ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ននានា ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី សរុបប្រមាណ ៥០០នាក់។

ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ក៏ដូចជា២លើកកន្លងមក គឺមានគោលបំណងធ្វើសុខដុមនីយកម្ម និងពង្រឹងការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឱ្យមានឯកភាព ឯកសណ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវឯកភាពផ្នែករដ្ឋបាល ដែលជាកត្តាមួយយ៉ាងសំខាន់នៃឯកភាពជាតិ ស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលត្រូវបានដាក់ឱ្យអនុវត្តដោយអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក៏ដូចជាដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានគុណភាព និងសង្គតិភាព សំដៅធានាសន្តិសុខគតិយុត្ត និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍ដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ ហើយប្រទេសខ្លាំងរំលោភប្រទេសខ្សោយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយឯកតោភាគី ចាកចេញពីគោលការណ៍ពុហភាគី ដែលជាគោលការណ៍ដ៏សំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ក៏ដូចជាសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងហានិភ័យផ្សេងៗទៀត ទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យកម្ពុជាយើងដែលជាប្រទេសតូច និងទន់ខ្សោយ បានស្ថិតនៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់ ដែលជាការគំរាមកំហែងទៅដល់អត្ថិភាពរបស់ជាតិយើង។ ចំពោះមុខស្ថានភាពនេះទាមទារឱ្យយើងទាំងអស់ត្រូវបន្តខិតខំកសាងពង្រឹងខ្លួន និងអភិវឌ្ឍជាតិឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។ ជាការពិតយើងមានការដ្ឋានច្រើន ដែលត្រូវយកមកគិត និងត្រូវយកមកធ្វើ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងពេលនេះជាងពេលណាៗទាំងអស់ យើងចាំបាច់ណាស់ត្រូវតែកសាងប្រព័ន្ធច្បាប់រឹងមាំ ដែលជាសមាសធាតុមួយមិនអាចខ្វះបានក្នុងការលើកស្ទួយនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការពង្រឹងការកសាង និងការអភិវឌ្ឍជាតិយើង ឱ្យងើបឡើង និងឱ្យខ្លាំងក្លាឡើង ទោះបីជាកម្ពុជាយើងជាប្រទេសតូចក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីទស្សនៈរួមក្នុងការរៀបចំច្បាប់ និងការកសាងនីតិរដ្ឋនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា នីតិរដ្ឋ គឺជាចន្ទុល ឬសសរស្ដម្ភមួយ ដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងរដ្ឋ។ ទស្សនាទាននីតិរដ្ឋនេះ បានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ និងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ រហូតមកដល់យុទ្ធសាស្រ្តបញ្ចកោណ ពោលគឺកម្ពុជាបានទទួលយកនូវគោលការណ៍នីតិរដ្ឋជាធំ ក្នុងការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ឯកឧត្តមបានបន្តថា ដើម្បីពង្រឹងនីតិរដ្ឋ គឺ៖ ទី១.ត្រូវកសាងប្រព័ន្ធច្បាប់មួយដែលមានបូរណភាពភាពពេញលេញគ្រប់ជ្រុងជ្រោយ និងទី២.ត្រូវបណ្តុះនិងលើកស្ទួយវប្បធម៌នីតិរដ្ឋ ដែលមានន័យថា ប្រជាជនយើងម្នាក់ៗ មានការយល់ដឹង និងមានវប្បធម៌គោរពច្បាប់ទាំងអស់គ្នាទាំងអ្នកអនុវត្ត ទាំងអ្នកទទួលរង ដោយភ្ញាក់រលឹក និងដោយយល់ដឹង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍ចំនួន៧ ចំណុច ដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល មានដូចតទៅ ៖
ទី១. រដ្ឋធម្មនុញ្ញកម្ពុជា មានចែងយ៉ាងច្បាស់អំពីគោលការណ៍សមភាពចំពោះមុខច្បាប់ ដែលទាំងអស់គ្នាត្រូវគោរពច្បាប់ និងមិនមាននរណាម្នាក់នៅលើច្បាប់ទេ។ ដូចនេះ ជាទស្សនវិជ្ជានៃការរៀបចំប្រព័ន្ធច្បាប់ ដែលមិនអាចខ្វះបាន គឺច្បាប់នោះត្រូវតាក់តែងឱ្យបានល្អ ដោយកំណត់នូវរាល់វិធាននានា ឱ្យច្បាស់លាស់ និងត្រូវតែមានប្រសិទ្ធភាព មានប្រយោជន៍ បម្រើមនុស្ស បម្រើសង្គមជាតិកម្ពុជា ព្រមទាំងត្រូវស័ក្តិសមទៅនឹងតថភាពជាក់ស្តែងរបស់កម្ពុជា ដោយបង្កប់នូវគុណតម្លៃល្អៗ ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ផងដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់គុណតម្លៃសកលផងដែរ តែមិនត្រូវយកគុណតម្លៃសកលនេះមកសង្កត់យើងនោះទេ ពោលគឺយើងមានសេរីភាពសម្រេច និងជ្រើសរើសអ្វីដែលជារបស់ខ្លួនឯង។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort