សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកសាសនា នៃប្រទេស ម៉ាឡេស៊ី

បន្ទាប់ពីបាន​អញ្ជើញចូលរួមក្នុង ពិធីសម្ពោធវិហារខ្មែរឥ​ស្លាមនៅទីរួម​ខេត្តកំពង់​ចាមកាលពីព្រឹក​មិញ​ហើយ នៅរសៀល​ថ្ងៃទី០៤ ខែកញ្ញា នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​អញ្ជើញជួប​ពិភាក្សា​ការងា​រជាមួយឯកឧត្តម Dato Sri Jamil Khir រដ្ឋមន្ត្រីទីស្តីការ​គណៈរដ្ឋមន្ត្រីទទួល បន្ទុកសាសនា របស់ប្រទេសម៉ាឡេស៊ី ។

ឯកឧត្តម Dato Sri Jamil Khir ធ្លាប់បានមកកម្ពុជាម្តងរួចមកហើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានឃើញ​កម្ពុជា ពេលនេះ​មានការ​ខុស​ប្លែក​ស្ទើរ​ទាំង​ស្រុង​ពីពេល​មុន។ ឯកឧត្តម​បាន​ឃើញ​កម្ពុជាមាន​សុខ​សន្តិភាព និងរីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។ នៅក្នុងដំណើរ​បំពេញ​ទស្សនៈកិច្ច​ពេលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កេត​ឃើញថាទាំងប្រជាជនកម្ពុជា​ក៍ដូចជា​អ្នកកាន់​សាសនាឥស្លាម​គឺមាន​ការគោរព​ស្រឡាញ់យ៉ាងខ្លាំងចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសនៅក្នុង​ពិធី​សម្ពោធព្រះវិហា​រឥស្លាម នៅទីរួមខេត្ត​កំពង់ចាម​កាលពីព្រឹកមិញ​នេះគឺជាសក្ខីភាពស្រាប់។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងមានក្តី​សោមនស្ស​រីករាយ ​ដែលបាន​ជួបពិភាក្សាការងារ​ជា មួយឯកឧត្តមរដ្ឋមន្រ្តី Dato Sri Jamil Khir ថ្ងៃនេះ។ សម្តេច​តេជោ ក៏បានជំរាបជូនផងដែរថា កម្ពុជាពិតជា​មានការ​ផ្លាស់ប្តូរដ៏ធំមែន គឺការអភិវឌ្ឍ សេ្ថរភាពនយោបាយ និងសង្គម ព្រមទាំងសន្តិភាពពេញលេញ ដែលកំពុងផ្តល់ឱកាសគ្រប់បែបយ៉ាងដល់ពលរដ្ឋ។ ការរីកចម្រើនសព្វថ្ងៃ ជាពិសេសវិស័យសំណង់ ដែលកម្ពុជាកំ​ពុងរីកលូតលាស់​យ៉ាងខ្លាំងដូច ដែលយើងបាន​ឃើញនូ​វអគារខ្ពស់ៗ​យ៉ាងច្រើន​ក្នុងទីក្រុង។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថាការ​អភិវឌ្ឍទាំងនេះមិនអាចកាត់ផ្តាច់​បានពីការជួយឧបត្ថម្ភ និងការវិនិយោគមក​ពីបរទេស​បានឡើយ ជាពិសេសពីការវិនិយោគទុន​មកពី​ប្រទេស​ម៉ាឡេស៊ី។ សម្តេចតេជោ បានបញ្ជាក់ផងដែរ​អំពីទំនាក់ទំនង​ល្អរវាងប្រជាជនកម្ពុជា គឺមិនប្រកាន់ថាជាព្រះពុទ្ធសាសនា ឬ ឥស្លាមសាសនា​នោះទេ គឺពលរដ្ឋមាន​ភាពជិតស្និទ្ឋ។ ទំនាក់ទំនង​ដ៏ជិតស្និទ្ឋប្រកប​ដោយក្តី​ស្រឡាញ់ ចំពោះ​ប្រជាព​លរដ្ឋ គឺសម្តេច​បានផ្សារ​ភ្ជាប់​តាមរយៈ​ការអញ្ជើញចុះជួបសួរ​សុខទុក្ខ និងចុះជួយ​ប្រជាពលរដ្ឋ ជាពិសេស​ក្នុងពេល​ដែល​កម្ពុជាកំ​ពុងតែ​ជំរុញការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​នៅ​ពេលនោះ គឺសម្តេច​តេជោ មានវត្តមាន​នៅក្នុង​វាល​ស្រែ និងតាមប្រឡាយ​ទឹកក្នុងការ​ជួយដល់កសិករ។ នៅពេលនេះ កម្ពុជាកំពុងតែជំរុញ​ការ​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម ស្របតាម​គោលន​យោបាយឧស្សាហកម្មឆ្នាំ (២០១៥-២០២៥) ដែល សម្តេចតេជោ កំពុងអញ្ជើញចុះជួបសួរសុខទុក្ខ និងជួយបងប្អូនកូន​ក្មួយកម្មករ កម្មការិនី និយោជិត និង​និយោជក​ជារៀងរាល់សប្តាហ៍។ ចំពោះសិទ្ឋិជំនឿសាសនា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា ទោះបីកាន់សាសនាឥស្លាមក៏ដោយ ក៏បានចូលរួមចំណែកយ៉ាង​ខ្លាំងក្នុង​ការអភិវឌ្ឍ​សង្គមកម្ពុជា ជាពិសេសលើ​វិស័យ​កំណែរទម្រង់ឡូត៍នេសាទ ដែលប្រជាពលរដ្ឋ កាន់សាសនាឥស្លាមបានជួយលើវិស័យ នេះយ៉ាងច្រើន។

ដោយឡែកលើវិស័យអប់រំ និងការងារផ្សេងៗ នៅកម្ពុជា គឺមិនមាន​ការកាត់ផ្ដាច់ បែងចែកប្រជា​ពល​រដ្ឋអ្នកកាន់​សាសនា​នេះឬសាសនា​នោះឡើយ។ នៅក្នុងកិច្ចពិភាក្សារ​សៀល​នេះ សម្តេច​តេជោ បានស្នើសុំ​ឲ្យលោក​រដ្ឋមន្ត្រី ជួយជំរុញដល់កា​របណ្តុះប​ណ្តាលផ្នែក​ហាឡាល់ ដល់ប្រជាពល​រដ្ឋកាន់​សាសនា​ឥស្លាម និងជួយជំរុញអ្នក​វិនិយោគ​គិនឥស្លាម មកកាន់​កម្ពុជា​អោយបានច្រើន ដើម្បីជំរុញ​ការផលិត​ម្ហូបអាហារ​ហាឡាល់​សម្រាប់ការនាំ​ចេញ ព្រមទាំជួយ ជំរុញការ​វិនិយោគ​លើវិស័យ​ផ្សេងៗទៀត ដើម្បីរួម​ចំណែក​ជំរុញការ​អភិវឌ្ឍ​កម្ពុជា​អោយបាន​លឿនទៅមុខ។

ឯកឧត្តមករដ្ឋមន្ត្រី Dato Sri Jamil Khir បានគាំទ្រសំណើរ​របស់ សម្តេចតេជោ ហ៊ុន សែន ហើយ​លោក​​នឹងខិត​​ខំជំរុញវិ​ស័យ​នេះអោយ​បានក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ កិច្ចប្រជុំ​ពិភាក្សាកាល​ពីរសៀល​ថ្ងៃនេះ គឺបានបញ្ចប់​ដោយ​បរិយាកាស​រីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ