេះនៅឡើយទេ សូម្បីតែក្រោយផ្ទះខ្ញុំនៅវិមានឯករាជ្យ ពួក ប៉ុល ពត ៥ នាក់ បានកាប់ចេកស៊ីជាមួយខ្ញុំរយៈពេលមួយអាទិត្យ។ គេអត់ដឹងថា ខ្ញុំជារដ្ឋមន្ត្រីការបរទេសផង។ បាយវាមិនគ្រប់ កាលហ្នឹងរដ្ឋមន្ត្រីការបរទេសរបបតែ ១៦ គីឡូក្រាមទេ។ អង្ករ ១០ គីឡូក្រាម និងពោត ៦ គីឡូក្រាម។ ស៊ីមិនឆ្អែត ទៅកាប់ចេកនៅក្រោយផ្ទះយកមកស្ងោរស៊ី។ (ពួក)អាពត ក៏វាស្ងោរនៅទីនោះដែរ ហើយយើងក៏វាស្ងោរនៅទីនោះដែរ តែ អាពត វាមិនដឹងថា ជារដ្ឋមន្ត្រីការបរទេស។ ក្រោយមកបានចាប់បាន។ ប៉ុន្តែឥឡូវនេះ តំបន់ផ្លូវវេងស្រេង គឺជាតំបន់ផ្លូវមានការអភិវឌ្ឍមួយ។ ខ្ញុំសូមបញ្ជាក់ថា កាលដែលយើងនៅលំបាក នៅក្នុងទសវត្សរ៍ ៩០ យើងផ្តល់អោយឯកជនវិនិយោគលើផ្លូវវេងស្រេង។ ក្រោយមក ផ្លូវនេះមានការធ្វើចរាចរណ៍កាន់តែច្រើនទៅៗ ទាំងរថយន្ត ទាំងម៉ូតូ ការធ្វើដំណើរនានា ដើម្បីបម្រើអោយវិស័យឧស្សាហកម្ម និងការដឹកជញ្ជូនឆ្លងកាត់។
ខ្ញុំបានពិភាក្សាទាំងយប់ជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ដែលពេលនោះជាអភិបាលរាជធានីភ្នំពេញ ក៏ដូចជា ជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសទិញយកត្រឡប់មកវិញនូវផ្លូវវេងស្រេងនេះ ហើយបងប្អូនធ្វើដំណើរដោយឥតគិតថ្លៃ។ នេះក៏ជាផ្នែកមួយសម្រួលអោយបងប្អូននៅក្នុងការធ្វើដំណើរ រាប់ទាំងភាពចំណេញនៃបណ្តារោងចក្រសហគ្រាស ដែលបោះទីតាំងនៅតំបន់នេះ ហើយតាមរយៈ នៃការចំណេញរបស់ខ្លួន ដោយដោះយកត្រឡប់មកវិញ ពីការធ្វើដំណើរដោយបង់ប្រាក់តាមរយៈផ្លូវវេងស្រេង និងផ្លូវជាតិលេខ ៤ វាក៏ជាចំណែកនៃការបង្កើនប្រាក់ចំណេញរបស់រោងចក្រ ហើយប្រាក់ចំណេញរបស់រោងចក្រនោះ ក៏ត្រូវបានចែករំលែកចំពោះកម្មករ/ការិនីរបស់យើងផងដែរ។
ពីមានរោងចក្រតិច កម្មករតិច នាំចេញតូច កម្ពុជាក្លាយជាមានរោងចក្រច្រើន កម្មករច្រើន នាំចេញធំ
នេះគឺជាការខិតខំរបស់យើង ដើម្បីធ្វើអោយប្រទេសរបស់យើងឆ្លងកាត់ពីប្រទេសដែលមានប្រាក់ចំណូលទាបនៅក្នុងឆ្នាំ ១៩៩៨ ពេលនោះ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ មានត្រឹមតែ ២៦២ (ដុល្លារអាមេរិក) តែប៉ុណ្ណោះ មកដល់ពេលនេះ ប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ មានទៅដល់ ១.៤០០ ដុល្លារ(អាមេរិក)ជាង។ យើងមិនស្កប់ស្កល់នឹងស្ថានភាពបែបនេះទេ។ យើងនឹងរួមគ្នាបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកប្រទេសមួយ ដែលមានការអភិវឌ្ឍខ្ពស់ជាងនេះ គឺជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
វិលមកសម្រាប់វិស័យការងារ ដែលជាជោគជ័យរបស់យើងនូវក្នុងការបង្កើតឡើងឧស្សាហកម្ម សេវា មកដល់ពេលនេះ យើងមានគ្រឹះស្ថានសហគ្រាសទាំងអស់ ១១.០៦៨ ដែលមានកម្មករ ១ លាន ១ សែន ៨ ម៉ឺននាក់។ និយាយលេខគត់។ ដោយឡែកតែរោងចក្រកាត់ដេរ និងដេរស្បែកជើង គឺមានចំនួន ១.១០៧ រោងចក្រ ដែលមានកម្មករ ៧៤ ម៉ឺន ៣ ពាន់ ៦១៤ នាក់។ បើសិនជាយើងធ្វើការប្រៀបធៀបកាលពីឆ្នាំ ១៩៩៧ ពេលនោះ យើងមានរោងចក្រត្រឹមតែ ៦៤ តែប៉ុណ្ណោះ ហើយកម្មករមានត្រឹមតែ ៨ ម៉ឺន ២ ពាន់នាក់។ រហូតមកដល់ពេលនេះ យើងមានរោងចក្រកើនទៅដល់ ១.១០៧ រោងចក្រ ដែលមានកម្មករជាង ៧៤ ម៉ឺននាក់ ហើយកម្មករភាគច្រើនគ្របដណ្តប់ជាស្ត្រីទៅទៀត។ យើងនិយាយ ១ លាន ២ សែននាក់ គឺស្ត្រីមានជាង ៨៣ ម៉ឺននាក់ ដូច្នេះហើយ បានជាគោលនយោបាយរបស់យើង ចំពោះកម្មការិនី ជាពិសេស កម្មការិនីដែលមានផ្ទៃពោះ ត្រូវបានប្រកាសចេញជាក្របខណ្ឌគោលនយោបាយជាក់លាក់ និងទទួលនូវសេវាយ៉ាងណានោះ ខ្ញុំនឹងនិយាយបន្តិចទៀត។ … ឆ្នាំ ១៩៩៧ … ទំហំនៃការនាំចេញរបស់យើងមានត្រឹមតែ ២២៧ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះ ទំហំនៃការនាំចេញមានទៅដល់ ៧.៦៦៣ លានដុល្លារសហរដ្ឋអាមេរិក។ មុននេះយើងនិយាយរាប់សិបលាន ក្រោយមកយើងនិយាយរាប់រយលាន តែឥឡូវមិននិយាយដូច្នោះទៀតទេ គឺនិយាយរាប់ពាន់លានទំហំនៃពាណិជ្ជកម្មសម្រាប់ការនាំចេញរបស់យើង ដែលបូកសរុបទាំងអស់គឺប្រមាណជាជាង ១២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ពីប្រាក់ខែ ៣០ ដុល្លារ រហូតប្រាក់ខែលើសពី ១៥០ ដុល្លារ
ទាក់ទិនជាមួយនឹងបៀវត្សវិញ។ ថ្ងៃមុននៅក្នុងសួន(ឧស្សាហកម្ម)វឌ្ឍនៈទី ២ ខ្ញុំបានទទួលទានអាហារជាមួយនឹងកម្មករ/ការិនីនៅតុជាមួយគ្នា។ ខ្ញុំបានប្រាប់អ្នកថតថា នេះមិនមែនជាការស៊ីបាយឲ្យគេថតកុនទេ ស៊ីមែនទែន។ សំណាងល្អដែលគាត់សល់បាយមួយកញ្ចប់។ គាត់វេចពីផ្ទះមក ហើយអញ្ចឹងស៊ីអស់ទៅ។ ដល់ត្រលប់ទៅផ្ទះមានចាំបាច់ស៊ីអីទៀត ដោះតែអាវដេកបណ្ដោយ។ នេះជាចំណុចល្អ។ (ក្មួយៗ) គាត់និយាយថា “សម្ដេច! ខ្ញុំធ្វើតាំងពីប្រាក់ខែ ៣៥ ដុល្លារ”។ ក្មួយៗត្រូវចងចាំ នៅមុនឆ្នាំ ១៩៩៧ ប្រាក់បៀវត្សរបស់ក្មួយៗមានត្រឹម ៣០ (ដុលា្លរ) ឬជាង ៣០ (ដុលា្លរ) មិនដល់ ៤០ (ដុលា្លរ) ទេ ក្នុងពេលដែលនៅប្រទេសភូមា ឬមីយ៉ានម៉ា ត្រឹម ២៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែដល់ឆ្នាំ ១៩៩៧ បៀវត្សរបស់ក្មួយៗកម្មករ/ការិនី អប្បបរមា ៤០ ដុល្លារ។ ឥឡូវនេះប្រាក់ខែអប្បបរមារបស់ក្មួយៗកំពុងតែបានអនុវត្តនៅឆ្នាំ ២០១៧ នេះ គឺមាន ១៥៣ ដុល្លារ បូកនឹងអត្ថប្រយោជន៍ផ្សេងទៀតបានក្នុងចន្លោះពី ១៧០ ទៅ ១៨១ (ដុលា្លរ) ប៉ុន្តែភាគច្រើនយើងបានសួរចំពោះកម្មករ/ការិនីរបស់យើងភាគច្រើនបានលើសពី ២០០ ដុល្លារ ដោយមានកម្រៃនេះកម្រៃនោះច្រើនផ្នែក ហើយភាគច្រើនក៏បានបញ្ជូនប្រាក់កាសទាំងនោះទៅជួយក្រុមគ្រួសារនៅឯជនបទ។
ប្រាក់ឈ្នួលរបស់កម្មករនិយោជិតបានជួយលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាវិស័យកសិកម្ម
ម្សិលម្ងៃ ខ្ញុំបានពិនិត្យមើលតួលេខអំពីការភ្ជួររាស់ឡើងវិញរបស់កសិករ ដែលមកដល់ពេលនេះការបង្កបង្កើនផលរដូវវស្សាស្ទើរតែបញ្ចប់ទៅហើយ។ វាបានលើសពីការគ្រោងទុករបស់យើង។ ទៅលើសផែនការកំណត់។ ប៉ុន្តែ សម្រាប់ការភ្ជួររាស់ដោយគោក្របី នៅសល់តែជាង ៦% ទេ ឯភ្ជួររាស់ដោយគ្រឿងយន្ដកសិកម្មមានជាង ៩៣%។ អញ្ចឹង តើអ្នកដែលភ្ជួររាស់(ដោយគ្រឿងម៉ាស៊ីន)ហ្នឹងបានលុយនោះមកពីណា? មួយភាគគឺបានមកពីកម្មករ/ការិនីដែលជាកូនជាចៅ ដែលផ្ញើប្រាក់នោះត្រលប់ទៅឲ្យក្រុមគ្រួសារ។ ក្រុមគ្រួសារបានប្រើប្រាស់ប្រាក់កាសនោះ ដើម្បីនឹងបង្កបង្កើនផលក្នុងវិស័យកសិកម្ម។
ចាប់ពី មករា ២០១៨ ប្រាក់បៀវត្សអប្បបរមាមិនទាបជាង ១៦០ ដុល្លារ
ខ្ញុំសុំយកឱកាសនេះបញ្ជាក់ជូនសារជាថ្មីចំពោះក្មួយៗទាំងអស់ថា ចាប់ពី ខែ មករា ឆ្នាំ ២០១៨ ទៅ បៀវត្សអប្បបរមារបស់កម្មករ/ការិនីទាំងអស់ មិនត្រូវទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំសុំបញ្ជាក់នៅទីនេះបន្តិច រាជរដ្ឋាភិបាលទទួលខុសត្រូវតែលើបញ្ហាការអនុវត្តអប្បបរមាតែប៉ុណ្ណោះ ដូចជាឆ្នាំនេះគឺ ១៥៣ (ដុលា្លរ) ឆ្នាំក្រោយមិនទាបជាង ១៦០ (ដុលា្លរ)។ ខ្ញុំមិនដឹងថាតើ ១៦០ ប៉ុន្មានទេ ព្រោះវានៅការចរចារវាងម្ចាស់រោងចក្រ តំណាងរាជរដ្ឋាភិបាល និងតំណាងកម្មករ។ ឥឡូវថា ១៥៣ (ដុល្លារ) នៅទីនេះ អញ្ចឹងអ្នកដែលបានឲ្យដល់ ១៨០ ហើយ គិតយ៉ាងម៉េច? សុំអបអរសាទរអ្នកដែលឲ្យលើសពីការកំណត់ប្រាក់ខែអប្បបរមា។ រាជរដ្ឋាភិបាលពិនិត្យថា ការអនុវត្តក្រោម ១៥៣ (ដុល្លារ) អាហ្នឹងខុសច្បាប់។ ប៉ុន្តែបើឡើងលើ ១៥៣ (ដុលា្លរ) អាហ្នឹងត្រូវច្បាប់ទាំងអស់។ ឲ្យតែចំណេញដល់កម្មករគឺត្រូវច្បាប់ហើយ។ ខុសច្បាប់តែអាទាបជាងនោះទេ។ ខ្ញុំសុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះលោកឧកញ៉ា ពង្ស ខៀវសែ ដែលបានឆ្លៀតយល់ដឹងអំពីភាពចាំបាច់នៃការបង្កើតនូវសួនឧស្សាហកម្ម ហើយអំពាវនាវឲ្យអ្នកវិនិយោគមករកស៊ី ដែលមានរោងចក្រ ២៨ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា។
មរកតតេជោ ៣ យ៉ាង
សង្ឃឹមថានឹងមានជាបន្តបន្ទាប់ទៀត។ ប្រទេសរបស់យើងមិនទាន់រួចរាល់ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅនោះទេ។ ម៉្យាងទៀត ក្មួយៗត្រូវចាំទុកទៅ ផ្ដាំទៅឪពុកម្ដាយ ផ្ដាំទៅក្រុមគ្រួសារ ហើយផ្ដាំចំណាំទៅកូនចៅទៅរោងចក្រ សហគ្រាស និងស្ថានភាពដែលមានសព្វថ្ងៃនេះ គឺអ្នកណាជាអ្នកបង្កើតឡើង? ខ្ញុំធ្លាប់បាននិយាយហើយ។ បើទោះបីជាសោកនាដកម្មបានធ្លាក់មកលើប្រជាជនកម្ពុជា រាប់ទាំងខ្លួនខ្ញុំផង ដែលក្លាយទៅជាជនពិការម្នាក់ ព្រាត់ប្រាស់និរាសស្លាប់កូន ភាពកម្សត់កម្រ ជាដំណើរជាតិដ៏លំបាករបស់ប្រជាជនយើងក៏ដោយចុះ ខ្ញុំមានមោទនភាពជាមួយជនជាតិកម្ពុជាមួយនេះ ដែលខ្ញុំបានរួមដំណើរតាំងពីយកជីវិតធ្វើដើមទុនរំដោះប្រទេសចេញពីរបប ប៉ុល ពត ហើយការខិតខំរបស់យើងតាំងពីបាតដៃទទេ ពីគំនរផេះផង់ដើម្បីធ្វើប្រទេសនេះមានសន្ដិភាព ទប់ស្កាត់នៃការវិលត្រលប់នៃរបប ប៉ុល ពត ធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយដើម្បីរកសន្ដិភាព។
មរតកដែលខ្ញុំបានរួមចំណែកបន្សល់ទុក គឺការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាចេញពីរបប ប៉ុល ពត ហើយមរតកដែលខ្ញុំបានរួមចំណែក និងដឹកនាំការងារនេះ គឺសន្តិភាពដែលយើងបានរកដោយលំបាក។ សន្តិភាពតាមរយៈការរួមចំណែកធ្វើឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាមួយនឹងភាគីដទៃទៀត ប៉ុន្តែសន្ដិភាពផ្ដាច់មុខដែលខ្ញុំបានដាក់ចេញ និងដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះដើម្បីបញ្ចប់សង្គ្រាម បញ្ចប់ការបែកបាក់ និងនាំមកនូវការឯកភាពទឹកដី។ មរតកដែលខ្ញុំបានរួមចំណែកជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាពីអត្រាភាពក្រីក្រ ១០០% ឲ្យធ្លាក់មកនៅក្នុងកម្រិត ១៣% នៅឆ្នាំ ២០១៤។ យើងកំពុងតែត្រៀមធ្វើអង្កេតឡើងវិញថា អត្រានៃភាពក្រីក្ររបស់យើងធ្លាក់ដល់កម្រិតណា។
ចំនុចនេះ បើយោងទៅលើការគិតរបស់អង្គការសហប្រជាជាតិមុននេះ អ្នកទទួលបានប្រាក់ចំណូល ១ ដុល្លារ គេចាត់ទុកថាឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ ឥឡូវតាមការកំណត់ថ្មី(បន្ទាត់នៃភាពក្រីក្រ) ១,២៥ ដុល្លារ ចាត់ទុកថាឆ្លងផុតបន្ទាត់នៃភាពក្រីក្រ។ ឯចំពោះក្មួយៗកម្មករ/ការិនីនៅទីនេះធ្វើការតាមរោងចក្រ គឺរកបានក្នុងរង្វង់ ៥ ដុល្លារ ក្នុងមួយថ្ងៃដែរ។ សូម្បីកម្មករសំណង់មិនតិចជាង ៥ ដុល្លារ ក្នុងមួយថ្ងៃទេ។ នេះជាចំណុចដែលយើងខិតខំរួមគ្នា។ ខ្ញុំបានបង្កើតឡើងអោយមានស្ថានភាពនេះ ជាមួយគោលនយោបាយជាច្រើនក្នុងវិស័យកសិកម្ម ក្នុងវិស័យឧស្សាហកម្ម ក្នុងវិស័យសេវាកម្ម។ ទេសចរពីសូន្យទេសចរ ពីសណ្ឋាគារបែកបាក់ពីរបីនៅទីក្រុងភ្នំពេញ និងសណ្ឋាគារចាស់ៗ ២ នៅទីក្រុងសៀមរាប ឥឡូវយើងមានរាប់រយសណ្ឋាគារនៅឯភ្នំពេញ នៅឯសៀមរាប។ នោះហើយដែលហៅថាមរតកតេជោ។
ប្រជាជនកម្ពុជាត្រូវរួមគ្នារក្សាមរតកសន្តិភាព និងការអភិវឌ្ឍ កុំឲ្យបុគ្គល ឬបរទេសណាមួយបំផ្លាញ
សង្ឃឹមថាបងប្អូនទាំងឡាយ ក្មួយៗទាំងអស់ និងប្រជាជនកម្ពុជានឹងរក្សានៅមរតកដ៏មានតម្លៃ «សន្តិភាព និងការអភិវឌ្ឍទាំងនេះ» ធ្វើយ៉ាងណា ចៀសវាងអោយខានតែបាននៅការបំផ្លិចបំផ្លាញណាមួយដោយជនជាតិខ្មែរក្តី ដោយជនជាតិបរទេសក្តី។ កុំសង្ឃឹមទៅលើអ្នកដទៃដែលគេមិនបានធ្វើអ្វីទាំងអស់ ត្រឹមតែមកទារធ្វើបាតុកម្ម។ ដូចជាតំបន់នេះ រឿងស្អីឥឡូវ រកឃើញហើយ ចាប់បានហើយ មេក្លោងដែលត្រូវផ្តន្ទាទោសពិតប្រាកដ គឺកំពុងឋិតនៅមន្ទីរឃុំឃាំងហើយ។ តើកម្មករ/ការិនីនៅទីនេះធ្វើបាតុកម្មម៉ោង ២ យប់ ដើម្បីអីទៅ? មានកម្មករទេ? ពេលនោះ គេទម្លាយទ្វារ ដើម្បីទារអោយកម្មករចេញមកធ្វើបាតុកម្ម ប៉ុន្តែសួរមើល បើសិនវាជាលក្ខខណ្ឌការងារ ហើយបើសិនជាការទាមទារតម្លើងបៀវត្ស វាគ្មានការចាំបាច់ដើម្បីនឹងធ្វើបាតុកម្មនៅម៉ោង ២, ម៉ោង ៣ ភ្លឺទេ។ ឥឡូវអ្នកមួយចំនួនដែលយកនំប៉័ងមកចែកតាមផ្លូវនេះ អ្នកត្រូវដឹងថា ខ្ញុំបានដឹងថាអ្នកឯងជាអ្នកណាហើយៗ ក៏មិនទាន់រួចខ្លួនទេរឿងនេះ។
(ជា)ការឃុបឃិតជាមួយបរទេសតែម្តង ដើម្បីធ្វើរឿងនេះ។ គេមិនទាន់ទទួលជោគជ័យ។ តែគេប្រឹងធ្វើតទៅទៀត។ ម្តងហើយ ម្តងទៀត។ ជាភ័ព្វសំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាត អោយរឿងឆ្នាំ ១៩៧០ ដែលគេឃុបឃិតជាមួយមនុស្សដដែលប្រទេសដដែល ដើម្បីផ្តួលរំលំ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បង្កើតឡើងនូវសង្រ្គាម។ គេយកម៉ូដែលយូហ្គោស្លាវី យកមកអនុវត្តនៅកម្ពុជា។ មានន័យថាម៉េច? ហិង្សាៗៗ! នេះគឺអ្នកឯងមិនអាចនឹងគេចវេះបាននឹងការទទួលខុសត្រូវទេ។ គ្រាប់បែកទម្លាក់នៅលើប៊ែលក្រាដ(Belgrade) សូម្បីស្ថានទូតចិននៅប៊ែលក្រាត ក៏រងការវាយប្រហារដោយគ្រាប់បែកដែរ។ មីឡូសូវ៉ិច(Slobodan Milošević) ត្រូវគេហ៊ុំព័ទ្ធ។ ឥឡូវអស់ មីឡូសូវ៉ិច។ យូហ្គោស្លាវី ខ្លួនឯងបាត់កូសូវូ។ កូសូវូ កំពុងកើតជាប្រទេសមួយដែលគេកំពុងស្នើអោយយើងទទួលស្គាល់។ យើងមិនអាចទទួលស្គាល់កូសូវូបានទេ ព្រោះជាការប្រើកម្លាំងបាយ ដើម្បីផ្តាច់យកដែនដីរបស់យូហ្គោស្លាវី។ នៅទីនេះ យើងមិនអនុញ្ញាតអោយអ្នកណាមួយបំផ្លាញនូវអ្វី ដែលប្រជាជនខិតខំរួមគ្នា។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លាននាក់ដែលបានប្រឹងប្រែងធ្វើការងារនេះជាមួយក្មួយៗ …។
រក្សាវប្បធម៌យោគយល់អធ្យាស្រ័យគ្នា រវាងកម្មករ មេក្រុម/ផ្នែក និងម្ចាស់រោងចក្រ
… កោតសរសើរចំពោះលោក ពង្ស ខៀវសែ ហើយ ប៉ុន្តែ ក៏សូមថ្លែងនូវការកោតសរសើរជាមួយនឹងម្ចាស់រោងចក្រទាំង ២៨ អ្នកដឹកនាំរោងចក្រ ដែលបានបង្កើតឡើងនូវស្ថានភាពឈ្នះឈ្នះទាំងអស់។ ការយោគយល់ពីសំណាក់កម្មករ និងម្ចាស់រោងចក្រ ពីសំណាក់កម្មករជាមួយនឹងមេក្រុម មេផ្នែករដ្ឋបាល តាមរយៈទំនាក់ទំនងល្អ យោគយល់គ្នា អធ្យាស្រ័យគ្នាក្នុងឋានៈជាអ្នកធ្វើការជាមួយគ្នា។ នោះគឺជាវប្បធម៌ដែលយើងត្រូវទទួល ហើយខិតខំរក្សានូវវប្បធម៌បែបនេះតទៅទៀត។ ការមិនយល់គ្នាណាមួយ នឹងបង្កើតឡើងនូវស្ថានភាពដ៏លំបាកក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការងាររបស់យើង។ ខ្ញុំបានអញ្ជើញប្រធានក្រុម ប្រធានផ្នែក(សួររកអ្នកដែលបានទៅជួបនៅកោះពេជ្រ) អ្នកដែលទៅជួបជុំជាមួយខ្ញុំ។ នៅសល់ ២៦ រោងចក្រទៀត។ ក្មួយៗខ្លះត្រូវជួបពូមួយសាទៀត។ មានរឿងនិយាយផ្សេង ប៉ុន្តែវាមិនខុសគ្នាប៉ុន្មានទេ។ តែខ្ញុំចង់ជួបសំណេះសំណាលជាមួយនឹងប្រធានរដ្ឋបាល ជំនួយការ ប្រធានផ្នែក ប្រធានក្រុម ព្រោះទំនាក់ទំនងការងារ សុខ ឬមិនសុខ វាមានចំណែកមួយទាក់ទងនឹងមេក្រុម ជាមួយនឹងកូនក្រុម មេផ្នែកជាមួយនឹងថ្នាក់ក្រោម ប្រធានរដ្ឋបាលជាមួយនឹងផ្នែកផ្សេងៗ។ តាំងពីសំដីសំដៅ អាកប្បកិរិយា ដែលយើងត្រូវធ្វើសុខដុមភាវូបនីយកម្មជាមួយគ្នារវាងគ្រប់កម្រិត មិនអាចថា យើងឡើងថ្នាក់ធំ ហើយយើងមើលស្រាលជាមួយអ្នកថ្នាក់ទាបនោះទេ។ អញ្ចឹងបានជាខ្ញុំថា ហេតុអ្វីបានសម្តេចត្រូវជួប ២ ដង ជួបម្តងនៅកោះពេជ្រ ជួបម្តងនៅនេះ។ ខ្ញុំចង់សំដៅទៅលើការខិតខំ ដើម្បីនាំមកនូវការយល់ដឹងកាន់តែប្រសើរក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការងាររបស់យើង។
ប្រាក់បៀវត្សក្នុងវិស័យឧស្សាហកម្មកាត់ដេរតាមបណ្តាប្រទេសនានា
ខ្ញុំគួរតែត្រូវបាននិយាយប្រាប់ជាមួយបងប្អូនបន្តិចថា វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា កំពុងប្រកួតប្រជែងខ្លាំងណាស់។ ប្រសិនបើយើងធ្វើមិនស្រួលទេ គឺយើងនឹងបាត់បង់នូវរោងចក្រ ហើយពេលនោះក្មួយៗនឹងវិលត្រឡប់ទៅរកការងារជាកសិករជាមួយឪពុកម្តាយ ដែលកំពុងផ្សារភ្ជាប់ខ្លួននៅក្នុងវិស័យកសិកម្ម ឬក៏អាចទៅរកការងារផ្សេងក្រៅពីរោងចក្រដែលយើងកំពុងមាន។ ក្នុងចំណុចនេះ ពូចង់បញ្ជាក់ថា កម្ពុជាបច្ចុប្បន្នកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ នៅប្រទេសបង់ក្លាដេស ដែលខែក្រោយនេះ នាយករដ្ឋមន្ត្រីបង់ក្លាដេសនឹងមកទស្សនកិច្ចនៅកម្ពុជា ៦៧ ដុល្លារក្នុងមួយខែ។ ស្រីលង្ការ ៦៧ ដុល្លារក្នុងមួយខែ, ឥណ្ឌា ៧៧ ដុល្លារ, ភូមា ឬក៏មីយ៉ានម៉ា ៧៩ ដុល្លារ, ឥណ្ឌូនេស៊ីមានចន្លោះពីរ តំបន់ដែលទាប ៩៩ និងកន្លែងដែលខ្ពស់ ២៤៩ គឺមានតំបន់ខុសៗគ្នា, ឡាវ ១១០ ដុល្លារ, វៀតណាមចែកចេញជាតំបន់ តំបន់ដែលទាប ១១៣ ដុល្លារ តំបន់ដែលខ្ពស់ ១៦៥ ដុល្លារ, ប៉ាគីស្ថាន ១៣៤ ដុល្លារ, ចិនមានចែកជាតំបន់ តំបន់ដែលទាប ១៧០ តំបន់ដែលខ្ពស់ ៦០០, ថៃ ២៥០ ឬក៏ ៣១០ បាតក្នុងមួយថ្ងៃ។ ម៉ាឡេស៊ី ៣០០។ សាំងហ្គាពួរ ៨៤០។ ហ្វីលីពីនមាន ២ គន្លាក់ មានទាប និងខ្ពស់ កន្លែងទាប ១៣៩ កន្លែងខ្ពស់ ២៥៧។ នេះមិនទាន់និយាយទៅដល់អាហ្វ្រិកមួយចំនួន ដែលកំពុងតែប្រកួតប្រជែងជាមួយយើង ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ អញ្ចឹងទេ បានជាយើងត្រូវខិតខំធ្វើកិច្ចការជាច្រើន ដើម្បីធានាថា ប្រទេសរបស់យើងបន្តការរីកលូតលាស់ក្នុងវិស័យឧស្សាហកម្ម អតិពលកម្មផង និងក្នុងវិស័យឧស្សាហកម្មកែច្នៃនៃវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម និងឧស្សាហកម្មដែលមានចរិតជាឧស្សាហកម្មសកល ដូចជាបច្ចេកវិទ្យាថ្មីៗ មកផលិតនៅក្នុងប្រទេសរបស់យើង។
រាជរដ្ឋាភិបាលបានខិតខំនយោបាយ ៣ សុំ ផ្ទុយពីនយោបាយ ៣ កុំ របស់ក្រុមប្រឆាំង
ដើម្បីមានការងារធ្វើ មានប្រាក់ចំណូល និងមានទំនិញនាំចេញ រាជរដ្ឋាភិបាលបានធ្វើការងារច្រើនណាស់ ហើយផ្ទុយគ្នាជាមួយនឹងក្រុមមួយផ្សេងទៀត ដែលទៅទីណាគេប្រើពាក្យ ៣ យ៉ាងរបស់គេ គេហៅ ៣ កុំ នោះ។ (កុំ ១)សូមកុំផ្តល់ជំនួយឲ្យកម្ពុជា គេអាចនិយាយទៅរួច ព្រោះគេមិនមែនជាអ្នកទទួលខុសត្រូវទៅលើជោគវាសនារបស់ជាតិទេ។ ទង្វើក្បត់ជាតិបែបនេះគេអាចហាមាត់ទៅរួច។ (កុំ ២) កុំមកវិនិយោគនៅកម្ពុជា និង(កុំ ៣)កុំទិញទំនិញពីកម្ពុជា។ ក្មួយៗគិតមើល បើសិនជាអ្នកវិនិយោគគេមិនមកវិនិយោគ តើក្មួយៗមានការងារធ្វើទេ ហើយអាចជួបជាមួយពូនៅថ្ងៃនេះទេ? ពិតជាគ្មានទេ ពេលនេះ ម៉ោងនេះ ក្មួយៗអាចនឹងកំពុងធ្វើអ្វីផ្សេង ជាពិសេសក្នុងវិស័យកសិកម្ម ដែលខែនេះគឺជាខែដកស្ទូងផងដែរ។ មិនមែនបានសេចក្តីថា កសិកម្មនោះមិនមានផលប្រយោជន៍ ដែលមិនធ្វើនោះទេ ត្រូវតែធ្វើហើយ។ ប៉ុន្តែ ក្មួយៗចោទជាសំណួរ បើសិនជាប្រទេសនានា ក្រុមហ៊ុននានា ស្តាប់តាមពួកបក្សប្រឆាំង ដែលពួកកុំ ៣ កុំមកវិនិយោគនៅកម្ពុជា សួរថា ក្មួយៗមានការងារទេ? គឺអត់។
មួយទៀត សូមកុំទិញទំនិញពីកម្ពុជា ឥឡូវយើងចោទជាបញ្ហា បើយើងផលិតអត់មានទីផ្សារ តើក្មួយៗមានការងារទេ? អត់ទេ រោងចក្រត្រូវបិទ។ គ្រាន់តែវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកល នៅឆ្នាំ ២០០៨, ២០០៩ ពេលនោះប្រាក់ចំណូលរបស់អាមេរិក និងអឺរ៉ុបធ្លាក់ចុះ គឺរោងចក្ររបស់ប្រទេសរបស់យើងមួយចំនួនត្រូវបិទ ឬក៏កាត់បន្ថយកម្មករភ្លាម។ ដោយសារអី? ប្រជាពលរដ្ឋនៅក្នុងប្រទេសដែលមានវិបត្តិសេដ្ឋកិច្ច ដែលធ្លាប់បញ្ជាទិញសម្លៀកបំពាក់ពីយើង ត្រូវបានកាត់បន្ថយការបញ្ជាទិញ ដោយសារតែតម្រូវការក្នុងស្រុក ក៏មានកម្រិតទាប។ អញ្ចឹងធ្លាប់ទិញ ៣ កំប្លេ ក្នុងមួយឆ្នាំពាក់ ៣ កំប្លេ ប៉ុន្តែគេកាត់បន្ថយមកនៅត្រឹមតែ ១ កំប្លេមួយឆ្នាំ។ ដូច្នេះ សង្វាក់ផលិតកម្មដែលមានស្រាប់ ក៏ត្រូវកាត់បន្ថយ រហូតដល់រោងចក្រមួយចំនួនត្រូវបិទតែម្តង។ ពេលនោះរាជរដ្ឋាភិបាលក៏ត្រូវបញ្ចេញប្រាក់បន្ទាន់ ដើម្បីនឹងបណ្តុះបណ្តាលកម្មករ យិតយោងចំពោះកម្មករដើម្បីនឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយនឹងបង្កើតមុខរបរថ្មីឲ្យកម្មករ។ នេះជាការខិតខំរបស់យើង ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាក ហើយយើងក៏ចង់ឲ្យប្រទេសនានាមានការរីកលូតលាស់ខាងវិស័យសេដ្ឋកិច្ច ដែលនឹងនាំទៅដល់ការបញ្ជាទិញកាន់តែច្រើន ទំនិញពីកម្ពុជា ហើយក៏មានលុយធ្វើដំណើរមកទស្សនកិច្ចកម្ពុជាក្នុងក្របខណ្ឌជាទេសចរ។ អញ្ចឹង យើងមិនបានបន់ស្រន់ឲ្យប្រទេសណាមួយក្រីក្រទេ បន់ស្រន់ឲ្យប្រទេសនានាមានជោគជ័យខាងសេដ្ឋកិច្ច ជីវភាពកាន់តែប្រសើរ។
ស្អែកនេះ នាយករដ្ឋមន្ត្រីថៃ នឹងមកប្រជុំគណៈរដ្ឋមន្ត្រីទាំងពីរប្រទេស។ ទេសចរថៃមកកម្ពុជាប្រមាណជា ៦០ ម៉ឺននាក់ជាង ឯទេសចរកម្ពុជាទៅកាន់ប្រទេសថៃ ជាង ៩០ ម៉ឺននាក់ បានសេចក្តីថា ថៃមកលេងស្រុកខ្មែរតិចជាងខ្មែរទៅលេងស្រុកថៃ។ ឥឡូវខ្មែរមានលុយធ្វើដំណើរ ខ្លះធ្លាក់(ដល់)ម៉ាឡេស៊ី ទៅគ្មានអ្នកណាហាមឃាត់ទេ។ ដូច្នេះហើយមនុស្សមួយចំនួនមកតាំងខ្លួនជាអ្នកទាមទារតម្លើងប្រាក់ខែ ក្នុងពេលដែលពួកគេបានទៅស្នើសុំកុំឲ្យបរទេសមកវិនិយោគ បានទៅទាមទារឲ្យប្រទេសដទៃកុំទិញទំនិញ រហូតគេប្រកាសក្នុងហ្វេសប៊ុករបស់គេថា ជាជោគជ័យខ្លាំងណាស់ ដែលសហភាពអឺរ៉ុបនឹងពិចារណាអំពីការឈប់ទិញទំនិញ ឈប់នាំចូលសម្លៀកបំពាក់ពីកម្ពុជា។ អញ្ចឹង គេចាត់ទុកទង្វើក្បត់ផលប្រយោជន៍ជាតិខ្លួនឯងបែបនេះថាជាជោគជ័យទៅវិញ។ តើប្រជាជនយល់យ៉ាងម៉េច?
រាជរដ្ឋាភិបាលខិតខំទាក់ទាញវិនិយោគ ដោយពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ និងរឹង
ខ្ញុំបានធ្វើការជាមួយសហការីក្នុងគណបក្សប្រជាជន តាំងពីចាប់ផ្ដើមរហូតដល់គេប្រើពាក្យថា លោក ហ៊ុន សែន ពូកែសុំ។ តែខ្ញុំមិនបានសុំយកទៅបង្ហើយផ្ទះបាយរបស់ខ្ញុំទេ។ ខ្ញុំសុំដើម្បីជាតិរបស់ខ្ញុំ។ ដើម្បីអនាគតរបស់ប្រជាជនរបស់ខ្ញុំតែប៉ុណ្ណោះ ដូចជាសុំអាហារូបករណ៍ដើម្បីការបណ្តុះបណ្តាលនិស្សិត សុំជាផ្លូវថ្នល់ សុំជាប្រឡាយទឹក សុំជាសាលារៀន សុំជាមន្ទីរពេទ្យ។ ខ្ញុំធ្វើការច្រើនណាស់ដើម្បីឲ្យគេមកវិនិយោគនៅក្នុងប្រទេស។ ទៅពន្យល់គេនៅខាងក្រៅ ឯសម្រួលបរិយាកាសវិនិយោគនៅខាងក្នុង តាមរយៈការកសាងច្បាប់ ការកសាងលិខិតបទដ្ឋាននានា ការពង្រឹងស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីនឹងទាក់ទាញនូវការវិនិយោគ ដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងខិតខំកសាងផ្លូវ កសាងកំពង់ផែ កសាងព្រលានយន្តហោះ កសាងវារីអគ្គិសនី និងផ្នែកដទៃទៀត ដើម្បីទាក់ទាញឲ្យគេចូលមកវិនិយោគ(ហៅថាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង)។ គេមិនអាចមកវិនិយោគនៅប្រទេសយើង នៅពេលដែលយើងអត់មានអគ្គិសនីផ្គត់ផ្គង់ឲ្យគេ ឬអគ្គិសនីថ្លៃខ្ពស់ពេកនោះ។ គេមិនអាចមកវិនិយោគក្នុងប្រទេសរបស់យើង នៅពេលដែលកំពង់ផែរបស់យើង ផ្លូវរបស់យើងមិនអាចដឹកទំនិញចេញបាននោះទេ។
អ្វីដែលកម្មករ និងក្រុមគ្រួសារមានសព្វថ្ងៃ គឺបានពី ហ៊ុន សែន
យើងបានខិតខំច្រើន ជាមួយគ្នានេះយើងក៏បានពាក្យ ៣ ដែលផ្ទុយគ្នា គេសុំកុំឲ្យមកវិនិយោគនៅកម្ពុជា សុំកុំឲ្យផ្តល់ជំនួយមកកម្ពុជា សុំកុំជួយទិញទំនិញនៅកម្ពុជា។ ឯយើងប្រឹងសុំជំនួយពីគេ ដើម្បីជួយដល់ប្រជាជនកម្ពុជា សុំឲ្យគេមកវិនិយោគនៅកម្ពុជា និងសុំឲ្យគេជួយទិញទំនិញពីកម្ពុជា។ នេះមិនមែនត្រឹមតែជានយោបាយរបស់បក្សនីមួយៗទេ តែជាសកម្មភាពជាក់ស្តែង ដែលបានអនុវត្តរួចមកហើយ។ សូមក្មួយៗចងចាំខ្លួនឯង ហើយក៏ផ្តាំផ្ញើទៅឪពុកម្តាយ សាច់ញាតិ ថាអ្វីដែលខ្ញុំកំពុងមាននេះ ម៉ែ ពុក គឺបានមកពីគណបក្សប្រជាជន បានពីនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង …។ ពិតហើយព្រះមហាក្សត្រ ព្រះអង្គព្រះរាជប្រទាន នូវគោរម្យងារជាតេជោ មិនមែនជារឿងលេងសើចទេ។ តេជោ នៅក្នុងប្រវត្តិសាស្រ្ត គឺមានតេជោ ៣ ប៉ុន្តែ តេជោ មួយខ្ញុំមិនច្បាស់ទេ តេជោមាស តេជោយ៉ត និងតេជោដំឌិន ខ្ញុំមិនច្បាស់អំពីតេជោដំឌិនទេ ក៏ប៉ុន្តែ ប្រវត្តិតេជោមាស និងតេជោយ៉ត គឺខ្ញុំស្គាល់ប្រវត្តិ … សតវត្សរ៍ទី ២១ បែរជាមាន តេជោ មួយទៀត គឺ តេជោសែន ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគោរម្យងារបែបនេះ នេះមិនមែនជារឿងចៃដន្យទេ សម្រាប់ថ្នាក់ដឹកនាំក្នុងដំណាក់កាលជំនាន់ក្រោយនេះ។
មិនឲ្យពួកប្រឆាំងជាតិខ្លួនឯង ឃុបឃិតជាមួយបរទេសបំផ្លាញក្តីសុខប្រជាពលរដ្ឋ
ក្មួយៗត្រូវចងចាំ ហើយខិតខំបន្តរក្សានូវអ្វីដែលមានក្នុងដៃរួចមកហើយ។ មិនត្រូវឲ្យពួកប្រឆាំងជាតិខ្លួនឯង ឃុបឃិតជាមួយបរទេស បំផ្លាញនូវសេចក្តីសុខប្រជាពលរដ្ឋទេ។ ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើលឃ្លោងឃ្លាឲ្យបានច្បាស់ មួយម៉ាត់ៗ សូមកុំច្បោលៗ។ តើប្រទេសរបស់អ្នកអាចទទួលយកបានទេ ប្រសិនបើសម្តីបែបនេះ។ បើអ្នកជាខ្ញុំ អ្នកត្រូវស្តាប់ឲ្យច្បាស់ “គេបញ្ជា, គេប្រាប់ខ្ញុំឲ្យធ្វើនេះ, គេប្រាប់ខ្ញុំឲ្យធ្វើនោះ, គេឲ្យខ្ញុំយកម៉ូឌែលយូហ្គោស្លាវី, ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញទេ, ខ្ញុំមានសាស្រ្តាចារ្យមកពីអាមេរិក មកពីកាណាដា, អាមេរិកហ្នឹង គឺវ៉ាស៊ីនតោនឌីស៊ីទៀត ហើយកាណាដា ម៉ុងរ៉េអាល់”។ អញ្ចឹងៗ តាំងខ្លួនជាអ្នកស្នេហាជាតិស្អីទៀត? ពាក្យសម្បថដែលបានស្បថនៅមុខព្រះមហាស្វេតឆត្រ នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ នៅមុខព្រះសង្ឃរាជទាំងពីរគណៈ សុទ្ធតែបាននិយាយមិនឲ្យបរទេសបង្គាប់បញ្ជាជាគោលនយោបាយក្នុង និងក្រៅប្រទេសរបស់ខ្លួន។ ប៉ុន្តែ ហេតុអីបានគេធ្វើរឿងនេះទៅកើត? គេមិនខ្វល់អ្នកណាស្លាប់ អ្នកណារស់ទេ។ … គេថា បាត់មនុស្សម្នាក់នៅផ្លូវវេងស្រេង។ ឥឡូវល្អហើយ … សួរទៅ។ នៅសល់ប៉ុន្មានទៀត ដែលពាក់ព័ន្ធក្នុងរឿងនេះ។ ហៅសួរចម្លើយទាំងអស់ រកឃើញហើយ។ ក្មួយៗទាំងនេះមិនបានទៅចុះឈ្មោះធ្វើបាតុកម្មម៉ោង ២ ភ្លឺទេ។ ម៉ោង ២ ភ្លឺ អ្នកណាមើលមុខគ្នាស្គាល់ រួចសុទ្ធតែដុំថ្ម សុទ្ធតែស្អីៗ។ ហិង្សាពេញហ្នឹង …
ខ្ញុំបានប្រាប់ កែវ រ៉េមី បើសិនជាពួកណាសួរ ឲ្យឆ្លើយទៅ “បើសិនជាចង់រកមនុស្សហ្នឹង ត្រូវចាប់អាមេបាតុកម្មមកសួរចម្លើយ អាហ្នឹងបានវាចេញ បានស្គាល់ បាត់មនុស្សទៅណា”។ យើងទទួលខុសត្រូវម៉េច បើក្មួយៗមកអញ្ចឹង អាហ្នឹងបាត់ ម្ចាស់រោងចក្រមួយៗត្រូវទទួលខុសត្រូវ … ប៉ុន្តែ យ៉ាងណាក៏ដោយ សមត្ថកិច្ចត្រូវតែមានភារកិច្ចទទួលខុសត្រូវទៅលើការបាត់។ … ខ្លះបង្កើតរឿងធ្វើជាគេចាប់ជំរិត ហើយឲ្យឪពុកម្តាយយកលុយទៅលោះ ប៉ុន្តែគ្រឿងញៀនសុទ្ធ។ … មានខ្លះទូរស័ព្ទទៅវិទ្យុ ABC ថា ខ្លួនកំពុងតែអញ្ចេះ ថាខ្លួនកំពុងតែអញ្ចុះ ABC ទាក់ទងទៅនគរបាល នគរបាលពិនិត្យឃើញថាអត់អីផង។ អត់ទៅណាផង។ វានិយាយលេងអញ្ចឹងទៅ …។
រួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ ដែលជាចំណងពីរបេះមិនដាច់ពីគ្នាទេ
ការងាររបស់យើងខាងមុខយ៉ាងម៉េច? មានការងារ ៥ ដែលខ្ញុំសូមអំពាវនាវ ឲ្យយើងទាំងអស់គ្នាធ្វើ។ ប៉ុន្តែ មុននឹងដល់ការងារទាំង ៥ នោះ ខ្ញុំចង់និយាយដំបូងគេ គឺត្រូវរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ ដែលជាចំណងពីរបេះមិនដាច់ពីគ្នាទេ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបរក្សាទុកនូវសន្តិភាពនេះបាន។ ជំហានដំបូងយើងត្រូវមានសន្តិភាពសិន។ យើងធ្លាប់មានបទពិសោធន៍ រួចហើយពីអតីតកាល ដែលគេធ្វើឲ្យប្រទេសយើងធ្លាក់ទៅក្នុងសង្រ្គាម ឆ្នាំ ១៩៧០ ដូចទង្វើដែលបានកើតឡើង ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ដែលយើងទើបនឹងរកឃើញ។ យើងឈឺចាប់ណាស់។ អ្នកទាំងឡាយសុទ្ធតែបាត់បង់គ្រួសារ សាច់ញាតិរបស់ខ្លួន បើទោះជាក្មួយៗកើតមិនទាន់ក៏ដោយចុះ ក៏ប៉ុន្តែ សួរឪពុកម្តាយ សួរជីដូនជីតា សួរសាច់ញាតិ ដែលនៅសេសសល់ តើពួកគាត់លំបាកប៉ុណ្ណាទៅ? ហើយឥឡូវនេះ សំលឹងមើលទៅប្រទេសអ៊ីរ៉ាក់ ទៅក្នុងប្រទេសស៊ីរី ទៅក្នុងប្រទេសលីប៊ី នៅក្នុងប្រទេសយេមែន តើអ្នកណាទៅកសាងរោងចក្រនៅប្រទេសនោះ។ តំបន់មួយចំនួន នៃប្រទេសមីយ៉ាន់ម៉ាក៏លំបាកទៅរកការធ្វើវិនិយោគ ដោយបទឈប់បាញ់នោះ មិនត្រូវបានគោរព។ អញ្ចឹងបើគេនៅបាញ់គ្នា គេមិនដែលយករោងចក្រមកនៅក្រោមគ្រាប់ផ្លោងទេ … ហើយគេមិនមកទេសចរណ៍នៅពេលដែលមានការផ្ទុះគ្រាប់បែក គ្រាប់មីន និងការវាយប្រហារគ្នានោះដែរ។ អញ្ចឹងកាតព្វកិច្ចរបស់ប្រជាជនយើង គឺត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព ហើយតាមរយៈសន្តិភាពនោះ ត្រូវរួមគ្នាបន្តការអភិវឌ្ឍ តាមផ្លូវដែលយើងបានដើររួចមកហើយ។
នយោបាយតាមវិស័យ និងអនុវិស័យ
យើងមាននយោបាយតាមវិស័យ និងអនុវិស័យ។ នេះជាចំណុចរួមដែលខ្ញុំចង់និយាយមុនគេ ទៅកាន់ បងប្អូននៅទីនេះ ក៏ដូចជាបងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែង ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ហោចបំផុតក៏មានពីរ Channel មួយគឺតាម Facebook Page របស់នាយករដ្ឋមន្រ្តី និងមួយទៀតទៅតាម Facebook Page ប្រព័ន្ធទូរទស្សន៍របស់ Fresh News ដែលផ្សាយបន្តផ្ទាល់ពីទីនេះ ហើយមិនត្រឹមតែខ្មែរនៅក្នុងស្រុកមើលបានទេ សូម្បីតែនៅដល់ទីណាក៏ដោយ មើលបានទាំងអស់។ ខ្ញុំសួរនិស្សិតនៅប្រទេសជប៉ុនថា ក្មួយៗទទួលព័ត៌មានតាមផ្លូវណា? និស្សិតនៅប្រទេសជប៉ុនទទួលព័ត៌មានតាម Fresh News។ ថ្ងៃមុនទៅវៀងចន្ទន៍ក៏បានឃើញថា បងប្អូនភាគច្រើនទទួលតាម Fresh News … ខ្ញុំជឿថា នឹងកើន ៣ ទៅ ៤ លាន នាក់ ខាងមុខ អំពីការមើល Fresh News។ ឥឡូវ Fresh News មិនមែនគ្រាន់តែគេមើលក្នុងប្រទេសទេ នៅក្រៅប្រទេសទៀត …។
កិច្ចការ ៥៖ ទី ១ រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ
ឥឡូវមានកិច្ចការ ៥ ក្រៅពី រឿងសន្តិភាព និងការអភិវឌ្ឍ មានកិច្ចការ ៥ ដែលទាក់ទងជាមួយនឹងកម្មករ របស់យើង។ កិច្ចការទី ១ គឺរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ រឿងនេះ គឺមានតែយើងរួមគ្នាទេ ទើបយើងអាចរក្សាបាន នូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីការងាររបស់យើង គ្មានការងារអ្នកណាផ្សេងទេ កន្លែងនេះ ទីនេះ គឺជាឆ្នាំងបាយរបស់យើង។ អញ្ចឹងត្រូវរួមគ្នា ធ្វើយ៉ាងម៉េច កុំឲ្យមានអ្នកណាញុះញង់ បង្កើតនូវចលាចល ហើយសុំមនុស្សមួយចំនួនកុំធ្វើជាជើងកាងនៃកូដកម្ម ឬបាតុកម្ម។ ខ្លួនមានសិទ្ធិធ្វើបាតុកម្ម និងកូដកម្ម ក៏ប៉ុន្តែខ្លួនគ្មានសិទ្ធិទៅរារាំងអ្នកដទៃមិនឲ្យចូលធ្វើការនោះទេ។ កន្លងទៅ តាមរយៈមេបក្សប្រឆាំង និងក្រុមមនុស្សមួយចំនួន គេបានធ្វើជាជើងកាង បំពានលើសិទ្ធិអ្នកដទៃ។ ខ្លួនមានសិទ្ធិធ្វើកូដកម្ម ឬបាតុកម្ម ឧទាហរណ៍ ថា ៥០ នាក់ធ្វើកូដកម្ម ប៉ុន្តែ ខ្លួនមិនត្រូវរារាំងចំពោះ ១០០០ នាក់ ដែលកំពុងតែធ្វើការ គំរាមគេមិនឲ្យចូលធ្វើការទេ … មិនត្រូវទៅទាញដៃគេមកធ្វើបាតុកម្ម រហូតដល់ទំលាយទ្វាររោងចក្រ …។ នេះជាការបំផ្លិចបំផ្លាញដែលត្រូវទូទាត់បញ្ជីនៅពេលខាងមុខ ទៅតាមរយៈតុលាការ។ យើងកំពុងតែត្រូវ(អោយ)មានសំណងសងការខូចខាតតាមផ្លូវវេងស្រេង រាប់ទាំងផ្ទះគ្លីនិកណាមួយផង។ ត្រូវសងគេ។ ហ្នឹងមានតែយកមេទៅទេ។ អត់យកកូនទៅទេ។ អ្នកដែលដៃដល់រឿងមួយផ្សេង បើយកល្អ ចេញមកសារភាពតែម្តងទៅ។ … ខ្ញុំមកនេះ មិនមែនមកស៊ើបអង្កេតរឿងហ្នឹងទេ ក៏ប៉ុន្តែ ខ្ញុំចង់និយាយអំពីសិទ្ធិ ដើម្បីសុត្ថិភាពការងារ ស្ថេរភាពការងាររបស់ក្មួយៗ អ្នកធ្វើការ។ អ្វីដែលល្អបំផុតគឺរក្សាស្ថេរភាព កុំឲ្យមានបងតូច បងធំ កុំឲ្យមានគ្រឿងញៀន កុំឲ្យមានចលាចល ទើបក្មួយៗរក្សាបាននូវការងារ របស់ខ្លួន បើមិនដូច្នោះទេ ឆ្នាំងបាយរបស់យើងនឹងត្រូវបានបែកមុនថៅកែ។ ថៅកែបែក អស់រោងចក្រមួយត្រឡប់ទៅវិញ ក៏មិនមានបញ្ហាទេ ប៉ុន្តែ រឿងយើងទេ ដែលអស់ប្រាក់បៀវត្សមុន។
កិច្ចការទី ២៖ រួមគ្នារក្សាការងារចាស់ និងបង្កើតការងារថ្មី
ការងារទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារ។ ចំណុចនេះ ខ្ញុំចង់និយាយថា ការងារដែលយើងមានរួចមកហើយ ត្រូវតែខិតខំរក្សាវា។ ជាមួយនោះ យើងក៏ត្រូវបង្កើតការងារថ្មីថែមទៀត តាមរបៀបដែលហៅថារក្សាចាស់ និងបន្ថែមថ្មី។ រក្សាចាស់នេះ មិនមែនក្នុងស្ថានភាពចាស់ ដែលមិនមានការវិវឌ្ឍនោះទេ គឺការងារដែលមានរួចមកហើយ ប្រឹងធ្វើ រក្សាវា ហើយធ្វើឲ្យមានផលិតផលកាន់តែខ្ពស់ ដើម្បីផលចំណេញរបស់រោងចក្រ។ ផលចំណេញនេះ នឹងត្រូវបែងចែកត្រឡប់មកឲ្យយើងវិញ តាមរយៈការបង្កើនបៀវត្ស។ ឯការបង្កើតការងារថ្មី ការងាររបស់យើងមិនទាន់គ្រប់គ្រាន់ឆ្លើយតប ជាមួយនឹងប្រជាពលរដ្ឋរបស់យើងនៅឡើយទេ។ ពលរដ្ឋរបស់យើងមួយចំនួនកំពុងរកការងារធ្វើ ទាំងត្រូវច្បាប់ និងខុសច្បាប់នៅក្នុងប្រទេសថៃ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយធ្វើការដែលត្រូវច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង យើងកំពុងតែរកការងារបន្ថែមទៀតឲ្យពលរដ្ឋរបស់យើង។ ដូច្នេះជាមួយនឹងការខិតខំរបស់កម្មករ/ការិនីរបស់យើង ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រងទាំងអស់រួមគ្នា ដើម្បីរក្សានូវការងារ និងបង្កើតការងារនេះ។
ហើយខាងផ្នែករដ្ឋក៏ត្រូវខិតខំទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារនំាចេញផងដែរ។ បើគ្មានពង្រីកទីផ្សារទេ វាលំបាកនឹងការដែលគេមកផលិត ពង្រីកខ្សែសង្វាក់ផលិតកម្ម និងដាក់រោងចក្របន្ថែម ព្រោះផលិតហើយ តើយកទៅណា? កម្ពុជាមិនមែនផលិតត្រឹមតែ ១ លានកំផ្លេទេ ច្រើនលានកំផ្លេណាស់ ដែលមួយឆ្នំាៗ នំាចេញទៅក្រៅប្រទេស។ ដូច្នេះយើងត្រូវបន្តខិតខំ ដើម្បីសម្រួលអោយមានបរិយាកាសវិនិយោគកាន់តែប្រសើរ ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តំាងពីតាមរយៈផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស តាមរយៈការផ្គត់ផ្គង់អគ្គិសនី និងរកវិធីបញ្ជុះថ្លៃអគ្គីសនី, តាមរយៈនៃការដែលយើងខំទៅពង្រីកទីផ្សារនៅខាងក្រៅ ដើម្បីការនំាចេញនូវផលិតផលរបស់យើង។ ក្រៅពីផលិតផលនេះ នៅក្នុងវិស័យកាត់ដេរ យើងនៅមានផលិតផលដទៃទៀត ជាពិសេសផលិតផលកសិកម្មនេះតែម្តង ដែលយើងបានទៅស្នើសុំប្រទេសនេះ ប្រទេសនោះ ដើម្បីជួយទិញអង្ករពីកម្ពុជា ហើយនិងផលិតផលកសិកម្មដទៃទៀត។
កិច្ចការទី ៣៖ រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង/ស្នើម្ចាស់ផ្ទះជួល កុំតម្លើងថ្លៃមួយឆ្នាំ ២០១៨
ការងារទី៣ ដែលត្រូវធ្វើ គឺរួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹង។ ត្រង់ចំណុចនេះ ខ្ញុំចង់និយាយថា បៀវត្សត្រូវឡើងជារៀងរាល់ឆ្នំា។ ហើយឆ្នំា ២០១៨ នេះ គឺមិនអោយទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិកទេ។ មិនយកពន្ធលើបៀវត្សកម្រិតត្រឹម ១ លានរៀល។ អនុវត្តន៍ថ្លៃទឹក ថ្លៃភ្លើង របស់រដ្ឋ និងពិនិត្យអនុវត្តន៍ច្បាប់ស្តីពីការជួលផ្ទះ។ ឥឡូវ ហាក់ដូចជាមានការស្រុះស្រួលហើយ ប៉ុន្តែយើងត្រូវធ្វើបន្តទៀត ដែលខ្ញុំបានអំពាវនាវស្នើសុំកុំអោយម្ចាស់ផ្ទះឡើងថ្លៃក្នុងមួយឆ្នំា។ កន្លងទៅគ្រាន់តែលឺថាឡើងប្រាក់ខែ ឯណោះឡើងថ្លៃផ្ទះ។ ឆ្នំាំក្រោយនេះ ឆ្នំា ២០១៨ ស្នើសុំម្ចាស់ផ្ទះទំាងអស់ មេត្តាមួយឆ្នំាកុំឡើង។ អនុវត្តន៍ថ្លៃឆ្នំា ២០១៧ សម្រាប់ឆ្នំា ២០១៨ ចំាដល់ឆ្នំា ២០១៩ ចំាឡើង ដើម្បីយើងចង់ដឹងមើលថា កម្មករម្នាក់ទទួលបានប៉ុន្មាន បន្ទាប់ពីការដែលយើងមិនឡើងថ្លៃផ្ទះ?
បន្ធូរបន្ថយ ថ្លៃទឹក ថ្លៃភ្លើង
ឯចំពោះថ្លៃទឹក ថ្លៃភ្លើង មុននេះកម្មកររបស់យើងបង់ប្រាក់ច្រើនទៅលើថ្លៃភ្លើង។ តាមរយៈនៃការខិតខំរបស់យើងៗ បានទំលាក់ថ្លៃភ្លើងមកនៅត្រឹម ៤១០ រៀល ដែលប្រើប្រាក់ក្រោម ៥០ គីឡូវ៉ាត់ម៉ោង។ មុននេះកំណត់ដោយម្ចាស់ផ្ទះ តែឥឡូវអត់ទេ។ ថ្លៃទឹកក៏សុំបញ្ជាក់ កាលពីមុនយក ២០០០ ឬ ១៥០០ រៀល ឬលើស តែក្រោយមករដ្ឋាករទឹកអោយម្ចាស់ផ្ទះ ១០៣០ រៀល ក្នុងមួយម៉ែត្រគូប ម្ចាស់ផ្ទះលក់អោយកម្មករចំនួន ១២០០ រៀល ក្នុងមួយម៉ែត្រគូប។ ប៉ុន្តែ ៦ ថ្ងៃ រួចមកហើយ កម្មករយើងត្រូវបង់ត្រឹមតែ ៨០០ រៀលបានហើយ ក្នុងមួយម៉ែត្រគូប។ មានន័យថា រដ្ឋាករទឹកលក់អោយម្នាក់ផ្ទះថ្លៃ ៧០០ រៀល ក្នុងមួយម៉ែត្រគូប។ ម្ចាស់ផ្ទះលក់អោយកម្មករគឺ ៨០០ រៀល។ អញ្ចឹងក្មួយៗចំណេញថ្លៃទឹកក្នុងមួយម៉ែត្រគូប ៤០០ រៀលក្នុងម្នាក់។ ដូច្នេះវាជាផលចំណេញមួយទៀតសម្រាប់កម្មករ ដែលរដ្ឋត្រូវបំពេញខាតសម្រាប់ខេត្តកណ្តាល និងទីក្រុងភ្នំពេញប្រមាណជា ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែ ជាមួយគ្នាខ្ញុំអំពាវនាវចំពោះកម្មករ/ការិនីរបស់យើងបង្កើនសមត្ថភាព បង្កើនការចេះដឹងរបស់ខ្លួន ដើម្បីនឹងអនុវត្តជំនាញកាន់តែខ្ពស់ ប្រាក់ខែកាន់តែច្រើន។ ខ្ញុំពិតជាសប្បាយរីករាយដែលសមាគមនិយោជក បានបង្កើតនូវវគ្គបណ្តុះបណ្តាល សម្រាប់ជាមេក្រុម ជាមេផ្នែក ឬខាងរដ្ឋបាល។ តាមរោងចក្រនីមួយៗក៏ត្រូវខិតខំបង្កើននូវចំណេះដឹងរបស់កម្មករកម្មការិនីរបស់យើង។
កិច្ចការទី ៤៖ ការគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ/ចាប់ពី មករា ២០១៨ កម្មករគ្រប់ផ្នែកទទួលសេវាព្យាបាលជំងឺឥតគិតថ្លៃ ពីមន្ទីរពេទ្យរដ្ឋ
ឥឡូវចំណុចទី ៤ គឺផ្តោតទៅលើការគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ។ ដំបូង ខ្ញុំចង់និយាយទៅក្មួយៗទាំងអស់ ប្រហែលជាបានផ្សព្វផ្សាយរួចមកហើយ នៅត្រង់ថា របបសន្តិសុខសង្គមផ្នែកថែទំាសុខភាពកន្លងទៅ ក្មួយៗកម្មករបង់ ៥០% ឯនិយោជកម្ចាស់រោងចក្របង់ ៥០% ប៉ុន្តែចាប់ពី ខែ មករា ឆ្នំា ២០១៨ ទៅ ក្មួយៗបញ្ឈប់ការបង់ចុះ ហើយទុកអោយថៅកែជាអ្នកបង់ជួស។ នោះមានន័យថា ក្មួយៗអាចនឹងសន្សំប្រាក់បានក្នុងមួយខែពី ៨០០០ ទៅ ១៣០០០ រៀលក្នុងមួយខែ។ វាចំនួនច្រើនដែរ អ្នកប្រាក់ខែទាបគឺ បង់ ៨០០០ រៀល អ្នកប្រាក់ខែខ្ពស់គឺ បង់ ១៣០០០ រៀល។ ប៉ុន្តែ ចាប់ពីខែមករា ឆ្នំា ២០១៨ ទៅ ក្មួយៗបញ្ឈប់ការបង់ ហើយម្ចាស់រោងចក្របង់ជំនួស។
ចាប់ពីខែមករា ២០១៨ តទៅ គ្រប់ផ្នែកទំាងអស់ ទំាងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ខ្ញុំចង់និយាយគ្របដណ្តប់ ដែលហៅថាកម្មករ ទំាងផ្នែកកាត់ដេរ ដេរស្បែកជើង កម្មករសំណង់ ទំាងកសិកម្ម ទំាងសណ្ឋាគារ ទាំងវិស្វកម្ម ត្រូវបានទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទំាងអស់។ រដ្ឋគឺជាអ្នកបង់ថ្លៃជំនួស តាមរយៈមូលនិធិសមធម៌ ដែលបាន និងកំពុងអនុវត្ត ជាង ៣ លាននាក់រួចមកហើយ។ ឥឡូវយើងបានអនុវត្តបានជាង ៣ លាននាក់មកហើយ យើងនឹងដាក់កម្មករទំាងអស់ អោយចូលទៅក្នុងប្រព័ន្ធនៃមូលនិធិសមធម៌ ដែលរដ្ឋនឹងត្រូវចំណាយ។ កុំភ្លេចក្មួយៗទៅពិនិត្យផ្ទៃពោះ។ បន្តិចទៀតខ្ញុំនឹងនិយាយដល់ហើយ។ ម៉ោងនេះ ពេលនេះ មានតែរដ្ឋមន្ត្រីហិរញ្ញវត្ថុតែមួយគត់ដែលដឹង ហើយអ្នកដទៃប្រហែលជាចង់ដឹងថា តើ លោក ហ៊ុន សែន ប្រកាសរឿងអី នៅថ្ងៃនេះ?
សង្ឃឹមថា ពីពេលនេះដល់ឆ្នំា ២០១៨ ក្រសួងការងារ និងក្រសួងដែលមានការពាក់ព័ន្ធទំាងអស់ រួមគ្នាដើម្បីរៀបចំអោយហើយស្រេចបាច់ ចាប់ពី ខែ មករា តទៅ អនុវត្តតែម្តង។ ក្រសួងសុខាភិបាលត្រូវត្រៀមលក្ខណៈសម្បត្តិទំាងអស់ សម្រាប់ការឆ្លើយតប ជាមួយនឹងការកើនឡើង នៃចំនួនអ្នកដែលទទួលពិនិត្យព្យាបាលដែលមានចំនួនប្រមាណជាង ១ លាននាក់ទៀត ហើយនឹងអាចកើនលើសពីនេះ នៅពេលដែលសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមិនទាន់បានចុះបញ្ជី ត្រូវបានចុះបញ្ជី។
កម្មករ/ការិនីទំាងអស់ ជិះរថយន្តក្រុងដោយមិនចំាបាច់បង់ថ្លៃ ២ ឆ្នាំ
កម្មករ/ការិនីទំាងអស់ ត្រូវទទួលបាននូវការជិះរថយន្តក្រុងដោយមិនចំាបាច់បង់ប្រាក់រយៈពេល ២ ឆ្នំា។ សាលាក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង ថានឹងពង្រីក … ថ្ងៃ ១ ខែ កញ្ញា។ ដើររួចហើយ។បានជិះខ្លះឬនៅក្មួយៗ? បានខ្លះហើយ។ មើលអ្នកដែលបានលើកដៃបន្តិចមើល។ សុំប្រាប់ណា មិនមែនត្រឹមតែក្មួយៗមកធ្វើការទេ ក្មួយៗចង់ជិះទៅសួរសុខទុក្ខសង្សារក៏មិនចំាបាច់បង់លុយដែរ។ ឥឡូវ ឧទាហរណ៍ ខ្លួនចង់ទៅឫស្សីកែវ … ជិះទៅតាមណាក៏ដោយ ជួនកាលអផ្សុកពេកជិះមើលក្រុង។ គេអត់យកលុយដែរ។ ជិះរហូត ជិះអត់ចុះ។ អញ្ចឹងទេ សុំផ្តាំ តិចទៅថា គេអោយជិះតែមកធ្វើការ។ អត់ទេ។ ជិះរហូត ជិះដើរលេងក៏(បាន) អោយតែមានប័ណ្ណ(សម្គាល់)កម្មករ។ ពីមុននេះ យើងសម្រួលសម្រាប់ព្រះសង្ឃ និស្សិត សិស្ស ជនពិការ និងចាស់ជរា។ ឥឡូវ យើងសម្រួលសម្រាប់កម្មករ ហើយមិនមែនក្នុងវិស័យកាត់ដេរទេ ក្នុងវិស័យសំណង់ និងវិស័យដទៃទៀត ដែលមានប័ណ្ណកម្មករត្រឹមត្រូវ បញ្ជាក់អោយសហគ្រាសរបស់ខ្លួន ក្រុមហ៊ុនរបស់ខ្លួន គឺទទួលបានហើយ។
ប្រាក់បៀវត្ស ១២០% ក្នុង ៣ ខែ ចំពោះកម្មការិនីឆ្លងទន្លេ និងសម្រាក ៣ ខែ/ចេញពីធ្វើការមុន ១៥ នាទី
ខ្ញុំចង់និយាយចំពោះកម្មការិនី។ សង្ឃឹមថា បុរស និងនារីដែលមិនទាន់មានស្វាមី មិនប្រកាន់ខឹងនោះទេ តែទទួលជាការរីករាយទៅវិញ។ ឪពុកម្តាយនៅមូលដ្ឋាន ដែលមានកូនស្រី ស្វាមីដែលមានភរិយា ច្បាស់ជានឹងស្វាគមន៍ នោះនៅត្រង់ថា ទី ១ កម្មការិនីឆ្លងទន្លេត្រូវទទួលបានការសម្រាក ដោយមានបៀវត្ស ១២០% រយៈពេល ៣ ខែ នេះជារឿងដែលត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន។ ខ្ញុំសុំអំពាវនាវអោយបណ្តារោងចក្រនានា (ការ)ផ្តល់ឱកាស ៥ នាទី ហាក់ដូចជាតិចពេក ប្រសិនបើបង្កើនដូចជាសួនវឌ្ឍនៈទី ២ ខ្ញុំគិតថាមិនច្រើនទេ អត្រាគិតអស់ហើយត្រឹម ២,៧%។ បន្តិចទៀត ខ្ញុំនឹងគិតអាហ្នឹង បើសិនជាយើងផ្តល់ឱកាសអោយអ្នកដែលមានផ្ទៃពោះ បានទទួលនូវការចេញមុនរយៈពេល ១៥ នាទី ដូចនៅសួនវឌ្ឍនៈទី ២ … ខ្ញុំអរគុណទុកជាមុន។ សង្ឃឹមថាអស់លោកនឹងធ្វើបាន ដើម្បីបង្កើនភាពងាយស្រួល។ … អោយ(ស្រ្តីមានផ្ទៃពោះ)ទៅ ១៥ នាទីមុនទៅ។ ខ្ញុំគិតថា ម្ចាស់រោងចក្រមិនចិត្តអាក្រក់ទេ …។
គោលនយោបាយគាំពារសង្គមថ្មី ចំពោះកម្មការិនីដែលឆ្លងទន្លេបានកូន ១ ឬកូនភ្លោះ
ខ្ញុំស្នើសុំថា សុំឲ្យអនុវត្តឲ្យបានត្រឹមត្រូវ នូវរបបឈប់សម្រាករបស់ស្ត្រីដែលឆ្លងទន្លេ។ … តាំងពីពេលចាប់ផ្តើមប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយជាតិគាំពារសង្គម ពេលនោះ ខ្ញុំស្នើឲ្យប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច បណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះមុនគេ។ បន្ទាប់ពីការពិនិត្យ ផ្ទៀងផ្ទាត់ ខ្ញុំសូមប្រកាសនៅថ្ងៃនេះ សម្រាប់ក្នុងក្របខណ្ឌកម្មការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ស្ត្រីដែលឆ្លងទន្លេ កើតបានកូនមួយ ត្រូវទទួលបានសាច់ប្រាក់ ៤០ ម៉ឺនរៀលពីរាជរដ្ឋាភិបាល។ ករណីកើតបានកូនភ្លោះពីរ ត្រូវបាន ៨០ ម៉ឺនរៀល ពីរាជរដ្ឋាភិបាល។ ករណីកើតបានកូនភ្លោះ ៣ ត្រូវបាន ១ លាន ២០ ម៉ឺនរៀល ពីរាជរដ្ឋាភិបាល។ អ្នកកើតបានកូនភ្លោះ ៣ ក្រៅពីទទួលពីរាជរដ្ឋាភិបាលហើយ គឺនឹងទទួលពីខ្ញុំថែមទៀត ព្រោះគ្រាន់តែកូនរបស់ខ្ញុំ កូនភ្លោះបីហ្នឹងបានប៉ុន្មានហើយ? (៣១៩គ្រួសារ)។ … ថ្ងៃណាមួយធ្វើពិធីជួបជុំកូនភ្លោះ ៣ តែម្តង ដើម្បីអោយស្គាល់គ្នា។ ខ្លះបានឧបត្ថម្ភតាំងពីនៅក្នុងមន្ទីរពេទ្យ ខ្លះទៅគ្រប់កន្លែងនេះ កន្លែងនោះ គិតធ្វើពិធីមួយ។ អាចនិយាយបានថា ស្ត្រីដែលឆ្លងទន្លេម្នាក់ បានកូនមួយទទួល ១០០ ដុល្លារ កូនភ្លោះ ២ បាន ២០០ ដុល្លារ ហើយបើកូនភ្លោះ ៣ បាន ៣០០ ដុល្លារ។ ជាការផ្តល់សាច់ប្រាក់តែម្តង។ មិនមែនផ្តល់ពេលមានផ្ទៃពោះទេ។ ចាំដល់កើត ចាំផ្តល់។
អនុវត្តន៍មិនថា កូនកើតមកស្លាប់ ឬក៏រស់ ក៏ដោយ ហើយទាំងកម្មការិនីក្នុង និងក្រៅប្រព័ន្ធ
ខ្ញុំគួរបញ្ជាក់ថា បើទោះកូននោះកើតមករស់ ឬកូននោះកើតមកស្លាប់(ក៏ដោយ) បានទទួលដូចគ្នា សូមកុំអោយមានការភ័ន្តច្រលំទៅលើការអនុវត្តលើរឿងនេះ។ ខ្លះកូនសម្រាលមកគឺ វាមិននៅ បែរជាយើងអត់ឧបត្ថម្ភ ជាការអាណោចអាធ័មខ្លាំងណាស់។ គ្នាឯណាបាត់បង់កូន ឯណារបបអត់បានទទួលពីសំណាក់ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ហើយអ្នកដែលត្រូវផ្តល់ គឺបេឡាសន្តិសុខសង្គម ហើយរដ្ឋជាអ្នកផ្តល់ប្រាក់នេះ តាមការគិតជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលកំពុងវេចខ្ចប់ថវិកា។ រដ្ឋត្រូវត្រៀមបំរុងចំណាយក្នុងមួយឆ្នាំប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក ដោយយើងគិតតាមអញ្ចេះ ក្នុងកម្មករ ១ លាន ២ សែននាក់ មានកម្មការិនី ៩ សែន នាក់ អត្រាមានផ្ទៃពោះ ២,៧ ភាគរយ។ អញ្ចឹងក្នុងប្រព័ន្ធដែលបានចុះបញ្ជីរួចហើយនេះ នឹងត្រូវកើត ២៤.០០០ នាក់ ក្នុងមួយឆ្នាំ។
ការពិតអត្រាទាបជាងនេះទេ ប៉ុន្តែដើម្បីយើងត្រៀមថវិការក្សាទុក។ អត្រាកំណើតពិតប្រាកដរបស់យើងស្ថិតក្នុង ចន្លោះ ១,៦ ភាគរយទេ ប៉ុន្តែយើងគិតទៅដល់ ២,៧ ភាគរយ នៃកម្មការិនីដែលឆ្លងទន្លេ។ ថ្ងៃនេះ ក្នុងចំណោមជាង ១ ម៉ឺន នាក់មានតែ ៣១៣ នាក់ តែប៉ុណ្ណោះ។ ចំនួននេះមិនច្រើនពេកទេ ដែលទៅលើសសមត្ថភាពនៃការទទ្រង់សម្រាប់ថវិការបស់យើង។ (សំរាប់កម្មករ)ក្រៅប្រព័ន្ធ យើងគិតអ្នកដែលក្រៅប្រព័ន្ធប្រមាណជា ២ លាន ៤ សែន នាក់ ជាស្ត្រី ក្នុងចំណោមកម្មករ ៣ លាននាក់ ហើយយើងគិតអ្នកដែលមានផ្ទៃពោះជាស្ត្រី(ក្នុងចំណោម) ២ លាន ៤ សែន នាក់ គិតអ្នកដែលមានផ្ទៃពោះ ២,៧ ភាគរយ អញ្ចឹងស្មើនឹង ៦៥.០០០ នាក់។ បើដូច្នោះ ១០ លានដុល្លារ ក្នុង ១ ឆ្នាំ វាមិនរលំសេដ្ឋកិច្ចកម្ពុជាទេ។ នេះជាការចំណាយចំទិស ទៅលើការវិនិយោគទៅលើស្ត្រី មាតា និងទារក ដែលយើងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការលុបបំបាត់ កាត់បន្ថយអត្រាមរណៈរបស់មាតា និងទារក។
អំពាវនាវសហគ្រាសក្រៅប្រព័ន្ធ មិនទាន់ចុះបញ្ជីនៅក្រសួងការងារ ប្រញាប់ចុះដើម្បីទទួលអត្ថប្រយោជន៍
នេះហើយ ជាគោលនយោបាយថ្មីសម្រាប់កម្មករ។ សូមអំពាវនាវអោយសហគ្រាសនៅក្រៅប្រព័ន្ធ ដែលមិនទាន់បានចុះបញ្ជី ប្រញាប់ចុះបញ្ជីនៅក្រសួងការងារដើម្បីអោយកម្មករនិយាយជារួម និងនិយាយដោយឡែកកម្មការិនី ទទួលបានអត្ថប្រយោជន៍។ បើថៅកែមិនព្រមមកចុះបញ្ជីទេ បានសេចក្តីថាកម្មករដែលធ្វើការនៅទីនោះ មិនបានទទួលបានអត្ថប្រយោជន៍ទេ។ អញ្ចឹងអំពាវនាវនៅគ្រប់ទីកន្លែងទាំងអស់ដែលមានកម្មករ ទាំងសណ្ឋាគារ ទាំងស្អីៗ សូម្បីតែអ្នកសំអាតនៅសាលមហោស្រពកោះពេជ្របានសែលហ្វីជាមួយខ្ញុំមួយដែរ អ្នកហ្នឹងក៏ជាកម្មករដែរ។ យើងត្រូវបញ្ជាក់អោយគេថាជាកម្មករ។ យើងត្រូវបែងចែក។ ចំណោទចោទសួរថា ចុះពួកខ្ញុំជាមន្ត្រីម៉េចដែរ? កម្មករចង់សំដៅអ្នកដែល(ប្រើ)ពលកម្មដៃជើង។ អញ្ចឹងអ្នកបោសសំរាម អ្នកអនាម័យនៅក្នុងវិស័យឯកជនរបស់យើង ត្រូវបានទទួលផលប្រយោជន៍ដូចគ្នា …។
ការអនុវត្តគោលនយោបាយនេះ ជាបឋមគឺទៅលើកម្មការិនីដែលត្រូវឆ្លងទន្លេ
រដ្ឋទទួលរ៉ាប់រងក្នុងមួយឆ្នាំ ១០ លានដុល្លារ។ យើងត្រៀមបំរុង ១០ លានដុល្លារ សម្រាប់ឆ្នាំក្រោយ បើចាយមិនអស់ចេះតែគរទុក ដើម្បីបម្រើអោយផ្នែកទាក់ទងជាមួយស្ត្រីមានផ្ទៃពោះ។ លើកនេះយើងប្រើប្រាស់សាច់ប្រាក់តែម្តង។ ពេទ្យព្យាបាលពិនិត្យដោយឥតគិតថ្លៃហើយ មិនថាស្ត្រីកម្មករ ឬស្ត្រីទូទៅទេ សូមអោយស្ត្រីទាំងអស់ដែលមានផ្ទៃពោះ គឺការពិនិត្យផ្ទៃពោះនៅតាមមន្ទីរពេទ្យរដ្ឋដោយគ្មានការបង់ថ្លៃនោះទេ។ ក៏ប៉ុន្តែ សម្រាប់ស្ត្រីដែលឆ្លងទន្លេ គឺអនុវត្តជាបឋមចំពោះតែក្នុងក្របខណ្ឌកម្មការិនី។ ប៉ុន្តែ អ្នកណាក៏ដោយ បើទោះបីជាស្វាមីធ្វើកម្មករ ឬអ្វីក៏ដោយ ស្វាមីក៏នឹងទទួលការសប្បាយរីករាយផងដែរ ឪពុកម្តាយ ជីដូនជីតា ក៏នឹងទទួលបានការសប្បាយរីករាយផងដែរ ហើយអ្នកបានដឹងថា លុយអញ នៅក្នុងដៃរបស់អញ ស្មើនឹង ១០០ ដុល្លារ គឺ ៤០ ម៉ឺនរៀល សម្រាប់ពេលអញឆ្លងទន្លេ ព្រោះថាយើងកំពុងតែជម្រុញឲ្យមានការបំបៅកូនដោយទឹកដោះម្តាយ …។
គោលនយោបាយពិត មិនមែនគោលនយោបាយខ្យល់
ខ្ញុំគិតថា កម្មការិនីរបស់យើងពិតជាទទួលបាននូវផលប្រយោជន៍ ពីការប្រកាសចេញនូវគោលនយោបាយថ្ងៃនេះ។ មិនមែនជាគោលនយោបាយសន្យាខ្យល់ទេ ហើយខ្ញុំក៏មិនមែនដូចគេថា Obama Care ឬ Trump Care នោះទេ។ អានេះ ហ៊ុន សែន ធ្វើតែម្តង មិនចាំបាច់ទៅសុំថវិកា រហូតដល់ Government Shutdown បិទរដ្ឋាភិបាលនោះទេ។ អនុវត្តទៅ ព្រោះរឿងយើងគ្រាន់តែជាការពង្រីកបន្តដំណើរការ ដែលមានស្រាប់ ឬអាចថា វាជាគោលនយោបាយថ្មីលើវិស័យសង្គម សម្រាប់កម្មការិនីរបស់យើង។ សុំគ្រូពេទ្យខិតខំធ្វើឲ្យអស់ពីដៃពីជើង បម្រើទៅដល់ប្រជាពលរដ្ឋរបស់យើង។ សង្ឃឹមថា គ្រូពេទ្យ និងគ្រូគ្រប់ប្រភេទ ដែលទទួលក្របខណ្ឌដែលមានប្រាក់ខែខ្ពស់ជាងផ្នែកដទៃទៀត ជាមួយនឹងគ្រូបង្រៀន យកចិត្តទុកដាក់ឲ្យបានច្រើនជាមួយនឹងសុខុមាលភាពរបស់ប្រជាជន ក្នុងនោះ ក៏មានសុខុមាលភាពរបស់កម្មការិនី ដែលនឹងត្រូវឆ្លងទន្លេ។ ឆ្លងទន្លេនៅផ្ទះក៏ទទួលបានលុយ ឆ្លងនៅពេទ្យក៏ទទួលបានលុយដែរ។ លុយហ្នឹងគឺជាលុយរបស់ខ្លួនតែម្តង។
គោលនយោបាយថ្មីសម្រាប់កម្មការិនីមានផ្ទៃពោះ ចាប់ផ្តើមពី ថ្ងៃ ០១ មករា ២០១៨ ទៅ
… ចាប់ពី ០ ម៉ោង ថ្ងៃ ០១ ខែ មករា ឆ្នាំ ២០១៨ មិនមែនចាប់ពីថ្ងៃនេះទេណា បានសេចក្តីថា ចែកថ្ងៃ ចែកឆ្នាំ។ គេចែកនៅត្រឹមយប់ថ្ងៃ ៣១ យើងឆ្លងឆ្នាំ បាញ់កាំជ្រួចហើយភ្លាម ចូលខែ មករា ពាក់កណ្តាលអាធ្រាត។ ចាប់ពីហ្នឹងទៅ អ្នកណាកើតក្រោយហេង។ ប៉ុន្តែ ខ្ញុំកំពុងគិតថា ចុះបើគ្នាកើតមុន ៣ ម៉ោង ឬមួយថ្ងៃ គិតយ៉ាងម៉េច? ប្រហែលជាពេលនោះត្រូវស្រង់ស្ថិតិហើយ។ ប៉ុន្តែ ជាគោលការណ៍ គឺ ០ ម៉ោង ថ្ងៃ ០១ ខែ មករា ឆ្នាំ ២០១៨ ទើបចាប់ផ្តើមអនុវត្ត។ ពេលដែលមានកម្មការិនីឆ្លងទន្លេ គឺប្រាក់នឹងត្រូវទៅដល់ មិនថានៅក្នុងមន្ទីរពេទ្យ ឬក៏នៅតាមផ្ទះនោះទេ ជាប្រាក់របស់គេដែលត្រូវទទួលបានសម្រាប់ទារកម្នាក់ៗ។
២០១៩ ចាប់អនុវត្តរបបសោធននិវត្តន៍សម្រាប់កម្មករ វិស័យឯកជន
កិច្ចការទី ២ ក៏សូមបញ្ជាក់ជូនកម្មករ/ការិនីផងដែរថា ចាប់ពី ឆ្នាំ ២០១៩ ទៅ នឹងដាក់ឲ្យអនុវត្តរបបសោធននិវត្តន៍ ដែលពេលនោះកម្មករ/ការិនីរបស់យើង ក៏មានប្រាក់រឺត្រែត ឬប្រាក់សោធននិវត្តន៍នោះ ដូចមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដទៃទៀតដែរ។ អញ្ចឹងមានអីទៅខុសគ្នា រវាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាមួយនឹងកម្មករនៅក្នុងវិស័យឯកជន បើក្នុងវិស័យនេះ ក៏មានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរនោះ។ ប៉ុន្តែ ដើម្បីបានទទួលនូវប្រាក់សោធននិវត្តន៍ ឲ្យបានត្រឹមត្រូវ យើងត្រូវធ្វើការងារឲ្យត្រូវនឹងលក្ខខណ្ឌដែលបានកំណត់ មិនមែនចូលមួយថ្ងៃពីរថ្ងៃ រួចហើយទៅទារប្រាក់ចូលនិវត្តន៍ អាហ្នឹងវាអត់បានទេ។ មន្រ្តីរាជការក៏ត្រូវធ្វើការរយៈពេល ២៥ ឆ្នាំ ទើបបានប្រាក់ចូលនិវត្តន៍។ អម្បាញ់មិញ មានម្នាក់ថាធ្វើការបាន ១៥ ឆ្នាំទៀត ចូលនិវត្តបាន។ ឧទាហរណ៍ថា ឥឡូវថា យើងមានប្រាក់ខែ ៣០០ ដុល្លារ ដល់ចូលនិវត្តព្រឹប គឺនៅសល់ ៨០ ភាគរយ។ បើ ៨០ ភាគរយ វាស្មើនឹង ២០០ ជាងដុល្លារដែរ ចាយដោយមិនចាំបាច់ដល់ការសុំពីកូន …។
កិច្ចការទី ៥៖ ដោះស្រាយបញ្ហាពលករធ្វើការក្រៅស្រុក
ចំណុចទី ៥ ដែលជាចំណុចចុងក្រោយ យើងបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពលកររបស់យើង ដែលកំពុងធ្វើការនៅក្រៅប្រទេស ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ នៅក្រៅប្រទេស ហើយពង្រីកថែមទៀតនូវទីផ្សារការងារដែលមាននៅក្រៅប្រទេស។ បងប្អូននៅក្រៅប្រទេសត្រូវដឹង ដើម្បីបងប្អូនអាចនៅក្នុងប្រទេសថៃបាន គឺតម្រូវឲ្យមានការចរចា និងធ្វើការងារជាច្រើនជាមួយរដ្ឋាភិបាលថៃ។ ឥឡូវ កំពុងតែបែងចែកនូវលិខិតឆ្លងដែន។ ការធ្វើយុទ្ធនាការដើម្បីបង្គ្រប់នូវភាពស្របច្បាប់នៅក្នុងប្រទេសថៃ។ យើងបានប្រឹងប្រែងចរចាាមមិនថានៅក្នុងមន្ទីរពេទ្យងៃ ០១ ងគិតថា ចុះបើគ្នាកើតមុន ៣ជាមួយកូរ៉េ ជាមួយជប៉ុន ដើម្បីបញ្ជូនពលកររបស់យើងទៅទីនោះ។ មិនមែនមានតែខ្មែរទេ ដែលបញ្ជូនពលករទៅខាងក្រៅ។ ប្រទេសថៃខ្លួនឯងដែលខ្វះកម្មករ គេបានបញ្ជូនពលកររបស់គេ ដើម្បីទៅយកប្រាក់ខែខ្ពស់ជាងនៅកូរ៉េ នៅជប៉ុន នៅតៃវ៉ាន់ នៅអារ៉ាប់ប៊ីសាអូឌីត និងប្រទេសអារ៉ាប់មួយចំនួនទៀត។ ប្រទេសដែលខ្វះពលករពិតប្រាកដ គឺមានសាំងហ្គាពួរ និងម៉ាឡេស៊ី ឯហ្វីលីពីន គឺជាប្រទេសដែលមានពលករច្រើនជាងគេ រហូតទៅដល់ជាង ១២ លាននាក់ ដែលត្រូវបញ្ជូនចេញទៅធ្វើការនៅឯក្រៅប្រទេស។ ជនជាតិហ្វីលីពីនជិត ១ ម៉ឺននាក់ ដែលមកធ្វើការនៅប្រទេសយើង។
យើងបានធ្វើឲ្យមានការផ្លាស់ប្តូរហើយ ពីសង្រ្គាម មកជាសន្តិភាព
ថ្ងៃនេះ ខ្ញុំបាននិយាយអស់ពីចិត្ត ទៅលើកិច្ចការដែលយើងប្រឹងធ្វើទាំងអស់គ្នា។ សង្ឃឹមថា ក្មួយៗនឹងចងចាំថា អ្វីដែលយើងបាន និងកំពុងមានសព្វថ្ងៃ គ្មានអ្នកណាក្រៅពីគណបក្សប្រជាជន ហើយខ្ញុំបានរួមដំណើរជាមួយអ្នកទាំងអស់គ្នា ក្នុងរយៈពេលជាង ៤០ ឆ្នាំមកហើយ ដើម្បីបង្កើតឡើងនូវស្ថានភាពបែបនេះ។ ជាមួយនឹងការខិតខំទាំងអស់នេះ យើងមានសង្ឃឹមថា ដំណើរឈានឡើងរបស់យើង នឹងបន្តទៅមុខដោយភាពងាយស្រួល។ យើងបានធ្វើឲ្យមានការផ្លាស់ប្តូរពីរបបវាលពិឃាដ មកកាន់ស្ថានភាពក្នុងឋានៈការរស់នៅជាមនុស្ស ដែលមានសេរីភាព។ យើងបានធ្វើឲ្យមានការផ្លាស់ប្តូររួចមកហើយ ពីស្ថានភាពដែលមានសង្គ្រាមផង មានសន្តិភាពផង មកជាប្រទេសដែលមានសន្តិភាព។ យើងបានប្រែក្លាយធ្វើឲ្យមានការផ្លាស់ប្តូរពីស្ថានភាពដ៏លំបាកលំបិន មកស្ថានភាពដ៏ងាយស្រួលមួយនេះ។ នោះហើយគឺជាការផ្លាស់ប្តូរពិតប្រាកដនៅក្នុងជីវិតរបស់យើង។ មិនមែនជាការផ្លាស់ប្តូរតាមរបៀបនៃការបំផ្លាញជាតិ ហើយដែលមានលំនាំដូចនៅប្រទេសដទៃ និងនៅកម្ពុជានាទសវត្សរ៍ ១៩៧០ នៃរបប លន់ នល់ និងរបប ប៉ុល ពត នោះទេ។
បន្តបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោត ២ អាណត្តិខាងមុខទៀត
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កម្មករ/ការិនីរបស់យើង ចំនួន ១០.៦៣៩ នាក់ ក្នុងម្នាក់ៗថវិកាត្រឹមតែ ២ ម៉ឺនរៀលទេ ក្មួយៗអើយ! ហើយជូនក្រុមតន្រ្តីសម័យចំនួន ២ លានរៀលដែរ។ ហើយកុំភ្លេចណាត្រៀមខ្លួន ចម្រៀង កន្សែងក្រហម កុំចោល ពេលដែលខ្ញុំរួចកម្មវិធីទៅ គឺថាដាក់ កន្សែងក្រហម មួយភ្លាម។ ឯសម្រាប់ក្មួយៗខាងនេះ ខ្ញុំគិតថា អ្នកទាំងឡាយមិនច្រណែនទេ ខ្ញុំនឹងជួបជាមួយក្មួយៗ ដើម្បីជូនដោយផ្ទាល់ដៃនូវថវិកាកញ្ចប់មួយ ប៉ុន្តែ មិនដឹងថាប៉ុន្មានទេ ចាំយកទៅបើកមើលខ្លួនឯងទៅ។ ប៉ុន្តែ មានអ្នកខ្លះអាចពន្យារដល់ថ្ងៃទី ០១ មករា ឬអត់? អ្នកណាទើបនឹង ៥ ខែ? (សួរកម្មការិនី)។ ហើយខ្ញុំនឹងទៅមើលកន្លែងការងារមួយ ដែលឈ្មោះថា រោងចក្រ New Orient សម្រាប់ជាការអបអរសាទរ សម្រាប់ជោគជ័យនៃសួនឧស្សាហកម្មកាណាឌីយ៉ា ក៏ដូចជាជោគជ័យនៃបណ្តារោងចក្រ និងដំណើរជឿនលឿនទៅមុខរបស់កម្មករ/ការិនី។ ខ្ញុំសង្ឃឹមទុកចិត្តលើកម្មករ/ការិនីរបស់យើង សម្រាប់ការបោះឆ្នោតជាបន្ត។ ខ្ញុំសម្រេចចិត្តប្រកាសថា ខ្ញុំនឹងបន្តកាន់ដំណែងជានាយករដ្ឋមន្រ្តីសម្រាប់រយៈពេល ២ អាណត្តិបន្តទៀត។ មុននេះ ខ្ញុំមានការស្ទាក់ស្ទើរ តើខ្ញុំសម្រេចចាកចេញនៅពេលណា? ប៉ុន្តែ បន្ទាប់ពីឃើញព្រឹត្តិការណ៍ដ៏គួរឲ្យឈឺចាប់នៃអំពើក្បត់ជាតិរបស់ជនជាតិខ្មែរខ្លះ ដែលត្រូវបានចាប់ខ្លួនរួចមកហើយ និងអាចមានខ្លះទៀត ខ្ញុំសម្រេចចិត្តបន្តការងាររបស់ខ្ញុំរយៈពេលមិនតិចជាង ១០ ឆ្នាំ ទៀតទេ។ សង្ឃឹមថា ក្មួយៗជាកម្មករ/ការិនីផ្ទាល់ បោះឆ្នោតឲ្យពូ។ ក៏ផ្តាំទៅសម្រាប់ក្រុមគ្រួសារ ដើម្បីបន្តការបោះឆ្នោត ខ្ញុំនឹងបន្តវត្តមាន ដើម្បីរួមគ្នាថែទាំរោងចក្រ ថែទាំអ្វីៗដែលយើងបានកសាង មិនឲ្យជនណាមួយបំផ្លាញសេចក្តីសុខរបស់បងប្អូនទេ។
សូមជនបរទេសទាំងឡាយ កុំច្រណែននឹងខ្ញុំ។ នៅលើពិភពលោកនេះ ខ្ញុំបានធ្វើនាយករដ្ឋមន្រ្តីយូរជាងគេនៅលើពិភពលោក។ ពីមុន ក្មេងជាងគេលើពិភពលោក ឥឡូវទៅជាអ្នកដែលយូរជាងគេ មិនមែនចាស់ជាងគេទេ។ ខ្ញុំមានលទ្ធភាពដើម្បីនឹង(បន្ត)ធ្វើ នឹងចូលនិវត្តន៍នៅក្នុងអាណត្តិទី ៨ ខាងមុខនេះ ខាងមុខនេះទី ៦ នៅទី ៧ ចាំដល់ទី ៨ ចាំគិត ហើយបើអ្នកឯងនៅតទៀត នៅធ្វើទៀត។ ចុះខ្លះអាយុ ៨០ ហើយនៅធ្វើបាន រឿងអីខ្ញុំពេលនោះទើបនឹង ៧៥ ធ្វើមិនបាន? ឥឡូវទើបនឹង ៦៥ ឆ្នាំ … រាល់ថ្ងៃរត់ និងដើរ ៧៥ នាទី ដើរលើម៉ាស៊ីន ហើយជិះកង់ ៨៥ នាទី។ ដូច្នេះ កម្ទេចគេហៅថា កាឡូរី ឡើង ៦០០ ឯណោះ ដូច្នេះវានឹងធ្លាក់(គីឡូ)។ … រោងចក្រសហគ្រាសដែលមាននៅកម្ពុជា ដូចជាកូនបង្កើតរបស់ខ្ញុំ ព្រោះខ្ញុំបានដឹកនាំប្រទេសនេះ តាំងពីរួមដំណើរជារដ្ឋមន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តី និងជានាយករដ្ឋមន្រ្តី ក្នុងតំណែងនាយករដ្ឋមន្រ្តីជិត ៣៣ ឆ្នាំហើយ បើបូកសរុបទាំងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសផង គឺជិត ៣៩ ឆ្នាំ ហើយ។ ដូច្នេះ ដំណើរឈានឡើងរបស់ជាតិនេះ ផ្សារភ្ជាប់បេះមិនដាច់ពីតួនាទីរបស់ ហ៊ុន សែន ទេ។ ហ៊ុន សែន មានសិទ្ធិគ្រប់គ្រាន់ដើម្បីទៅកន្លែងណាដែលខ្លួនចង់ទៅ រាប់ទាំងតាមទៅមើលក្មួយស្រីម្នាក់ដែលឆ្លងទន្លេអម្បាញ់មិញ។ ឆៀងទៅមួយភ្លែតក៏មិនទាស់ខុសអីដែរ …។
ហើយចុងបញ្ចប់ហើយ ជាមួយនឹងការអបអរសាទរនេះ សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ
និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕