សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!
ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។
ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន
យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។ នេះគ្រាន់តែផ្ដាំទុកអោយហើយ បន្ដិចទៀតយើងជួបគ្នា។
ខ្លាច ២ ចំណុច ខ្លាចភ្លេងគោរពទង់ជាតិមិនឮ និងមេក្រូដាច់អ៊ីសេ
និយាយបន្ដិចទៅចុះ ខ្លាចជាងគេ ខ្លាចពីរចំណុច។ ទី ១ គឺចំណុចគោរពទង់ជាតិ (ដែលអម្បាញ់)មិញប៊ិះអត់ចេញ។ ទៅត្រង់ណា ឆុងកន្លែងគោរពទង់ជាតិហ្នឹងតែម្ដង។ ឥឡូវសូមផ្ដាំអោយហើយ គឺថា បើវាលំបាកពេក គឺគ្រប់កន្លែងយកមេក្រូរបស់ខ្ញុំ យកមកដាក់តែម្ដង។ ទៅខេត្តកំពង់ចាមម្ដង កាលពីទសវត្សរ៍ទី ៨០ (ពេល)គោរពទង់ជាតិ គោរព ស្រាប់តែចេញ “ឱ!ស្នេហ៍មាសបង”។ វាចេញអញ្ចុះទៅវិញ ធ្វើម៉េចវា។ ការពិត គេដាក់កាសែត ដែលកាលហ្នឹងជំនាន់ម៉ាញេតូហ្វូន គេដាក់កាសែតសម្រាប់គោរពទង់ជាតិរួចហើយ ប៉ុន្តែដល់ពេលយប់ បងប្អូនអ្នកយាមនៅកន្លែងហ្នឹង វាអផ្សុក គឺវាចាក់ចម្រៀងទៅ។ ដល់ចាក់ចម្រៀងទៅ វាភ្លេចដោះ(កាសែតចម្រៀង)ចេញ។ ដល់ពេលគោរពទង់ជាតិ គោរព ចេញ “ឱ!ស្នេហ៍មាសបង” មកបណ្ដោយ។ ហើយអម្បាញ់មិញនេះ ចេញមកបន្ដិចៗ ទម្រាំបានឮ គឺអស់មួយសន្ទុះ។ អាហ្នឹងខ្លាចទី ១។ ខ្លាចទី ២ គឺដាច់ក្បាលអ៊ីសេនេះ។
៣ ដំណាក់កាល ដើម្បីសន្ដិភាពកម្ពុជា៖ នៅខ្សែត្រៀមជួរមុខជាមួយកងទ័ព ទៅក្រៅប្រទេសចរចារកសន្តិភាព និងអនុវត្តនយោបាយឈ្នះឈ្នះ
យ៉ាងណាក៏ដោយ ថ្ងៃនេះ យើងបានជួបជុំគ្នា ហើយប្រហែលជាក្មួយៗ ក៏ដូចជាឪពុកម្ដាយក្មួយៗ ឬក៏ជីដូនជីតាក្មួយៗ អាចមើលឃើញនូវសកម្មភាពរបស់ខ្ញុំ ដែលអាចចែកចេញជា ៣ ដំណាក់កាលសំខាន់។ ដំណាក់កាលទី ១ នៅពេលវេលាដែលប្រទេសមានសន្ដិភាពផង មានសង្រ្គាមផង ជាពិសេស សម័យកាល នៃការដែលមានសន្ដិភាពផង និងមានសង្រ្គាមផងនោះ គេបានសង្កេតឃើញខ្លួនខ្ញុំ គឺភាគច្រើនទៅឯខ្សែត្រៀមជួរមុខ ដើម្បីចូលរួមជាមួយកងទ័ព ពិនិត្យទៅលើសភាពការណ៍ ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈសកម្មភាពយោធា។ មួយផ្នែកទៀត គេបានឃើញខ្លួនខ្ញុំតែងមានវត្តមាននៅឯក្រៅប្រទេស ដើម្បីចរចាស្វែងរកដំណោះស្រាយសម្រាប់សន្ដិភាពរបស់កម្ពុជា។ ហើយដំណាក់កាលចុងក្រោយ គឺការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលជាថ្មីម្ដងទៀត បានយកជីវិតធ្វើដើមទុន ដើម្បីនឹងធ្វើអោយប្រទេសនេះ មានសន្ដិភាព និងមានការឯកភាពទឹកដី។
ដំណាក់កាលសំណេះសំណាល និងធ្វើវេទិកាសាធារណៈ
ដំណាក់កាលក្រោយមកទៀត គេបានសង្កេតឃើញខ្លួនខ្ញុំថា យើងបានធ្វើដំណើរយ៉ាងច្រើនទៅកាន់ទីជនបទ ទៅកាន់វាលស្រែ ទៅកាន់ប្រឡាយទឹក ទៅកាន់ទំនប់ទឹក ហើយក៏ធ្វើវេទិកាសាធារណៈ និងសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ កសិករនៅតាមវាលស្រែតែម្ដង។
ក្នុងរយៈពេលចុងក្រោយនេះ គេបានឃើញខ្លួនខ្ញុំនៅថ្ងៃនេះ គឺជាវគ្គទី ៤។ ហើយបើនិយាយពីវគ្គដែលមានមនុស្សចូលរួមច្រើន គឺវគ្គទី ២ បន្ទាប់ពីអាទិត្យមុននេះ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ហើយថ្ងៃនេះ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ដែលមានកម្មករ/ការិនីចូលរួមជាង ១០.០០០ នាក់។
ជាមួយនឹងជំនួបរៀងរាល់ថ្ងៃអាទិត្យ ជាមួយនឹងប្រធានក្រុម ប្រធានផ្នែក ផ្នែកជំនួយការ ក៏ដូចជាប្រធានរដ្ឋបាល។ ដែលនៅទីនេះ ក៏បានចូលរួមមានប៉ុន្មាននាក់ ហើយម្នាក់បាន selfie ជាមួយខ្ញុំអម្បាញ់មិញ (បាននិយាយ)ថា កាលពីទៅកោះពេជ្រនោះ គឺមិនបាន selfie ទេ។
ជោគជ័យលើវិស័យកសិកម្ម
ហេតុអ្វី? នេះជាដំណើរដែលយើងត្រូវផ្ដល់ការយកចិត្តទុកដាក់ ជាមួយជោគជ័យដែលមានរួចទៅហើយ ទៅលើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាមុននេះ ធ្លាប់តែខ្វះស្បៀង ក្លាយទៅជាប្រទេសដែលមានស្បៀងសល់ចំនួនជាង ៥ លានតោន សម្រាប់ការនាំចេញ គិតតែស្រូវទេ យើងមិនគិតទៅដល់ពោត ទៅដល់ដំឡូង និងគិតទៅដល់ផ្នែកដទៃទៀត ដែលអង្គការស្បៀងអាហារពិភពលោកចាត់ទុកថា ជាស្បៀងនោះដែរ។
ពីប្រទេសដែលមានការនាំចូលអង្ករពីប្រទេសជិតខាង និងការផ្ដល់ជំនួយជាស្បៀង។ ឥឡូវយើងមានលទ្ធភាពដើម្បីនាំស្បៀងទៅក្រៅប្រទេស។ នោះហើយ គឺជាជោគជ័យនៅក្នុងវិស័យកសិកម្ម។
ជំរុញការអនុវត្តនូវនយោបាយឧស្សាហកម្ម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ប៉ុន្តែ បើធ្វើតែកសិកម្មមួយមុខ កម្ពុជាច្បាស់ជាមិនធ្វើការអភិវឌ្ឍជឿនលឿនបានទេ។ វាខុសគ្នាជាមួយនឹងទ្រឹស្ដីរបស់ ប៉ុល ពត ដែលចាត់ទុកថា “មានស្រូវ គឺមានអ្វីៗទាំងអស់”។ សម្រាប់យើង គឺជារដ្ឋបែបទំនើប ជារដ្ឋ ដែលអនុវត្តនូវរបបសេដ្ឋកិច្ចទីផ្សារ។ ហើយដែលខ្ញុំបានឃើញមានការរំលឹករបស់ប្រធានគណៈប្រវត្តិសាស្រ្តរបស់គណបក្ស ហើយថ្ងៃនេះ ប្រហែលជាសម្ដេចពិជ័យសេនា ទៀ បាញ់ នៅបាននឹកឃើញថា នៅក្នុងទសវត្សរ៍ ៨០ អ្វីដែលខ្ញុំបាននិយាយ មិនគួរខ្លាចចំពោះថៅកែ មិនគួរខ្លាចជាមួយនឹងអ្នក ដែលកាលពីពេលនោះ មានបញ្ហាទាក់ទងនឹងបញ្ហាការដឹកជញ្ជូន បញ្ហាឧស្សាហកម្ម និងសិប្បកម្ម។ មិនគួរខ្លាចជាមួយនឹងអ្នកមាននោះទេ ប៉ុន្តែអ្វីដែលគួរខ្លាចបំផុត គឺភាពក្រីក្ររបស់ប្រជាជន។ ហើយក៏គេអាចមើលបាននូវសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា ដែលខ្ញុំរៀបរាប់នៅក្នុងរយៈពេលនោះ អំពីដំណើរឈានឡើងរបស់កម្ពុជា។
ថ្ងៃនេះ ពេលនេះ យើងកំពុងជំរុញការអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥-២០២៥។ ដែលរឿងនេះ ខ្ញុំសង្ឃឹមថា ក្មួយៗជាកម្មករ/ការិនី ក៏ដូចជាអ្នកគ្រប់គ្រងរោងចក្រ គឺសុទ្ធតែបានដឹង បានឮអំពីអតីតកាលរបស់(ប្រទេស)ខ្លួន ហើយយើងចាប់ផ្ដើមពីទីណាដែលមានឧស្សាហកម្ម រហូតមកដល់ពេលនេះ។
រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់លើវិស័យកម្មករ ក្នុងឧស្សាហកម្ម
ខ្ញុំពិតជាមានការកោតសរសើរចំពោះការវិនិយោគរបស់ក្រុមហ៊ុនរបស់លោកជំទាវ អគ្គនាយិកា ឈុន លាង ជាមួយនឹងស្វាមី ដែលមានគំនិតផ្ដួចផ្ដើមអភិវឌ្ឍនូវ(សួនឧស្សាហកម្ម)វឌ្ឍនៈទី ១ និងវឌ្ឍនៈទី ២។ ថ្ងៃនេះ យើងចូលអាទី ២ មុន ហើយអាទី ១ យើងចូលក្រោយ។ អញ្ចឹងការបង្កើតឡើងនូវស្ថានភាពបែបនេះ មកដល់ដំណាក់កាលនេះ វាបានចាប់ផ្ដើមផ្ដល់អោយយើងនូវការទទួលផលមួយចំនួនស្រេចហើយ ប៉ុន្តែការទទួលផលរបស់យើងនេះ មិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវទទួលផលអោយបានលើសពីនេះទៅទៀត។ ដូច្នេះ កាតព្វកិច្ចរបស់ខ្ញុំក្នុងឋានៈជាស្ថាបនិក នៃការនាំមកនូវសន្ដិភាព និងការបង្រួបបង្រួមជាតិ ហើយក៏ជាស្ថាបនិក នៃការដឹកនាំអនុវត្តនៃសេដ្ឋកិច្ចសម្រាប់កម្ពុជា ខ្ញុំមានតួនាទីគ្រប់គ្រាន់ដើម្បីនឹងដើរពិនិត្យមើលអំពីស្ថានភាពទូទៅរបស់សេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ ពេលនេះ ផ្ដោតការយកចិត្តទុកដាក់សម្រាប់វិស័យកម្មករ នៅក្នុងផ្នែកនានា ពិសេសនៅក្នុងវិស័យឧស្សាហកម្មតែម្ដង។
កម្ពុជាបាននិងបន្តកំណើនលើគ្រប់វិស័យ និងជាឱកាសមាស ឱកាសពេជ្រ សម្រាប់ប្រជាជនកម្ពុជា ពិសេសយុវជន
ខ្ញុំសង្ឃឹមថា អ្វីដែលយើងបានរួមគ្នាបង្កើតឡើងនេះ មិនមែនជាការកើតឡើងដោយចៃដន្យទេ។ ខ្ញុំគួរត្រូវបានរំលឹកបន្ដិច ពាក់ព័ន្ធជាមួយនឹងបញ្ហាការឈានឡើងជាបន្តបន្ទាប់របស់យើង។ ហើយគោលដៅដែលយើងកំពុងឆ្ពោះទៅខាងមុខនេះ គឺការដែលយើងធ្វើអោយប្រទេសកម្ពុជាមួយ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០។ ដើម្បីសម្រេចនូវគោលដៅនោះ គ្រប់វិស័យទាំងអស់ ទាំងវិស័យកសិកម្ម ទាំងឧស្សាហកម្ម និងសេវា ត្រូវតែមានកំណើនជាក់លាក់ នៅក្នុងអត្រាមិនទាបជាង ៧% ក្នុងមួយឆ្នាំ។ ដែលប្រាក់សព្វថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជា ដែលកាលពីប៉ុន្មានឆ្នាំមុននោះ មានប្រាក់ចំណូលត្រឹមតែជាង ២០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ ប៉ុន្តែឥឡូវនេះ ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាល ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ស្មើនឹង ១.៤០០ ដុល្លារសហរដ្ឋអាមេរិក។ តម្រូវការរបស់យើងអោយទៅលើសពីនេះ ទៅលើសពី ៥.០០០ ដុល្លារ រហូតដល់ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់មនុស្សម្នាក់។
ពិតហើយ យើងមិនត្រូវភ្លេចជាមួយនឹងការឈានឡើងជាបន្តបន្ទាប់ ពេលវេលានេះ ឱកាសនេះ គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ប្រជាជនកម្ពុជា។ ជាពិសេសសម្រាប់យុវជនកម្ពុជារបស់យើង ក្នុងការដោះស្រាយការងារធ្វើ។ មិនមែនគ្រាន់តែបញ្ហាពេលនេះទេ ក៏ប៉ុន្តែពេលវេលាអនាគតសម្រាប់យើងទាំងអស់គ្នា ពីកាលដែលយើងរំដោះប្រទេស យើងមានប្រជាជនត្រឹមតែប្រមាណ ៥ លាននាក់តែប៉ុណ្ណោះ ប៉ុន្តែកំណើននេះ វាកើនខ្ពស់ណាស់។ ឥឡូវនេះ ប្រជាជនយើងមានជាង ១៥ លាននាក់រួចស្រេចទៅហើយ។
ចៅទី ១៩
ខ្ញុំមិនអាចបន្ទោសអ្នកណាបានទេ ដោយសារតែខ្ញុំជាមនុស្សកូនច្រើន។ ឥឡូវនេះ ចៅទី ១៩ នៅប៉ុន្មានជាង ១ អាទិត្យ ទៀតនឹងមកដល់។ អញ្ចឹងតើអ្នកណាអាចយល់បានថា ជនបរទេសទាំងឡាយនៅពេលដែលខ្ញុំនិយាយថា ខ្ញុំមានចៅ ១៨ ហើយ និងត្រៀមដល់ចៅទី ១៩ និងចៅទី ២០ នៅតែរយៈពេល ២ ខែខាងមុខ។ ពួកគេបើកភ្នែកធំៗថា តាមមិនទាន់ខ្ញុំទេ។
ពីរោងចក្រតិច កម្មករតិច រហូតដល់រោងចក្រច្រើន កម្មករកាន់តែច្រើន
ប៉ុន្តែកំណើនប្រជាពលរដ្ឋ តម្រូវអោយយើងធ្វើការដោះស្រាយគ្រប់បញ្ហាទាំងអស់ មិនមែនជាបញ្ហាលេងសើចទេ។ យើងបានខិតខំបង្កើតឡើងនូវស្ថានភាពអំណោយផល សម្រាប់ទាក់ទាញវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង។ ឧស្សាហកម្មផ្សេងទៀត ដែលបង្កើតឡើងនូវការងារធ្វើផង និងបង្កើតឡើងនូវស្ថានភាពទំនិញសម្រាប់ការនាំចេញផង។ បើយើងសង្កេតមើលនៅក្នុងរយៈពេល ដែលយើងចាប់ផ្ដើម និងមកដល់ពេលនេះ មានការខុសគ្នាច្រើនណាស់ ហើយបើនិយាយពីសហគ្រាសនៅទូទាំងប្រទេស ដែលបានចុះបញ្ជីនៅក្រសួងការងារ គឺមានជាង ១១.០០០ សហគ្រាស ដែលមានកម្មករជាង ១ លាន ១ សែន ៨ ម៉ឺននាក់។ ក្នុងហ្នឹង ដោយឡែកតែរោងចក្រកាត់ដេរ និងដេរស្បែកជើង គឺមានកម្មកររហូតទៅដល់ ១.១០៧ រោងចក្រ ដែលមានចំនួនជាង ៧៤ ម៉ឺននាក់។ ហើយបើយើងប្រៀបធៀបក្នុងរយៈពេលពីឆ្នាំ ១៩៩៧ ពេលនោះ រោងចក្ររបស់យើងមានត្រឹមតែ ៦៤ រោងចក្រ ជាមួយនឹងកម្មករត្រឹមតែ ៨២.០០០ នាក់ប៉ុណ្ណោះ។ ប៉ុន្តែ មកដល់ពេលនេះ ដូចដែលខ្ញុំជម្រាបជូនអម្បាញ់មិញរោងចក្រយើងមានទៅដល់ ១ ពាន់ ១ រយ រោងចក្រជាង និងកម្មករមានទៅដល់ជាង ៧៤ ម៉ឺននាក់ នេះមិនទាន់រាប់ផ្នែកសេវាដទៃទៀត ដូចជា សណ្ឋាគារ ឬក៏ផ្នែកដែលទាក់ទងជាមួយនឹងការចុះបញ្ជីរួចមកហើយ។
ការនាំចេញកើន/ធានាប្រាក់បៀវត្សអប្បបរមាកម្មករ និយោជិត មិនទាបជាង ១៦០ ដុល្លារអាមេរិក នៅឆ្នាំ ២០១៨
សម្រាប់តម្លៃ នៃការនាំចេញ ឆ្នាំ ១៩៩៧ យើងនាំចេញបានត្រឹមតែ ២២៧ លានដុល្លារសហរដ្ឋអាមរិក តែប៉ុណ្ណោះ ហើយកំណើនេះ មកដល់ពេលនេះ វាបានឈានឡើងសម្រាប់ការនាំចេញរបស់យើង ចំនួន ៧.៦៦៣ លាន ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់បៀវត្សកម្មករ និងលក្ខខណ្ឌការងារក្នុងរយៈពេលកន្លងទៅនេះ សុំក្មួយៗចងចាំ កាលពីអតីតកាល សម្រាប់បងស្រី បងប្រុស ឬក៏ម្តាយរបស់យើង ដែលកាលពីពេលមុន ចូលធ្វើកម្មកររយៈពេលដំបូង ប្រាក់ខែមានត្រឹមតែជាង ៣០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាមានត្រឹមតែ ២៥ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងពេលនោះ។ ប៉ុន្តែ យើងបានខិតខំឈានឡើងបន្តិចម្តងៗ។ នៅឆ្នាំ ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់យើងបានតែ ៤០ ដុល្លារសហរដ្ឋអាមេរិក ទេក្មួយ! ឥឡូវនេះ យើងបាន និងកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ចំនួន ១៥៣ ដុល្លារសហរដ្ឋអាមេរិក ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះ ធានាថា ប្រាក់ខែអប្បបរមារបស់ក្មួយៗ មិនទាបជាង ១៦០ ដុល្លារសហរដ្ឋអាមេរិក នោះទេ (ស្នូរទះដៃ)។ ហើយវាក៏មិននៅទ្រឹងប៉ុណ្ណឹងដែរ យើងត្រូវមានការកើនឡើងជាបន្តបន្ទាប់។
ផ្លូវជាតិលេខ ៣ ពង្រីកជាបួនគន្លង ពីចោមចៅទៅទល់ទីរួមខេត្តកំពត
ចំនួននេះ គឺជាចំនួនដែលបានមកពីការខិតខំ ដើម្បីសម្រេចនូវការងារនេះ ហើយយើងត្រូវមើលឃើញអំពីការចាំបាច់នានា ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដូច(ដែល) ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ការមិនយកពន្ធរយៈពេល ៩ ឆ្នាំ ដើម្បីអ្វីទៅ? មួយផ្នែកភាពរឹងដៃរឹងជើង នៃឧស្សាហកម្ម មួយផ្នែកទៀត បានមកដើម្បីបញ្ជូលទៅក្នុងជាចំណែក នៃប្រាក់បៀវត្សរបស់កម្មករ។ យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីនឹងធ្វើកិច្ចការទាំងឡាយ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ហើយថ្ងៃនេះ ខ្ញុំអាចនឹងបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លូវជាតិលេខ ៣ នៅខាងមុខនេះអោយបានជ្រាបថា ផ្លូវជាតិលេខ ៣ របស់យើងនេះ មិនត្រូវទុកនៅត្រឹម ៩ ម៉ែត្រ (ឬ) ១០ ម៉ែត្រ ដូច្នេះទេ យើងនឹងធ្វើផ្លូវនេះ ពីចោមចៅ ទីក្រុងភ្នំពេញ ទៅទល់ទីរួមខេត្តកំពត ជាង ២/៣ និងធ្វើបួនគន្លង ២ ទៅ ២ មកនៅតាមមុខរោងចក្រ និងសល់ ១/៣ ទៀត គឺយើងនឹងធ្វើបើក ១២ ម៉ែត្រ។ នេះគឺជាជំហានថ្មីមួយទៀត បន្ទាប់ពីផ្លូវនេះ កាលពីមុននេះតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយខ្ញុំបានប្រឹងប្រែងចរចាជាមួយសាធារណរដ្ឋកូរ៉េ ក៏បានពង្រីកមកត្រឹមប៉ុណ្ណេះ។ ប៉ុន្តែប៉ុណ្ណេះ វាលែងសក្តិសមជាមួយនឹងសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជាហើយ យើងត្រូវអនុវត្តនូវគម្រោងនេះ ដើម្បីនឹងសម្រេចផ្លូវដឹកជញ្ជូនមួយ ដែលមានទំហំធំជាង។ ផ្លូវនេះ ក៏បានដើរតួនាទីសំខាន់ ដើម្បីតភ្ជាប់ទៅមាត់សមុទ្រ ដែលអាចនឹងកំពង់ផែមាននៅកំពត ហើយកំពង់ផែមាននៅក្រុងព្រះសីហនុ។
តើទង្វើ “៣ កុំ” ជាទង្វើស្នេហាជាតិ ឬក៏ជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង?
រាជរដ្ឋាភិបាលធ្វើការច្រើនណាស់ ហើយក្មួយៗត្រូវចងចាំ ត្រូវសួរសំណួរខ្លួនឯងថា យើងមានការងារធ្វើសព្វថ្ងៃ តើបានមកពីអ្នកណាអ្នកបង្កើត? ចំណុចនេះ ត្រូវចាំអោយច្បាស់ ប្រសិនបើចាំមិនច្បាស់ទេ គឺយើងច្បាស់ជាវង្វេងទិស ហើយច្បាស់ជាយើងភ្លេចនូវអ្វីដែលជាការខិតខំផ្ទាល់របស់ខ្លួនយើងផង ហើយជាការខិតខំផ្ទាល់របស់អ្នកដែលបានជួយយើង។ នៅកម្ពុជា មានមនុស្សរារាំង ដែលចាត់ទុកថា ជាប្រភេទមនុស្សដែលបានក្បត់នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង។ គេអនុវត្តនូវរូបមន្ត “៣ កុំ”៖ កុំផ្តល់ជំនួយអោយកម្ពុជា កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ តើកម្មករ/ការិនី ដែលមានវត្តមាននៅទីនេះ ក៏ដូចជា មាតាបិតា និងក្រុមគ្រួសារ ចាត់ទុកទង្វើ “៣ កុំ” នេះ ជាទង្វើស្នេហាជាតិ ឬក៏ជាទង្វើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯង? បើទោះបីគេមិនបានដាក់ក្នុងកម្មវិធីនយោបាយរបស់គេក៏ដោយចុះ ក៏ប៉ុន្តែ រឿងដែលគេបានធ្វើ គឺធ្ងន់ធ្ងរបំផុតសម្រាប់ជាតិរបស់យើង។
ខ្ញុំជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងទសវត្សរ៍ ៩០។ រដ្ឋមន្ត្រីការបរទេសជប៉ុនមួយ ដែលខ្ញុំសុំមិន បញ្ចេញឈ្មោះ គាត់ថា គាត់ស្អប់អាមនុស្សដែលមិនចេះចាយលុយ ស្អប់អាមនុស្សដែលក្បត់នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង ព្រោះពេលនោះ មានការប្រជុំ CG នៅតូក្យូ គេតាមដល់តូក្យូ ដើម្បីនឹងសុំអោយផ្តាច់ជំនួយ។ នៅពេលទទួលទានអាហារជាមួយខ្ញុំ គឺគេបានលេងអញ្ចឹងតែម្តង គេស្អប់។ ទៅត្រង់ណាទារអោយគេផ្តាច់ជំនួយនៅកន្លែងនោះ កុំផ្តល់ជំនួយអោយកម្ពុជា។ ទៅត្រង់ណាប្រាប់អ្នកវិនិយោគថា កុំមកកម្ពុជា រហូតទៅដល់ប្រាប់គេកុំឲ្យទិញទំនិញពីកម្ពុជា។ បើសិនប្រទេសនានា អនុវត្តទៅតាមការចង់បានរបស់ជនក្បត់ជាតិនេះ ក្បត់ផលប្រយោជន៍ប្រជាជនឯងនេះ តើក្មួយៗមានការងារធ្វើទេ? វាអត់មានទេ? កុំថាឡើយគេមិនផ្តល់ជំនួយ គ្រាន់តែគេមិនវិនិយោគ ឬគេវិនិយោគ តែគេមិនទិញទំនិញពីកម្ពុជា ក៏ក្មួយៗស្លាប់ទៅដែរ? វាមិនស្លាប់ទេ តែក្មួយៗគ្មានឱកាស ដើម្បីនឹងធ្វើការនៅក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាទេ? ក្មួយៗនឹងវិលត្រឡប់ទៅជីវភាពដើម គឺទៅជាមួយនឹងក្រុមគ្រួសារ ដែលកំពុងផ្សារភ្ជាប់ខ្លួនជាមួយនឹងវិស័យកសិកម្ម។ ក្មួយៗក៏ត្រូវចូលរួមជាមួយឪពុកម្តាយ ដើម្បីធ្វើការដាំដុះ ភ្ជួររាស់ ឬក៏ការងារផ្សេងៗ ដែលស្ថិតនៅក្នុងវិស័យកសិកម្ម។
ក្រុម ៣ សុំ ទប់ស្កាត់ទង្វើអគតិរបស់ក្រុម ៣ កុំ/ការដំឡើងបៀវត្ស ជាការខិតខំរបស់កម្មករខ្លួនឯង ថៅកែរោងចក្រ និងរាជរដ្ឋាភិបាល តែមិនមែនបានពីការទាមទាររបស់បក្សប្រឆាំងទេ
ប៉ុន្តែ ទង្វើអគតិ និងក្បត់ផលប្រយោជន៍ប្រជាជនខ្លួនឯង ត្រូវបានទប់ស្កាត់ដោយក្រុមមួយក្រុមផ្សេងទៀត តែងតែទៅសុំអោយគេផ្តល់ជំនួយមកកម្ពុជា តែងតែទៅសុំអោយគេវិនិយោគមកកាន់កម្ពុជា តែងតែទៅសុំអោយគេជួយទិញទំនិញពីកម្ពុជា។ នេះហើយ គឺជាគោលនយោបាយ គឺជាសកម្មភាពជាក់ស្តែង នៃនយោបាយរបស់ជនមួយក្រុម និយាយអោយចំនយោបាយរបស់គណបក្សប្រជាជន ដែលបាន និងកំពុងដឹកនាំប្រទេស។ ឥឡូវ ថ្លឹងថ្លែងមើលទៅ។ ជួនកាលគេបានត្រឹមចូលមក ដើម្បីថា ធ្វើបាតុកម្មដំឡើងបៀវត្សរ៍តែប៉ុណ្ណោះ បាតុកម្មៗ ទីចុងបំផុតគេបានប្រសិទ្ធនាមហៅថា ជាថៅកែបាតុកម្ម។ ដោះស្រាយបានបញ្ហាអ្វីទៅ? ការដំឡើងបានបៀវត្ស មិនមែនជាការទាមទាររបស់ពួកគេទេ ការដំឡើងបានបៀវត្ស គឺជាការខិតខំប្រឹងប្រែង រវាងក្មួយៗដែលជាកម្មករ/ការិនីជាមួយនឹងនិយោជក ដែលជាម្ចាស់រោងចក្រនោះឯង និងជាការខិតខំរបស់រាជរដ្ឋាភិបាល។ ក្មួយៗផលិតល្អ ទំនិញត្រូវបានលក់ដាច់នៅលើទីផ្សារ ម្ចាស់រោងចក្រដែលទទួលបានប្រាក់ចំណេញនោះ មកធ្វើការចែករំលែក ដើម្បីបង្កើននូវជីវភាពរបស់កម្មករ ដែលវាជាទំនាក់ទំនងបេះមិនដាច់ រវាងកម្មករ និយោជិតជាមួយនឹងម្ចាស់រោចក្រ ដែលជានិយោជក ដែលខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងឡាយ ជាមួយនឹងម្ចាស់រោងចក្រទាំងអស់ ដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងទៅនេះ ហើយក៏ថ្លែងអំណរគុណ ចំពោះក្មួយៗទាំងឡាយ ដែលនាំមកនូវការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការមកចូលរួមនៅក្នុងវិស័យឧស្សាហកម្ម។
ក្នុងនោះ ឧស្សាហកម្មកាត់ដេរ បានដើរតួនាទីដ៏សំខាន់មួយ ដែលមានការនាំចេញរហូតទៅដល់ជាង ៧ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់រាជរដ្ឋាភិបាលបានប្រឹងណាស់ ធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក ដោះស្រាយបញ្ហាបញ្ចុះថ្លៃអគ្គិសនី ហើយក៏មានការរៀបចំយន្តការដោះស្រាយ ដូចជាការបន្ធូរបន្ថយទៅលើបញ្ហាពន្ធដារ ច្បាប់វិនិយោគតម្រូវអោយមានការរួចពន្ធលើប្រាក់ចំណេញរហូតទៅដល់ ៩ ឆ្នាំ បើសិនជារាជរដ្ឋាភិបាលយកពន្ធក្នុងដំណាក់កាលនោះ ប្រាក់ចំណូលសម្រាប់កម្មករ មិនត្រូវបានទទួលខ្ពស់ទេ នេះវារឿងពិតយ៉ាងដូច្នេះ។
ហើយនៅពេលខាងមុខ ខ្ញុំនឹងនិយាយថា នៅពេលដែលក្មួយៗមិនត្រូវបានបង់ថ្លៃតទៅទៀត នូវប្រាក់ សម្រាប់ការពារសុខភាព តើរាជរដ្ឋាភិបាលនឹងដោះដូរអ្វីចំពោះវិនិយោគគិន ដែលមកវិនិយោគក្នុងតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗនៅទូទាំងប្រទេស? អម្បាញ់មិញមានក្មួយស្រីម្នាក់ខ្ញុំបានសួរគាត់ ខ្ញុំបានសួរថា ប្រាក់ខែប៉ុន្មាន? ថា ១៥៣ (ដុល្លារអាមេរិក) សួរថែមទៀតថា បូកសរុបទាំងអស់បានប៉ុន្មាន? គឺបានជាង ២០០ (ដុល្លារអាមេរិក) គាត់ថា ចាយអត់គ្រាន់ ខ្ញុំថា ចុះចាយអីក៏ច្រើនម្ល៉េះ? ប៉ុន្តែ មុនពេលក្មួយចូលមកធ្វើការ តើក្មួយមានប្រាក់ចំណូលប៉ុណ្ណេះទេ? វាពុំមានទេ អត់ទេក្មួយ ច្បាស់ណាស់ ប្រសិនបើក្មួយចាកចេញពីការងារភ្លាម ហើយក្មួយវិលត្រឡប់ទៅធ្វើស្រែជាមួយឪពុកម្តាយ បានសេចក្តីថា អា ២០០ ដុល្លារអាមេរិក ក៏វាអស់។ មិនតិចទេណា។
ប្រៀបធៀបប្រាក់បៀវត្សអប្បបរមានៅកម្ពុជា និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់
ខ្ញុំសុំជម្រាប់ជូនក្មួយៗដើម្បីអោយបានជ្រាប បើមិនដូច្នោះទេ យើងអាចនឹងថា កម្ពុជាមិនបានយកចិត្តទុកដាក់ជាមួយនឹងកម្មកររបស់ខ្លួនទេ កម្ពុជាបច្ចុប្បន្នអនុវត្តនូវប្រាក់អប្បបរមា ចំនួន ១៥៣ ដុល្លារ(អាមេរិក) បូកសរុបជាទូទៅ គឺបានលើសពីនេះ ហើយដែលភាគច្រើនខ្ញុំទៅកន្លែងតំបន់សេដ្ឋកិច្ចពិសេស គឺពេលនោះ កម្មករភាគច្រើនឆ្លើយថា បានទទួលលើសពី ២០០ ដុល្លារអាមេរិក ហើយបានផ្ញើអោយឪពុកម្តាយ ចំនួន ១៥០ (ដុល្លារអាមេរិក) ភាគច្រើន។ យើងត្រូវការអោយប្រាក់ខែលើសពីនេះ ប៉ុន្តែ សុំកុំភ្លេច បើសិនជាយើងធ្វើជ្រុលហួស រោងចក្រនឹងត្រូវបិទនៅទីនេះ ព្រោះរោងចក្រកាត់ដេរងាយណាស់ ក្នុងការវេចបង្វេចដើរចេញ។ សុំរង់ចាំមើល កម្ពុជា(ប្រាក់ឈ្នួលអប្បបរមា) ៥១៣ ដុល្លារ(អាមេរិក), បង់ក្លាដេស(ប្រាក់ឈ្នួលអប្បបរមា) ៦៧ ដុល្លារ(អាមេរិក), ស្រីលង្ការ(ប្រាក់ឈ្នួលអប្បបរមា) ៦៧ ដុល្លារ(អាមេរិក), ឥណ្ឌា(ប្រាក់ឈ្នួលអប្បបរមា) ៧៧ ដុល្លារ(អាមេរិក), ភូមា ឬហៅថា មីយ៉ាន់ម៉ា(ប្រាក់ឈ្នួលអប្បបរមា) ៧៩ ដុល្លារ(អាមេរិក), ឥណ្ឌូនេស៊ី(ប្រាក់ឈ្នួលអប្បបរមា)ក្នុងចន្លោះពី ៩៩ ដល់ ២៤៩ (ដុល្លារអាមេរិក) គឺចែកតំបន់ តំបន់ខ្លះទទួលបានត្រឹមតែ ៩៩ (ដុល្លារអាមេរិក)ទេ ហើយតំបន់ខ្លះទទួលបាន ២៤៩ (ដុល្លារអាមេរិក)។ ឡាវទទួលបាន(ប្រាក់ឈ្នួលអប្បបរមា) ១១០ ដុល្លារ(អាមេរិក), វៀតណាមចែកជាតំបន់ទៀត តំបន់ខ្លះទទួលបានតែ ១១៣ ដុល្លារ(អាមេរិក)ទេ តំបន់ខ្លះទទួលបាន ១៦៥ ដុល្លារ(អាមេរិក), ប៉ាគីស្ថានទទួលបាន(ប្រាក់ឈ្នួលអប្បបរមា) ១៣៤ ដុល្លារ(អាមេរិក), ចិនចែកជាតំបន់ តំបន់ខ្លះទទួលបាន ១៧០ (ដុល្លារអាមេរិក) តំបន់ខ្លះទទួលបានដល់ ៦០០ (ដុល្លារអាមេរិក) ដូច្នេះអា ១៧០ (ដុល្លារអាមេរិក) ទាបជាងគេ រួចហើយ គឺមានកន្លែងប្រឡោះៗ ប៉ុន្តែតំបន់ឧស្សាហកម្មធំៗដូចជា ស៊ិនហ្សិន ដូចជាប៉េកាំង ឬសៀងហៃ អី អាចខ្ពស់ជាង, ថៃ ២៥០ ដុល្លារ ឬហៅថា ៣១០ បាតក្នុងមួយថ្ងៃ ប៉ុន្តែដោយសារតម្លៃប្រាក់បាតចុះថ្លៃ យើងបានគិតត្រឹម ២៥០ ដុល្លារ, ម៉ាឡេស៊ី ៣០០ ដុល្លារ, សាំងហ្គាពួរចំនួន ៨៤០ ដុល្លារ ហើយហ្វីលីពីនមានចន្លោះទៀត ពី ១៣៩ ដល់ ២៥៧ ដុល្លារសហរដ្ឋអាមេរិក។
អនុវត្តនយោបាយរក្សាចាស់ បង្កើតថ្មី ដើម្បីទាញផលប្រយោជន៍សម្រាប់កម្មករ និងអន្តរសកម្មទៅដល់ក្រុមគ្រួសារ ដែលប្រកបរបរកសិកម្ម
ដូច្នេះក្មួយៗនៅក្នុងវិស័យឧស្សាហកម្មត្រូវបានថ្លឹងថ្លែងឲ្យបានច្បាស់ រោងចក្រកាត់ដេរដែលមកកម្ពុជានេះមួយចំនួន គឺជាអ្នកវិនិយោគថ្មី ដែលមិនធ្លាប់វិនិយោគទៅកាន់ប្រទេសណាទេ គេមកវិនិយោគនៅកម្ពុជាតែម្ដង។ ប៉ុន្តែមួយផ្នែកទៀតគឺឧស្សាហកម្មកាត់ដេរនៅកម្ពុជាក៏បានចេញមកពីប្រទេសផ្សេង ដែលតម្លៃពលកម្មខ្ពស់ ឬអសន្ដិសុខការងាររបស់ពួកគេ។ ដូច្នេះគេមកកាន់កម្ពុជា តែគេក៏អាចធ្វើរឿងនេះបានដែរ នៅពេលដែលយើងអនុវត្តនូវរបៀបណាមួយមិនបានត្រឹមត្រូវ មិនអាចរក្សាទុកនូវរោងចក្របែបនេះតទៅទៀត។ ដូច្នេះហើយបានជាយើងត្រូវធ្វើកិច្ចការជាច្រើនទៀត ដើម្បីនឹងធ្វើយ៉ាងណារក្សាចាស់ បង្កើតថ្មី ដើម្បីធ្វើឲ្យកម្មករកម្មការិនីរបស់យើងកាន់តែទទួលបានផល ហើយតាមរយៈផលប្រយោជន៍របស់កម្មករកម្មការិនីនៅទីនេះហើយ វាមានអន្ដរសកម្មទៅជាមួយនឹងក្រុមគ្រួសារ ដែលក្រុមគ្រួសារនីមួយៗ យុវជន យុវនារី របស់យើងបានផ្ញើប្រាក់កាសទៅឲ្យឪពុកម្ដាយសម្រាប់ធ្វើវិស័យកសិកម្ម ដែលវិស័យកសិកម្មបច្ចុប្បន្ននេះ ការភ្ជួររាស់ដោយគោក្របីនៅត្រឹមប្រមាណតែ ៨ ភាគរយតែប៉ុណ្ដោះ ឯភ្ជួររាស់ដោយគ្រឿងយន្ដកសិកម្មវិញ គ្របដណ្ដប់ទៅដល់ ៩២ ភាគរយ។ នេះមានន័យថាម៉េច? តើគាត់បានលុយពីណា គឺគាត់បានលុយភាគច្រើនផ្ដើមពីកម្មករ/ការិនីដែលធ្វើការនៅតាមបណ្ដារោងចក្រសហគ្រាស និងបណ្ដាក្រុមហ៊ុន ផ្ញើបា្រក់កាសទៅឲ្យឪពុកម្ដាយរបស់ខ្លួន។
ការស្នើឲ្យបរទេសបិទទីផ្សារផលិតផលកាត់ដេររបស់កម្ពុជាគឺជាទង្វើសម្លាប់កម្មករ
ដូច្នេះហើយយើងត្រូវស្គាល់ឲ្យច្បាស់ អ្នកណា អ្នកដោះស្រាយការងារឲ្យក្មួយៗ? មិនមែនក្រុមប្រឆាំងទេ ហើយក៏មិនមែនក្រុម ៣ កុំ ដែរ។ ក្រុម ៣ កុំ គឺជាក្រុមដែលបំផ្លាញផលប្រយោជន៍ក្មួយតែប៉ុណ្ណោះ។ កុំផ្ដល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ចំណុចទាំងបីនេះ គឺជាការប្រកួតប្រជែងខាងនយោបាយនៅពេលខាងមុខ រវាង ៣ សុំ និង ៣ កុំ ដាក់ចេញជាការប្រកួតប្រជែងនៅក្នុងរង្វង់នៃក្របខណ្ឌនយោបាយ និងសកម្មភាពជាក់ស្ដែងដែលមានកន្លងទៅ និងមានជាបន្តបន្ទាប់នៅពេលខាងមុខ។ អ្នកឯងបានធ្វើកន្លងទៅ មិនអាចគេចផុត យើងមានឯកសារច្បាស់លាស់ រាប់ទាំងបង្ហោះតាមហ្វេកប៊ុក រួចហើយនាំគ្នា Like ថាជាជោគជ័យធំណាស់ព្រោះអឺរ៉ុបនឹងមិនទិញទំនិញពីកម្ពុជាទៀតទេ។ កុំភ្លេចថា បើទោះបីអ្នកឯងចេះដកចេញពីហ្វេកប៊ុកក៏ដោយ ប៉ុន្តែតែគេបង្ហោះភ្លាម គេថតភ្លាមយកមកហើយអត់មានដកបានទេ។ ពីរថ្ងៃក្រោយដកចេញ ប្រហែលជាមានការទិតៀនខ្លាំង ប៉ុន្តែទង្វើនេះ មិនមែនជាទង្វើស្នេហាជាតិទេ គឺជាទង្វើសម្លាប់កម្មករតែម្ដង។
ការដោះស្រាយវិវាទការងារត្រូវផែ្អកលើច្បាប់ស្ដីពីការងារ និងប្រកាន់នូវសា្មរតីយោគយល់គ្នា
ខ្ញុំអរគុណជាមួយនឹងការខិតខំនៃបណ្ដារោងចក្រសហគ្រាស ហើយកោតសរសើរចំពោះការខិតខំបំព្រួញបញ្ហាគម្លាតចំណុចដែលមានការខ្វះខាត។ វិវាទការងារត្រូវបានដោះស្រាយជាបណ្ដើរៗ ហើយរហូតមកដល់ពេលនេះចំណុចតិចតួចណាស់ដែលនៅសេសសល់។ ខ្ញុំបានអញ្ជើញប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ហើយនិងជំនួយការរដ្ឋបាលនៅតាមរោងចក្រនានា ទៅជួបក្នុងមួយដង មួយវគ្គគឺជាងបួនពាន់នាក់។ ខ្ញុំបាននិយាយទៅកាន់ពួកគេ រឿងរ៉ាវទាំងឡាយគួរតែត្រូវបានខិតខំដោះស្រាយធ្វើការជាមួយគ្នា ដោសស្មារតីយោគយល់ និងជួយអប់រំគ្នា។ ក្នុងនោះការប្រើប្រាស់ រាប់ទាំងបញ្ហាពាក្យពេជន៍នៃមេដឹកនាំ ការគ្រប់គ្រងរោងចក្រ ជំនួយការរដ្ឋបាល មេក្រុម មេផ្នែក ត្រូវឲ្យក្លាយទៅជាសាច់មួយឈាមមួយជាមួយនឹងកម្មករដូចគ្នា យើងគ្រាន់តែមានឋានៈខ្ពស់ជាងក្នុងការពិនិត្យមើលកូនក្រុមក្រោមផ្នែក និងរដ្ឋបាលប៉ុណ្ណោះ ហើយម្យ៉ាងទៀត ខ្ញុំក៏បានកត់សម្គាល់ឃើញថាការដោះស្រាយតាមរបៀបបណ្ដេញចេញពីការងារ មិនមែនជាដំណោះស្រាយដោយការយោគយល់ទេ។ ខ្ញុំអំពាវនាវចំពោះបណ្ដារោងចក្រសហគ្រាសសុំប្រើប្រាស់វិធីសន្ទនា ឲ្យមានការយោគយល់គ្នា ជាជាងការបណ្ដេញចេញពីការងារ។ រឿងនេះគឺជារឿងដែលខ្ញុំបានតាមដានយកចិត្តទុកដាក់ជាមួយនឹងក្រសួងការងារ រយៈពេលកន្លងទៅ មានពេលខ្លះខ្ញុំបានស្នើផ្ទាល់ទៅកាន់ម្ចាស់រោងចក្រ ឲ្យទទួលយកនូវសហជីពនោះ និងមេដឹកនាំសហជីពនោះ ដើម្បីចូលមកធ្វើការត្រលប់មកវិញ។ ក៏ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវដឹងដែរថា ទង្វើណាក៏ដោយដែលខុសនឹងច្បាប់ការងារ វាសុទ្ធតែមានបញ្ហាហើយ ទាំងសងខាងគោរពច្បាប់ការងារ គឺវាជាការល្អ ហើយការដោះស្រាយនូវរាល់បញ្ហាដែលបានកើតឡើង ដោះស្រាយការមិនពេញចិត្តលើចំណុចណាមួយដោយទាន់ពេលវេលា គឺវាជាការខិតខំមួយ។
ទទួលខុសត្រូវ លើការយកថ្លៃទឹកលើសពីមុន និងសងត្រឡប់មកវិញ/រាជរដ្ឋាភិបាលបានកែលំអរនូវនយោបាយថ្លៃអគ្គិសនី និងទឹក ដើម្បីលើកស្ទួយដល់ជីវភាពរបស់កម្មករ
សូម្បីតែក្នុងប៉ុន្មានថ្ងៃនេះយើងមិនខ្លាចនូវការសុំទោសចំពោះប្រជាពលរដ្ឋ ដែលយើងបានរកឃើញថាតម្លៃទឹកប្រើតាំងពីថ្លៃទាបរហូតដល់ថ្លៃខ្ពស់ ហើយនេះគឺជាការខុសឆ្គងដ៏ធំ ដែលរដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជារដ្ឋាករទឹកនៅទីក្រុងភ្នំពេញបានធ្វើការសុំទោស ហើយក៏សងត្រលប់ទៅវិញនូវប្រាក់ទាំងឡាយដែលបានទទួលរួចមកហើយ។ រាប់ទាំងកម្មករ/ការិនីនៅទីនេះ បើសិនជាប្រើប្រាស់ទឹកថ្លៃលើសកាលពីមុនត្រូវទទួលបង់សងត្រលប់មកវិញតែម្ដង។ នេះជាការទទួលខុសត្រូវរបស់យើង ខ្ញុំបានរកឃើញរឿងនេះក្នុងពេលដែលខ្ញុំបានប្រកាសអំពីនយោបាយចុះថ្លៃទឹក ចាប់បីថ្ងៃទី១ ខែ កញ្ញា នេះទៅ គឺសុំបញ្ជាក់ ក្មួយៗអំពីអាចំណុចហ្នឹងឲ្យហើយ ដើម្បីយើងចងចាំ។ គឺទាក់ទងនឹងការអនុវត្តថ្លៃទឹក មុននេះរដ្ឋាករទឹកលក់ឲ្យម្ចាស់ផ្ទះ ១.០៣០ រៀល ឯម្ចាស់ផ្ទះលក់ឲ្យកម្មករតម្លៃ ១.២០០ រៀល។ ប៉ុន្តែចាប់ពីថ្ងៃទី ១ គឺខានស្អែកតែម្ដង ចាប់ពីខានស្អែកទៅ រដ្ឋាករទឹកលក់ឲ្យម្ចាស់ផ្ទះ ៧០០ រៀល និងម្ចាស់ផ្ទះលក់ឲ្យកម្មករត្រឹមតែ ៨០០ តែប៉ុណ្ណោះ។ អញ្ចឹង ក្មួយៗនឹងចំណេញ ៤០០ រៀលក្នុងមួយម៉ែត្រគូប។ នេះគឺជាខិតខំមួយ ជាផ្នែកនៃការខិតខំជាមួយនឹងរយៈពេលកន្លងទៅ នៅតាមបណ្ដារោងចក្រសហគ្រាសនានាយើងបានប្រឹងប្រែងតភ្លើងភ្ជាប់ទៅកាន់ផ្ទះឈ្នួល ដែលមុននេះតម្លៃភ្លើងត្រូវកំណត់ដោយម្ចាស់ផ្ទះ ប៉ុន្តែឥឡូវនេះក្មួយៗជាកម្មករ/ការិនីដែលទទួលភ្លើងពីអគ្គិសនីកម្ពុជា មិនត្រូវបានបង់ថ្លៃខ្ពស់ដូចកាលពីពេលមុនទេ។ ប្រើក្រោម ៥០ គីឡូវ៉ាត់ បង់តែ ៤១០ រៀលតែប៉ុណ្ណោះ។ ឥឡូវនេះ ដល់ទឹកទៀតហើយ កាលពីពេលមុនយកមួយម៉ែត្រគូប ដល់ទៅ ២០០០ រៀល តែក្រោយមកយក ១២០០ រៀល តែចាប់ពីថ្ងៃទី ១ នេះទៅ ក្មួយៗបង់ត្រឹមតែ ៨០០ រៀលបានហើយ អាហ្នឹងជាការគ្រប់គ្រាន់។
អំពាវនាវដល់ម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃឈ្នួលក្នុងឆ្នាំ ២០១៨
នេះជាការរួមចំណែកដើម្បីធ្វើម៉េច ពេលដែលប្រាក់ខែឡើង គឺកម្មករត្រូវបានទទួលផលប្រយោជន៍ ហើយខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះម្ចាស់ផ្ទះទាំងឡាយ តើអាចទៅរួចទេ? សុំកុំតម្លើងថ្លៃផ្ទះក្នុងរយៈពេលមួយឆ្នាំគឺឆ្នាំ ២០១៨។ បែបគ្មានម្ចាស់ផ្ទះ(ចូលរួម)នៅទីនេះទេ ក៏ប៉ុន្តែខ្ញុំបានឲ្យអាជ្ញាធរគ្រប់ទីកន្លែងចរចាជាមួយម្ចាស់ផ្ទះ សុំតែមួយឆ្នាំទេ។ ឥឡូវបង់ថ្លៃ បង់ដូចរាល់ថ្ងៃ ប៉ុន្តែម្ចាស់ផ្ទះតែងតែឡើងថ្លៃឈ្នួលផ្ទះមុនពេលប្រាក់ខែឡើងទៅទៀត ខ្ញុំដឹងរឿងនេះ។ អញ្ចឹងបានជាយើងមានច្បាប់ស្ដីអំពីតម្លៃឈ្នួលផ្ទះ (ភតិសន្យាពិសេស) ប៉ុន្តែឥឡូវយើងធ្វើការចរចារជាមួយម្ចាស់ផ្ទះ។ ខ្ញុំអំពាវនាវសុំឲ្យម្ចាស់ផ្ទះមេត្តាប្រើប្រាស់ប្រាក់ឈ្នួលឆ្នាំ ២០១៧ នេះកុំតម្លើង ហើយអនុវត្តនៅឆ្នាំ ២០១៨ តែម្ដង ដល់ឆ្នាំ ២០១៩ ចាំឡើង។ អញ្ចឹងសុំមួយឆ្នាំមើល ព្រោះអ្នកដែលមានផ្ទះជួល ផលប្រយោជន៍បានទទួលរហូត ដោយសារតែវត្តមាននៃរោងចក្រ វត្តមាននៃកម្មករ/ការិនីនេះឯង។ អញ្ចឹងទេ យើងចង់ឲ្យប្រាក់ឈ្នួលរបស់កម្មកររបស់យើង ត្រូវឋិតនៅក្នុងហោប៉ៅរបស់កម្មករ/ការិនីរបស់យើង ហើយយកអាប្រាក់នោះបង្កើនជីវភាពគ្រួសាររបស់យើង ខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់យើង។
មរតកតេជោ ទី ១៖ មរតកបន្សល់ទុកជីវិតរស់នៅ រួចផុតពីការកាប់សម្លាប់របស់ ប៉ុល ពត
ខ្ញុំនិយាយត្រឹមប៉ុណ្ណេះ ហើយដែលសុំរំលឹកឲ្យបានជាក់ស្ដែងថែមទៀត កិច្ចការដែលក្មួយៗបាន និងកំពុងមាន ប្រាក់ចំណូលដែលក្មួយៗបាន និងកំពុងមាន គឺបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលដែលបានដឹកនាំដោយគណបក្សប្រជាជន។ ដែលហៅថា បងប្អូនមួយចំនួនបានប្រើពាក្យ មរតកតេជោ។ មរតកតេជោដែលបន្សល់ទុកឲ្យប្រជាជនកម្ពុជាជាទូទៅ និងនិយាយដោយឡែកសម្រាប់ក្នុងវិស័យមួយៗ ទី ១ មរតកដែលបន្សល់ទុកនូវជីវិត រួចហើយរួចផុតពីការកាប់សម្លាប់របស់ ប៉ុល ពត តាមរយៈនៃការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ រួចហើយបង្កើតបានក្មួយៗរាល់ថ្ងៃនេះ។ ខ្ញុំបានរួមចំណែកជាមួយថ្នាក់ដឹកនាំដទៃទៀត យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសនេះឲ្យចេញពីរបប ប៉ុល ពត។
មរតកតេជោទី ២៖ សុនសន្តិភាព និងឯកភាពទឹកដី
ទី២ ដែលហៅថាមរតកតេជោ គឺសុខសន្ដិភាព និងការឯកភាពទឹកដីដែលប្រទេសកម្ពុជាមិនធ្លាប់មាននៅក្នុងប្រវត្តិដ៏យូរលង់មកហើយ។ ប្រទេសមួយក្លាយទៅជាចម្រៀកៗ ដែលគ្រប់គ្រងដោយកម្លាំងផ្សេងៗគ្នា ឥឡូវ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសុខសន្ដិភាព បើប្រៀបធៀបជាមួយនឹងប្រទេសដទៃ។ សូម្បីតែឥឡូវនេះ ការប្រយុទ្ធគ្នានៅហ្វីលីពីននៅក្នុងតំបន់របស់យើង ហើយរំដោះទីក្រុងមួយមិនទាន់ទាំងរួចរាល់ផងនោះទេ ការវាយប្រហារគ្នានៅតំបន់ខ្លះដូចជានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយការកាប់សម្លាប់នៅក្នុងតំបន់រដ្ឋរ៉ាកឃីន (Rakhine) ដែលមីយ៉ាន់ម៉ាហៅថាពួកបង់ហ្កាលី ឬក៏គេហៅថាពួករូហ៊ីនយ៉ាកាន់តែធ្ងន់ធ្ងរទៅៗ។ សម្រាប់ប្រទេសយើង ពីសង្គ្រាមក្លាយមកជាប្រទេសសន្តិភាព ដែលជាឱកាសសម្រាប់ការបង្កើតការងារ បង្កើតមុខរបរ និងបង្កើតនូវប្រាក់ចំណូលសម្រាប់យើងទាំងអស់គ្នា។
មរតកតេជោទី ៣៖ ការកសាងសេដ្ឋកិច្ច ពីក្រីក្រ ១០០% មកត្រឹម ១៣%
ឯមរតកទី ៣ គឺការកសាងនូវសេដ្ឋកិច្ចពីភាពខ្ទេចខ្ទាំ មកកាន់ដំណាក់កាលនេះ ពីប្រទេសដែលមានអត្រានៃ ភាពក្រីក្រ ១០០% មកនៅជាប្រទេសក្នុងភាពក្រីក្រត្រឹមតែ ១៣% នៅក្នុងឆ្នាំ ២០១១ កន្លងទៅ។ ក៏ប៉ុន្តែ យើងមិនទាន់ធ្វើការអង្កេតឡើងវិញ តើអត្រានៃភាពក្រីក្ររបស់យើង វានៅសល់ប៉ុន្មាន? ប្រាក់ចំណូលពីឆ្នាំ ២០០០ ប្លាយ យើងមានប្រាក់ចំណូលមនុស្សម្នាក់ត្រឹមតែជាង ២០០ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះ យើងមានរហូតទៅដល់ ១.៤០០ ដុល្លារសហរដ្ឋអាមេរិករួចស្រេចទៅ តាមរយៈការសរុបស្ថិតិនៅឆមាស ទី ១ ឆ្នាំ ២០១៧។
សិទ្ធិបាតុកម្ម កូដកម្ម មានរៀងៗខ្លួន តែមិនត្រូវគំរាមកំហែងអ្នកដទៃដែលមិនចង់ចូលរួម
ត្រូវចងចាំទៅលើចំណុចអស់ទាំងនេះ មិនមែនក្រុមដើរទាមទារ បាតុកម្ម អ្នកខ្លះគេមិនព្រមធ្វើបាតុកម្ម ទៅគំរាមគេធ្វើបាតុកម្ម។ សូមផ្តាំនៅទីនេះក្មួយៗ សិទ្ធិរបស់យើង មានសិទ្ធិធ្វើបាតុកម្ម មានសិទ្ធិធ្វើកូដកម្ម តាមច្បាប់ការងារ ប៉ុន្តែបាតុកម្មរបស់យើងមិនត្រូវរារាំងចំពោះអ្នកដទៃ ដែលគេមិនចង់ធ្វើបាតុកម្មនោះទេ។ ទាំងអស់គ្នា សុំមេត្តាកុំតាំងខ្លួនជាបងធំនៅក្នុងតំបន់រោងចក្រសហគ្រាស។ មនុស្សខូចមួយចំនួនដែលមាន បក្សប្រឆាំងនៅពីក្រោយខ្នង។ ខ្លួនឯងមិនពេញចិត្ត ត្រឹមកូដកម្ម ៥០ នាក់ ប៉ុន្តែទៅគំរាមកំហែង ៥០០ នាក់ មិនឲ្យចូលធ្វើការ។ នេះមិនត្រូវឲ្យមានតទៅទៀតទេ ព្រោះវារំខានទៅដល់ការងារ។ សិទ្ធិរបស់យើង ៥០ នាក់ ធ្វើកូដកម្មទៅ ១.០០០ នាក់ទៀតចូលធ្វើការ អាហ្នឹងគឺជាសេរីភាពរបស់គេ ប៉ុន្តែកន្លងទៅមិនដូច្នោះទេ គំរាមកំហែងគេមិនឲ្យចូលធ្វើការ ហើយមានកន្លែងមួយចំនួន មេបក្សប្រឆាំង ក្រុមប្រឆាំងទៅទម្លាយទ្វាររោងចក្រតែម្តង។ អញ្ចឹងទេ ចំណុចនេះ គឺជាចំណុចមិនត្រឹមត្រូវ ហើយក៏មិនស្របទៅនឹងសេរីភាពរបស់ពលរដ្ឋដែរ។ គេគោរពសេរីភាពរបស់យើងហើយ យើងមានសិទ្ធិធ្វើបាតុកម្ម មានសិទ្ធិធ្វើកូដកម្ម ហើយការទាមទារសមហេតុសមផលណាមួយ អំពាវនាវឲ្យថៅកែរោងចក្រ ម្ចាស់រោងចក្រ ឬអ្នកគ្រប់គ្រង ធ្វើការដោះស្រាយដោយសន្តិវិធី និងដោយសមហេតុសមផល ដែលអាចទទួលយកបាន។ ការបណ្តេញចេញទីណាត់ទីណែង មិនមែនជាដំណោះស្រាយដ៏ល្អទេ។
កិច្ចការគន្លឹះទាំង ២ សម្រាប់ការឈានទៅមុខរបស់យើង គឺ រក្សាការពារសន្តិភាព និងការអភិវឌ្ឍ
ឥឡូវដើម្បីឈានឆ្ពោះទៅមុខ និងជោគជ័យក្នុងវិស័យឧស្សាហកម្មរបស់យើង ក៏ដូចជាជោគជ័យនៃការឈាន ឡើងពីប្រទេស ក្នុងឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តើកិច្ចការអ្វីខ្លះទៀតដែលយើងត្រូវធ្វើ? នេះជាចំណុចដែលខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងជូនទៅកាន់កម្មករ កម្មការិនីរបស់យើង ក៏ដូចជាម្ចាស់រោងចក្រ ព្រោះរឿងនេះមិនមែនជារឿងដាច់ដោយឡែករបស់កម្មករ/ការិនីនោះទេ វាទាក់ទងរឿងយើងទាំងអស់។ ដំបូងខ្ញុំចង់និយាយអំពីចំណុចធំៗ២ ជាគោល ដើម្បីធានាសម្រាប់ការឈានទៅមុខរបស់យើង។ កិច្ចការធំៗ ២ នោះ គឺសន្តិភាព និងការអភិវឌ្ឍ ត្រូវរួមគ្នាការពារឲ្យខានតែបាន។ វាជាចំណង ២ ដែលបេះមិនដាច់ពីគ្នាទេ។ មានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានការអភិវឌ្ឍ ទើបរក្សាទុកនូវសន្តិភាព។ សូមសំលឹងមើលទៅប្រទេសអ៊ីរ៉ាក់ សូមសំលឹងមើលទៅប្រទេសលីប៊ី ទៅស៊ីរី ទៅយេមែន និងប្រទេសមួយចំនួនទៀតដែលកំពុងមានសង្គ្រាម ដូចជា ម៉ាលី អាហ្វ្រិកកណ្តាល សូម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង តើប្រទេសអស់ទាំងនោះយ៉ាងម៉េចទៅហើយ? គ្មានសន្តិភាព នឹងមិនអាចមានការអភិវឌ្ឍបានទេ ក្មួយអើយ! គ្មានអ្នកណាយករោងចក្រមកដើម្បីនឹងសម្រាប់ត្រូវគ្រាប់បែក គ្រាប់ប្លោងនោះទេ អត់ទេ។ ដូច្នេះរួមគ្នារក្សាសន្តិភាព ទើបរក្សាបាននូវការអភិវឌ្ឍ។ ចង់និយាយអីក៏និយាយចុះ ប៉ុន្តែបើអត់អាហ្នឹងហើយ គឺចប់ហើយ។ ក្មួយៗទៅលួចសួរជីដូនជីតា លួចសួរឪពុកម្តាយ កាលពីសម័យអតីតកាល នៅឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ពេលនោះបាត់បង់ឱកាសទាំងអស់តែម្តង។ ហើយក្នុងចន្លោះពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៨ ប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង។ ទោះបីជាសន្តិភាពបានគ្របដណ្តប់លើចំណែកភាគច្រើនលើដែនដី និងពេលវេលា ក៏ប៉ុន្តែសង្គ្រាមដែលមានចំណែកភាគខ្លះលើដែនដី និងពេលវេលា មានឥទ្ធិពលអាក្រក់សម្រាប់ការអភិវឌ្ឍ មិនគ្រាន់តែវិស័យឧស្សាហកម្ម និងសេវាទេ វិស័យកសិកម្មក៏ជួបបញ្ហាលំបាកដែរ សម្រាប់ប្រជាជននៅទីតំបន់ជនបទ នៅកន្លែងដែលមានសង្គ្រាមរាំងជល់។ អញ្ចឹងទេ រួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ ដែលជាផ្នែកធំគន្លឹះមុនគេ។ មុននឹងនិយាយពីអី ត្រូវនិយាយពីអាហ្នឹងសិន។
កិច្ចការ ៥ ដែលត្រូវដោះស្រាយសម្រាប់កម្មករ និងជោគជ័យវិស័យឧស្សាហកម្ម, ទី ១ រួមគ្នារក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ
បន្ត យើងមានកិច្ចការ ៥ ដែលត្រូវដោះស្រាយសម្រាប់កម្មកររបស់យើង និងដើម្បីជម្រុញប្រទេសរបស់យើងជោគជ័យក្នុងវិស័យឧស្សាហកម្ម ២០១៥-២០២៥ និងឈានទៅសម្រេចជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់។ ទី ១ រួមគ្នារក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីសុវត្ថិភាព និងស្ថេរភាពការងារ។ កិច្ចការងារនេះ អំពាវនាវចូលរួមទាំងអស់គ្នា គ្មានជោគជ័យណាមួយដែលកើតបានពីចលាចល អសន្តិសុខ រហូតទៅដល់ ឧទាហរណ៍ តំបន់រោងចក្រនេះពោរពេញទៅដោយបងតូច បងធំ ពោរពេញទៅដោយគ្រឿងញៀន តើមានសុវត្ថិភាពការងារមកពីណា? ដូច្នេះហើយ សង្ឃឹមថា កម្មករ/ការិនីរបស់យើង និយោជក និយាយរួមមនុស្សទាំងអស់ រួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ នោះវាជាផ្នែកសំខាន់ដើម្បីធានាការងាររបស់យើង។ ប្រសិនបើរោងចក្រនៅទីនេះ ត្រូវបង្កើតឲ្យមានចលាចល សួនឧស្សាហកម្មនេះត្រូវបិទក្នុងមួយរយៈ តើក្មួយៗបានប្រាក់មកពីណាបន្ត? គ្មាននិរន្តភាពការងារទេក្មួយ។ មិនថានៅទីនេះទេ កន្លែងណាក៏ដូចគ្នា ឧទាហរណ៍ ការវាយប្រហារភេរវកម្មជាប្រព័ន្ធកើតឡើង ពេលនោះអាជ្ញាធរត្រូវបង្ខំចិត្ត ដើម្បីនឹងបិទតំបន់រោងចក្រនេះ បិទតំបន់រោងចក្រនោះ ដើម្បីធានាសន្តិសុខរបស់ប្រជាពលរដ្ឋសិន។ ដូច្នេះការរួមគ្នា ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម មានតម្លៃសម្រាប់ការងាររបស់យើងផ្ទាល់តែម្តង។ ហើយជួយអប់រំគ្នា កុំប្រើប្រាស់គ្រឿងញៀន កុំធ្វើអ្វីដែលផ្ទុយនឹងច្បាប់ កុំធ្វើអ្វីដែលផ្ទុយទៅនឹងក្របខណ្ឌនៃសីលធម៌សង្គម។
កិច្ចការទី ២៖ រួមគ្នារក្សាការងារ និងបង្កើតការងារ
ឯកិច្ចការទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារ។ មានន័យថា រក្សាការងារចាស់ និងបង្កើតការងារថ្មី។ ម៉េចបានយើងត្រូវនិយាយអញ្ចឹង? ការងារចាស់ដែលក្មួយៗបានធ្វើកន្លងទៅនេះ គឺជាមរតកការងារដែលបានរួមគ្នាបង្កើតឡើង តាមរយៈនៃអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់សួនវឌ្ឍនៈនេះ ក៏ដូចជាម្ចាស់រោងចក្រទាំងឡាយមកធ្វើការនៅទីនេះ បូកជាមួយនឹងកម្មករ/ការិនី។ ក្មួយៗត្រូវដឹង នៅពេលខាងមុខនេះនឹងដាក់ឲ្យអនុវត្តនូវច្បាប់ស្តីពីសោធននិវត្តន៍ បើសិនជាក្មួយៗរក្សាការងារនេះមិនបានទេ ក្មួយៗអត់មានប្រាក់ចូលនិវត្តទេ ព្រោះប្រាក់ចូលនិវត្តមិនមែនគ្រាន់តែចូលថ្ងៃហ្នឹង បានប្រាក់ចូលនិវត្តនឹងគេទេ ត្រូវរយៈពេលធ្វើការរហូតដល់ ២៥ ឆ្នាំ។ អញ្ចឹងក្មួយៗធ្វើការនៅទីនេះ ខ្លះបាន ៨ ឆ្នាំ ចុះបើ ៨ ឆ្នាំ ស្រាប់តែគេបិទរោងចក្រកន្លែងហ្នឹងអស់ទៅ អញ្ចឹងតើត្រូវធ្វើម៉េច បើប្រទេសចលាចលបាត់ទៅហើយនោះ? អញ្ចឹងបើអ្វីដែលជារបស់មានស្រាប់ គឺយើងបាត់ទាំងការងារត្រូវធ្វើបន្ត បាត់ទាំងអតីតភាពការងារ ហើយអតីតភាពការងារនៅទីនេះ អ្នកដែលធ្វើការងារចាប់ពី ១ ឆ្នាំឡើង បានទទួល ២ ដុល្លារ ក្នុង ១ ខែ, ២ ដុល្លារ ឆ្នាំទី ១ រួចហើយបូកនឹង ១ៗ។ អញ្ចឹងបានសេចក្តីថា ឆ្នាំទី ១ ដែលគេធ្វើបាន ២៤ ដុល្លារ (២ ដុល្លារមួយខែ) ដល់ពេលឆ្នាំទី ២ គេថែម ១ ដុល្លារ។ ដូច្នេះ ១ ឆ្នាំ គ្រាន់តែប្រាក់ហ្នឹង មិនមែនជាប្រាក់អប្បបរមាទេ គឺវាចេះតែកើនឡើង ពី ២៤ ថែម ១២ ទៅ ៣៦ រួចបូក ១២ៗ រហូតទៀត។ អាហ្នឹងហើយដែលទាមទាររក្សានូវការងារដែលមានស្រាប់ ហើយយើងក៏ត្រូវបង្កើតការងារបន្ថែមទៀត។ ម៉េចបានចាំបង្កើតការងារបន្ថែមទៀត? អាតូចៗនេះ ដល់ពេលធំទៅ ដល់យើងចាស់ទៅ វាត្រូវមានការងារធ្វើ (សម្តេចសួរកម្មការិនីអំពីចំនួនកូន) អញ្ចឹងក្នុងចំណោមហ្នឹង ប្រុស ១ ស្រី ២ ហើយកុំភ្លេចវិស័យវាយនភ័ណ្ឌនេះ គឺជាវិស័យដែលគ្របដណ្តប់ស្ត្រី និយាយរួម កម្មករ/ការិនី នៅគ្រប់វិស័យនេះ គ្របដណ្តប់ទៅលើស្ត្រីជាង ៨០ ម៉ឺននាក់ ច្រើនណាស់។ អញ្ចឹងទេ ចំនួននេះ ខ្ញុំគិតថាប្រាក់បៀវត្សកាន់តែកើន តម្លៃផ្សេងៗកាន់តែកើន ស្ត្រីកាន់តែមានអំណាចនៅក្នុងបញ្ហាការធ្វើសេចក្តីសម្រេចចិត្ត ជាពិសេសនៅក្នុងគ្រួសារតែម្តង ព្រោះឥឡូវប្តីខ្លះអត់ទាន់មានការងារធ្វើ តែប្រពន្ធមានការងារធ្វើ។ ដូច្នេះ យ៉ាងណាក៏ប្រពន្ធមានការសម្រេចចិត្តខ្ពស់ជាងដែរ ហើយយើងចង់បានបែបនេះ។
ការបង្កើតការងារថ្មីជាការចាំបាច់ ដែលក្នុងនោះរាជរដ្ឋាភិបាលត្រូវខិតខំទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារនាំចេញ ធ្វើម៉េចទាញគេឲ្យវិនិយោគ មកកាន់ប្រទេសកម្ពុជារបស់យើងតទៅទៀត។ មិនត្រឹមតែវិនិយោគ ហើយនិយាយអំពីបញ្ហាឧស្សាហកម្មថ្មី នយោបាយឧស្សាហកម្ម បើទោះបីជាយើងចង់បានឧស្សាហកម្មកែឆ្នៃ សម្រាប់ផលិតវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ក៏ប៉ុន្តែ ឧស្សាហកម្មផ្នែកអតិពលកម្ម ឧស្សាហកម្មក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង មិនត្រូវបានបំភ្លេចចោលទេ យើងត្រូវថែទាំវា គាំពារវាឲ្យបានល្អ ប៉ុន្តែ យើងទាក់ទាញវិនិយោគមកបន្ថែម។ ក្នុងហ្នឹងបើទោះបីវិនិយោគខាងវិស័យកាត់ដេរ ចូលមកបន្ថែម ក៏យើងស្វាគមន៍។ ម៉្យាងទៀត រាជរដ្ឋាភិបាលក៏ត្រូវបន្តការងារជាមួយនឹងប្រទេសក្រៅ ជាមួយដៃគូដែលជាអ្នកនាំទំនិញចេញពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសនានា បើគេពង្រីកសេដ្ឋកិច្ច ពង្រីកការនាំចេញ ការងារសម្រាប់កម្មករ ការតម្លើងសង្វាក់ផលិតកម្មសម្រាប់រោងចក្រនានា ឬការបង្កើតរោងចក្រថ្មី វានឹងបានមកដល់សម្រាប់យើង។ យើងបន់ស្រន់ឲ្យសហរដ្ឋអាមរិក បន់ស្រន់ឲ្យសហភាពអឺរ៉ុប កុំមានវិបត្តិសេដ្ឋកិច្ចដូចឆ្នាំ ២០០៨ ដែលឆ្នាំ ២០០៨ គឺជាឆ្នាំដ៏លំបាក ដែលពេលនោះកម្មករកាត់ដេររបស់យើងមួយចំនួន ត្រូវបានបញ្ឈប់ពីការងារ ដោយសាររោងចក្រត្រូវបិទ ព្រោះប្រទេសទាំងនោះវិបត្តិសេដ្ឋកិច្ច ធ្លាប់ពាក់ខោអាវ បីកំផ្លេ ត្រូវកាត់បន្ថយមកពាក់តែមួយកំផ្លេទេ ទិញតែមួយកំផ្លេថ្មីបន្ថែម។ ដូច្នេះ បានជាយើងចង់ឲ្យប្រទេសនានា មានការលូតលាស់ ដែលក្លាយទៅជាដៃគូពាណិជ្ជកម្មរបស់យើង សម្រាប់ការនាំចេញរបស់យើងផងដែរ យើងមិនបានបន់ស្រន់ឲ្យប្រទេសណាមួយ ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចទេ។ ព្រោះសេដ្ឋកិច្ចលូតលាស់នៅប្រទេសដទៃ វាក៏អាចទាក់ទាញបានមួយផ្នែក នូវការទិញទំនិញពីកម្ពុជា ឬក៏គេមានប្រាក់មកលេងប្រទេសកម្ពុជា ក្នុងឋានៈ ជាទេសចរ ដូច្នេះ យើងចង់ឲ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេស និងគ្រប់តំបន់នៅលើពិភពលោក មានការរីកលូតលាស់ឡើង។
រាជរដ្ឋាភិបាលក៏ត្រូវបន្តការខិតខំទាំងឡាយសម្រាប់ ធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ ទាំងផ្នែករឹងត្រូវបានទទួលគេហៅថា សម្រាប់ជាទីទំនុកទុកចិត្ត សម្រាប់អ្នកវិនិយោគ។ ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង រួមមានផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ យើងត្រូវប្រឹង អគ្គិសនី ក៏ត្រូវប្រឹងដើម្បីផលិត និង ខិតខំបញ្ចុះតំលៃ។ ឯចំណែកផ្នែកទន់ ការបណ្តុះបណ្តាលធនធានមនុស្សលើកកម្ពស់សមត្ថភាព ដែលខ្ញុំបានទៅតំបន់សេដ្ឋកិច្ចពិសេស ឃើញជាទីកន្លែង ដើម្បីបាននឹងកំពុងបណ្តុះបណ្តាលនូវធនធានមនុស្សដើម្បីលើកកម្រិត ជាមេក្រុម ជាមេផ្នែក មុននឹងឡើងឋានៈ គឺគេមានកន្លែងបណ្តុះបណ្តាល ហើយតាមរោងចក្រ សហគ្រាសនានា ក៏គប្បីលើកកម្ពស់គុណភាព និងការចេះដឹងរបស់កម្មករ/ការិនីផងដែរ។ រោងចក្រនានា សុទ្ធតែមានគោលដៅ ដើម្បីយកត្រឡប់ទៅវិញនូវបច្ចេកទេស ដែលនាំមកធ្វើការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ មុននឹងអ្នកទាំងនោះត្រូវដកចេញ ជំនួសឲ្យពលរដ្ឋខ្មែររបស់យើង ដោយទទួលបានការបណ្តុះបណ្តាល យើងត្រូវតែមានការខិតខំដើម្បីឈានឡើង។
កិច្ចការទី ៣៖ រួមគ្នាបង្កើនប្រាក់ចំណូល និងការចេះដឹងរបស់កម្មករ/កម្មការិនី/ថ្លៃទឹកចុះចាប់ពីខែកញ្ញានេះ
ចំណុចទី ៣ ដែលយើងត្រូវប្រឹងរួមគ្នា រួមគ្នាបង្កើនប្រាក់ចំណូល និងបង្កើនការចេះដឹងរបស់កម្មករ។ បៀវត្សត្រូវឡើងជារៀងរាល់ឆ្នាំ ពន្ធលើបៀវត្សកម្រិតត្រឹម ១ លានរៀល មិនត្រូវបានយកពន្ធនោះទេ។ អនុវត្តន៍ថ្លៃទឹក ថ្លៃភ្លើង រដ្ឋ និងពិនិត្យអនុវត្តន៍ច្បាប់ស្តីពីការជួលផ្ទះឲ្យបានល្អ។ ខ្ញុំបានបញ្ជាក់ហើយ ប្រាក់ខែរបស់យើងពីមុន ត្រឹមតែ ៤០ ដុល្លារទេ យើងឡើងបណ្តើរៗមកដល់ពេលនេះ ឡើងមកដល់ដំណាក់កាល ១៥៣ ដុល្លារ ប្រៀបធៀបជាមួយនឹងប្រទេសជាច្រើន គឺទាបជាងយើង ដូចជាឡាវ ដូចជាភូមា ដូចជាប៉ាគីស្ថាន បង់ក្លាដេស ស្រីលង្ការ ឥណ្ឌា សុទ្ធតែជាប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង។ នៅវៀតណាម មានតំបន់ខ្លះទាបជាងយើង តំបន់ខ្លះខ្ពស់ជាងយើង។ នៅក្នុងចំណោមកម្មកររបស់យើង អប្បបរមា ១៥៣ ដុល្លារ ហើយឆ្នាំក្រោយមិនតិចជាង ១៦០ ដុល្លារ។ នេះរាជរដ្ឋាភិបាលគ្រាន់តែពិនិត្យជាប្រាក់គោលអប្បបរមាតែប៉ុណ្ណោះ ប៉ុន្តែ រាជរដ្ឋាភិបាល មិនបានរារាំងចំពោះក្រុមហ៊ុន ឬក៏រោងចក្រ សហគ្រាសណា ដែលមានលទ្ធភាពផ្តល់ខ្ពស់ជាងនោះៗទេ។ បើឲ្យកម្មករម្នាក់ ២០០ កាន់តែល្អ អបអរសាទរអ្នកដែលឡើងខ្ពស់ជាង ១៥៣ ដុល្លារ។ ធ្វើទៅ។ ហើយខ្ញុំបានជម្រាប ចាប់ពី ថ្ងៃទី ១ នេះទៅ តំលៃទឹកដែលក្មួយៗត្រូវបង់ ១២០០ រៀល ក្នុងមួយម៉ែត្រគូប ត្រូវបញ្ចុះមកនៅ ៨០០ រៀល ក្នុងមួយម៉ែត្រគូប រាជរដ្ឋាភិបាល រដ្ឋាករទឹកទីក្រុងភ្នំពេញ បានត្រៀមរួចជាស្រេចដើម្បីនឹងបង់ថ្លៃជួយដល់កម្មករ សម្រាប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ប្រមាណ ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះជាអ្វីទៅ? ជាការខិតខំមួយ ដើម្បីឲ្យប្រាក់ចំណូលរបស់កម្មករ មិនត្រូវបានបង់ថ្លៃច្រើន ចំណាយច្រើនទៅលើថ្លៃទឹក ថ្លៃភ្លើងនោះទេ ដែលយើងបានខំតទុយោទឹកទៅកាន់ផ្ទះឈ្នួល តភ្លើងទៅកាន់ផ្ទះឈ្នួល ដើម្បីឲ្យប្រើប្រាស់ទៅតាមការកំណត់របស់រដ្ឋ។
ការបង្កើនសមត្ថារកំណត់ ថឮឮឮៃដែលមិនចង់ចូលរួម្រុមគ្រួសារ ដែលប្រកបរបរកសិកម្មភាព គ្មានអ្នកណាអាចធ្វើជំនួសយើងបានទេ ប្រឹងប្រែងហើយ សហគ្រាស ក៏ដូចជានិយោ ជក បានបានប្រឹងប្រែង ក៏ប៉ុន្តែក្មួយៗខ្លួនឯងប្រឹងផ្ទាល់ ទើបក្លាយខ្លួនជាអ្នកគ្រប់គ្រង ទើបខ្លួនយើងក្លាយជាអ្នកឯកទេស ដែលទទួលបានប្រាក់ខែកាន់តែខ្ពស់។ នេះគឺត្រូវមានការខិតខំ ព្រោះប្រាក់ខែមិនអាចឡើងទៅតាមរយៈ នៃការផលិតទាប ប៉ុន្តែ ទទួលប្រាក់ឈ្នួលខ្ពស់ គឺថៅកែទ្រាំទ្រមិនបានទេ។ ដល់ទ្រាំទ្រមិនបានកុំភ្លេចថា នៅលើលោក និងក្នុងតំបន់នេះ មិនមែនមានតែកម្ពុជាមួយទេ។
បន្តកសាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឲ្យចប់នៅចុងឆ្នាំ ២០១៨
រាជរដ្ឋាភិបាល ក៏នឹងបន្តកសាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឲ្យចប់នៅចុងឆ្នាំ ២០១៨ ដើម្បីជាមូលដ្ឋាន ហើយយន្តការត្រីភាគី សម្រាប់ការជជែកក្នុងការកើនបៀវត្ស។ ចំណុចត្រង់នេះ ជាសារបញ្ជូនប្រាប់ទៅកម្មករយើងថា ប្រាក់ខែត្រូវឡើងជារៀងរាល់ឆ្នាំ បើមិនឡើងទេ គឺខុសច្បាប់តែម្តង។ នេះគឺជាការចង់បាន របស់កម្មករ ជាការចង់បានរបស់រាជរដ្ឋាភិបាល ហើយក៏ជាការចង់បានរបស់អ្នកវិនិយោគដែរ ដើម្បីចៀសវាងថាទេ ឆ្នាំហ្នឹងឡើង ឆ្នាំក្រោយមិនឡើង អញ្ចឹងត្រូវជាសារបញ្ជូនជាក់លាក់ តាមផ្លូវច្បាប់តែម្តង។
កិច្ចការទី ៤៖ ការងារគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ
ឯចំណុចទី ៤ ដែលខ្ញុំចង់សង្កត់ធ្ងន់នោះ គឺការងារគាំពារសង្គម ដែលកាលពីខែសីហានេះ យើងបានប្រកាសឲ្យ សម្ពោធដាក់ឲ្យប្រើប្រាស់ នូវគោលនយោបាយគាំពារសង្គម ដែលមានមុខសញ្ញាច្រើនដែលត្រូវធ្វើ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ទាំងក្របខណ្ឌជាសាកល សម្រាប់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយនៅទីនេះ គឺទាក់ទងជាមួយនឹងការជួយចំពោះកម្មកររបស់យើង ដែលផ្តោតលើកិច្ចគាំពារសង្គម លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារ។
ចាប់ពី មករា ២០១៨ កម្មករមិនចាំបាច់បង់របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព
ដំបូង ខ្ញុំចង់និយាយអំពីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។ កន្លងមកដើម្បីបានសម្រាប់ិច្ច ភាព កន្លងមកដើម្បីបាន កិច្ចការពារសុខភាព កម្មករ/ការិនីរបស់យើង ត្រូវបង់ ៥០ ភាគរយ និយោជក បង់ ៥០ ភាគរយ ប៉ុន្តែ សូមប្រកាសជូនក្មួយថា ចាប់ពីខែមករា ឆ្នាំ ២០១៨ ទៅ ក្មួយៗមិនចាំបាច់បង់ទៀតទេ គឺថៅកែជាអ្នកបង់ជួស។ អញ្ចឹង ក្មួយៗជាកម្មករ/ការិនីរបស់យើង នឹងទទួលផលចំនេញក្នុងមួយខែ ក្នុងចន្លោះពី ៨០០០ ទៅ ១.៣០០០ រៀល ក្នុងមួយខែ។ អញ្ចឹងវានឹងចំណេញ។ ប៉ុន្តែ រដ្ឋក៏ត្រូវផ្តល់ត្រឡប់ទៅវិញ សម្រាប់រោងចក្រ សហគ្រាសនូវការពន្យារអនុវត្តនូវពន្ធកាត់ទុក។ នេះជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីបង្កលក្ខណៈឲ្យក្មួយៗអាចសន្សំប្រាក់បាន។ បើសិនជាក្មួយៗត្រូវបង់មួយខែ ៨០០០ រៀល ដែលប្រាក់ខែទាប ក្នុងមួយឆ្នាំយើងគិតចេញជា ១២ ខែ ទៅ វាចេញ ៩២០០០ រៀល ហើយបើគិតជាមធ្យម ក្មួយៗបង់ ១០.០០០ រៀល ក្នុងមួយខែ ក្មួយនឹងត្រូវបង់ ១២០.០០០ រៀល ក្នុងមួយឆ្នាំ ប៉ុន្តែ ក្មួយៗមិនចាំបង់ទៀតទេ ត្រូវថៅកែបង់ជួស រាជរដ្ឋាភិបាល នឹងប៉ូវឲ្យថៅកែវិញតាមរយៈការពន្យារពន្ធកាត់ទុក។ នេះជាការខិតខំ នេះជាការបញ្ជូនសារជាក់លាក់ ដោយនាយករដ្ឋមន្រ្តីក្នុងតំណែង មិនមែនជានាយករដ្ឋមន្រ្តីឧទាហរណ៍ទេ ហើយនេះ គឺជា តេជោសែន ពិត មិនមែនជា តេជោសែន កំពុងសង្រ្គោះនៅហុងកុង ឬទីក្រុងប៉ារីសទេ។ មើលទៅមើល តើ ហ៊ុន សែន ពិត ឬ ហ៊ុន សែន ក្លែងក្លាយ។ តេជោសែន។ សុខៗ គេថាពេទ្យសាំងហ្គាពួរអស់សង្ឃឹមហើយ កំពុងដឹកទៅ ហុងកុង សុខៗគេថាឯងទៅសង្រ្គោះនៅប៉ារីស ក្នុងពេលដែលឯងកំពុងបើក ថ្ងៃហ្នឹងទៅធ្វើតៃកុងតាក់ស៊ី ទៅអាផ្លូវ ៦០ ម៉ែត្រ ឃើញគេកំពុងតែបង្រៀនប្រពន្ធបើកឡាន សុំឡើងបើក ប្តីស័ក្ត ២ នៅក្រសួងការពារជាតិ ឡើងធ្វើតៃកុងតាក់ស៊ីមួយជុំអញ្ចឹងទៅ ហើយដាក់មនុស្សចុះ រួចឡើងមួយជុំអញ្ចឹងទៅ បានប៉ុន្មានជុំនឹងគេដែរ សឿងនឹងគេដែរ អាវវារាងក្រហមបន្តិច។ គេថាអញ្ចេះ គេថាខ្ញុំចាស់ពាក្យច្រើនណាស់ចេញមកពីស្រីៗ ខ្ញុំអត់ទាន់ចាស់ផងហ្នឹង តែប្រពន្ធខ្ញុំទេគាត់ថាខ្ញុំចាស់នោះ ឯក្រៅពីនោះ គេថាខ្ញុំក្មេង ប៉ុន្តែ កុំភ្លេចថាចៅ ១៨ ហើយ ១៩ ស្អែក ខានស្អែកហ្នឹងហើយ។
កម្មករទាំងអស់នឹងទទួលបានការពិនិត្យជំងឺឥតគិតថ្លៃពីមន្ទីរពេទ្យរដ្ឋ ចាប់ពី ខែ មករា ២០១៨/ពង្រីកបន្ថែមមន្ទីរពេទ្យបង្អែកទៅកៀកតំបន់រោងចក្រ
ម្យ៉ាងទៀត ខ្ញុំប្រកាសថ្ងៃមុនហើយ តែនៅប្រកាសគ្រប់ទីកន្លែង ដើម្បីឲ្យយល់ដឹងទាំងអស់គ្នា។ ចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ ក្នុងនោះ វិស័យកាត់ដេរ ដេរស្បែកជើង សំណង់ កសិកម្ម សណ្ឋាគារ សេវាកម្ម ។ល។ ត្រូវទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់។ រដ្ឋជាអ្នកបង់ថ្លៃជំនួសតាមរយៈមូលនិធិសមធម៌ ដែលបាន និងកំពង់អនុវត្តជាង ៣ លាននាក់រួចមកហើយ។ នីតិវិធី បែបបទយ៉ាងណា គឺនឹងត្រូវធ្វើរួចរាល់ពីនេះ ទៅដល់ខែ មករា ឆ្នាំ ២០១៨ យើងនៅសល់ ៤ ខែ ទៀត ទើបដាច់ឆ្នាំ យើងមានឱកាសធ្វើ ជាមួយនឹងកម្មករសំណង់ ដែលមានការបញ្ជាក់ជាក់លាក់ ជាមួយនឹងកម្មករនៅតាមសណ្ឋាគារ ជាមួយនឹងកម្មករនៅតាមកំពង់ផែ ជាមួយនឹងសូម្បីតែកម្មករបើករថយន្តធុនធ្ងន់ ដែលមានបណ្ណបើកបរត្រឹមត្រូវ សុទ្ធតែទទួលបានទាំងអស់ កម្មករចាក់ជ័រចំការកៅស៊ូ ក៏ទទួលបានដូចគ្នា។ ហើយរាជរដ្ឋាភិបាលនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះ តាមរយៈនៃការខិតខំជម្រុញឲ្យបំពាក់បន្ថែម នូវមន្ទីរពេទ្យបង្អែកទាំងឡាយ ដែលមាននៅជិតមូលដ្ឋានតំបន់រោងចក្រ ដែលមានកម្មករ។ គិលានដ្ឋានដែលនៅជិត ត្រូវពង្រីកអគារបន្ថែម ដើម្បីទទួលការព្យាបាលចំពោះកម្មករ។
គ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមក្រមសីលធម៌ ពិនិត្យជំងឺដល់កម្មករ/ពង្រឹងសមត្ថភាពគ្រូពេទ្យប្រចាំតាមរោងចក្រ(បើសិនជាមាន)
ហើយអំពាវនាវចំពោះក្រុមគ្រូពេទ្យទាំងឡាយ សូមមេត្តាយកចិត្តទុកដាក់ព្យាបាលប្រជាជនទូទៅ ក្នុងនោះ មុខសញ្ញាថ្មី ដែលនឹងត្រូវទទួលនៅតាមមន្ទីរពេទ្យរដ្ឋ គឺកម្មករប្រមាណមួយលាននាក់ថែមទៀត។ វានឹងគ្មានន័យអ្វីទេ បើទោះបីជារាជរដ្ឋាភិបាលស្រែកទាល់តែងាប់ទាំងខ្លួន ប្រសិនបើគ្រូពេទ្យនៅមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺនោះ។ ប៉ុន្តែ ខ្ញុំជឿជាក់ថា គ្រូពេទ្យដែលមានប្រាក់ខែខ្ពស់ជាងក្របខណ្ឌដទៃ ជាមួយនឹងគ្រូបង្រៀន នៅប្រទេសរបស់យើង គ្រូបង្រៀន និងគ្រូពេទ្យ ប្រាក់ខែខ្ពស់ជាងគេ នឹងទទួលបាននូវការយកចិត្តទុកដាក់ ពិសេស ការអនុវត្តត្រឹមត្រូវទៅលើក្រមសីលធម៌របស់គ្រូពេទ្យ។ ខ្ញុំបានបញ្ជារួចហើយ ឲ្យរៀបចំនូវតំបន់ទាំងឡាយ ដែលមានកម្មករស្នាក់នៅ (ឲ្យ)មានមន្ទីរពេទ្យគ្រប់គ្រាន់ ដើម្បីពួកគេអាចពិនិត្យព្យាបាល។ ហើយនៅតាមរោងចក្រនានា ត្រូវតែមានការរៀបចំឲ្យបាននូវកន្លែងគេហៅថា បើនិយាយពីខាងផ្នែកតំបន់ឧស្សាហកម្ម រោងចក្រនីមួយៗសុទ្ធតែមានក្រុមគ្រូពេទ្យរបស់គេ។ មិនដឹងថា នៅទីនេះ មានក្រុមគ្រូពេទ្យរបស់គេរួចស្រេចហើយ ឬនៅ? សុទ្ធតែមានពេទ្យប្រចាំរោងចក្រ(ហើយ តែ)ត្រូវពង្រឹងសមត្ថភាពពេទ្យប្រចាំរោងចក្រ ដើម្បីមានការពិគ្រោះ មានការប្រើថ្នាំ មានការផ្តល់ថ្នាំ។
កម្មការិនីដែលឆ្លងទន្លេ សម្រាក ៣ ខែ និងទទួលបៀវត្ស ១២០ ភាគរយ/រៀបចំទារកដ្ឋាន និងអាហារដ្ឋាននៅតាមរោងចក្រ
ហើយខ្ញុំក៏សូមបញ្ជាក់ពីទីនេះផងដែរថា សម្រាប់ស្រ្តីឆ្លងទន្លេ ជាកម្មការិនី ត្រូវទទួលបានការសម្រាកដោយមានបៀវត្សរយៈពេល ៣ ខែ ហើយបៀវត្សស្មើនឹង ១២០ ភាគរយ នៃបៀវត្ស។ អញ្ចឹង ៥៥៦ នាក់ ដែលនឹងទទួលរបបដោយឡែករបស់ខ្ញុំថ្ងៃនេះ នឹងទទួលបានការសម្រាកព្យាបាលរយៈពេល ៣ ខែ ដោយមានបៀវត្ស មិនមែនបៀវត្សធម្មតាទេ គឺឡើងទៅដល់ ១២០ ភាគរយ។ ប៉ុន្តែ សូមផ្តាំទុក ចាប់ប្តីកុំឲ្យទៅណា និយាយអញ្ចឹងថា បិទសិទ្ធិអីអញ្ចេះអញ្ចុះ ប្រច័ណ្ឌអីចេះចុះ នេះជាការកំដរទេ។ ក៏ប៉ុន្តែ រឿងនេះជារឿងសំខាន់។ មណ្ឌលសុខភាព ដែលមាននៅតាមរោងចក្រ គឺត្រូវតែពង្រឹង រៀបចំទារកដ្ឋានសម្រាប់ថែទាំក្មេង អាហារដ្ឋានប្រកបដោយអនាម័យ ត្រូវបន្តធ្វើ។ កាលមុននេះ ខ្ញុំបានធ្វើដំណើរទៅកន្លែងមួយចំនួន ដោយ សាររោងចក្រថ្មីថ្មោងទើបនឹងបង្កើតអាហារដ្ឋានសម្រាប់ក្មួយៗកម្មករ/ការិនី មិនមានគ្រប់គ្រាន់ទេ បាយនៅកណ្តាលថ្ងៃ។ ក៏ប៉ុន្តែ ឥឡូវ រោងចក្រច្រើនណាស់ហើយ ដែលបានមានអាហារដ្ឋាន ហើយដែលកម្មករបានទទួលទានអាហារនៅក្នុងកន្លែងនោះ។
កម្មករទាំងអស់ ជិះរថយន្តក្រុងដោយឥតគិតថ្លៃ ២ ឆ្នាំ
ម្យ៉ាងទៀត កម្មករទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវបានធ្វើដំណើរដោយរថយន្តក្រុងដោយមិនយកប្រាក់ ក្នុងរយៈពេល ២ ឆ្នាំ។ ឥឡូវ សាលាក្រុងកំពុងរៀបចំបណ្តាញបន្ថែមទៀតជាមួយនឹងរថយន្តក្រុង ដែលត្រូវធ្វើដំណើរ។ ហើយសូមក្មួយៗចងចាំ មិនមែនគ្រាន់តែរថយន្តក្រុងសម្រាប់នាំកម្មករមកដល់កន្លែងនេះទេ ក្មួយៗជាកម្មករពេលធ្វើដំណើរទៅសួរសុខទុក្ខម្តាយក្មេក ក៏មិនចាំបាច់បង់លុយដែរ។ នេះជាការសន្សំប្រាក់។ មុននេះ យើងអនុវត្តនូវមុខសញ្ញាចំពោះព្រះសង្ឃ ជនចាស់ជរា និស្សិត និងជនពិការ។ ឥឡូវ យើងអនុវត្តនូវមុខសញ្ញាបន្ថែមទៀត គឺចំពោះកម្មករគ្រប់ប្រភេទ ទាំងក្នុង និងក្រៅប្រព័ន្ធ។ មិនចាំបាច់មានអ្វីសាំញ៉ាំ ប័ណ្ណការងារដែលពាក់នឹងខ្លួនហ្នឹង បង្ហាញអាហ្នឹងទៅ ហើយបើសិនជាយើងតែងខ្លួនស្អាតបាត ដាក់(កាតហ្នឹង)ក្នុងហ្នឹងទៅ ដល់តែឡើងទៅ ប្រាប់គេ ខ្ញុំជាកម្មករ គេឲ្យជិះទៅហើយ។ ថ្ងៃណាមួយ ខ្ញុំនឹងឆ្លៀតជិះឡានក្រុង។ ថ្ងៃមុន ខ្ញុំទៅផ្សារថ្មី ថ្ងៃក្រោយនឹងទៅផ្សារនានាទៀត ហើយនឹងសាកជិះឡានក្រុងមើលវាយ៉ាងម៉េច។ ប៉ុន្តែ មិនឲ្យធ្វើដំណើរច្រើនជាមួយខ្ញុំទេ ហើយមនុស្ស(សាមញ្ញ)ធ្វើដំណើរឲ្យច្រើនទុក(កន្លែងឲ្យ)ខ្ញុំតែ ២ ឬ ៣ នាក់ អីបានហើយជាមួយខ្ញុំ មិនចាំបាច់មនុស្សច្រើនពេកទេ។
របបសោធននិវត្តន៍សម្រាប់វិស័យឯកជន ចាប់អនុវត្តនៅឆ្នាំ ២០១៩
សម្រាប់របបសន្តិសុខសង្គមផ្នែកសោធន សូមបញ្ជាក់ជូនថា ចាប់ពីឆ្នាំ ២០១៩ ទៅ កម្មករ/ការិនីទាំងអស់ ក៏ត្រូវចាប់ផ្តើមអនុវត្តនូវប្រាក់សោធននិវត្តន៍។ ដូច្នេះ វាគ្មានការខុសគ្នាទេ រវាងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលពេលគាត់ចូលនិវត្តន៍ទៅ គាត់មានប្រាក់ខែ។ សម្រាប់កម្មករ/ការិនីរបស់យើង ពេលដែលចូលនិវត្តន៍ទៅ ក៏មានប្រាក់ខែដូចគ្នា។ អញ្ចឹងបានបញ្ហាយើងនេះ វាទៅជាសំណុំបញ្ហា។ រក្សាការងារចាស់ ទើបរក្សាបាននូវប្រាក់អនាគត នូវប្រាក់សោធននិវត្តន៍ ព្រោះមិនមែនចូល ៤ ឬ ៥ ថ្ងៃ ចូល ១ ឬ ២ ខែ ចូលមួយឆ្នាំ យើងទារប្រាក់សោធននិវត្តន៍ គឺអត់ទេ។ អញ្ចឹងទេ បានជាយើងត្រូវរួមគ្នាខិតខំ និងធ្វើការងារនេះជាមួយគ្នា។ ពេលនោះ យើងជាម្តាយដែលបានខិតខំធ្វើការដើម្បីមានកូនមានចៅ ថ្ងៃក្រោយក៏មិនចាំបាច់ ពេលឃ្លាន ត្រូវសុំពីកូននោះទេ ដោយសារខ្លួនត្រូវបានធានារ៉ាប់រងសង្គមរួចស្រេចទៅហើយ តាមរយៈប្រាក់សោធននិវត្ត៍។ ហើយក្មួយត្រូវចាំ ពាក្យចាស់លោកពោលថា ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង។ នេះគឺមិនខុសទេសម្រាប់ពាក្យចាស់មួយនេះ បើក្មួយមិនខំធ្វើការពីពេលនេះ ក្មួយក៏គ្មានថ្ងៃទទួលប្រាក់សោធននិវត្តន៍នៅពេលក្រោយដែរ។ ឧទាហរណ៍ថាពេលនោះ (បៀវត្ស)ក្មួយឡើងដល់ ៤០០ ដុល្លារសហរដ្ឋអាមេរិក ប្រាក់អប្បបរមារបស់ក្មួយ ដល់ពេលចូលនិវត្តន៍ ត្រូវនៅសល់ ៨០ ភាគរយ ស្មើនឹង ៣២០ ដុល្លារ។ ដូច្នេះ ៣២០ ដុល្លារ គ្មានការចាំបាច់ដើម្បីនឹងសុំកូន មើលមុខកូននោះទេ។
កុំភ្លេចព្រះក្នុងផ្ទះ រដូវភ្ជុំមកដល់
ឥឡូវ ជិតដល់ពេលភ្ជុំហើយក្មួយៗ ជិតដល់ពេលដាក់បិណ្ឌហើយ បន្តិចទៀត ទំនួញប្រេតពេលភ្ជុំនឹងចេញមកហើយ កុំភ្លេចព្រះនៅក្នុងផ្ទះ។ លោក ពេជ្រ សុខា ដែលគាត់បានមរណកាលទៅហើយ បានស្មូតនូវត្រង់វគ្គថា «បើយើងជាកូនកតញ្ញូ ត្រូវតែគិតគូរពីរឿងបុណ្យ ពីរឿងគុណ កុំយកតៀមស្រាធ្វើស្រែបុណ្យ ប្រយ័ត្នវាធ្ងន់ជាងខ្មោចឪ»។ ប្រយ័ត្នត្រង់កន្លែងហ្នឹង ត្រូវចេះធ្វើបុណ្យ ធ្វើទាន ហើយក្នុងនោះ ម្តាយឪពុកចាស់ ជីដូនជីតាចាស់ ត្រូវខិតខំបីបាច់គាត់ មុនពេលដែលគាត់ចែកឋាន កុំចាំទាល់តែគាត់មរណកាលទៅហើយ បែរជាយកទៅសែន សែនមិនដល់ទេ។ ឥឡូវ ប្រដាប់សែនអស់ទាស់ហើយ មានតាំងពី Passport មានតាំងពីផ្ទះវីឡា មានតាំងពីឡាន ហើយឡានហ្នឹងមិនចេះអន់ ម៉ាក Roll Royce ហើយទូរស័ព្ទសុទ្ធតែ smartphone ដាក់សម្រាប់ឲ្យទំនាក់ទំនងពីឪពុកម្តាយ ជីដូនជីតា មកយើង។ រដូវឆេងម៉េង រដូវសែនអីមកដល់ហើយ ចាប់ផ្តើមមានអាហ្នឹង។
កិច្ចការទី ៥៖ បង្កើតស្ថានភាពអំណោយផល និងប្រែពីភាពមិនស្របច្បាប់ទៅជាស្របច្បាប់ សម្រាប់កម្មករនៅបរទេស
ចំណុចទី ៥ ដែលខ្ញុំសូមយកឱកាសនេះចេញពីទីនេះ ទៅកាន់កម្មកររបស់យើងដែលកំពុងធ្វើការនៅបរទេស ហើយដែលច្រើនជាងគេនៅក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅប្រទេសកូរ៉េ នៅជប៉ុន នៅម៉ាឡេស៊ី និងនៅប្រទេសមួយចំនួនផ្សេងទៀត រាជរដ្ឋាភិបាលបានខិតខំច្រើនណាស់ ដើម្បីបង្កើតឡើងនូវស្ថានភាពអំណោយផល សម្រាប់ការទៅរកការងារធ្វើនៅទីនោះ ហើយសម្រាប់ការប្រែពីភាពមិនស្របច្បាប់ទៅភាពស្រប ច្បាប់នៅក្នុងប្រទសថៃ និងនៅក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសប្រទេសថៃតែម្សម៉ាឡេស៊ី ជាពិសេសប្រទេសថៃតែមត្តបាប់ះអន់ ម៉ាក បានស្មូតបស់យើងតង។ សូមកុំភាន់ច្រឡំ ប្រសិនបើគ្មានសហប្រតិបត្តិការ និងការចរចាដោយការយោគយល់ទេ ប្រហែលគេត្រូវបណ្តេញចេញពីប្រទេសគេ។ មិនត្រឹមតែប៉ុណ្ណឹង អាចជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតផង។ ខ្ញុំបាននិយាយច្រើនហើយ ឥឡូវនេះ ម៉ោងជាង ៩ ដូច្នេះ វាក៏ល្មមសមរម្យដើម្បីឲ្យខ្ញុំបញ្ចប់នូវការថ្លែងនេះ។
មិនឲ្យសន្តិភាព ការអភិវឌ្ឍ របូតចេញពីដៃ ក្នុងពេលដែល ហ៊ុន សែន កាន់អំណាច
ថ្ងៃនេះ បានជួបជុំក្មួយៗនៅទីនេះ ខ្ញុំពិតជាសប្បាយរីករាយ ហើយខ្ញុំនឹងបន្តដើរក្នុងមួយអាទិត្យ ២ លើក។ ថ្ងៃអាទិត្យជួបប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល ជំនួយការ ប្រមាណជាង ៤០០០ នាក់ នៅកោះពេជ្រ។ ដល់ថ្ងៃ ពុធ នឹងដើរទៅតាមរោងចក្រ សហគ្រាស លើកលែងតែពេលខ្លះ ខ្ញុំទៅបរទេស មិនអាចលៃលកបាន នឹងអាចប្តូរពីថ្ងៃពុធ ទៅថ្ងៃដទៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំត្រូវធ្វើកិច្ចការងារមួយនេះ ដោយខ្ញុំបានបង្កើតវាឡើង ដូច្នេះខ្ញុំត្រូវថែទាំវាដោយផ្ទាល់ដៃ។ គ្មានអ្នកណាបង្កើតវាក្រៅពី ហ៊ុន សែន ទេ បើ ហ៊ុន សែន មិនបើកផ្លូវ អ្នកណាបើកផ្លូវ? ព្រោះ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ។ អញ្ចឹងទេ ខ្ញុំមិនឲ្យរបស់ដែលខ្ញុំបានកសាងឡើងទាំងសន្តិភាព ទាំងការអភិវឌ្ឍ ទាំងរោងចក្រ សហគ្រាសនានា របូតចេញពីដៃក្នុងរយៈពេលដែល ហ៊ុន សែន កាន់អំណាចទេ។ សូមជឿទុកចិត្តលើអនាគតរបស់យើង ដំណើរឈានឡើងបន្តិចម្ដងៗ ដូចឡើងកាំជណ្តើរ គឺជាក្រឹត្យក្រមនៃដំណើរ ដែលយើងបានធ្វើពីទាប ទៅខ្ពស់។ ប្រទេសណាក៏ដូច្នោះដែរ។ យើងមិនអាចមានប្រាក់បៀវត្សដូចនៅសហរដ្ឋអាមេរិក ឬជប៉ុន ឬប្រទេសដទៃទេ ប៉ុន្តែ បៀវត្សរបស់យើងឡើងតាមដំណាក់ៗ ជាមួយការខិតខំរក្សានូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានានូវការអភិវឌ្ឍជាបន្ត។ សង្ឃឹមថាក្មួយៗនឹងបន្តរួមការងារនេះ ដើម្បីជោគជ័យសម្រាប់ទាំងអស់គ្នា ហើយសង្ឃឹមថា ក្មួយៗនឹងមិនបាត់បង់រោងចក្រ នឹង(មិន)វិលត្រឡប់ទៅធ្វើសែ្រចំការជាមួយឪពុកម្តាយទេ។ ក្មួយៗនឹងបន្ត ដើម្បីមានការងារធ្វើ ទទួលបានប្រាក់ចំណូលកាន់តែច្រើន នឹងបញ្ជូនទៅក្រុមគ្រួសារបានកាន់តែច្រើនផងដែរ។
ខ្ញុំមិនទាន់ទៅណាទេ ទោះ(គេ)ថាចាស់ ឬយូរ ក៏ប៉ុន្តែ វាមិនឋិតនៅត្រង់អ្នកឯងថាចាស់ ឬយូរទេ អ្នកខ្លះយ៉ាប់ណាស់ទៅហើយ។ តែខ្ញុំនៅគ្រាន់បើ សែ្រកនៅលឺ ដកក្បាលមេក្រូចេញ ក៏ទៅរួចដែរ អត់ទាន់ទាស់ទេ។ អ្នកគេថាចាស់ក៏ចាស់ទេ អ្នកគេថាក្មេងក៏ក្មេងទៅ ប៉ុន្តែបញ្ហាធំជាងគេគឺនៅត្រង់ថា បើប្រជាជននៅត្រូវការ ហើយបោះឆ្នោតអោយខ្ញុំ ខ្ញុំនៅតែបន្តដឹកនាំប្រទេសនេះតទៅទៀត។ សន្តិភាព និងការអភិវឌ្ឍ ត្រូវតែមានបន្តតាមរយៈតួនាទីរបស់គណបក្សប្រជាជនកម្ពុជា។
ហើយថ្ងៃនេះ ខ្ញុំក៏បាននាំមកសម្រាប់កម្មករ/ការិនីទាំងអស់ចំនួន ១៣.១៦៩ នាក់ រាប់ទាំងសន្តិសុខឯកជន រាប់ទាំងអ្នកនៅក្នុងរោងចក្រ មហាហ្កាមិន ១.១០០ នាក់ នៅទីនោះផងដែរ ៨ រោងចក្រដែលនៅទីនេះ។ មិនច្រើនទេក្មួយអើយ គ្រាន់តែចំណងដៃតូចតាច គឺចំនួនម្នាក់ ២០.០០០ រៀល។ សម្រាប់ ៥៥៦ ដែលនឹងក្លាយទៅជាចៅ ឬចៅទួតរបស់ខ្ញុំនៅពេលខាងមុខ សូមរង់ចាំជួបខ្ញុំហើយ ទទួលស្រោមសំបុត្រដោយឡែក ខ្ញុំនឹងធ្វើដំណើរតាមនេះ។ ហើយសង្ឃឹមថាទាំងបុរស ទាំងនារីដែលមិនទាន់មានផ្ទៃពោះ កុំច្រណែនអី ពាក្យដែលថាឆ្លងទន្លេ វាមិនធម្មតាទេ។ អញ្ចឹងបន្តិចទៀត ខ្ញុំនឹងដើរតាមច្រកនេះ ដើម្បីទៅជួបអ្នកមានផ្ទៃពោះ ហើយរៀបចំជាក្រុមថ្ងៃនេះ។ ហើយអរគុណលោកឧកញ៉ា សំអាង និងលោកជំទាវ ឈុនលាង ដែលបានបង្កើត ទទួលនូវការរៀបចំ ហើយអរគុណដល់រោងចក្រនានា ដែលផ្តល់ឱកាសអោយកម្មករ/ការិនីរបស់យើងមកទទួលបាននូវការសំណេះសំណាលនៅថ្ងៃនេះ។ ហើយក៏មិនភ្លេចដែរ ជូនចំពោះក្រុមតន្ត្រីសម័យ ២ លាន រៀល ហើយពេលខ្ញុំធ្វើដំណើរទៅសូមលេងបទកន្លែងក្រហមអោយពិរោះ។ ជាមួយជំនួបដ៏រីករាយរបស់យើងនៅថ្ងៃនេះ ខ្ញុំសូមយកឱកាសនេះជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕